ជំពូក ៤
ស្ដូបថ្មទាំងដប់ពីរ
1 ពេលប្រជាជាតិទាំងមូលឆ្លងទន្លេយ័រដាន់រួចអស់ហើយ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ 2 «ចូរនាំគ្នាជ្រើសរើសយកបុរសដប់ពីរនាក់ ពីចំណោមប្រជាជន គឺក្នុងកុលសម្ព័ន្ធនីមួយៗ រើសយកម្នាក់ 3 ហើយត្រូវបង្គាប់ពួកគេ ថា “ចូរយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់នេះ គឺពីកន្លែងដែលក្រុមបូជាចារ្យដាក់ជើងនោះទៅជាមួយ ហើយដាក់នៅកន្លែងដែលអ្នករាល់គ្នាស្នាក់ពេលយប់”»។
4 លោកយ៉ូស៊ូអាហៅបុរសដប់ពីរនាក់ ដែលលោកជ្រើសរើសក្នុងចំណោមជនជាតិអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗយកម្នាក់ 5 លោកយ៉ូស៊ូអាមានប្រសាសន៍ទៅគេថា៖ «ចូរទៅខាងមុខហិបរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា គឺទៅកណ្ដាលទន្លេយ័រដាន់។ នៅទីនោះ សូមអោយម្នាក់ៗយកថ្មមួយដុំមកដាក់លើស្មា តាមចំនួនកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល 6 ទុកជាសញ្ញាសម្គាល់នៅ កណ្ដាលចំណោមអ្នករាល់គ្នា។ ពេលក្រោយ កាលណាកូនចៅអ្នករាល់គ្នាសួរថា “តើថ្មទាំងនេះមានអត្ថន័យដូចម្ដេច?” 7 អ្នករាល់គ្នាត្រូវប្រាប់គេថា “ព្រះអម្ចាស់ បានកាត់ផ្ដាច់ទឹកទន្លេយ័រដាន់ នៅខាងមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះអង្គ គឺនៅពេលដែលគេសែងហិបនោះឆ្លងទន្លេយ័រដាន់ ព្រះអង្គបានកាត់ផ្ដាច់ទន្លេយ័រដាន់។ ថ្មទាំងនេះជាទីរំលឹក សំរាប់ជនជាតិអ៊ីស្រាអែលរហូតតទៅ”»។
8 ជនជាតិ អ៊ីស្រាអែលបានធ្វើតាមសេចក្ដីដែលលោកយ៉ូស៊ូអាបង្គាប់ គឺយកថ្មដប់ពីរដុំពីកណ្ដាលទន្លេយ័រដាន់តាមចំនួនកុលសម្ព័ន្ធនៃជន ជាតិអ៊ីស្រាអែល ដូចព្រះអម្ចាស់មានព្រះបន្ទូលមកលោកយ៉ូស៊ូអា។ ពួកគេលីដុំថ្មទាំងនេះឆ្លងទៅជាមួយ រហូតដល់កន្លែងស្នាក់នៅពេលយប់ ហើយទុកនៅទីនោះ។ 9 លោកយ៉ូស៊ូអាអោយគេបញ្ឈរ ថ្មដប់ពីរដុំ នៅកណ្ដាលទន្លេយ័រដាន់ ត្រង់កន្លែងដែលក្រុមបូជាចារ្យសែងហិបនៃសម្ពន្ធមេត្រីបានឈរ។ ថ្មទាំងដប់ពីរក៏នៅទីនោះរហូតដល់សព្វថ្ងៃ។
10 ក្រុមបូជាចារ្យដែលសែងហិប នាំគ្នាឈប់នៅចំកណ្ដាលទន្លេយ័រដាន់ រហូតដល់ប្រជាជនធ្វើតាមព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ បង្គាប់មកលោកយ៉ូស៊ូអា គឺស្របតាមសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេបានផ្ដែផ្ដាំលោកយ៉ូស៊ូអា។ ប្រជាជនក៏ប្រញាប់ប្រញាល់នាំគ្នាឆ្លងទៅ។ 11 កាលប្រជាជនទាំងមូលឆ្លងផុតអស់ហើយ ទើបក្រុមបូជាចារ្យសែងហិបនៃព្រះអម្ចាស់ឆ្លងដែរ ហើយដើរនៅខាងមុខប្រជាជន។ 12 កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលបានដើរជាក្បួនទ័ព នៅមុខជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីដែលលោកម៉ូសេបង្គាប់ 13 មានទាហានប្រហែលបួនម៉ឺននាក់ប្រដាប់អាវុធ ដែលត្រៀមខ្លួននឹងធ្វើសឹកដើរនៅខាងមុខព្រះអម្ចាស់ ឆ្ពោះទៅកាន់វាលទំនាបយេរីខូ។
14 នៅថ្ងៃនោះ ព្រះអម្ចាស់ពង្រឹងអំណាចលោកយ៉ូស៊ូអា នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូល។ ពួកគេនាំគ្នាគោរពកោតខ្លាចលោក ជារៀងរាល់ថ្ងៃអស់មួយជីវិតរបស់លោក ដូចគេធ្លាប់គោរពកោតខ្លាចលោកម៉ូសេដែរ។
15 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ 16 «ចូរបង្គាប់ក្រុមបូជាចារ្យដែលសែងហិបនៃសន្ធិសញ្ញា អោយឡើងពីទន្លេយ័រដាន់មក»។ 17 លោកយ៉ូស៊ូអាក៏បង្គាប់ទៅក្រុមបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!»។ 18 ពេលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ឡើងពីកណ្ដាលទន្លេយ័រដាន់ គឺនៅពេលដែលពួកគេលើកជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។ 19 ប្រជាជនឡើងពីទន្លេ យ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។ 20 រីឯថ្មទាំងដប់ពីរដុំ ដែលគេយកពីទន្លេយ័រដាន់មក លោកយ៉ូស៊ូអាបានបញ្ឈរនៅគីលកាល់។ 21 បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្ដេច?”។ 22 អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅ អំពីគ្រាដែលប្រជាជនអ៊ីស្រាអែលបានដើរឆ្លងបាតទន្លេយ័រដាន់នេះ 23 ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើអោយទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាឆ្លងផុត ដូចព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានធ្វើអោយសមុទ្រកក់ រីងស្ងួតនៅចំពោះមុខយើងរហូតទាល់តែយើងឆ្លងផុតដែរ។ 24 ព្រះអម្ចាស់ធ្វើដូច្នេះ ដើម្បីអោយជាតិសាសន៍ទាំងអស់នៅលើផែនដី ដឹងថាព្រះអម្ចាស់មានឫទ្ធានុភាពដ៏ខ្លាំងពូកែ និងដើម្បីអោយអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ»។