ជំពូក ៨

កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​មិន​សប្បាយ​ចិត្ត

1 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ​ដូច្នេះ? ពេល​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន​ជាតិ​ម៉ាឌី‌យ៉ាន ហេតុ​អ្វី​បាន​ជា​លោក​មិន​ហៅ​យើង​ខ្ញុំ​ទៅ​ផង?»។ ពួក​គេ​ស្តី​បន្ទោស​លោក​យ៉ាង​ខ្លាំង។ 2 លោក​កេដូន​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា៖ «ជ័យ‌ជម្នះ​ដែល​ខ្ញុំ​យក​បាន​នោះ មិន​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​ការ​ដែល​បង‌ប្អូន​បាន​ធ្វើ​ឡើយ។ បង‌ប្អូន​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​អើយ ការ​ប្រយុទ្ធ​របស់​បង‌ប្អូន ទោះ​បី​បន្តិច‌បន្តួច​ក្តី ក៏​ប្រសើរ​ជាង​ការ​ប្រយុទ្ធ​នៃ​អំបូរ​អប៊ី‌យេស៊ែរ​របស់​ខ្ញុំ​ទៅ​ទៀត? 3 ព្រះ‌ជាម្ចាស់​បាន​ប្រគល់​មេ​ដឹក​នាំ​នៃ​ពួក​ម៉ាឌី‌យ៉ាន គឺ​អូរិប និង​សៀប មក​ក្នុង​កណ្ដាប់​ដៃ​របស់​បង‌ប្អូន។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ឲ្យ​ស្មើ​នឹង​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ​ឡើយ»។ កាល​ឮ​លោក​កេដូន​មាន​ប្រសាសន៍​ដូច្នេះ​ហើយ ពួក​គេ​ក៏​បាត់​ខឹង។

លោក​កេដូន​នៅ​ខាង​កើត​ទន្លេ​យ័រដាន់

4 លោក​កេដូន និង​ទ័ព​ទាំង​បី‌រយ​នាក់ បាន​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ ទោះ​បី​ពួក​គេ​នឿយ‌ហត់​ខ្លាំង​ណាស់​ទៅ​ហើយ​ក្តី ក៏​ពួក​គេ​នៅ​តែ​ដេញ​តាម​ខ្មាំង​សត្រូវ​ត​ទៅ​ទៀត។ 5 ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​ស៊ូកូត លោក​កេដូន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់‌នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបា និង​សាល់‌មូណា ស្តេច​សាសន៍​ម៉ាឌី‌យ៉ាន»។ 6 ប៉ុន្តែ មេ​ដឹក​នាំ​ក្រុង​ស៊ូកូត​នាំ​គ្នា​ឆ្លើយ​មក​លោក​វិញ​ថា៖ «តើ​លោក​ចាប់​បាន​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល‌ទ័ព​របស់​លោក​បរិភោគ?»។ 7 លោក​កេដូន​តប​ទៅ​គេ​វិញ​ថា៖ «កាល​ណា​ព្រះ‌អម្ចាស់​ប្រគល់​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្ញុំ ខ្ញុំ​មុខ​ជា​យក​បន្លា​ស្អិត និង​បន្លា​ដំបង‌យក្ស វាយ​អ្នក​រាល់​គ្នា​មិន​ខាន»។ 8 លោក​កេដូន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនូ‌អែល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​ស៊ូកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។ 9 លោក​កេដូន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​ពេនូអែល​ថា៖ «កាល​ណា​ខ្ញុំ​ត្រឡប់​មក​វិញ ដោយ​ជោគ‌ជ័យ ខ្ញុំ​នឹង​រំលំ​ប៉ម​ក្រុង​នេះ​ចោល»។

10 រីឯ​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា បាន​ទៅ​ដល់​តំបន់​ការគរ​ជា​មួយ​កង‌ទ័ព​របស់​គេ ប្រមាណ​មួយ‌ម៉ឺន​ប្រាំ‌ពាន់​នាក់ ដែល​នៅ​សល់​ពី​កង‌ទ័ព​ទាំង​មូល​របស់​ពួក​ពនេ‌ចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ‌ម៉ឺន​នាក់​ហើយ។ 11 លោក​កេដូន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពនេ‌ចរ នៅ​ខាង​កើត​ភូមិ​ណូបា និង​ភូមិ​យ៉ុក‌បូហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។ 12 ស្តេច​ទាំង​ពីរ​អង្គ​របស់​ជន​ជាតិ​ម៉ាឌី‌យ៉ាន គឺ​សេបា និង​សាល់‌មូណា រត់​គេច​ខ្លួន ប៉ុន្តែ លោក​កេដូន​ដេញ​តាម​ចាប់​បាន​ស្តេច​ទាំង​ពីរ ព្រម​ទាំង​វាយ​កង‌ទ័ព​របស់​ស្តេច​ឲ្យ​បាក់​ទ័ព​ផង។

13 លោក​កេដូន ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​មក​ពី​ធ្វើ​សឹក​វិញ តាម​ច្រក​ភ្នំ​ហេរេស។ 14 ពេល​នោះ លោក​ចាប់​ក្មេង​ប្រុស​ម្នាក់​ពី​ក្រុង​ស៊ូកូត មក​សួរ​ចម្លើយ ហើយ​ឲ្យ​វា​សរសេរ​ឈ្មោះ​មេ​ដឹក​នាំ និង​អ្នក​ចាស់​ទុំ នៅ​ក្រុង​ស៊ូកូត ដែល​មាន​ចំនួន​ចិត‌សិប​ប្រាំ​ពីរ​នាក់។ 15 បន្ទាប់​មក លោក​កេដូន​ទៅ​រក​អ្នក​ក្រុង​ស៊ូកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបា និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល‌ងាយ​ថា “តើ​លោក​ចាប់​បាន​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ហើយ​ឬ បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល‌ទ័ព​របស់​លោក​ដែល​អស់​កម្លាំង​បរិភោគ?”»។ 16 លោក​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង‌យក្ស និង​បន្លា​ស្អិត មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​ស៊ូកូត។ 17 លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនូអែល ព្រម​ទាំង​សម្លាប់​ប្រជាជន​នៅ​ក្រុង​នោះ​ទៀត​ផង។

18 បន្ទាប់​មក លោក​កេដូន​សួរ​ទៅ​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាប៊រ​នោះ មាន​ភិន‌ភាគ​ដូច​ម្ដេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិន‌ភាគ​ដូច​លោក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្តេច»។ 19 លោក​កេដូន​ពោល​ថា៖ «ពួក​គេ​ជា​បង‌ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។ 20 បន្ទាប់​មក លោក​បង្គាប់​ទៅ​យេទែរ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវ‌ជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។ 21 ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «សូម​សម្លាប់​យើង​ដោយ​ដៃ​លោក​ផ្ទាល់​ទៅ ដ្បិត​គួរ​ឲ្យ​មនុស្ស​ពេញ​កម្លាំង​សម្លាប់​យើង​វិញ!»។ ពេល​នោះ លោក​កេដូន​ក្រោក​ឡើង ហើយ​សម្លាប់​ស្តេច​សេបា និង​ស្តេច​សាល់‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លំអ ដែល​ពាក់​នៅ​ក​អូដ្ឋ​របស់​ពួក​គេ​ផង។

លោក​កេដូន​បដិសេធ​មិន​ព្រម​គ្រង​រាជ្យ

22 ក្រោយ​ពី​ព្រឹត្តិការណ៍​នោះ​មក ជន​ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​កេដូន​ថា៖ «សូម​លោក​មេត្តា​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ហើយ​ក្រោយ​មក សូម​ឲ្យ​កូន និង​ចៅ​របស់​លោក​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ​ត​ទៅ​ទៀត​ដែរ ពី​ព្រោះ​លោក​បាន​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ម៉ាឌី‌យ៉ាន»។ 23 លោក​កេដូន​តប​ទៅ​ពួក​គេ​វិញ​ថា៖ «ទេ! ខ្ញុំ​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ទេ ហើយ​កូន​របស់​ខ្ញុំ​ក៏​មិន​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា​ដែរ គឺ​ព្រះ‌អម្ចាស់​ទេ ដែល​គ្រប់‌គ្រង​លើ​អ្នក​រាល់​គ្នា»។ 24 លោក​កេដូន​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​ម្នាក់ៗ​រឹប​អូស​យក​បាន​ពី​សត្រូវ​មក​ឲ្យ​ខ្ញុំ»- ជន​ជាតិ​ម៉ាឌី‌យ៉ាន​សុទ្ធ​តែ​ពាក់​ក្រវិល​មាស ដ្បិត​ពួក​គេ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អ៊ីស្មាអែល​ទាំង​អស់​គ្នា។ 25 ជន​ជាតិ​អ៊ីស្រា‌អែល​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​សូម​ជូន​ក្រវិល​ទៅ​លោក ដោយ​ស្មោះ​អស់​ពី​ចិត្ត»។ ពួក​គេ​ក៏​ត្រដាង​អាវ​ធំ​មួយ​នៅ​លើ​ដី ហើយ​ម្នាក់ៗ​ដាក់​ក្រវិល​ដែល​ខ្លួន​រឹប​អូស​យក​បាន​ពី​សត្រូវ លើ​អាវ​នោះ។ 26 ក្រវិល​មាស​ទាំង​អស់​ដែល​លោក​កេដូន​បាន​សុំ​ពី​គេ​នោះ មាន​ទម្ងន់​ប្រមាណ​ប្រាំ‌រយ​តម្លឹង។ លោក​ក៏​បាន​ទទួល​គ្រឿង​អលង្ការ ទំហូ និង​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ​របស់​ស្តេច​សាសន៍​ម៉ាឌី‌យ៉ាន ព្រម​ទាំង​គ្រឿង​លំអ​ដែល​ពាក់​នៅ​ក​សត្វ​អូដ្ឋ​របស់​សត្រូវ​ទៀត​ផង។ 27 លោក​កេដូន​បាន​យក​មាស​ទាំង​នោះ ទៅ​សូន​ធ្វើ​ជា​រូប​បដិមា​មួយ ហើយ​តម្កល់​នៅ​អូប្រា ជា​ភូមិ​កំណើត​របស់​លោក។ ដូច្នេះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់ ដោយ​គោរព​ថ្វាយ‌បង្គំ​រូប​ចម្លាក់​នោះ ហើយ​រូប​នោះ​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​លោក​កេដូន និង​ក្រុម​គ្រួសារ​របស់​លោក។

28 ចាប់​ពី​ពេល​នោះ​មក ជន​ជាតិ​ម៉ាឌី‌យ៉ាន​ស្ថិត​នៅ​ជា​ចំណុះ​ជន​ជាតិ​អ៊ីស្រា‌អែល មិន​អាច​ងើប​មុខ​បាន​ឡើយ ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។

29 លោក​យេរូ‌បាល ជា​កូន​របស់​លោក​យ៉ូអាស វិល​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ។ 30 លោក​មាន​កូន​ប្រុស​ទាំង​អស់​ចិត‌សិប​នាក់ ដ្បិត​លោក​មាន​ប្រពន្ធ​ច្រើន។ 31 ប្រពន្ធ​ចុង​របស់​លោក នៅ​ស៊ីគែម បង្កើត​បាន​កូន​ប្រុស​ម្នាក់​ជូន​លោក ដែល​លោក​ដាក់​ឈ្មោះ​ថា អប៊ី‌មេឡេក។

32 លោក​កេដូន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អប៊ី‌យេស៊ែរ។

33 ក្រោយ​ពី​លោក​កេដូន​ទទួល​មរណ‌ភាព​ផុត​ទៅ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ក្បត់​ព្រះ‌ជាម្ចាស់​សា​ជា​ថ្មី ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល គឺ​គេ​យក​ព្រះ‌បាល-‌បេរីត​ធ្វើ​ជា​ព្រះ​របស់​គេ 34 ពួក​គេ​លែង​នឹក​នា​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​គេ ដែល​បាន​រំដោះ​គេ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ។ 35 ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​កេដូន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ជាតិ​អ៊ីស្រា‌អែល​ឡើយ។