ជំពូក ៩

កលល្បិច​របស់​អ្នក​ស្រុកកាបូន

1 កាល​ស្ដេច​ទាំង​ប៉ុន្មាន​ ដែល​នៅ​ត្រើយ​ខាង​លិច​ទន្លេ​យ័រដាន់ គឺ​នៅ​តំបន់​ភ្នំ នៅ​តំបន់​វាល​ទំនាប នៅ​តាម​ឆ្នេរ​សមុទ្រ​មេឌីទែរ៉ាណេ នៅ​តំបន់​ភ្នំ​លីបង់ គឺ​ស្ដេច​របស់​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរីស៊ី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជ្រាប​ពី​ជោគ​ជ័យ​របស់​ជន​ជាតិ​អ៊ីស្រាអែល 2 ពួក​គេ​បាន​រួបរួម​គ្នា​ជា​បក្ស​សម្ព័ន្ធ ដើម្បី​ច្បាំង​តទល់​ជា​មួយ​លោក​យ៉ូស៊ូអា និង​ជន​ជាតិ​អ៊ីស្រាអែល។
3 អ្នក​ស្រុកកាបូន​ បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូស៊ូអា​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។ 4 ដូច្នេះ ពួក​គេ​ប្រើ​ឧបាយកល​បោក​ប្រាស់​លោក​ គឺ​គេ​រៀបចំ​ជា​ប្រតិភូ​ទៅ​ជួប​លោក​ដោយ​យក​ទៃ​ចាស់ៗ និង​ថង់​ស្រា​ចាស់ៗ​ពេញ​ទៅ​ដោយ​បំណះ មក​ចង​នឹង​លា​របស់​ខ្លួន។ 5 ពួក​គេ​ស្លៀក​ សម្លៀកបំពាក់​ចាស់​រយីករយាក និង​ពាក់​ស្បែក​ជើង​ចាស់​សឹក​ពេញ​ទៅ​ដោយ​ថ្នេរ។ រីឯ​នំបុ័ង​ដែល​គេ​យក​ទៅ​ជា​ស្បៀង​នោះ​សុទ្ធ​តែ​រឹង ហើយ​ដុះ​ផ្សិត​អស់។
6 ពួក​គេ​ នាំ​គ្នា​ទៅ​ជួប​លោកយ៉ូស៊ូអា​នៅ​ជំរំ​គីលកាល់ រួច​និយាយ​ទៅ​កាន់​លោក និង​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង ដ្បិត​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ»។ 7 ជន​ជាតិ​អ៊ីស្រាអែល​តប​ទៅ ​ជន​ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​អោយ​យើង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ម្ដេច​បាន?»​។ 8 ប៉ុន្តែ ពួក​គេ​ជំរាប​លោកយ៉ូស៊ូអា​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​លោក»។ លោក​យ៉ូស៊ូអា​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?។ 9 ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​ព្រះនាម​ដ៏​ល្បី​នៃ​ព្រះអម្ចាស់​ជា​ព្រះ​របស់​លោក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប 10 និង​កិច្ចការ​ទាំង​ ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​ទាំង​ពីរ ​អង្គ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ព្រះបាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេសបូន និង​ព្រះបាទ​អុក ជា​ស្ដេច​ស្រុក​បាសាន ដែល​គង់​នៅ​ក្រុង​អាសតារ៉ូត។ 11 ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង​ប៉ុន្មាន​នៅ​ស្រុក យើង​ខ្ញុំ​បាន​ប្រាប់​យើង​ខ្ញុំ អោយ​យក​ស្បៀង​អាហារ​ចេញ​ដំណើរ​មក​ជួប​អស់​លោក ហើយ​ជំរាប​ថា: “យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​អស់​លោក សូម​ចង​សម្ពន្ធមេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង!” 12 សូម​មើល​នំបុ័ង​របស់​ យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្ដៅៗ​ទេ តែ​ឥឡូវ​នេះ វា​រឹង​ហើយ​ដុះ​ផ្សិត​អស់។ 13 រីឯ​ថង់​ស្រា​វិញ​ក៏​ ដូច្នោះ​ដែរ ពេល​យើង​ខ្ញុំ​ចាក់​ស្រា​បំពេញ វា​ថ្មីៗ​ទេ តែ​ឥឡូវ​នេះ​រហែក​អស់។ សម្លៀកបំពាក់ និង​ស្បែក​ជើង​របស់​យើង​ខ្ញុំ​ក៏​ចាស់ សឹក​អស់​ដែរ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ»។ 14 ជន​ជាតិ​អ៊ីស្រាអែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​ទូល​សួរ​យោបល់​ពី​ព្រះអម្ចាស់​ឡើយ។ 15 លោកយ៉ូស៊ូអា​​ក៏​ចង​ សម្ពន្ធមេត្រី​រក្សា​សន្តិភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​អោយ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រាអែល បាន​សច្ចា​យ៉ាង​ឱឡារិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធមេត្រី​នេះ។
16 បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ពួក​គេ ទើប​ជន​ជាតិ​អ៊ីស្រាអែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន​។ 17 ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ គឺ​ក្រុងកាបូន ក្រុង​កេភីរ៉ា​ក្រុង​បេរ៉ូត និង​ក្រុង​គៀរីយ៉ាត-យាអារីម។ 18 ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​ព្រះនាម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល ជ្រុលហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​នាំ​គ្នា​រអ៊ូរទាំ​រិះគន់​ពួក​អ្នក​ដឹក​នាំ​ របស់​ខ្លួន។ 19 អ្នក​ដឹក​នាំ​ទាំង​អស់ បាន​ប្រកាស​ប្រាប់​សហគមន៍​ទាំង​មូល​ថា៖ «យើង​បាន​សច្ចា​ជា​មួយ​គេ ក្នុង​ព្រះនាម​ព្រះអម្ចាស់ ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រាអែល​រួច​ហើយ ឥឡូវ​នេះ យើង​មិន​អាច​ប៉ះពាល់​ពួក​គេ​បាន​ឡើយ។ 20 យើង​ត្រូវ​ប្រព្រឹត្ត​ ចំពោះ​ពួក​គេ​ដូច​ត​ទៅ គឺ​យើង​ទុក​ជីវិត​អោយ​គេ។ បើ​មិន​ដូច្នោះ​ទេ យើង​នឹង​បណ្ដាល​អោយ​ខ្លួន​មាន​ទោស ព្រោះ​តែ​ពាក្យ​ដែល​យើង​បាន​សច្ចា​ជា​មួយ​ពួក​គេ»។ 21 ​អ្នក​​ដឹក​នាំ​ប្រជាជន​ បាន​ពោល​ទៀត​ថា៖ «ទុក​ជីវិត​អោយ​ពួក​គេ​ចុះ! តែ​ពួក​គេ​ត្រូវ​កាប់​អុស និង​ដង​ទឹក​សំរាប់​សហគមន៍​ទាំង​មូល»។ ប្រជាជន​ក៏​ធ្វើ​តាម​ពាក្យ​របស់​ពួក​មេ​ដឹក​នាំ។
22 លោកយ៉ូស៊ូអា​បាន​ហៅ​អ្នក​ស្រុក​កាបូន​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ម្ដេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង ដោយ​ពោល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ! 23 ដោយ​អ្នក​រាល់​គ្នា​ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ប្រជាជន​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ជា​ទាសករ​រហូត គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ពុះ​អុស និង​ដង​ទឹក​សំរាប់​ព្រះដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ»។ 24 ពួក​គេ​ឆ្លើយ​តប​មក​លោក​យ៉ូស៊ូ​អា​​ថា៖ «យើង​ខ្ញុំ​បាន​ឮ​គេ​រៀប​រាប់​យ៉ាង​លំអិត​នូវ​ហេតុការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះអម្ចាស់ ជា​ព្រះ​របស់​លោក បង្គាប់​ដល់​លោក​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ អោយ​ប្រគល់​ស្រុក​ទាំង​មូល​ដល់​ពួក​លោក និង​អោយ​ពួក​លោក​បំផ្លាញ​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ខ្លាច​ពួក​លោក​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​បារម្ភ​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ដែរ នេះ​ជា​ហេតុ​បណ្ដាល​អោយ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ។ 25 ឥឡូវ​នេះ យើង​ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ដែល​លោក​យល់​ឃើញ​ថា​ល្អ និង​ត្រឹម​ត្រូវ​ចុះ»។ 26 លោកយ៉ូស៊ូអា​ប្រព្រឹត្ត ​ចំពោះ​ពួក​គេ​បែប​នេះ​ឯង គឺ​លោក​រំដោះ​ពួក​គេ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ ជន​ជាតិ​អ៊ីស្រាអែល​ពុំ​បាន​សម្លាប់​ពួក​គេ​ទេ។ 27 នៅ​ថ្ងៃ​នោះ លោកយ៉ូស៊ូអា​បាន​ប្រើ​ពួក​គេ​អោយ​ពុះ​អុស ដងទឹក សំរាប់​សហគមន៍ និង​សំរាប់​អាសនៈ​របស់​ព្រះ​អម្ចាស់។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខងារ​នេះ​នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស។