ជំពូក ៦
ការជ្រើសរើសក្រុមប្រាំពីររូប
1 នៅគ្រានោះ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ ជនជាតិយូដាដែលនិយាយភាសាក្រិក នាំគ្នារអ៊ូរទាំទាស់នឹងជនជាតិយូដាដែលនិយាយភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិនសូវយកចិត្តទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ 2 គ្រីស្ដទូត*ទាំងដប់ពីររូបក៏កោះហៅពួកសាវ័កទាំងអស់មក ហើយមានប្រសាសន៍ថា៖ «មិនគួរឲ្យយើងខ្ញុំ ចោលការប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ 3 ហេតុនេះ បងប្អូនអើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីររូបក្នុងចំណោមបងប្អូនដែលជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយពោរពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាឈ្លាសវៃ។ យើងខ្ញុំនឹងតែងតាំងគេឲ្យបំពេញមុខងារនេះ។ 4 រីឯយើងខ្ញុំវិញ យើងខ្ញុំនឹងគិតតែពីអធិស្ឋាន និងបម្រើព្រះបន្ទូល»។ 5 ពួកសាវ័កទាំងប៉ុន្មានពេញចិត្តនឹងសេចក្ដីស្នើនេះណាស់ គេក៏ជ្រើសយកលោកស្ទេផាន ដែលពោរពេញដោយជំនឿ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ* លោកភីលីព លោកប្រូគ័រ លោកនីកាន័រ លោកទីម៉ូន លោកប៉ារមេណាស និងលោកនីកូឡាស ជាអ្នកស្រុកអន់ទីយ៉ូក ដែលចូលសាសនាយូដា។ 6 គេនាំអ្នកទាំងនោះមកជួបក្រុមគ្រីស្ដទូត ក្រុមគ្រីស្ដទូតក៏នាំគ្នាអធិស្ឋាន ហើយដាក់ដៃ*ពីលើអ្នកទាំងនោះ។
7 ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសាវ័កនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលប់ សុខចិត្ត ប្រតិបត្តិតាមជំនឿដែរ។
លោកស្ទេផានត្រូវគេចាប់ខ្លួន
8 ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោកស្ទេផានណាស់ ហើយព្រះអង្គប្រទានឫទ្ធានុភាពឲ្យលោកសម្ដែងឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ធំៗក្នុងចំណោមប្រជាជន។ 9 មានអ្នកខ្លះជាសមាជិកសាលាប្រជុំ*ដែលគេហៅថា «សាលាប្រជុំពួកអ្នកងារពីដើម» និងអ្នកខ្លះពីចំណោមអ្នកស្រុកគីរេន អ្នកស្រុកអាឡិចសន់ឌ្រី និងអ្នកខ្លះទៀតពីចំណោមអ្នកស្រុកស៊ីលីស៊ី និងអ្នកស្រុកអាស៊ី នាំគ្នាជជែកជាមួយលោកស្ទេផាន 10 ប៉ុន្តែ គេពុំអាចជជែកឈ្នះលោកស្ទេផានឡើយ ព្រោះលោកមានប្រសាសន៍ប្រកបដោយប្រាជ្ញាមកពីព្រះវិញ្ញាណ។ 11 ដូច្នេះ អ្នកទាំងនេះនាំគ្នាសូកមនុស្សខ្លះឲ្យនិយាយថា៖ «យើងខ្ញុំបានឮអ្នកនេះ ពោលពាក្យប្រមាថលោកម៉ូសេ និងប្រមាថព្រះជាម្ចាស់»។ 12 គេបានបំបះបំបោរប្រជាជន បំបះបំបោរពួកព្រឹទ្ធាចារ្យ* និងពួកបណ្ឌិតខាងវិន័យ* រួចមកចាប់លោកស្ទេផានបញ្ជូនទៅក្រុមប្រឹក្សាជាន់ខ្ពស់*។ 13 គេនាំសាក្សីក្លែងក្លាយមកចោទប្រកាន់លោកថា៖ «ជននេះចេះតែនិយាយប្រឆាំងនឹងព្រះវិហារ* ប្រឆាំងនឹងគម្ពីរវិន័យ* ឥតឈប់ឈរ។ 14 យើងខ្ញុំបានឮគាត់និយាយថា ឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត នោះនឹងរុះព្រះវិហារចោល ព្រមទាំងប្ដូរប្រពៃណីដែលលោកម៉ូសេបានទុកឲ្យយើងខ្ញុំថែមទៀតផង»។ 15 អស់អ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងប៉ុន្មាន សម្លឹងមើលមកលោកស្ទេផានគ្រប់ៗគ្នា ហើយឃើញមុខរបស់លោកមានទ្រង់ទ្រាយដូចមុខរបស់ទេវទូត*។