ជំពូក ១៦
ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម
1 ទឹកដីដែលជាចំណែករបស់ កូនចៅលោកយ៉ូសែប លាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្ដូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោស្ថានដែលឡើងពីក្រុងយេរីខូ ទៅភ្នំបេតអែល។ 2 ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអារគី ត្រង់ក្រុងអាតារ៉ូត 3 រួចចុះទៅខាងលិចដល់ ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ែរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ 4 នេះហើយទឹកដី ដែលជាមត៌ករបស់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធម៉ាណាសេ និងកុលសម្ព័ន្ធអេប្រាអ៊ីម។
5 ព្រំប្រទល់ ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេមានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាតារ៉ូត-អាតដា រហូតដល់បេតហូរ៉ូនលើ 6 ហើយបន្តឆ្ពោះទៅសមុទ្រ មេឌីទែរ៉ាណេ។ ខាងជើងកាត់តាមក្រុងមីគមេតាត ហើយឆៀងខាងកើតក្រុងនោះ រហូតទៅក្រុងតាណាត-ស៊ីឡូ ហើយឆ្លងកាត់ស្រុកនោះឆ្ពោះទៅខាងកើតយ៉ាណូអា។ 7 បន្ទាប់មក ព្រំប្រទល់នោះ ចុះពីយ៉ាណូអាទៅអាតារ៉ូត និងណារ៉ាតា ហើយបែរមកក្រុងយេរីខូវិញ រហូតដល់ទន្លេយ័រដាន់។ 8 បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពូអា ឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់កាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយ ទឹកដី ដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ 9 ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។ 10 កូនចៅអេប្រាអ៊ីមពុំ បានបណ្ដេញជនជាតិកាណាន ដែលរស់នៅកេស៊ែរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណាន រស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។