ជំពូក ១៩

បទ‌ឧក្រិដ្ឋ​របស់​ពួក​បេនយ៉ាមីន​នៅ​ក្រុង​គីបា

1 នៅ​គ្រា​នោះ ស្រុក​អ៊ីស្រា‌អែល​គ្មាន​ស្តេច​សោយ​រាជ្យ​ទេ។ មាន​បុរស​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​លេវី រស់​នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ គាត់​បាន​យក​ស្ត្រី​ម្នាក់​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា មក​ធ្វើ​ជា​ប្រពន្ធ​ចុង។ 2 ប៉ុន្តែ នាង​បាន​ក្បត់​ចិត្ត​ប្ដី ហើយ​ចាក​ចេញ​ពី​ប្ដី​ត្រឡប់​ទៅ​នៅ​ផ្ទះ​របស់​ឪពុក​នាង នៅ​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា​វិញ។ នាង​ស្នាក់​នៅ​ទី​នោះ​អស់‌រយៈ​ពេល​បួន​ខែ។ 3 ប្ដី​របស់​នាង​បាន​ធ្វើ​ដំណើរ​ទៅ​តាម ក្នុង​គោល​បំណង​លួង‌លោម​នាង​ឲ្យ​ត្រឡប់​មក​វិញ។ គាត់​បាន​នាំ​ក្មេង​បម្រើ និង​សត្វ​លា​ពីរ​ទៅ​ជា​មួយ​ផង។ ស្ត្រី​នោះ​អញ្ជើញ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ឪពុក​នាង កាល​ឪពុក​ឃើញ​ប្ដី​របស់​នាង គាត់​ក៏​ទទួល​ដោយ​អំណរ។ 4 ឪពុក​ក្មេក​បាន​ឃាត់​កូន​ប្រសា ឲ្យ​នៅ​ផ្ទះ​របស់​គាត់​ចំនួន​បី​ថ្ងៃ។ បុរស​នោះ​បរិភោគ​អាហារ និង​ស្រា ព្រម​ទាំង​សម្រាន្ដ​នៅ​ទី​នោះ។ 5 នៅ​ថ្ងៃ​ទី​បួន គេ​នាំ​គ្នា​ក្រោក​តាំង​ពី​ព្រលឹម។ ពេល​បុរស​លេវី​ហៀប​នឹង​ចេញ​ដណើរ ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «ចូរ​កូន​បរិភោគ​សិន​ទៅ ដើម្បី​ឲ្យ​មាន​កម្លាំង រួច​សឹម​ធ្វើ​ដំណើរ​ទៅ​ចុះ»។ 6 ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ បន្ទាប់​មក ឪពុក​ក្មេក​និយាយ​ទៅ​កាន់​កូន​ប្រសា​ថា៖ «សុំ​កូន​សម្រាក​លេង​នៅ​ទី​នេះ​មួយ​យប់​ទៀត​សិន​ទៅ»។ 7 បុរស​លេវី​ក្រោក​ឡើង ចង់​ចេញ​ដំណើរ ដោយ​ឪពុក​ក្មេក​ចេះ​តែ​ទទូច​អង្វរ​ពេក គាត់​ក៏​យល់​ព្រម​ស្នាក់​នៅ​មួយ​យប់​ទៀត។ 8 នៅ​ថ្ងៃ​ទី​ប្រាំ គាត់​ក្រោក​តាំង​ពី​ព្រលឹម ដើម្បី​ចេញ​ដំណើរ។ ប៉ុន្តែ ឪពុក​ក្មេក​និយាយ​ទៅ​គាត់​ថា៖ «សូម​កូន​បរិភោគ​អាហារ​សិន ចាំ​ដល់​ថ្ងៃ​ជ្រេ​សឹម​ចេញ​ដំណើរ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​នាំ​គ្នា​បរិភោគ។ 9 នៅ​ពេល​បុរស​លេវី​ចង់​ចេញ​ដំណើរ​ទៅ​ជា​មួយ​ប្រពន្ធ​ចុង និង​អ្នក​បម្រើ​របស់​គាត់ ឪពុក​ក្មេក​ក៏​និយាយ​ទៅ​គាត់​ទៀត​ថា៖ «មើល៍ ឥឡូវ​នេះ​ជ្រុល​ពេល​ហើយ ហើយ​ថ្ងៃ​ក៏​ជិត​លិច​ដែរ ចូរ​នាំ​គ្នា​សម្រាក​លេង​ទី​នេះ​ទៅ។ ចាំ​ស្អែក សឹម​ក្រោក​ពី​ព្រលឹម ហើយ​ចេញ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​កូន​វិញ​ចុះ»។ 10 ប៉ុន្តែ ម្ដង​នេះ បុរស​លេវី​ប្រកែក​ពុំ​ព្រម​នៅ​ទៀត​ទេ។ គាត់​ក្រោក​ឡើង​ចេញ​ដំណើរ​ជា​មួយ​ប្រពន្ធ​ចុង ព្រម​ទាំង​សត្វ​លា​ទាំង​ពីរ​របស់​គាត់ ដែល​មាន​ចង​កែប​ហើយ​ជា​ស្រេច​នោះ​ដែរ។ ពួក​គេ​មក​ដល់​កន្លែង​មួយ នៅ​ទល់​មុខ​នឹង​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម។ 11 ពេល​ពួក​គេ​មក​ដល់​ក្បែរ​ក្រុង​យេប៊ូស​នោះ ថ្ងៃ​កាន់​តែ​ទាប​ណាស់​ហើយ ក្មេង​បម្រើ​ក៏​និយាយ​ទៅ​កាន់​ចៅហ្វាយ​ថា៖ «យើង​គួរ​តែ​ឆៀង​ចូល​ទៅ​សម្រាក​នៅ​ក្រុង​របស់​សាសន៍​យេប៊ូស​មួយ​យប់​ទៅ»។ 12 ចៅហ្វាយ​ឆ្លើយ​ឡើង​ថា៖ «ទេ! យើង​មិន​ត្រូវ​ចូល​ទៅ​ក្រុង​របស់​សាសន៍​ដទៃ ដែល​គ្មាន​ជន​ជាតិ​អ៊ីស្រា‌អែល​នោះ​ឡើយ យើង​ទៅ​សម្រាក​នៅ​ក្រុង​គីបា​វិញ»។ 13 គាត់​ក៏​បន្ថែម​ទៀត​ថា៖ «យើង​ត្រូវ​តែ​ស្រូត​ដំណើរ​ឲ្យ​ដល់​ក្រុង​គីបា ឬ​ភូមិ​រ៉ាម៉ា ហើយ​នៅ​ទី​នោះ​យើង​នឹង​សម្រាក​កន្លែង​ណា​មួយ​ក៏​បាន»។ 14 ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​ទៀត។ លុះ​មក​ដល់​ជិត​ក្រុង​គីបា ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ថ្ងៃ​បាន​លិច​បាត់​ទៅ​ហើយ។ 15 គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​នោះ រក​កន្លែង​សម្រាក។ ពួក​គេ​អង្គុយ​នៅ​តាម​ផ្លូវ ព្រោះ​គ្មាន​នរណា​ម្នាក់​មក​អញ្ជើញ​ពួក​គេ​ឲ្យ​ទៅ​សម្រាក​នៅ​ផ្ទះ​របស់​ខ្លួន​ឡើយ។ 16 ល្ងាច​នោះ មាន​លោក​តា​ម្នាក់​វិល​ត្រឡប់​មក​ពី​ចម្ការ​វិញ គាត់​មាន​ដើម​កំណើត​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម ហើយ​មក​រស់​នៅ​ក្រុង​គីបា ដែល​មាន​សុទ្ធ​តែ​មនុស្ស​ពី​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។ 17 ពេល​គាត់​ក្រឡេក​ទៅ ឃើញ​អ្នក​ដំណើរ​អង្គុយ​នៅ​តាម​ផ្លូវ​ដូច្នេះ លោក​តា​សួរ​ថា៖ «តើ​អ្នក​អញ្ជើញ​មក​ពី​ណា​ទៅ​ណា​ដែរ?»។ 18 បុរស​លេវី​ក៏​តប​ថា៖ «យើង​ខ្ញុំ​មក​ពី​ភូមិ​បេថ្លេហិម ក្នុង​ស្រុក​យូដា ហើយ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ខ្ញុំ នៅ​ប៉ែក​ខាង​ចុង​តំបន់​ភ្នំ​អេប្រាអ៊ីម។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​បេថ្លេហិម ឥឡូវ​នេះ ខ្ញុំ​វិល​ទៅ​ផ្ទះ​ខ្ញុំ​ដែល​ជា​ដំណាក់​របស់​ព្រះ‌អម្ចាស់​វិញ។ ប៉ុន្តែ ក្នុង​ក្រុង​នេះ គ្មាន​នរណា​ម្នាក់​ទទួល​ខ្ញុំ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​គេ​ទេ។ 19 យើង​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​សម្រាប់​សត្វ​លា ព្រម​ទាំង​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ប្រពន្ធ​ខ្ញុំ និង​អ្នក​បម្រើ​របស់​ខ្ញុំ​ទៀត​ផង គឺ​យើង​ខ្ញុំ​ពុំ​ត្រូវ​ការ​អ្វី​សោះ​ឡើយ»។ 20 លោក​តា​ក៏​ពោល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ទទួល​ស្វា‌គមន៍​អ្នក នៅ​ផ្ទះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វីៗ​ដែល​អ្នក​ត្រូវ​ការ ដូច្នេះ មិន​ត្រូវ​សម្រាក​នៅ​តាម​ផ្លូវ​បែប​នេះ​ទេ!»។ 21 លោក​តា​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដាក់​ស្មៅ​ឲ្យ​សត្វ​លា​ស៊ី​ទៀត​ផង។ អ្នក​ដំណើរ​នាំ​គ្នា​លាង​ជើង រួច​ក៏​បរិភោគ​អាហារ និង​ផឹក​ស្រា​ជា​មួយ​គ្នា។ 22 ក្នុង​ពេល​ពួក​គេ​កំពុង​តែ​បរិភោគ​យ៉ាង​សប្បាយ មាន​មនុស្ស​ពាល​ក្នុង​ក្រុង​នោះ​មក​ឡោម‌ព័ទ្ធ​ផ្ទះ ហើយ​គោះ​ទ្វារ​ខ្លាំងៗ ទាំង​ពោល​ទៅ​កាន់​លោក​តា​ម្ចាស់​ផ្ទះ​ថា៖ «ចូរ​នាំ​អ្នក​ដែល​ស្នាក់​ក្នុង​ផ្ទះ​តា​ឯង​ចេញ​មក ដើម្បី​ឲ្យ​យើង​រួម​ដំណេក​ជា​មួយ​គេ​ផង!»។ 23 លោក​តា​ម្ចាស់​ផ្ទះ​ក៏​ចេញ​មក ហើយ​ពោល​ទៅ​កាន់​ជន‌ពាល​ថា៖ «ទេ! បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​មេត្តា​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ​អី! សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ឲ្យ​សោះ ព្រោះ​បុរស​នេះ​ជា​ភ្ញៀវ​របស់​ខ្ញុំ។ 24 មើល៍​ខ្ញុំ​មាន​កូន​ស្រី​នៅ​ក្រមុំ​ព្រហ្មចារី​នៅ​ឡើយ ហើយ​អ្នក​នោះ​ក៏​មាន​ប្រពន្ធ​ចុង​របស់​គាត់ មក​ជា​មួយ​ដែរ។ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក ហើយ​បង‌ប្អូន​អាច​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​បង‌ប្អូន​ចុះ តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​ជា​មួយ​បុរស​នេះ​ឡើយ»។ 25 ប៉ុន្តែ ជន‌ពាល​ទាំង​នោះ​ពុំ​បាន​ស្ដាប់​ពាក្យ​អង្វរ​របស់​លោក​តា​ទេ។ ដូច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក​ក្រៅ ប្រគល់​ទៅ​ឲ្យ​ពួក​វា។ ពួក​វា​នាំ​គ្នា​រំលោភ​លើ​នាង ហើយ​ធ្វើ​បាប​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែ​ជិត​ភ្លឺ ទើប​លែង​នាង​មក​វិញ។ 26 ពេល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​ដើរ​មក​ដួល​នៅ​មាត់​ច្រក​ចូល​ផ្ទះ​លោក​តា ដែល​ប្ដី​នាង​ស្នាក់​នៅ។ នាង​នៅ​ទី​នោះ រហូត​ដល់​ថ្ងៃ​រះ។ 27 លុះ​ព្រឹក​ឡើង ប្ដី​របស់​នាង​បើក​ទ្វារ​ផ្ទះ ហើយ​ចេញ​ទៅ​ក្រៅ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ គាត់​ក៏​ឃើញ​ប្រពន្ធ​ចុង​របស់​គាត់ ដួល​ដេក​នៅ​មាត់​ច្រក​ចូល​ផ្ទះ ដោយ​ដៃ​នាង​ទាំង​ពីរ​តោង​មាត់​របង​ផង។ 28 គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាក‌សព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។ 29 លុះ​ទៅ​ដល់​ផ្ទះ​ហើយ គាត់​ក៏​យក​កាំបិត​មក​កាប់​សាក‌សព​ប្រពន្ធ​ចុង​គាត់​ជា​ដប់‌ពីរ​កំណាត់ រួច​ផ្ញើ​កំណាត់​នីមួយៗ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ 30 អស់​អ្នក​ដែល​បាន​ឃើញ​បញ្ញើ​នេះ ក៏​លាន់​មាត់​គ្រប់ៗ​គ្នា​ថា៖ «តាំង​ពី​ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​មក គេ​មិន​ដែល​ជួប​ប្រទះ​ហេតុ‌ការណ៍​បែប​នេះ​ឡើយ។ ដូច្នេះ ត្រូវ​តែ​ពិនិត្យ​មើល​ការណ៍​នេះ​ឲ្យ​បាន​ល្អិត‌ល្អន់ ហើយ​ពិភាក្សា​គ្នា​ថា តើ​យើង​គួរ​សម្រេច​បែប​ណា?»។