​ជំពូក ១

បុព្វ‌កថា

1 សូម​ជម្រាប​មក​ឯក​ឧត្ដម​ថេអូ‌ភីល សូម​ជ្រាប! ក្នុង​សៀវភៅ​ទី​មួយ​របស់​ខ្ញុំ ខ្ញុំ​បាន​រៀប​រាប់​អំពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ និង​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្រៀន តាំង​ពី​ដើម​រៀង​មក 2 រហូត​ដល់​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​លើក​ព្រះ‌អង្គ​ឡើង​ទៅ​ស្ថាន​បរម‌សុខ* គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្ដែ‌ផ្ដាំ​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដល់​ក្រុម​គ្រីស្ដ‌ទូត*​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស។ 3 ក្រោយ​ពេល​រង​ទុក្ខ​លំបាក​រួច​ហើយ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ព្រះ‌អង្គ តាម​របៀប​ផ្សេងៗ​ឲ្យ​គ្រីស្ដ‌ទូត​ទាំង​នោះ​ឃើញ​ថាព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ឃើញ​អស់‌រយៈ​ពេល​សែ‌សិប​ថ្ងៃ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​ផង។ 4 ពេល​ព្រះ‌អង្គ​កំពុង​សោយ​ព្រះ‌ស្ងោយ​ជា​មួយ​ក្រុម​គ្រីស្ដ‌ទូត ព្រះ‌អង្គ​ហាម​គេ​មិន​ឲ្យ​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ «គឺ​ត្រូវ​រង់‌ចាំ​ទទួល​ព្រះ‌វិញ្ញាណ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌បិតា ដូច​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា 5 លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ*​ឲ្យ​គេ​ក្នុង​ទឹក ប៉ុន្តែ នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ»។

ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ

6 ពេល​នោះ ក្រុម​គ្រីស្ដ‌ទូត*​នៅ​ជុំ​គ្នា គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើ​ព្រះ‌អង្គ​នឹង​តាំង​រាជា‌ណាចក្រ​អ៊ីស្រា‌អែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?»។ 7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ត្រង់​ឯ​ពេល​វេលា​ដែល​ព្រះ‌បិតា​បាន​កំណត់​ទុក ដោយ​អំណាច​ព្រះ‌អង្គ​ផ្ទាល់​នោះ អ្នក​រាល់​គ្នា​មិន​បាច់​ដឹង​ទេ។ 8 ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ទទួល​ឫទ្ធា‌នុភាព​មួយ គឺ​ឫទ្ធា‌នុភាព​នៃ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែន‌ដី»។

9 លុះ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ហើយ​នៅ​ពេល​ដែល​ក្រុម​គ្រីស្ដ‌ទូត​កំពុង​តែ​មើល​ព្រះ‌អង្គ នោះ​ព្រះ‌ជាម្ចាស់​ក៏​លើក​ព្រះ‌អង្គ​ឡើង​ទៅ​លើ​មេឃ ព្រម​ទាំង​មាន​ពពក*​មក​បាំង​ព្រះ‌អង្គ​បាត់​ពី​ភ្នែក​គេ​ទៅ។ 10 កាល​ពួក​គេ​កំពុង​តែ​សម្លឹង​មើល​ទៅ​លើ​មេឃ នៅ​ពេល​ព្រះ‌អង្គ​យាង​ឡើង​ទៅ​នោះ ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀក​ស​ពាក់​ស​ចូល​មក​ជិត​គេ 11 ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ ព្រះ‌យេស៊ូ​នោះ ព្រះ‌ជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរម‌សុខ​ហើយ ព្រះ‌អង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ដែរ»។

12 ពេល​នោះ ក្រុម​គ្រីស្ដ‌ទូត*​នាំ​គ្នា​វិល​ត្រឡប់​ពី​ភ្នំ​ដើម​អូលីវ ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​មួយ​គីឡូ‌ម៉ែត្រ​។ 13 លុះ​បាន​មក​ដល់​ផ្ទះ​ហើយ គេ​ឡើង​ទៅ​បន្ទប់​ខាង​លើ ជា​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​នៅ។ គ្រីស្ដ‌ទូត​ទាំង​នោះ គឺ​លោក​សិលា លោក​យ៉ូហាន លោក​យ៉ាកុប លោក​អន់ដ្រេ លោក​ភីលីព លោក​ថូម៉ាស លោក​បារថូ‌ឡូមេ លោក​ម៉ាថាយ លោក​យ៉ាកុប​ជា​កូន​លោក​អាល់‌ផាយ លោក​ស៊ីម៉ូន​ហៅ​អ្នក​ជាតិ​និយម និង​លោក​យូដាស​ជា​កូន​របស់​លោក​យ៉ាកុប។ 14 ពួក​គេ​រួម​ចិត្ត​គំនិត​គ្នា ព្យាយាម​អធិស្ឋាន* ដោយ​មាន​ស្ត្រី​ឯ​ទៀតៗ មាន​នាង​ម៉ារីជា​មាតា​របស់​ព្រះ‌យេស៊ូ និង​មាន​បង‌ប្អូន​របស់​ព្រះ‌អង្គ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។

ការ​ជ្រើស‌រើស​លោក​ម៉ាធី‌យ៉ាស​ជា​គ្រីស្ដ‌ទូតជំនួស​យូដាស‌អ៊ីស្កា‌រីយ៉ុត

15 នៅ​គ្រា​នោះ មាន​បង‌ប្អូន​ប្រមាណ​មួយ‌រយ​ម្ភៃ​នាក់​នៅ​ជុំ​គ្នា លោក​សិលា​ក្រោក​ឈរ​ឡើង​នៅ​កណ្ដាល​ពួក​គេ ហើយ​ពោល​ថា៖ 16 «បង‌ប្អូន​អើយ! ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​បាន​ថ្លែង​ទុក​ជា​មុន តាម‌រយៈ​ព្រះ‌បាទ​ដាវីឌ អំពី​យូដាស ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ។ ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មែន។ 17 យូដាស​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​របស់​យើង ហើយ​បាន​ទទួល​ចំណែក​មុខ‌ងារ​រួម​ជា​មួយ​យើង​ដែរ។ 18 គាត់​យក​ប្រាក់​ដែល​បាន​មក​ពី​អំពើ​ទុច្ចរិត ទៅ​ទិញ​ដី​ចម្ការ​មួយ​កន្លែង បន្ទាប់​មក គាត់​ដួល​ផ្កាប់​មុខ ធ្លាយ​ពោះ ចេញ​ពោះ​វៀន​មក​ក្រៅ។ 19 អ្នក​ក្រុង​យេរូ‌សាឡឹម​ដឹង​រឿង​នេះ​គ្រប់ៗ​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ តាម​ភាសា​របស់​គេ​ថា “ហាកែល‌ដាម៉ា” មាន​ន័យ​ថា “ចម្ការ​ឈាម”។ 20 ក្នុង​គម្ពីរ​ទំនុក‌តម្កើង​មាន​ចែង​ទុក​អំពី​ហេតុ‌ការណ៍​នេះ​ថា៖
“ចូរ​ឲ្យ​លំ‌នៅ​របស់​អ្នក​នោះ
ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ
កុំ​ឲ្យ​មាន​នរណា​រស់​នៅ​ទី​នោះ​ឡើយ”
និង​“ត្រូវ​ឲ្យ​ម្នាក់​ទៀត​ទទួល
យក​តំណែង​របស់​គាត់”

21 ហេតុ​នេះ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​មក​តាម​យើង នៅ​ពេល​ព្រះ‌យេស៊ូ​ដឹក​នាំ​យើង 22 គឺ​ចាប់​តាំង​ពី​គ្រា​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ថ្វាយ​ព្រះ‌អង្គ រហូត​ដល់​ពេល​ព្រះ‌ជាម្ចាស់​លើក​យក​ព្រះ‌អង្គ​ចេញ​ពី​យើង​ទៅ ត្រូវ​ឲ្យ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់​រួម​ជា​មួយ​យើង អំពី​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ»។

23 គេ​បាន​នាំ​សាវ័ក*​ពីរ​រូប​មក ម្នាក់​ឈ្មោះ​យ៉ូសែប ហៅ​បារសា‌បាស​ផង យូស្ទូស​ផង និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាធី‌យ៉ាស។ 24 បន្ទាប់​មក គេ​នាំ​គ្នា​អធិស្ឋាន​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​ជ្រាប​ចិត្ត​គំនិត​របស់​មនុស្ស​ទាំង​អស់ ហេតុ​នេះ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា ក្នុង​ចំណោម​បង‌ប្អូន​ទាំង​ពីរ​រូប​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស​អ្នក​ណា 25 ឲ្យ​បំពេញ​មុខ‌ងារ​ជា​គ្រីស្ដ‌ទូត​ជំនួស​យូដាស ដ្បិត​យូដាស​បាន​បោះ​បង់​មុខ‌ងារ​នេះ ទៅ​ឯ​កន្លែង​របស់​គាត់»។ 26 សាវ័ក​នាំ​គ្នា​ចាប់​ឆ្នោត​ត្រូវ​លើ​លោក​ម៉ាធី‌យ៉ាស ហើយ​លោក​ម៉ាធី‌យ៉ាស​ក៏​បាន​ចូល​រួម​ក្នុង​ក្រុម​គ្រីស្ដ‌ទូត​ដប់​មួយ​រូប​ទៀត។