ជំពូក ២០

លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​ក្រិក

1 លុះ​ចលាចល​នេះ​បាន​ស្ងប់​ទៅ​វិញ​ហើយ លោក​ប៉ូល​ក៏​ហៅ​ពួក​សាវ័ក​មក​លើក​ទឹក​ចិត្ត រួច​ជម្រាប​លា​គេ ធ្វើ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន។ 2 លោក​ធ្វើ​ដំណើរ​កាត់​ស្រុក​នោះ ទាំង​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​អ្នក​ជឿ​យ៉ាង​ច្រើន​ផង។ បន្ទាប់​មក លោក​ក៏​បាន​ទៅ​ដល់​ស្រុក​ក្រិក 3 ហើយ​ស្នាក់​នៅ​ស្រុក​នោះ​អស់‌រយៈ​ពេល​បី​ខែ។ ពេល​លោក​ហៀប​នឹង​ចុះ​សំពៅ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ស៊ីរី ជន​ជាតិ​យូដា​បាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​លោក។ លោក​ជ្រាប​ដូច្នេះ ក៏​សម្រេច​ចិត្ត​វិល​ត្រឡប់​ទៅ​វិញ កាត់​តាម​ស្រុក​ម៉ាសេ‌ដូន។ 4 អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​លោក​នៅ​ពេល​នោះ មាន​លោក​សូប៉ា‌ទែរ កូន​របស់​លោក​ពីរូស ជា​អ្នក​ស្រុក​បេរេ លោក​អរី‌ស្ដាក និង​លោក​សឺកូន‌ឌូស ជា​អ្នក​ស្រុក​ថេស្សា‌ឡូនិក លោក​កៃយូស ជា​អ្នក​ស្រុក​ឌែរបេ លោក​ធីម៉ូថេ ព្រម​ទាំង​លោក​ទីឃី‌កុស និង​លោក​ត្រូភីម ជា​អ្នក​ស្រុក​អាស៊ី​ផង។ 5 បង‌ប្អូន​ទាំង​នេះ​បាន​ចេញ​ដំណើរ​ទៅ​មុន ហើយ​រង់‌ចាំ​យើង​នៅ​ក្រុង​ត្រូអាស 6 ចំណែក​ឯ​យើង​វិញ ក្រោយ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ* យើង​ចេញ​ពី​ក្រុង​ភីលីព​ទៅ​ចុះ​សំពៅ។ ប្រាំ​ថ្ងៃ​ក្រោយ​មក យើង​ក៏​បាន​មក​ដល់​ក្រុង​ត្រូអាស ជួប‌ជុំ​នឹង​ពួក​គេ រួច​ស្នាក់​នៅ​ទី​នោះ​ប្រាំ​ពីរ​ថ្ងៃ។

លោក​ប៉ូល​ប្រោស​អឺទី‌កុស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រុង​ត្រូអាស

7 នៅ​ថ្ងៃ​ទី​មួយ​ក្នុង​សប្តាហ៍​នោះ​ យើង​បាន​ជួប‌ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​កាច់​នំបុ័ង។ ដោយ​លោក​ប៉ូល​ត្រូវ​ចេញ​ដំណើរ​នៅ​ថ្ងៃ​បន្ទាប់ លោក​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ ហើយ​អធិប្បាយ​រហូត​ដល់​ពាក់​កណ្ដាល​អធ្រាត្រ។ 8 ក្នុង​បន្ទប់​ដែល​យើង​ប្រជុំ​គ្នា​នៅ​ជាន់​ខាង​លើ មាន​ចង្កៀង​ជា​ច្រើន។
9 ពេល​លោក​ប៉ូល​កំពុង​តែ​មាន​ប្រសាសន៍យ៉ាង​យូរ​នោះ យុវជន​ម្នាក់​ឈ្មោះ អឺទី‌កុស អង្គុយ​នៅ​លើ​មាត់​បង្អួច ហើយ​លង់‌លក់ ក៏​ដាច់‌ផ្ងារ​ធ្លាក់​ពី​ជាន់​ទី​បី​នោះ​មក។ ពេល​គេ​លើក​គាត់​ឡើង គាត់​ស្លាប់​ផុត​ទៅ​ហើយ។ 10 លោក​ប៉ូល​ចុះ​ទៅ​ក្រោម ឱន​ពី​លើ​អឺទី‌កុស ត្រកង​គាត់​លើក​ឡើង ទាំង​ពោល​ថា៖ «សូម​បង‌ប្អូន​កុំ​បារម្ភ​ឲ្យ​សោះ គាត់​នៅ​រស់​ទេ!»។ 11 កាល​លោក​ឡើង​ទៅ​លើ​វិញ លោក​ក៏​ធ្វើ​ពិធី​កាច់​នំបុ័ង និង​បរិភោគ។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​បន្ដ​ទៅ​ទៀត​យ៉ាង​យូរ រហូត​ដល់​ភ្លឺ ទើប​លោក​ចេញ​ដំណើរ​ទៅ។ 12 គេ​បាន​នាំ​យុវជន​ដែល​នៅ​មាន​ជីវិត​នោះ​ទៅ​វិញ ហើយ​ពួក​គេ​ធូរ​ស្រាល​ក្នុង​ចិត្ត​ឥត​ឧបមា។

លោក​ប៉ូល​នៅ​ក្រុង​មីលេត

13 រីឯ​យើង​វិញ យើង​បាន​ចុះ​សំពៅ​ទៅ​មុន ធ្វើ​ដំណើរ​ដល់​ក្រុង​អាស្សូស ដើម្បី​ចាំ​លោក​ប៉ូល​នៅ​ទី​នោះ ដូច​លោក​បាន​គ្រោង​ទុក ព្រោះ​លោក​ចង់​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង។ 14 កាល​លោក​បាន​មក​ជួប‌ជុំ​ជា​មួយ​ពួក​យើង​នៅ​ក្រុង​អាស្សូស​ហើយ យើង​ក៏​ទទួល​លោក​មក​ក្នុង​សំពៅ រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​មីទី‌ឡែន។ 15 យើង​បាន​ចេញ​ពី​ទី​នោះ បន្ដ​ដំណើរ​តាម​សមុទ្រ ទៅ​ដល់​ទន្ទឹម​នឹង​កោះ​ឃីយ៉ូ​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត យើង​ទៅ​ដល់​កោះ​សាម៉ូស ហើយ​នៅ​ថ្ងៃ​ទី​បី យើង​ក៏​បាន​ទៅ​ដល់​ក្រុង​មីលេត។ 16 លោក​ប៉ូល​សម្រេច​ចិត្ត​មិន​ចូល​ក្រុង​អេភេសូ​ទេ ដើម្បី​កុំ​ឲ្យ​យឺត​ដំណើរ​នៅ​ស្រុក​អាស៊ី ដ្បិត​លោក​ប្រញាប់​ចង់​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទាន់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប​ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន។

លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​មក​ពី​ក្រុង​អេភេសូ

17 លោក​ប៉ូល​បាន​ចាត់​គេ​ពី​ក្រុង​មីលេត ឲ្យ​ទៅ​អញ្ជើញ​ពួក​ព្រឹទ្ធា‌ចារ្យ*​នៃ​ព្រះ‌សហគមន៍*​នៅ​ក្រុង​អេភេសូ​មក។ 18 លុះ​គេ​បាន​មក​ដល់​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖
«បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ អំពី​អាកប្ប‌កិរិយា​ដែល​ខ្ញុំ​មាន​ចំពោះ​បង‌ប្អូន​រាល់​ពេល​វេលា តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​អាស៊ី​ម៉្លេះ 19 គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ‌អម្ចាស់ ដោយ​ចិត្ត​សុភាព‌រាបសា ទាំង​ទឹក​ភ្នែក ទាំង​លំបាក ដោយ​ជន​ជាតិ​យូដាបាន​ឃុប‌ឃិត​គ្នា​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ។ 20 ខ្ញុំ​បាន​ជម្រាប និង​បង្រៀន​បង‌ប្អូន តាម​ទី​សាធារណៈ និង​តាម​ផ្ទះ នូវ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​សារ‌ប្រយោជន៍​ដល់​បង‌ប្អូន ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ​ឡើយ 21 ខ្ញុំ​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌ជាម្ចាស់ និង​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​ផង។
22 ឥឡូវ​នេះ ព្រះ‌វិញ្ញាណ​បាន​ទាក់‌ទាញ​ចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ខ្ញុំ​មិន​ដឹង​ថានឹង​មាន​ហេតុ‌ការណ៍​អ្វី​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​នោះ​ឡើយ 23 គឺ​ខ្ញុំ​គ្រាន់​តែ​ដឹងតាម​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បញ្ជាក់​ប្រាប់ ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ថា ខ្ញុំ​នឹង​ត្រូវ​គេ​ចាប់​ចង ហើយ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា។ 24 ប៉ុន្តែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ច‌ការ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាពអំពី​ដំណឹង‌ល្អ*​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់។

25 ខ្ញុំ​ធ្លាប់​រស់​នៅ​ក្នុង​ចំណោម​បង‌ប្អូន​ទាំង​អស់​គ្នា ទាំង​ប្រកាស​ដំណឹង‌ល្អ*អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​ដឹង​ថាបង‌ប្អូន​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ទៀត​ហើយ។ 26 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ផ្ដល់​សក្ខី‌ភាព​ឲ្យ​បង‌ប្អូន​ដឹង​នៅ​ថ្ងៃ​នេះ​ថា ប្រសិន​បើ​មាន​ម្នាក់​ក្នុង​ចំណោម​បង‌ប្អូន​ត្រូវ​វិនាស មិន​មែន​មក​ពី​កំហុស​របស់​ខ្ញុំ​ទេ 27 ដ្បិត​ខ្ញុំ​បាន​ជម្រាប​បង‌ប្អូន អំពី​គម្រោង‌ការ​ទាំង​មូល​របស់​ព្រះ‌ជាម្ចាស់​រួច​ហើយ ឥត​មាន​លាក់‌លៀម​ត្រង់​ណា​សោះ 28 ដូច្នេះ សូម​បង‌ប្អូន​ថែ‌រក្សា​ខ្លួន​ឯង និង​ថែ‌រក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​បង‌ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​ឲ្យ​បង‌ប្អូន​ថែ‌រក្សា​ព្រះ‌សហគមន៍​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះ‌អង្គ​បាន​លោះ​មក ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ 29 ខ្ញុំ​ដឹង​ច្បាស់​ថា ពេល​ខ្ញុំ​ចេញ​ផុត​ទៅ នឹង​មាន​មនុស្ស​ចិត្ត​សាហាវ​ដូច​ចចក នាំ​គ្នា​ចូល​មក​ក្នុង​ចំណោម​បង‌ប្អូន គេ​នឹង​ធ្វើ​បាប​ក្រុម​អ្នក​ជឿ​ឥត​ត្រា‌ប្រណី​ឡើយ 30 ថែម​ទាំង​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន​នាំ​គ្នា​ពោល​ពាក្យ​បញ្ឆោត ដើម្បី​ទាក់‌ទាញ​ពួក​សាវ័ក​ឲ្យ​ទៅ​តាម​គេ​ទៀត​ផង។ 31 ហេតុ​នេះ សូម​បង‌ប្អូន​ប្រុង​ស្មារតី​ឲ្យ​មែន​ទែន ដោយ​នឹក​ចាំ​ថា ខ្ញុំ​បាន​ដាស់‌តឿន​បង‌ប្អូន​គ្រប់ៗ​រូប​ទាំង​ទឹក​ភ្នែក ក្នុង​រវាង​បី​ឆ្នាំ ទាំង​យប់ ទាំង​ថ្ងៃ ឥត​មាន​ឈប់​ឡើយ។
32 ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង‌ប្អូន​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ផ្ញើ​នឹង​ព្រះ‌បន្ទូល​ស្ដី​អំពី​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌អង្គ។ មាន​តែ​ព្រះ‌អង្គ​ទេដែល​អាច​កសាង​បង‌ប្អូន​ឡើង​ជា​ព្រះ‌សហគមន៍* ព្រម​ទាំង​ឲ្យ​បង‌ប្អូន​ទទួល​មត៌ករួម​ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ។ 33 ខ្ញុំ​មិន​ដែល​ចង់​បាន​មាស ប្រាក់ ឬ​សម្លៀក‌បំពាក់​អ្វី​ពី​នរណា​ឡើយ។ 34 បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ផ្ទាល់​ដៃ ដើម្បី​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ និង​សេចក្ដី​ត្រូវ​ការ​របស់​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ។ 35 ក្នុង​គ្រប់​កិច្ច‌ការ​ទាំង​អស់ ខ្ញុំ​តែង‌តែ​ប្រាប់​ឲ្យ​បង‌ប្អូន​ដឹង​ថា ត្រូវ​តែ​ធ្វើ​ការ​នឿយ‌ហត់​បែប​នេះ​ឯង ដើម្បី​ជួយ​ទំនុក​បម្រុង​អស់​អ្នក​ដែល​ក្រ‌ខ្សត់ ហើយ​ត្រូវ​ចង​ចាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ថាៈ “បើ​ឲ្យ នោះ​នឹង​បាន​សុភមង្គល​ច្រើន​ជាង​ទទួល”»។ 36 លោក​មាន​ប្រសាសន៍​ដូច្នេះ​រួច​ហើយ ក៏​លុត​ជង្គង់​ចុះ​អធិស្ឋាន​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា។ 37 ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​នោះនាំ​គ្នា​ទ្រហោ​យំ​ឱប​ក​លោក​ប៉ូល ហើយ​ថើប​លោក​ទៀត​ផង 38 ជា​ពិសេស គេ​ព្រួយ​ចិត្ត​មក​ពី​លោក​ប៉ូល​មាន​ប្រសាសន៍​ថា គេ​នឹង​លែង​ឃើញ​មុខ​លោក​ទៀត​ហើយ។ បន្ទាប់​មក គេ​ក៏​ជូន​ដំណើរ​លោក​រហូត​ដល់​សំពៅ។