ជំពូក ២១

ក្រុង​ទាំងឡាយ​របស់​កុលសម្ព័ន្ធ​លេវី

1 មេ​ក្រុម​គ្រួសារ​នៃ​កូន​ ចៅ​លេវី​នាំ​គ្នា​មក​ជួប​លោក​បូជាចារ្យ​អេឡាសារ និង​លោក​យ៉ូស៊ូអា ជា​កូន​របស់​លោក​នូន ព្រម​ទាំង​មេ​គ្រួសារ​របស់​កុលសម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រាអែល 2 នៅ​ស៊ីឡូ ក្នុង​ស្រុក​កាណាន​ជំរាប​ថា៖ «ព្រះអម្ចាស់​ បាន​បញ្ជា​តាម​រយៈ​លោក​ម៉ូសេ​ថា ត្រូវ​ប្រគល់​ក្រុង​សំរាប់​អោយ​យើង​ខ្ញុំ​ស្នាក់​នៅ ព្រម​ទាំង​វាល​ស្មៅ​ជិត​ខាង សំរាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ដែរ»។ 3 ដូច្នេះ ជន​ជាតិ​អ៊ីស្រាអែល​បាន​យក​ក្រុង​ខ្លះ និង​វាល​ស្មៅ​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ ចែក​អោយ​ពួក​លេវី ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់។
4 គេ​បាន​ ចាប់​ឆ្នោត សំរាប់​អំបូរ​នានា​នៃ​កូន​ចៅ​គើហាត់។ ក្នុង​ចំណោម​ពួក​លេវី​ទាំង​នោះ​កូន​ចៅ​របស់​បូជាចារ្យ​អរ៉ុន ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​ស៊ីម៉ូន និង​កុលសម្ព័ន្ធ​បេនយ៉ាមីន។ 5 កូន​ចៅ​ឯ​ទៀតៗ​របស់​ គើហាត់ ទទួល​បាន​ក្រុង​ចំនួន​ដប់ ក្នុង​ទឹក​ដី​នៃ​អំបូរ​នានា​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម កុលសម្ព័ន្ធ​ដាន់ និង​កុលសម្ព័ន្ធ​ម៉ាណាសេ ចំនួន​ពាក់​កណ្ដាល​ដែល​នៅ​ខាង​លិច។ 6 កូន​ចៅ​របស់​លោក​គែរសូន​ ទទួល​បាន​ក្រុង​ចំនួន​ដប់​បី ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​អ៊ីសាកា កុលសម្ព័ន្ធ​អស៊ែរ កុលសម្ព័ន្ធ​ណែបថាលី និង​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​បាសាន។ 7 កូន​ចៅ​របស់​លោក​មេរ៉ារី​ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ ក្នុង​ទឹក​ដី​កុលសម្ព័ន្ធ​រូបេន កុលសម្ព័ន្ធ​កាដ និង​កុលសម្ព័ន្ធ​សាប៊ូឡូន។ 8 ជន​ជាតិ​អ៊ីស្រាអែល​បាន​ចែក​ក្រុង និង​វាល​ស្មៅ​នៅ​ជុំវិញ​អោយ​ពួក​លេវី ដោយ​ការ​ចាប់​ឆ្នោត ស្រប​តាម​បញ្ជា​របស់​ព្រះអម្ចាស់​មក​លោក​ម៉ូសេ។
9 កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​ស៊ីម៉ូន​បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ 10 អោយ​កូន​ចៅ​លោក​អរ៉ុន​នៃ​អំបូរ​លោក​គើហាត់ ជា​កូន​របស់​លោក​លេវី ដ្បិត​ការ​ចាប់​ឆ្នោត​លើក​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។ 11 ពួក​គេ​ទទួល​បាន​ក្រុង​ គៀរីយ៉ាត-អារបា ពោល​គឺ​ក្រុង​ហេប្រូន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំវិញ។ លោក​អារបា ជា​បុព្វបុរស​របស់​ជន​ជាតិ​អាណាក់។ 12 រីឯ​ដី​ចំការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ទុក​ជា​កម្មសិទ្ធិ។ 13 ពួក​គេ​បាន​ចែក​ក្រុង​ ដូច​ត​ទៅ​នេះ អោយ​កូន​ចៅ​លោក​បូជាចារ្យ​អរ៉ុន សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​ហេប្រូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​លីបណា និង​វាល​ស្មៅ​នៅ​ជុំវិញ 14 ក្រុង​យ៉ាទៀរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អេសតេម៉ា និង​វាល​ស្មៅ​នៅ​ជុំវិញ 15 ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំវិញ 16 ក្រុង​អៃយ៉ីន និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង​យូតា និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​បេតសេមែស និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​យូដា និង​កុលសម្ព័ន្ធ​ស៊ីម៉ូន។ 17 ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​បេនយ៉ាមីន ពួក​លេវី​ទទួល​បាន​ក្រុង​កាបូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំវិញ 18 ក្រុង​អាណាតូត និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាល់ម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។ 19 សរុប​ទាំង​អស់ ក្រុម​បូជាចារ្យ​ដែល​ជា​កូន​ចៅ​លោក​អរ៉ុន​ទទួល​បាន​ដប់​បី​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ​ផង។ 20 ពួក​លេវី ក្នុង​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោកគែរ​ហាត់ ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អេប្រាអ៊ីម តាម​ការ​ចាប់​ឆ្នោត។ 21 ពួក​គេ​ទទួល​បាន​ក្រុង​ សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​មាន​ក្រុង​ស៊ីគែម និង​វាល​ស្មៅ​នៅ​ជុំវិញ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ក្រុង​កេស៊ែរ និង​វាល​ស្មៅ​នៅ​ជុំវិញ 22 ក្រុង​គីបសាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​បេតហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​បួន​ក្រុង។ 23 ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ដាន់ គេ​ទទួល​បាន​ក្រុង​អែលតេកេ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​គីបតូន និង​វាល​ស្មៅ​នៅ​ជុំវិញ 24 ក្រុង​អាយ៉ាឡូន និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​កាថ-រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ 25 ក្នុង​ទឹក​ដី​នៃ​ កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល គេ​ទទួល​បាន​ក្រុង​ពីរ គឺ​ក្រុង​តាណាក់ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អ៊ីតឡាម និង​វាល​ស្មៅ​នៅ​ជុំវិញ។ 26 សរុប​មក​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​របស់​លោក​គែរហាត់​ទទួល​បាន​ដប់​ក្រុង ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ។
27 ពួក​លេវី ជា​កូន​ចៅ​លោក​គែរសូន​ទទួល​បាន​ក្រុង ក្នុង​ទឹក​ដី​នៃ​កុលសម្ព័ន្ធ​ម៉ាណាសេ​ចំនួន​ពាក់​កណ្ដាល​ដែល​នៅ​ខាង​កើត សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ: ក្រុង​កូឡាន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្នុង​ស្រុក​បាសាន ព្រម​ទាំង​ក្រុង​បេសតេរ៉ា និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​ពីរ។ 28 ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អ៊ីសាកា គេ​ទទួល​បាន​ក្រុង​គីសយ៉ូន និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំវិញ 29 ក្រុង​យ៉ាមូត និង​វាល​ស្មៅ​នៅ​ជុំវិញ​ក្រុង​អេនកានីន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ 30 ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​អស៊ែរ គេ​ទទួល​បាន​ក្រុង​មីសាល់ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំវិញ 31 ក្រុង​ហែលកាថ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​រេហូប និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ 32 ក្នុង​ទឹក​ដី​របស់​ កុលសម្ព័ន្ធ​ណែបថាលី គេ​ទទួល​បាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​កេដែស និង​វាល​ស្មៅ​នៅ​ជុំវិញ ក្នុង​ស្រុក​កាលីឡេ ក្រុង​ហាមម៉ូត-ឌ័រ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ការកាន និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បី។ 33 សរុប​ទាំង​អស់ ពួក​លេវី ជា​កូន​ចៅ​របស់​លោក​គែរសូន តាម​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទទួល​បាន​ក្រុង​ដប់​បី ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ​ផង។
34 ចំពោះ​ អំបូរ​លេវី​ឯ​ទៀតៗ គឺ​កូន​ចៅ​លោក​មេរ៉ារី គេ​ទទួល​បាន​ក្រុង​ក្នុង​ទឹក​ដី​របស់​កុលសម្ព័ន្ធ​សាប៊ូឡូន: ក្រុង​យ៉ុកណាម និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ការតា និង​វាល​ស្មៅ​នៅ​ជុំវិញ 35 ក្រុង​ឌីម-ណា និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​ណា-ហាឡាល់ និង​វាល​ស្មៅ​នៅ​ជុំវិញ​គឺ​មាន​ទាំង​អស់​ក្រុង​បួន។ 36 ក្នុង​ទឹក​ដី​នៃ​ កុលសម្ព័ន្ធ​រូបេន ដែល​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​គេ​បាន​ទទួល​ក្រុង​បេស៊ែរ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​យ៉ាសា និង​វាល​ស្មៅ​នៅ​ជុំវិញ 37 ក្រុង​កេដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ 38 ក្នុង​ទឹក​ដី​នៃ​ កុលសម្ព័ន្ធ​កាដ គេ​ទទួល​បាន​ក្រុង​សំរាប់​ជា​ជំរក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំវិញ ក្រុង​ម៉ាហាណាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំវិញ 39 ក្រុង​ហេសបូន និង​វាល​ស្មៅ​នៅ​ជុំវិញ ព្រម​ទាំង​ក្រុង​យ៉ាស៊ែរ និង​វាល​ស្មៅ​នៅ​ជុំវិញ គឺ​មាន​ទាំង​អស់​ក្រុង​បួន។ 40 សរុប​ទាំង​អស់ កូន​ចៅ​លោក​មេរ៉ារី​តាម​អំបូរ​របស់​ពួក​គេ ពោល​គឺ​អំបូរ​លេវី​ដែល​នៅ​សល់ ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ​ដោយ​ការ​ចាប់​ឆ្នោត។
41 រួម​ទាំង​អស់ ក្រុង​របស់​ពួក​លេវី ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​អ៊ីស្រាអែល មាន​សែសិប​ប្រាំ​បី​ក្រុង​ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំវិញ។ 42 ក្រុង​នីមួយៗ​មាន​វាល​ស្មៅ​នៅ​ជុំវិញ គឺ​ក្រុង​ទាំង​អស់​សុទ្ធ​តែ​មាន​វាល​ស្មៅ​ដូចៗ​គ្នា។
43 ព្រះអម្ចាស់​ បាន​ប្រគល់​ស្រុក​នោះ​ទាំង​មូល​អោយ​ជន​ជាតិ​អ៊ីស្រាអែល ស្រប​តាម​ព្រះបន្ទូល​ដែល​ទ្រង់​បាន​សន្យា​ថា​នឹង​ប្រទាន​អោយ​បុព្វបុរស​របស់​គេ។ ពួក​គេ​បាន​កាន់​កាប់​ស្រុក​ជា​កម្មសិទ្ធិ ហើយ​តាំង​ទី​លំនៅ នៅ​ទី​នោះ។ 44 ព្រះអម្ចាស់​ ប្រទាន​សេចក្ដី​សុខសាន្ត នៅ​ជុំវិញ​ស្រុក​របស់​ពួក​គេ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​ដូនតា​របស់​គេ។ គ្មាន​ខ្មាំង​សត្រូវ​ណា​ម្នាក់​អាច​តទល់​នឹង​ពួក​គេ​បាន​ឡើយ ព្រោះ​ព្រះអម្ចាស់​បាន​ប្រគល់​ខ្មាំង​សត្រូវ​ទាំង​អស់ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ 45 ហេតុ​នេះ ព្រះបន្ទូល​ដ៏​ប្រសើរ​ដែល​ព្រះអម្ចាស់​សន្យា​ជា​មួយ​ប្រជាជន​អ៊ីស្រាអែល​បាន​សំរេច​ជា​ស្ថាពរ ឥត​មាន​ខ្វះ​ត្រង់​ណា​ឡើយ។