ជំពូក ១១
លោកយែបថាឡើងធ្វើជាមេដឹកនាំលើអ៊ីស្រាអែល
1 នៅស្រុកកាឡាដ មានអ្នកចម្បាំងដ៏អង់អាចមួយរូប ឈ្មោះយែបថា ជាកូនរបស់ស្រីពេស្យាម្នាក់ និងបុរសឈ្មោះកាឡាដ។ 2 រីឯភរិយារបស់លោកកាឡាដក៏បានបង្កើតកូនប្រុសៗជូនគាត់ដែរ។ លុះកូនទាំងនោះធំឡើង គេនាំគ្នាបណ្តេញលោកយែបថា ដោយនិយាយថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមត៌ករបស់ឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្រីដទៃ»។ 3 ពេលនោះ លោកយែបថាបានភៀសខ្លួនចេញឆ្ងាយពីបងប្អូនរបស់គាត់ ទៅរស់នៅក្នុងស្រុកតូប។ មានមនុស្សពាលមកចូលដៃជាមួយគាត់ ហើយនាំគ្នាចេញទៅប្លន់។ 4 ចំណេរក្រោយមក ជនជាតិអាំម៉ូនលើកគ្នាមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ 5 ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកតូប 6 ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។ 7 លោកយែបថាឆ្លើយតបទៅពួកចាស់ទុំនៃស្រុកកាឡាដវិញថា៖ «អស់លោកបានស្អប់ខ្ញុំ ហើយបណ្តេញខ្ញុំចេញពីផ្ទះឪពុករបស់ខ្ញុំ ឥឡូវនេះ ពេលមានអាសន្ន អស់លោកបែរជារត់មករកខ្ញុំទៅវិញ!»។ 8 ពួកចាស់ទុំតបថា៖ «ព្រោះតែយើងខ្ញុំមានអាសន្នដូច្នេះហើយ បានជាពេលនេះ យើងខ្ញុំរត់មករកលោកវិញ ដើម្បីអញ្ជើញលោកទៅច្បាំងនឹងជនជាតិអាំម៉ូនជាមួយយើងខ្ញុំ ហើយសូមលោកធ្វើជាមេដឹកនាំលើយើងខ្ញុំ និងលើប្រជាជននៅស្រុកកាឡាដទាំងមូល»។ 9 លោកយែបថាឆ្លើយទៅចាស់ទុំទាំងនោះថា៖ «ប្រសិនបើអស់លោកហៅខ្ញុំទៅវិញ ដើម្បីប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។ 10 ពេលនោះ ពួកចាស់ទុំនៃស្រុកកាឡាដក៏ប្រកាសចំពោះលោកយែបថា ថា៖ «ព្រះអម្ចាស់ជាសាក្សីស្រាប់ហើយថា យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!»។
11 លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកលោកឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំឭកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ នៅមីសប៉ា។
12 លោកយែបថាបានចាត់គេឲ្យនាំពាក្យទៅទូលស្តេចនៃជនជាតិអាំម៉ូនថា៖ «តើយើងមានរឿងអ្វីជាមួយគ្នា បានជាព្រះករុណាលើកទ័ពមកវាយស្រុកទូលបង្គំដូច្នេះ?»។ 13 ស្តេចជនជាតិអាំម៉ូនឆ្លើយតបមកអ្នកនាំសារវិញថា៖ «ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប ពួកគេបានដណ្ដើមយកទឹកដីរបស់យើង ចាប់ពីស្ទឹងអារណូនរហូតដល់ស្ទឹងយ៉ាបុក និងទន្លេយ័រដាន់។ ឥឡូវនេះ ចូរប្រគល់ទឹកដីទាំងនោះមកឲ្យយើងវិញ តាមសម្រួលទៅ»។ 14 លោកយែបថាក៏ចាត់គេឲ្យនាំពាក្យរបស់លោក ទៅទូលស្តេចជនជាតិអាំម៉ូនសាជាថ្មីថា៖ 15 «ជនជាតិអ៊ីស្រាអែលពុំបានដណ្ដើមយកទឹកដីរបស់ជនជាតិម៉ូអាប់ ឬទឹកដីរបស់ជនជាតិអាំម៉ូនទេ។ 16 នៅពេលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រកក់ ហើយក៏មកដល់កាដែស។ 17 ពេលនោះ គេបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ស្តេចស្រុកអេដុម ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអេដុម តែស្តេចមិនបានយល់ព្រមទេ។ ជនជាតិអ៊ីស្រាអែលក៏បានធ្វើសំណូមពរដូចគ្នាចំពោះស្តេចស្រុកម៉ូអាប់ តែស្តេចនោះក៏បដិសេធដែរ។ ដូច្នេះ ពួកគេក៏ស្នាក់នៅត្រង់កាដែសនោះទៅ។ 18 ក្រោយមក ជនជាតិអ៊ីស្រាអែលក៏បន្តដំណើរទៅមុខទៀត ឆ្លងកាត់វាលរហោស្ថាន ដោយដើរវាងស្រុកអេដុម និងស្រុកម៉ូអាប់ មកដល់ខាងកើតស្រុកម៉ូអាប់។ ពួកគេបោះជំរំនៅត្រើយខាងនាយស្ទឹងអារណូន គឺឥតបានចូលទៅក្នុងទឹកដីរបស់ជនជាតិម៉ូអាប់ទេ។ ស្ទឹងអារណូនជាព្រំប្រទល់នៃទឹកដីរបស់ជនជាតិម៉ូអាប់។ 19 នៅទីនោះ ជនជាតិអ៊ីស្រាអែលបានចាត់អ្នកនាំពាក្យឲ្យទៅគាល់ព្រះបាទស៊ីហុន ជាស្តេចនៃជនជាតិអាម៉ូរី ដែលគ្រងរាជ្យនៅក្រុងហេសបូន ដើម្បីសុំឆ្លងកាត់ទឹកដីស្រុកអាម៉ូរី ឆ្ពោះទៅកាន់ស្រុកដែលព្រះជាម្ចាស់បានបម្រុងទុកសម្រាប់ពួកគេ។ 20 ប៉ុន្តែ ព្រះបាទស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រាអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្តេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រាអែល។ 21 ពេលនោះ ព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែល បានប្រគល់ស្តេចស៊ីហុន និងពលទ័ពរបស់ស្តេច មកក្នុងកណ្ដាប់ដៃជនជាតិអ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលទទួលជ័យជម្នះ ហើយចាប់យកទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី។ 22 ជនជាតិអ៊ីស្រាអែលកាន់កាប់ទឹកដីទាំងមូលរបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអារណូន រហូតដល់ស្ទឹងយ៉ាបុក និងចាប់តាំងពីវាលរហោស្ថានខាងកើត រហូតដល់ទន្លេយ័រដាន់។ 23 ព្រះអម្ចាស់ជាព្រះនៃអ៊ីស្រាអែលទេតើ ដែលបានប្រោសប្រទានឲ្យប្រជារាស្ដ្ររបស់ព្រះអង្គ ដណ្ដើមយកបានទឹកដីរបស់ជនជាតិអាម៉ូរី។ ឥឡូវនេះ តើព្រះករុណាចង់ដណ្ដើមយកពីយើងវិញឬ? 24 ព្រះករុណាបានកាន់កាប់ទឹកដីដែលព្រះកេម៉ូស ជាព្រះរបស់ព្រះករុណាបានប្រគល់ឲ្យ រីឯយើងវិញ តើយើងគ្មានសិទ្ធិនឹងកាន់កាប់ទឹកដី ដែលព្រះអម្ចាស់ ជាព្រះនៃយើង ប្រទានឲ្យយើងដណ្ដើមយកបាននោះទេឬអី? 25 តើព្រះករុណាគិតថា ព្រះអង្គខ្លាំងពូកែជាងព្រះបាទបាឡាក់ ជាបុត្ររបស់ព្រះបាទស៊ីព័រ ស្តេចនៃជនជាតិម៉ូអាប់ឬ? ព្រះបាទបាឡាក់ពុំបានរករឿងជនជាតិអ៊ីស្រាអែល ហើយក៏មិនបានច្បាំងនឹងពួកគេដែរ។ 26 ជនជាតិអ៊ីស្រាអែលរស់នៅក្នុងក្រុងហេសបូន និងក្រុងអារ៉ូអ៊ែរ ព្រមទាំងតំបន់ដែលនៅជុំវិញ និងស្រុកភូមិដែលស្ថិតនៅតាមដងស្ទឹងអារណូន អស់រយៈពេលបីរយឆ្នាំកន្លងមកហើយ ហេតុអ្វីបានជាព្រះរាជាមិនរំដោះយកទឹកដីទាំងនេះ ក្នុងជំនាន់នោះទៅ? 27 ទូលបង្គំមិនបានធ្វើអ្វីខុសចំពោះព្រះរាជាឡើយ គឺព្រះរាជាទេតើដែលប្រព្រឹត្តខុស ដោយធ្វើសង្គ្រាមជាមួយនឹងទូលបង្គំ។ សូមព្រះអម្ចាស់ដែលជាចៅក្រម មេត្តាកាត់ក្តីរវាងជនជាតិអ៊ីស្រាអែល និងជនជាតិអាំម៉ូននៅថ្ងៃនេះផង!»។ 28 ប៉ុន្តែ ស្តេចនៃជនជាតិអាំម៉ូនមិនអើពើនឹងសម្ដី ដែលលោកយែបថាចាត់អ្នកនាំពាក្យឲ្យមកទូលនោះឡើយ។
ពាក្យសន្យារបស់លោកយែបថា
29 គ្រានោះ ព្រះវិញ្ញាណនៃព្រះអម្ចាស់សណ្ឋិតលើលោកយែបថា លោកបានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក លោកបន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។ 30 លោកយែបថាបានសន្យាយ៉ាងឱឡារិកចំពោះព្រះអម្ចាស់ថា៖ «ប្រសិនបើព្រះអង្គប្រគល់ជនជាតិអាំម៉ូនមកក្នុងកណ្ដាប់ដៃរបស់ទូលបង្គំ 31 ហើយពេលទូលបង្គំត្រឡប់មកវិញដោយជោគជ័យ បើនរណាម្នាក់ចេញពីមាត់ទ្វារផ្ទះរបស់ទូលបង្គំ មកទទួលទូលបង្គំមុនគេ ទូលបង្គំនឹងយកអ្នកនោះមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់»។ 32 លោកយែបថាក៏ឆ្លងចូលទៅវាយជនជាតិអាំម៉ូន ហើយព្រះអម្ចាស់បានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់លោក។ 33 លោកយែបថាបានវាយកម្ទេចពួកគេយ៉ាងដំណំ គឺចាប់តាំងពីក្រុងអារ៉ូអ៊ែរ រហូតដល់តំបន់ជិតខាងក្រុងមីនីត - សរុបទាំងអស់ម្ភៃក្រុង - បន្ទាប់មក រហូតដល់ក្រុងអបិល-កេរ៉ាមីម។ ជនជាតិអ៊ីស្រាអែលបានធ្វើឲ្យជនជាតិអាំម៉ូនបរាជ័យបាក់មុខយ៉ាងខ្លាំង។
កូនស្រីលោកយែបថា
34 ពេលលោកយែបថា វិលត្រឡប់មកផ្ទះរបស់លោកនៅមីសប៉ាវិញ កូនស្រីរបស់លោកចេញមកទទួល ទាំងរាំ និងវាយក្រាប់។ នាងជាកូនស្រីតែមួយគត់របស់លោក គឺក្រៅពីនាង លោកគ្មានកូនប្រុស កូនស្រីណាទៀតឡើយ។ 35 កាលលោកក្រឡេកឃើញនាង លោកក៏ហែកសម្លៀកបំពាក់របស់លោក ទាំងស្រែកថា៖ «ឱ! កូនស្រីអើយ! កូនធ្វើឲ្យពុកកើតទុក្ខហើយ កូនធ្វើឲ្យពុកគ្រាំគ្រាក្នុងចិត្ត ដ្បិតពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយ ពុកមិនអាចលេបពាក្យសម្ដីនោះវិញទេ»។ 36 នាងឆ្លើយទៅលោកថា៖ «ពុកអើយ! បើពុកបានសន្យាជាមួយព្រះអម្ចាស់រួចស្រេចទៅហើយដូច្នេះ សូមប្រព្រឹត្តចំពោះកូនតាមពាក្យរបស់ពុកចុះ ដ្បិតព្រះអម្ចាស់ប្រទានឲ្យពុកវាយឈ្នះពួកអាំម៉ូន ដែលជាខ្មាំងសត្រូវរបស់ពុកហើយ»។ 37 នាងក៏ពោលទៅឪពុកទៀតថា៖ «សូមពុកមេត្តាអនុគ្រោះឲ្យកូនពីរខែសិន ដើម្បីឲ្យកូនឡើងទៅលើភ្នំជាមួយមិត្តភក្ដិស្រីៗ យំសោកស្តាយព្រហ្មចារីរបស់កូន»។ 38 លោកយែបថាក៏យល់ព្រមឲ្យនាងចេញទៅ ក្នុងរយៈពេលពីរខែ។ ដូច្នេះ នាងក៏ឡើងទៅលើភ្នំជាមួយមិត្តស្រីៗ យំសោកស្តាយព្រហ្មចារីរបស់នាង។ 39 លុះគម្រប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចលោកយកនាងធ្វើយញ្ញបូជា តាមពាក្យដែលលោកបានសន្យាជាមួយព្រះអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រាអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ: 40 រៀងរាល់ឆ្នាំ កូនក្រមុំរបស់ជនជាតិអ៊ីស្រាអែលត្រូវនាំគ្នាទៅយំរំឭកដល់កូនស្រីលោកយែបថា ជាអ្នកស្រុកកាឡាដ ចំនួនបួនថ្ងៃ។