ជំពូក ១

បុរេកថា

ជន​ជាតិ​អ៊ីស្រាអែល​ចូល​ទៅ​កាន់​ទឹក​ដី​កាណាន

1 ក្រោយ​ពេល​លោក​យ៉ូស៊ូអា​ទទួល​មរណភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រាអែល​ទូល​សួរ​ព្រះអម្ចាស់​ថា៖ «ក្នុង​ចំណោម​យើង​ខ្ញុំ តើ​កុលសម្ព័ន្ធ​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន​មុន​គេ»?។ 2 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តប​ថា៖ «កុលសម្ព័ន្ធ​យូដា​ត្រូវ​ឡើង​ទៅ​មុន ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ​ហើយ»។ 3 កុលសម្ព័ន្ធ​យូដា​ក៏​ និយាយ​ទៅ​កាន់​កុលសម្ព័ន្ធ​ស៊ីម៉ូន ជា​បង​ប្អូន​ថា៖ «សុំ​ឡើង​ជា​មួយ​យើង​ខ្ញុំ ឆ្ពោះ​ទៅ​កាន់​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ យើង​ច្បាំង​នឹង​ជន​ជាតិ​កាណាន​ជា​មួយ​គ្នា។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ច្បាំង​យក​ទឹក​ដី​ ដែល​ជា​ចំណែក​មត៌ក​របស់​បង​ប្អូន រួម​ជា​មួយ​បង​ប្អូន​ដែរ»។ ដូច្នេះ កុលសម្ព័ន្ធ​ស៊ីម៉ូន​ក៏​រួបរួម​នឹង 4 កុលសម្ព័ន្ធ​យូដា ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​គ្នា។ ព្រះអម្ចាស់​ក៏​ប្រទាន​អោយ​គេ​មាន​ជ័យជំនះ​លើ​ជន​ ជាតិ​កា​ណាន និង​ជន​ជាតិ​ពេរីស៊ី។ ពួក​គេ​បាន​សម្លាប់​ខ្មាំង​សត្រូវ​អស់​មួយ​ម៉ឺន​នាក់ នៅ​បេសេក។ 5 នៅ​បេសេក ពួក​គេ​បាន​ជួប​ស្ដេច​អាដូនី-បេសេក ហើយ​នាំ​គ្នា​ច្បាំង​នឹង​ស្ដេច​នោះ។ ពួក​គេ​ច្បាំង​ឈ្នះ​ជន​ជាតិ​កាណាន និង​ជន​ជាតិ​ពេរីស៊ី។ 6 ស្ដេច​អាដូនី-បេសេក​ក៏​រត់​ភៀស​ខ្លួន តែ​ត្រូវ​ពួក​គេ​ដេញ​តាម​ចាប់​បាន ហើយ​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ទៀត​ផង។ 7 ស្ដេច​អាដូនី-បេសេក​មាន​ រាជឱង្ការ​ថា៖ «ខ្ញុំ​បាន​កាត់​មេ​ដៃ និង​មេ​ជើង​របស់​ស្ដេច​ចិតសិប​អង្គ ហើយ​ស្ដេច​ទាំង​នោះ​រើស​សំណល់​អាហារ នៅ​ក្រោម​តុ​របស់​ខ្ញុំ។ ឥឡូវ​នេះ ព្រះជាម្ចាស់​បាន​សង​មក​ខ្ញុំ​វិញ ស្រប​តាម​អំពើ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត»។ គេ​បាន​នាំ​ស្ដេច​អាដូនី-បេសេក​ទៅ​ក្រុង​យេរូសាឡឹម ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ទី​នោះ។
8 កុលសម្ព័ន្ធ​យូដា​វាយ​យក​បាន​ក្រុង​យេរូសាឡឹម​ដែរ ពួក​គេ​សម្លាប់​រង្គាល​ប្រជាជន រួច​ដុត​ក្រុង​នោះ​ចោល។ 9 បន្ទាប់​មក កុលសម្ព័ន្ធ​យូដា​ក៏​ចុះ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ តំបន់​ណេកិប និង​តំបន់​វាល​ទំនាប​ថែម​ទៀត​ផង។
10 កុលសម្ព័ន្ធ​យូដា ​បាន​វាយ​ប្រហារ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​ហេប្រូន ពី​ដើម​ហៅ​ថា​គៀរីយ៉ាត-អារបា ហើយ​ពួក​គេ​បាន​ប្រហារ​អំបូរ​សេសាយ អំបូរ​អហ៊ីម៉ាន់ និង​អំបូរ​តាល់ម៉ាយ​ដែរ។ 11 ពី​ទី​នោះ ពួក​គេ​វាយ​ប្រហារ​ប្រជាជន​នៅ​ក្រុង​ដេបៀរ​(ពី​ដើម​ហៅ​ថា​គៀរីយ៉ាត-សេភែរ)។ 12 គ្រា​នោះ លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «បើ​នរណា​វាយ​យក​ក្រុង​គៀរីយ៉ាត-សេភែរ​បាន ខ្ញុំ​នឹង​លើក​កូន​ស្រី​របស់​ខ្ញុំ ឈ្មោះ​នាង​អាក់សា​អោយ​ធ្វើ​ជា​ប្រពន្ធ»​។ 13 ពេល​នោះ លោក​អូតនីអែល ជា​កូន​របស់​លោក​កេណាស ដែល​ត្រូវ​ជា​ប្អូន​លោក​កាលែប វាយ​យក​ក្រុង​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់សា ជា​កូន​ស្រី អោយ​ធ្វើ​ជា​ភរិយា​របស់​គាត់។ 14 ពេល​ទៅ​នៅ​ជា​មួយ​ប្ដី​ ហើយ នាង​ក៏​បបួល​ប្ដី​អោយ​ទាមទារ​យក​ដី​ស្រែ​ពី​ឪពុក​នាង។ កាល​នាង​ចុះ​ពី​លើ​ខ្នង​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។ 15 នាង​ឆ្លើយ​តប​ថា៖ «សូម​លោក​ឪពុក​មេត្តា​អនុគ្រោះ​ដល់​កូន ដី​ដែល​លោក​ឪពុក​អោយ​កូន​នៅ​តំបន់​ខាង​ត្បូង​នោះ គ្មាន​ទឹក​ទេ ដូច្នេះ សូម​លោក​ឪពុក​មេត្តា​ចែក​អណ្ដូង​ទឹក​អោយ​កូន​ផង»។ លោក​កាលែប​ក៏​ចែក​អណ្ដូង​ទឹក​ដែល​នៅ​ខាង​លើ និង​នៅ​ខាង​ក្រោម អោយ​នាង។
16 ជន​ជាតិ ​គេនី ជា​ពូជពង្ស​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​យេរីខូ គឺ​ក្រុង​ដើម​លម៉ើ ជា​មួយ​កូន​ចៅ​យូដា ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស្រុក​យូដា ដែល​នៅ​ខាង​ត្បូង​ស្រុក​អារ៉ាដ ហើយ​តាំង​ទី​លំនៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ស្រុក​នោះ។ 17 បន្ទាប់​មក កុលសម្ព័ន្ធ​យូដា រួម​ជា​មួយ​កុលសម្ព័ន្ធ​ស៊ីម៉ូន ជា​បង​ប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន​ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះអម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហ៊រម៉ា​។ 18 កុលសម្ព័ន្ធ​យូដា​ក៏​វាយ​យក​បាន​ក្រុង​កាសា ក្រុង​អាស្កាឡូន និង​ក្រុង​អេក្រូន ព្រម​ទាំង​ទឹក​ដី​ដែល​នៅ​ជុំវិញ​ក្រុង​ទាំង​នោះ​ផង។ 19 ព្រះអម្ចាស់​ គង់​នៅ​ជា​មួយ​កុលសម្ព័ន្ធ​យូដា ហើយ​ប្រទាន​អោយ​ពួក​គេ​ត្រួតត្រា​លើ​តំបន់​ភ្នំ ប៉ុន្តែ ពួក​គេ​ពុំ​អាច​បណ្ដេញ​ប្រជាជន​ដែល​រស់​នៅ​តាម​តំបន់​ជ្រលង​ភ្នំ​បាន​ទេ ព្រោះ​អ្នក​ទាំង​នោះ​មាន​រទេះ​ចំបាំង​ធ្វើ​អំពី​ដែក។
20 ពួក​គេ​ បាន​ប្រគល់​ក្រុង​ហេប្រូន​ជូន​លោក​កាលែប ដូច​លោក​ម៉ូសេ​បាន​បង្គាប់​ទុក ហើយ​លោក​កាលែប​ក៏​បណ្ដេញ​អំបូរ​អណាក់​ទាំង​បី​ រួច​កាន់​កាប់​ក្រុង​នោះ​ទៅ។ 21 រីឯ​កុលសម្ព័ន្ធ​ បេនយ៉ាមីន​វិញ គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​យេប៊ូស ដែល​រស់​នៅ​ក្រុង​យេរូសាឡឹម​ទេ។ ដូច្នេះ ជន​ជាតិ​យេប៊ូស​ក៏​រស់​ជា​មួយ​កុលសម្ព័ន្ធ​បេនយ៉ាមីន នៅ​ក្រុង​យេរូសាឡឹម​រហូត​ដល់​សព្វ​ថ្ងៃ។ 22 ចំណែក​ឯ​ពូជពង្ស​របស់​លោក​យ៉ូសែប​វិញ​ ក៏​ចេញ​ទៅ​ច្បាំង​នឹង​ក្រុង​បេតអែល​ដែរ ហើយ​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។ 23 ដំបូង គេ​បញ្ជូន​មនុស្ស​អោយ​ទៅ​ស៊ើប​មើល​ទីក្រុង​នោះ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា«លូស»។ 24 ពេល​ឃើញ​បុរស​ម្នាក់​ ចេញ​ពី​ទីក្រុង អ្នក​ស៊ើបការណ៍​ក៏​ពោល​ទៅ​គាត់​ថា៖ «តើ​គេ​អាច​ចូល​ទៅ​ទីក្រុង​តាម​ផ្លូវ​ណា ចូរ​ប្រាប់​យើង​មក៍ យើង​នឹង​ប្រណី​ដល់​អ្នក»។ 25 បុរស​នោះ​ក៏​បង្ហាញ​ ផ្លូវ​ចូល​ទៅ​ទីក្រុង។ ពួក​គេ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ដោយ​មុខ​ដាវ តែ​គេ​ទុក​អោយ​បុរស​នោះ និង​គ្រួសារ​គាត់​ទាំង​មូល​ចាក​ចេញ​ទៅ។ 26 បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ហេត ហើយ​សង់​ក្រុង​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «លូស» ជា​ឈ្មោះ​ដែល​គេ​ហៅ​រហូត​ដល់​សព្វ​ថ្ងៃ។
27 រីឯ​កុលសម្ព័ន្ធ​ម៉ាណាសេ​វិញ គេ​មិន​បាន​បណ្ដេញ​ពួក​អ្នក​ស្រុក​ដែល​រស់​នៅ​ក្រុង​បេតសៀន ក្រុង​តាណាក់ ក្រុង​ឌ័រ ក្រុង​យីបឡាម និង​ក្រុង​មេគីដូ ព្រម​ទាំង​តំបន់​នានា​ជុំវិញ​ក្រុង​ទាំង​នោះ​ទេ ដូច្នេះ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ត​ទៅ​ទៀត។ 28 ពេល​ជន​ជាតិ​អ៊ីស្រាអែល​មាន​កម្លាំង គេ​ពុំ​បណ្ដេញ​ជន​ជាតិ​កាណាន​ចេញ​ពី​នោះ​ទេ តែ​គេ​បង្ខំ​ពួក​នោះ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។
29 កុលសម្ព័ន្ធ ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កា​ណាន ដែល​រស់​នៅ​ក្រុង​កេស៊ែរ​ដែរ ដូច្នេះ ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុលសម្ព័ន្ធ​អេប្រាអ៊ីម នៅ​ក្រុង​កេស៊ែរ​ត​ទៅ​ទៀត។
30 កុលសម្ព័ន្ធ ​សាប៊ូឡូន​ក៏​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​គីត្រូន និង​អ្នក​ស្រុក​ណាហាឡុល ចេញ​ពី​ស្រុក​នោះ​ដែរ។ ជន​ជាតិ​កាណាន​ក៏​រស់​នៅ​ជា​មួយ​កុលសម្ព័ន្ធ​សាប៊ូឡូន តែ​ត្រូវ​គេ​បង្ខំ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។
31 កុលសម្ព័ន្ធ​អស៊ែរ​មិន​បាន​បណ្ដេញ​អ្នក​ស្រុក​អាក់កូ ស៊ីដូន អាឡាប អាក់ស៊ីប ហែលបា អាភីក និង​រេហូប​ចេញ​ទេ។ 32 កុលសម្ព័ន្ធ​អស៊ែរ​ក៏​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ ព្រោះ​គេ​មិន​បាន​បណ្ដេញ​ជន​ជាតិ​ទាំង​នោះ​ចេញ​ពី​ស្រុក​ឡើយ។
33 កុលសម្ព័ន្ធណែបថាលី ​ក៏​មិន​បាន​បណ្ដេញ​ជន​ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​បេតសេម៉េស និង​ក្រុង​បេតអាណាត​ដែរ។ ពួក​គេ​រស់​នៅ​ជា​មួយ​ជន​ជាតិ​កាណាន​ក្នុង​ស្រុក​នោះ តែ​បង្ខំ​អ្នក​ក្រុង​បេតសេម៉េស និង​អ្នក​ក្រុង​បេតអាណាត​អោយ​ធ្វើ​ការ​ជា​ទម្ងន់។
34 ជន​ជាតិ​អាម៉ូរី ​បាន​រុញ​ច្រាន​កុលសម្ព័ន្ធ​ដាន់​អោយ​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​មិន​បណ្ដោយ​អោយ​ពួក​គេ​រស់​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ​ឡើយ។ 35 ជន​ជាតិ​អាម៉ូរី​រស់​នៅ ​ក្រុង​ហារ-ហេរ៉ែស អាយ៉ាឡូន និង​សាលប៊ីម។ ប៉ុន្តែ​ក្រោយ​មក ពូជពង្ស​របស់​លោក​យ៉ូសែប​មាន​កម្លាំង​ត្រួតត្រា​លើ​ពួក​គេ និង​បង្ខំ​ពួក​គេ​អោយ​ធ្វើ​ការ​ជា​ទម្ងន់។ 36 រីឯ​ដែន​ដី​របស់​ជន​ជាតិ​អាម៉ូរី​នោះ​លាត​សន្ធឹង​ពី​ច្រក​ភ្នំ​អាក្រាប៊ីម គឺ​ចាប់​តាំង​ពី​ផ្ទាំង​ថ្ម​សិលា​ឡើង​ទៅ។