ជំពូក ៥
អណាញ៉ាស និងសាភីរ៉ា
1 មានបុរសម្នាក់ឈ្មោះ អណាញ៉ាស ភរិយាឈ្មោះសាភីរ៉ា។ គាត់ក៏បានលក់ដីរបស់គាត់ដែរ 2 ហើយសមគំនិតជាមួយភរិយា ទុកប្រាក់មួយចំណែកសម្រាប់ខ្លួនឯង រួចយកប្រាក់ដែលនៅសល់ទៅជូនក្រុមគ្រីស្ដទូត*។
3 លោកសិលាមានប្រសាសន៍ទៅគាត់ថា៖ «អាណាញ៉ាសអើយ! ហេតុដូចម្ដេចបានជាមារ*សាតាំងនៅពេញក្នុងចិត្តអ្នក រហូតដល់ទៅកុហកព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ? 4 កាលដើមឡើយ ដីនោះជាកម្មសិទ្ធិរបស់អ្នក លុះដល់អ្នកលក់ផុតទៅ ប្រាក់ដែលបានមកនោះ អ្នកអាចប្រើប្រាស់តាមចិត្ត! ចុះហេតុដូចម្ដេចបានជាអ្នកមានគំនិតប្រព្រឹត្តយ៉ាងហ្នឹង?។ អ្នកបានកុហកព្រះជាម្ចាស់ គឺមិនមែនកុហកមនុស្សទេ»។ 5 កាលអណាញ៉ាសបានឮពាក្យនេះ ក៏ដួលដាច់ខ្យល់ស្លាប់ទៅ។ រីឯអស់អ្នកដែលបានឮដំណឹងនេះ ក៏ស្ញែងខ្លាចជាខ្លាំង។ 6 ពួកយុវជននាំគ្នាមករុំសពអណាញ៉ាស ហើយសែងយកទៅកប់។
7 ប្រមាណជាបីម៉ោងក្រោយមក ភរិយារបស់អណាញ៉ាសចូលមកដល់ ដោយមិនបានដឹងហេតុការណ៍ដែលកើតមាននោះឡើយ។ 8 លោកសិលាសួរនាងថា៖ «សូមប្រាប់ខ្ញុំមកមើល៍ តើប្ដីនាង និងនាងលក់ដីបានប្រាក់ប៉ុណ្ណេះមែនឬ?»។ នាងឆ្លើយថា៖ «ចា៎ស! បានប្រាក់ប៉ុណ្ណឹងមែន»។ 9 លោកសិលាក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាងមកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។ 10 រំពេចនោះ នាងក៏ដួលនៅទៀបជើងរបស់លោក ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ឃើញនាងស្លាប់ ក៏នាំគ្នាយកសពនាងទៅបញ្ចុះ នៅក្បែរសពប្ដីរបស់នាង។ 11 ព្រះសហគមន៍*ទាំងមូល និងអស់អ្នកដែលបានឮដំណឹងនេះ ស្ញែងខ្លាចជាខ្លាំង។
ក្រុមគ្រីស្ដទូតសម្ដែងការអស្ចារ្យផ្សេងៗ
12 គ្រីស្ដទូតបាននាំគ្នាសម្ដែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ជាច្រើន នៅក្នុងចំណោមប្រជាជន។ អ្នកជឿទាំងអស់រួមចិត្តគំនិតគ្នា គេឈរនៅតាមថែវសាឡូម៉ូន។ 13 រីឯអ្នកឯទៀតៗគ្មាននរណាហ៊ានមកចូលរួមជាមួយគេឡើយ តែប្រជាជនកោតសរសើរគេគ្រប់ៗគ្នា។ 14 បណ្ដាជនទាំងប្រុសទាំងស្រីដែលជឿលើព្រះអម្ចាស់ បានមកចូលរួមកាន់តែច្រើនឡើងៗ។ 15 មនុស្សម្នាបានសែងអ្នកជំងឺមកដាក់នៅតាមផ្លូវ ឲ្យដេកលើគ្រែស្នែង លើកន្ទេល ប្រាថ្នាយ៉ាងហោចណាស់គ្រាន់តែឲ្យស្រមោលលោកសិលាបាំងលើអ្នកជំងឺណាម្នាក់ នៅពេលដែលលោកដើរកាត់តាមនោះក៏បានដែរ។ 16 មានមនុស្សជាច្រើននាំគ្នាធ្វើដំណើរមកពីភូមិនានា នៅជិតក្រុងយេរូសាឡឹម ទាំងសែងអ្នកជំងឺ និងអ្នកដែលមានខ្មោចចូលមកជាមួយផង អ្នកទាំងនោះបានជាគ្រប់ៗគ្នា។
ក្រុមគ្រីស្ដទូតត្រូវគេបៀតបៀន
17 ពេលនោះ លោកមហាបូជាចារ្យ និងអស់អ្នកដែលនៅជាមួយលោកទាំងប៉ុន្មាន គឺពួកខាងគណៈសាឌូស៊ី* មានចិត្តក្ដៅក្រហាយជាខ្លាំង។ 18 គេលើកគ្នាមកចាប់ក្រុមគ្រីស្ដទូត* យកទៅឃុំឃាំងនៅពន្ធនាគារសាធារណៈ។ 19 លុះដល់យប់ មានទេវទូត*របស់ព្រះអម្ចាស់មកបើកទ្វារពន្ធនាគារឲ្យក្រុមគ្រីស្ដទូតចេញ ទាំងពោលថា៖ 20 «សូមអញ្ជើញទៅឈរក្នុងព្រះវិហារ* ហើយប្រកាសព្រះបន្ទូលទាំងអស់ដែលផ្ដល់ជីវិតនេះឲ្យប្រជាជនស្ដាប់ទៅ»។ 21 កាលបានឮពាក្យទេវទូត ក្រុមគ្រីស្ដទូតនាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយបង្រៀនប្រជាជន។
លោកមហាបូជាចារ្យ* និងអស់អ្នកដែលនៅជាមួយលោក កោះហៅក្រុមប្រឹក្សាជាន់ខ្ពស់* និងព្រឹទ្ធសភានៃប្រជាជនអ៊ីស្រាអែលមកជួបជុំគ្នា រួចចាត់អ្នកយាមឲ្យទៅនាំក្រុមគ្រីស្ដទូតពីពន្ធនាគារមក។ 22 ពេលទៅដល់ទីឃុំឃាំង គេពុំឃើញក្រុមគ្រីស្ដទូតទេ គេនាំគ្នាវិលមកវិញ រាយការណ៍ជម្រាបអង្គប្រជុំថា៖ 23 «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ 24 កាលមេកងរក្សាព្រះវិហារ និងពួកនាយកបូជាចារ្យឮដូច្នោះ គេមិនដឹងជាត្រូវគិតយ៉ាងណាអំពីក្រុមគ្រីស្ដទូត និងអំពីហេតុការណ៍ដែលកើតឡើងនោះឡើយ។ 25 ពេលនោះ មានម្នាក់ចូលមកជម្រាបអង្គប្រជុំថា៖ «ពួកអ្នកដែលអស់លោកបានចាប់ឃុំឃាំង កំពុងតែឈរបង្រៀនប្រជាជន ក្នុងព្រះវិហារឯណោះ!»។ 26 មេកងរក្សាព្រះវិហារក៏នាំទាហានចេញទៅចាប់ក្រុមគ្រីស្ដទូតបណ្ដើរមក តែឥតមានធ្វើបាបអ្វីទេ ព្រោះគេខ្លាចប្រជាជនយកដុំថ្មគប់។ 27 លុះនាំក្រុមគ្រីស្ដទូតមកដល់ហើយ គេក៏ឲ្យឈរនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ លោកមហាបូជាចារ្យសួរក្រុមគ្រីស្ដទូតថា៖ 28 «យើងបានហាមប្រាមអ្នករាល់គ្នាមិនឲ្យបង្រៀនប្រជាជនក្នុងនាមអ្នកនោះជាដាច់ខាត តែឥឡូវនេះ អ្នករាល់គ្នាបែរជាបង្រៀនគេពាសពេញក្រុងយេរូសាឡឹមទាំងមូលទៅវិញ!។ អ្នករាល់គ្នាក៏ចង់ទម្លាក់កំហុសនៃការប្រហារជីវិតបុរសនោះ មកលើយើងថែមទៀតផង!»។
29 លោកសិលា និងគ្រីស្ដទូតឯទៀតៗឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវស្ដាប់បង្គាប់ព្រះជាម្ចាស់ជាជាងស្ដាប់បង្គាប់មនុស្ស។ 30 ព្រះនៃបុព្វបុរសរបស់យើង ព្រះអង្គបានប្រោសលោកយេស៊ូ ដែលអស់លោកបានសម្លាប់ ដោយព្យួរនៅលើឈើនោះ ឲ្យមានជីវិតរស់ឡើងវិញ។ 31 ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ ហើយតែងតាំងលោកជាព្រះអង្គម្ចាស់ និងជាព្រះសង្គ្រោះ ដើម្បីឲ្យប្រជារាស្ដ្រអ៊ីស្រាអែលកែប្រែចិត្តគំនិត ហើយព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប*។ 32 យើងខ្ញុំជាសាក្សីអំពីហេតុការណ៍ទាំងនេះ ហើយព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកស្ដាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏ជាសាក្សីដែរ»។
33 កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមគ្រីស្ដទូតថែមទៀតផង។ 34 ប៉ុន្តែ មានបុរសម្នាក់ខាងគណៈផារីស៊ី*ឈ្មោះកាម៉ាលីអែល ជាអ្នកបណ្ឌិតខាងវិន័យ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមគ្រីស្ដទូតចេញពីទីនោះមួយស្របក់ 35 រួចមានប្រសាសន៍ទៅកាន់អង្គប្រជុំថា៖ «អស់លោកជាជនជាតិអ៊ីស្រាអែលអើយ សូមប្រយ័ត្នចំពោះអំពើដែលអស់លោកប៉ុនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។ 36 ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។ 37 បន្ទាប់មក នៅជំនាន់ដែលគេជំរឿនប្រជាជន មានយូដាសជាអ្នកស្រុកកាលីឡេ បានលើកខ្លួនឡើង បញ្ចុះបញ្ចូលមនុស្សជាច្រើនឲ្យទៅតាមគាត់។ យូដាសក៏ត្រូវគេប្រហារជីវិតដែរ ហើយអស់អ្នកដែលចូលដៃជាមួយគាត់ក៏បែកខ្ញែកគ្នាអស់ទៅ។ 38 ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឲ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន 39 ផ្ទុយទៅវិញ បើកិច្ចការទាំងនោះមានប្រភពចេញមកពីព្រះជាម្ចាស់ អស់លោកពុំអាចរំលាយបានឡើយ។ ហេតុនេះ សូមប្រុងប្រយ័ត្ន ក្រែងលោអស់លោកបែរជាប្រឆាំងទាស់នឹងព្រះជាម្ចាស់ទៅវិញ»។ គេយល់ស្របតាមយោបល់របស់លោកកាម៉ាលីអែលទាំងអស់គ្នា 40 គេក៏ហៅក្រុមគ្រីស្ដទូតមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីព្រះនាមព្រះយេស៊ូទៀត រួចលែងឲ្យត្រឡប់ទៅវិញ។ 41 ក្រុមគ្រីស្ដទូតចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតព្រះជាម្ចាស់បានប្រទានឲ្យគេមានកិត្តិយសរងទុក្ខទោស ព្រោះតែព្រះនាមព្រះយេស៊ូ។ 42 ជារៀងរាល់ថ្ងៃ គេតែងតែបង្រៀនប្រជាជន និងផ្សព្វផ្សាយដំណឹងល្អ* អំពីព្រះយេស៊ូគ្រីស្ដ* នៅក្នុងព្រះវិហារ* និងនៅតាមផ្ទះ ឥតឈប់ឈរឡើយ។