ជំពូក ៥
1 កាលស្ដេចទាំងប៉ុន្មាន នៃជនជាតិអាម៉ូរី ដែលនៅត្រើយខាងលិចទន្លេយ័រដាន់ និងស្ដេចទាំងប៉ុន្មាននៃជនជាតិកាណាន ដែលនៅតាមមាត់សមុទ្រ ឮដំណឹងថា ព្រះអម្ចាស់ធ្វើអោយទន្លេយ័រដាន់រីងស្ងួតនៅ ចំពោះមុខជនជាតិអ៊ីស្រាអែល រហូតដល់គេឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត និងភ័យលោះព្រលឹងនៅចំពោះមុខជនជាតិអ៊ីស្រាអែល។
ជនជាតិអ៊ីស្រាអែលទទួលពិធីកាត់ស្បែកនៅគីលកាល់
2 នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអា ថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីកាត់ស្បែក*អោយជនជាតិអ៊ីស្រាអែលសាជាថ្មីម្ដងទៀត»។ 3 លោកយ៉ូស៊ូអាក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីកាត់ស្បែកអោយជនជាតិអ៊ីស្រាអែលនៅលើភ្នំហារ៉ាឡុត។ 4 រីឯមូលហេតុដែលនាំអោយ លោកយ៉ូស៊ូអាធ្វើពិធីកាត់ស្បែកអោយពួកគេនោះ មានដូចតទៅ: ប្រជាជនទាំងមូលដែលបានចាកចេញពីស្រុកអេស៊ីប គឺប្រុសៗទាំងប៉ុន្មាន ដែលជាអ្នកចំបាំងបានស្លាប់តាមវាលរហោស្ថាន ក្រោយពេលចេញពីស្រុកអេស៊ីប។ 5 អ្នកទាំងនោះសុទ្ធតែ បានទទួលពិធីកាត់ស្បែកគ្រប់ៗគ្នា ប៉ុន្តែ ប្រជាជនទាំងប៉ុន្មានដែលកើតក្រោយពេលចេញពីស្រុកអេស៊ីប គឺកើតតាមផ្លូវក្នុងវាលរហោស្ថានពុំទាន់បានទទួលពិធីកាត់ស្បែកនៅ ឡើយទេ។ 6 ជនជាតិអ៊ីស្រាអែលធ្វើ ដំណើរនៅក្នុងវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែអ្នកចំបាំងមួយជំនាន់ដែលចេញមកពីស្រុកអេស៊ីបនោះ ស្លាប់អស់ទៅ។ អ្នកទាំងនោះពុំបានស្ដាប់បង្គាប់ព្រះអម្ចាស់ទេ ព្រះអម្ចាស់ក៏មានព្រះបន្ទូលទៅពួកគេយ៉ាង ដាច់អហង្ការថា មិនអោយពួកគេឃើញស្រុកដែលព្រះអង្គសន្យាជាមួយបុព្វបុរសថានឹង ប្រទានមកអោយយើង គឺជាស្រុកដ៏សម្បូណ៌សប្បាយ។
7 ព្រះអម្ចាស់ បាននាំកូនចៅរបស់ពួកគេអោយចូលស្រុកជំនួសពួកគេវិញ។ លោកយ៉ូស៊ូអាធ្វើពិធីកាត់ស្បែកអោយអ្នកទាំងនេះ ព្រោះតាមផ្លូវពួកគេពុំទាន់បានទទួលពិធីកាត់ស្បែកនៅឡើយ។ 8 កាលបានធ្វើពិធីកាត់ស្បែកអោយប្រជាជាតិទាំងមូលហើយ ពួកគេក៏នៅក្នុងជំរំ រហូតដល់ជាសះស្បើយទាំងអស់គ្នា។ 9 ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអា ថា៖ «ថ្ងៃនេះ យើងដក សេចក្ដីអាម៉ាស់ចេញឆ្ងាយពីអ្នករាល់គ្នាហើយ គឺសេចក្ដីអាម៉ាស់ដែលអ្នករាល់គ្នាធ្លាប់រងនៅស្រុកអេស៊ីប»។ ហេតុនេះ ហើយបានជាគេដាក់ឈ្មោះកន្លែងនោះថា “គីលកាល់” រហូតដល់សព្វថ្ងៃ។
បុណ្យចម្លងដំបូងបង្អស់នៅស្រុកកាណាន
10 ជនជាតិអ៊ីស្រាអែលបោះ ជំរំនៅគីលកាល់ ហើយនាំគ្នាធ្វើពិធីបុណ្យចម្លង* នៅល្ងាចថ្ងៃទីដប់បួន នៃខែនោះក្នុងតំបន់វាលទំនាបយេរីខូ។ 11 ស្អែកឡើង គឺមួយថ្ងៃក្រោយបុណ្យចម្លង ពួកគេបរិភោគនំបុ័ងឥតមេ និងគ្រាប់ស្រូវលីង ដែលជាភោគផលរបស់ស្រុកនោះ។ 12 ចាប់តាំងពីថ្ងៃដែល ពួកគេបរិភោគភោគផលនៅក្នុងស្រុក នោះនំម៉ាណាលែងធ្លាក់ទៀតហើយ។ ដូច្នេះ តាំងពីឆ្នាំនោះមក ដោយលែងមាននំម៉ាណាទៀត ជនជាតិអ៊ីស្រាអែលនាំគ្នាបរិភោគភោគផលនៃស្រុកកាណាន។
មេទ័ពរបស់ព្រះអម្ចាស់
13 ពេលលោកយ៉ូស៊ូអានៅជិត ក្រុងយេរីខូ លោកងើបមុខឡើង ឃើញបុរសម្នាក់ឈរនៅខាងមុខលោក ទាំងហូតដាវកាន់នៅដៃផង។ លោកយ៉ូស៊ូអាដើរទៅជិតសួរថា៖ «តើលោកនៅខាងយើងខ្ញុំ ឬនៅខាងសត្រូវរបស់យើងខ្ញុំ?»។ 14 បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់ ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស៊ូអាក្រាបថ្វាយបង្គំអោនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។ 15 មេទ័ពរបស់ព្រះអម្ចាស់មានប្រសាសន៍មកកាន់លោកយ៉ូស៊ូអាថា៖ «ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងលោកឈរ ជាកន្លែងដ៏វិសុទ្ធ»។ លោកយ៉ូស៊ូអាក៏ធ្វើតាម។