ជំពូក ១
ការវាយដណ្ដើមយកស្រុកកាណាន
លោកយ៉ូស៊ូអាបន្តមុខងារពីលោកម៉ូសេ
1 ក្រោយពីលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអម្ចាស់បានទទួលមរណភាពផុតទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអា ជាកូនរបស់លោកនូន និងជាអ្នកជំនួយការរបស់លោកម៉ូសេថា៖ 2 «ម៉ូសេជាអ្នកបំរើរបស់ យើងបានស្លាប់ទៅហើយ ឥឡូវនេះ ចូរអ្នកក្រោកឡើង ហើយនាំប្រជាជនទាំងអស់ឆ្លងទន្លេយ័រដាន់នេះឆ្ពោះទៅកាន់ស្រុក ដែលយើងប្រគល់អោយពួកគេ។ 3 អ្នករាល់គ្នាឈានជើងជាន់កន្លែងណា យើងប្រគល់អោយទាំងអស់ ដូចយើងបានសន្យាជាមួយម៉ូសេស្រាប់ហើយ។ 4 ទឹកដីរបស់អ្នករាល់ គ្នានឹងលាតសន្ធឹងចាប់តាំងពីវាលរហោស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជនជាតិហេតទាំងមូល។
5 ជារៀង រាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។ 6 ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំប្រជាជននេះអោយគ្រប់គ្រងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេថានឹងប្រគល់អោយពួកគេ។ 7 ដូច្នេះ ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ចូរយកចិត្តទុកដាក់ប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលម៉ូសេជាអ្នកបំរើរបស់យើងបានបង្គាប់។ មិនត្រូវប្រាសចាកពីវិន័យនេះ ដោយងាកទៅស្ដាំ ឬទៅឆ្វេងឡើយ ធ្វើដូច្នេះ អ្នកនឹងទទួលជ័យជំនះគ្រប់ទីកន្លែងដែលអ្នកទៅ។ 8 ត្រូវទន្ទេញគម្ពីរវិន័យនេះជានិច្ច ត្រូវរិះគិតទាំងថ្ងៃទាំងយប់ ហើយប្រតិបត្តិតាមសេចក្ដីដែលមានចែងទុកទាំងប៉ុន្មាន ដើម្បីអោយការអ្វីដែលអ្នកធ្វើ បានចំរុងចំរើន និងទទួលជោគជ័យ។ 9 តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតអោយសោះ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក គង់នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។ ការរៀបចំមុននឹងឆ្លងទន្លេយ័រដាន់ 10 នៅពេលនោះ លោកយ៉ូស៊ូអាបានបញ្ជាទៅពួកនាយក្រុមរបស់ប្រជាជនដូចតទៅ៖ 11 «ចូរនាំគ្នាដើរកាត់ ជំរំ ហើយប្រកាសប្រាប់ប្រជាជនថា “ចូររៀបចំស្បៀងអាហារ ដ្បិតបីថ្ងៃទៀត អ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់នេះ ដើម្បីចូលទៅវាយយកស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានអោយជាកម្មសិទ្ធិ”»។ 12 បន្ទាប់មក លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដូចតទៅ៖ 13 «ចូរចងចាំនូវពាក្យដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអម្ចាស់បង្គាប់អ្នករាល់គ្នាថា “ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានអោយអ្នករាល់គ្នាបានសំរាក គឺព្រះអង្គប្រទានស្រុកនេះអោយអ្នករាល់គ្នាហើយ”។ 14 ប្រពន្ធ កូន ព្រមទាំងហ្វូងសត្វរបស់អ្នករាល់គ្នានឹងស្ថិតនៅក្នុងស្រុក ដែលលោកម៉ូសេបានប្រគល់អោយអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ រីឯអ្នករាល់គ្នា ដែលសុទ្ធតែជាទាហានដ៏អង់អាចវិញ ត្រូវប្រដាប់អាវុធ ដើរខាងមុខបងប្អូនរបស់អ្នករាល់គ្នា ដើម្បីជួយគេ 15 រហូតដល់ព្រះអម្ចាស់ប្រទានអោយបងប្អូនរបស់អ្នករាល់គ្នាបានសំរាកដូចអ្នករាល់គ្នាដែរ ហើយអោយពួកគេកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាប្រទានអោយពួកគេ។ បន្ទាប់មក អ្នករាល់គ្នានឹងត្រឡប់មកកាន់កាប់ស្រុក ដែលជាកម្មសិទ្ធិរបស់អ្នករាល់គ្នាវិញ គឺស្រុកដែលលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះអម្ចាស់ បានចែកអោយអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់»។
16 ពួកគេ ឆ្លើយទៅលោកយ៉ូស៊ូអាថា៖ «អ្វីៗទាំងប៉ុន្មានដែលលោកបង្គាប់មកយើងខ្ញុំ យើងខ្ញុំនឹងគោរពធ្វើតាមទាំងអស់។ លោកចាត់យើងខ្ញុំអោយទៅទីណា យើងខ្ញុំនឹងទៅទីនោះ។ 17 យើងខ្ញុំធ្លាប់ស្ដាប់បង្គាប់លោកម៉ូសេសព្វគ្រប់យ៉ាងណា យើងក៏ស្ដាប់បង្គាប់លោកយ៉ាងនោះដែរ។ សូមព្រះអម្ចាស់ជាព្រះរបស់លោកគង់នៅជាមួយលោក ដូចព្រះអង្គបានគង់នៅជាមួយលោកម៉ូសេដែរ។ 18 ប្រសិនបើអ្នកណា ម្នាក់ប្រឆាំងនឹងបញ្ជារបស់លោក ហើយមិនព្រមធ្វើតាមបញ្ជារបស់លោកទេ អ្នកនោះត្រូវទទួលទោសដល់ស្លាប់។ រីឯលោកវិញ សូមមានកម្លាំង និងចិត្តក្លាហានឡើង»។