ជំពូក ១៣
កំណើតរបស់លោកសាំសុន
1 ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់សាជាថ្មីទៀត។ ហេតុនេះ ព្រះអង្គប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន អស់រយៈពេលសែសិបឆ្នាំ។
2 គ្រានោះ នៅក្រុងសូរ៉ា មានបុរសម្នាក់ឈ្មោះម៉ាណូអា ក្នុងកុលសម្ព័ន្ធដាន់។ ភរិយារបស់គាត់ជាស្ត្រីអារ មិនអាចមានកូនឡើយ។ 3 ថ្ងៃមួយ ទេវទូត*របស់ព្រះអម្ចាស់បានមកបង្ហាញខ្លួនឲ្យស្ត្រីនោះឃើញ ហើយពោលថា៖ «នាងជាស្ត្រីអារមិនអាចមានកូនទេ ក៏ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ 4 ចាប់ពីពេលនេះទៅ ត្រូវប្រយ័ត្ន កុំពិសាស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីដែលមិនបរិសុទ្ធ*ដែរ 5 ព្រោះនាងនឹងមានផ្ទៃពោះ រួចបង្កើតកូនប្រុសមួយ។ មិនត្រូវកោរ ឬកាត់សក់វាឡើយ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយមក ទុកជាអ្នកណាសៀរ*មួយរូប។ កូននោះនឹងចាប់ផ្តើមរំដោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។
6 ស្ត្រីនោះក៏ចូលទៅក្នុងផ្ទះ ហើយរៀបរាប់ប្រាប់ប្ដីថា៖ «មានអ្នកបម្រើមួយរូបរបស់ព្រះជាម្ចាស់បានមកជួបខ្ញុំ លោកមានភិនភាគដូចទេវទូតនៃព្រះជាម្ចាស់ ដែលគួរឲ្យស្ញែងខ្លាចក្រៃលែង។ ខ្ញុំមិនបានសួរលោកថា លោកមកពីណាទេ ហើយលោកក៏មិនបានប្រាប់ឈ្មោះឲ្យខ្ញុំស្គាល់ដែរ។ 7 លោកប្រាប់ខ្ញុំថា ខ្ញុំនឹងមានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសមួយ។ លោកហាមខ្ញុំមិនឲ្យផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនឲ្យបរិភោគអ្វីដែលមិនបរិសុទ្ធដែរ ដ្បិតកូននោះនឹងត្រូវញែកថ្វាយព្រះជាម្ចាស់ តាំងពីក្នុងផ្ទៃម្ដាយ ទុកជាអ្នកណាសៀរ*មួយរូប រហូតអស់មួយជីវិត»។
8 លោកម៉ាណូអាក៏ទូលអង្វរព្រះអម្ចាស់ថា៖ «ឱព្រះអម្ចាស់អើយ! សូមព្រះអង្គមេត្តាប្រោសប្រទានឲ្យអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានចាត់មកនោះ វិលត្រឡប់មកវិញ ដើម្បីឲ្យលោកបង្រៀនយើងខ្ញុំអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះកូនដែលនឹងកើតមកនោះ»។ 9 ព្រះជាម្ចាស់ព្រះអង្គព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកម៉ាណូអា ហើយទេវទូតរបស់ព្រះជាម្ចាស់ក៏មកជួបនឹងស្ត្រីនោះម្ដងទៀត ក្នុងពេលដែលគាត់កំពុងតែអង្គុយនៅក្នុងចម្ការ។ ពេលនោះ លោកម៉ាណូអា ប្ដីរបស់គាត់ មិនបាននៅជាមួយទេ។ 10 គាត់ក៏ប្រញាប់ប្រញាល់រត់ទៅជម្រាបប្ដីថា៖ «នុ៎ះហ្ន៎! បុរសដែលបានមកជួបខ្ញុំពីថ្ងៃមុន អញ្ជើញមកទៀតហើយ!»។ 11 លោកម៉ាណូអាក្រោកឡើង ដើរតាមប្រពន្ធ តម្រង់ទៅរកបុរស ហើយពោលថា៖ «តើលោកឬដែលបាននិយាយជាមួយប្រពន្ធខ្ញុំ?»។ ទេវទូតក៏ឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។ 12 លោកម៉ាណូអាក៏បន្តទៀតថា៖ «បើសិនជាបានសម្រេចតាមពាក្យលោកមែន តើកូននោះត្រូវកាន់ច្បាប់ទម្លាប់អ្វីខ្លះ តើវាត្រូវរស់នៅរបៀបណា?»។ 13 ទេវទូតរបស់ព្រះអម្ចាស់តបមកលោកម៉ាណូអាវិញថា៖ «ប្រពន្ធរបស់អ្នកត្រូវតមអ្វីៗទាំងប៉ុន្មានដែលយើងបានប្រាប់ 14 នាងមិនត្រូវបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ មិនត្រូវផឹកស្រា ឬគ្រឿងស្រវឹងណាឡើយ ហើយក៏មិនត្រូវបរិភោគអ្វីៗដែលមិនបរិសុទ្ធដែរ។ នាងត្រូវតែប្រព្រឹត្តតាមពាក្យទាំងប៉ុន្មាន ដែលយើងបានប្រាប់»។
15 លោកម៉ាណូអាពោលទៅកាន់ទេវទូតរបស់ព្រះអម្ចាស់ថា៖ «សូមលោកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនលោក»។ 16 ទេវទូតឆ្លើយថា៖ «ទោះបីយើងនៅ ក៏យើងមិនបរិភោគអាហារដែលអ្នករៀបចំដែរ។ ប៉ុន្តែ បើអ្នកចង់ថ្វាយតង្វាយដុតទាំងមូល*ដល់ព្រះអម្ចាស់ ចូរធ្វើចុះ!»។ លោកម៉ាណូអាពុំដឹងថាជាទេវទូតរបស់ព្រះអម្ចាស់ទេ 17 គាត់ក៏សួរថា៖ «តើលោកឈ្មោះអី សូមមេត្តាប្រាប់ឲ្យយើងខ្ញុំស្គាល់ផង ដើម្បីឲ្យយើងខ្ញុំអាចដឹងគុណលោក នៅពេលហេតុការណ៍នោះកើតមាន តាមពាក្យរបស់លោក»។ 18 ទេវទូតតបថា៖ «ហេតុអ្វីបានជាអ្នកចង់ស្គាល់ឈ្មោះយើងដូច្នេះ? ឈ្មោះនេះប្លែកអស្ចារ្យណាស់»។ 19 បន្ទាប់មក លោកម៉ាណូអាក៏យកកូនពពែ និងម្សៅដែលត្រូវថ្វាយជាមួយ មកដុតនៅលើថ្ម ថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ ពេលលោកម៉ាណូអា និងភរិយាកំពុងអង្គុយសម្លឹងមើល ស្រាប់តែមានហេតុការណ៍ដ៏អស្ចារ្យមួយ 20 គឺក្នុងពេលអណ្ដាតភ្លើងឆេះពីអាសនៈឡើងទៅលើមេឃ ទេវទូតរបស់ព្រះអម្ចាស់ក៏ឡើងទៅជាមួយអណ្ដាតភ្លើងនោះដែរ។ ឃើញដូច្នេះ លោកម៉ាណូអា និងភរិយាក៏ក្រាបចុះឱនមុខដល់ដី។ 21 កាលអ្នកទាំងពីរមើលទេវទូតរបស់ព្រះអម្ចាស់លែងឃើញទៀត ទើបលោកម៉ាណូអាដឹងថាជាទេវទូតរបស់ព្រះអម្ចាស់ 22 ហើយគាត់ក៏ពោលទៅកាន់ភរិយាថា៖ «យើងប្រាកដជាស្លាប់ហើយ ព្រោះយើងបានឃើញព្រះជាម្ចាស់»។ 23 ភរិយារបស់គាត់ក៏ឆ្លើយថា៖ «ប្រសិនបើព្រះអម្ចាស់ចង់ឲ្យយើងស្លាប់មែននោះ ព្រះអង្គមិនទទួលតង្វាយដុតទាំងមូល និងតង្វាយម្សៅរបស់យើងទេ ហើយក៏មិនសម្ដែងការអស្ចារ្យទាំងនេះឲ្យយើងឃើញ ព្រមទាំងប្រាប់យើងពីអ្វីៗដែលយើងបានឮនេះដែរ»។
24 ភរិយារបស់លោកម៉ាណូអាបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា សាំសុន។ កូននោះមានវ័យចម្រើនធំឡើង ហើយព្រះអម្ចាស់ប្រទានពរលោក។25 ព្រះវិញ្ញាណនៃព្រះអម្ចាស់បានចាប់ផ្តើមធ្វើសកម្មភាពក្នុងជីវិតលោក ពេលលោកស្ថិតនៅក្នុងជំរំដាន់ ត្រង់ចន្លោះសូរ៉ា និងអេស្ដូល។