ជំពូក ៣៨

អាសនៈ​ថ្វាយ​យញ្ញបូជា និង​អាង​សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ

1 លោក​ធ្វើ​អាសនៈ​មួយ​ពី​ឈើ​នាងនួន មាន​រាង​បួន​ជ្រុង​ស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​ប្រាំ​ហត្ថ និង​កំពស់​បី​ហត្ថ។ 2 លោក​ធ្វើ​ស្នែង​ជាប់​នឹង​មុម​ទាំង​បួន​របស់​អាសនៈ ហើយ​ស្រោប​លង្ហិន​ពី​លើ។ 3 លោក​ក៏​បាន​ធ្វើ​គ្រឿង​សំរាប់​ប្រើប្រាស់​ពី​លង្ហិន​ទាំង​អស់ គឺ​មាន​ធុង​ដាក់​ផេះ ប្រដាប់​ចូក​ផេះ ផើង​ដាក់​ឈាម សម និង​ភាជន៍។ 4 លោក​ធ្វើ​ប្រទាស​លង្ហិន​មួយ ដាក់​នៅ​ចំ​ពាក់​កណ្ដាល​កំពស់​របស់​អាសនៈ។ 5​ លោក​​សិត​ធ្វើ​កង​បួន ភ្ជាប់​ទៅ​នឹង​មុម​ទាំង​បួន​របស់​ប្រទាស សំ​រាប់​ស៊ក​ឈើ​ស្នែង។ 6 លោក​ធ្វើ​ឈើ​ស្នែង​ពី​ឈើ​នាងនួន ដោយ​ស្រោប​លង្ហិន​ផង។ 7 លោក​ស៊ក​ឈើ​ស្នែង​សំរាប់​សែង​នោះ​ទៅ​ក្នុង​កង ដែល​ស្ថិត​នៅ​តាម​ជ្រុង​អាសនៈ។ អាសនៈ​នេះ​ធ្វើ​អំពី​ក្ដារ ហើយ​មាន​ប្រហោង​ក្នុង។
8 លោក​ធ្វើ​ អាង​អំពី​លង្ហិន និង​កំណល់​អាង​នោះ​ពី​លង្ហិន ដោយ​ប្រើ​កញ្ចក់​របស់​ក្រុម​ស្ត្រី​ដែល​ជួបជុំ​គ្នា នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះអម្ចាស់។

ទីលាន

9 លោក​ធ្វើ​ទីលាន ដោយ​មាន​រនាំង​ធ្វើ​ពី​អំបោះ​ធ្មៃ បាំង​ជុំវិញ។ នៅ​ប៉ែក​ខាង​ត្បូង រនាំង​ត្រូវ​មាន​បណ្ដោយ​មួយ​រយ​ហត្ថ។ 10 រនាំង​នោះ​ភ្ជាប់​នឹង​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។ 11 នៅ​ប៉ែក​ខាង​ជើង រនាំង​មាន​បណ្ដោយ​មួយ​រយ​ហត្ថ មាន​បង្គោល​ម្ភៃ ដែល​មាន​ជើង​ទ្រ​ម្ភៃ​ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។ 12 នៅ​ប៉ែក​ខាង​លិច រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ មាន​បង្គោល​ដប់ និង​ជើង​ទ្រ​ដប់ រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់។ 13 នៅ​ប៉ែក​ខាង​កើត រនាំង​មាន​ប្រវែង​ហាសិប​ហត្ថ។ 14 នៅ​ច្រក​ចូល​រនាំង​ម្ខាង មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី។ 15 ច្រក​ចូល​រនាំង​ម្ខាង​ទៀត ដែល​នៅ​ទល់​មុខ​នឹង​ច្រក​ចូល​មុន មាន​ប្រវែង​ដប់​ប្រាំ​ហត្ថ មាន​បង្គោល​បី ព្រម​ទាំង​ជើង​ទ្រ​បី​ដែរ។ 16 រនាំង​ទាំង​អស់​របស់​ទីលាន​ធ្វើ​ពី​អំបោះ​ធ្មៃ។ 17 ជើង​ទ្រ​របស់​បង្គោល​ ធ្វើ​អំពី​លង្ហិន ទំពក់ និង​មេរូត​របស់​បង្គោល​ធ្វើ​ពី​ប្រាក់ រីឯ​ក្បាល​បង្គោល​មាន​ស្រោប​ប្រាក់។ បង្គោល​ទាំង​អស់​របស់​ទីលាន​សុទ្ធ​តែ​ភ្ជាប់​ទៅ​នឹង​មេរូត​ធ្វើ​ពី​ប្រាក់។ 18 វាំងនន​របស់​ច្រក​ចូល​ ទី​លាន ប៉ាក់​លំអ​ដោយ​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ លាយ​នឹង​អំបោះ​ធ្មៃ ហើយ​មាន​បណ្ដោយ​ម្ភៃ​ហត្ថ និង​កំពស់​ប្រាំ​ហត្ថ​ដូច​ទទឹង​របស់​រនាំង​ទីលាន​ដែរ។ 19 បង្គោល​ទាំង​បួន​របស់​ វាំងនន និង​ជើង​ទ្រ​ទាំង​បួន ធ្វើ​ពី​លង្ហិន រីឯ​ទំពក់ និង​មេរូត​ធ្វើ​ពី​ប្រាក់ ហើយ​ក្បាល​បង្គោល​ក៏​មាន​ស្រោប​ប្រាក់​ដែរ។ 20 ចម្រឹង​ទាំង​ប៉ុន្មាន​របស់​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន​សុទ្ធ​តែ​ធ្វើ​ពី​លង្ហិន​ទាំង​អស់។

សម្ភារៈ​ដែល​ប្រើប្រាស់​សំរាប់​សង់​ព្រះពន្លា

21 ពួក​លេវី​បាន​កត់ត្រា​ទុក តាម​បញ្ជា​របស់​លោក​ម៉ូសេ នូវ​ចំនួន​សម្ភារៈ​ដែល​ប្រើប្រាស់​ក្នុង​ការ​សង់​ព្រះពន្លា គឺ​ព្រះពន្លា​នៃ​សន្ធិសញ្ញា។ ពួក​គេ​ធ្វើ​ការ​នេះ​ក្រោម​ការ​ណែនាំ​របស់​លោក​អ៊ីតា​ម៉ា ជា​កូន​របស់​លោក​បូជាចារ្យ​អរ៉ុន។ 22 លោក​បេសាល់អែល​ដែល​ជា​កូន​របស់​លោក​អ៊ូរី និង​ជា​ចៅ​លោក​ហួរ នៃ​កុលសម្ព័ន្ធ​យូដា បាន​ធ្វើ​គ្រប់​កិច្ចការ ដែល​ព្រះអម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ 23 លោក​អូហូលីយ៉ាប ជា​កូន​លោក​អហ៊ីសាម៉ាត នៃ​កុលសម្ព័ន្ធ​ដាន់ ក៏​បាន​ជួយ​ធ្វើ​ការ​លោក​ដែរ គឺ​លោក​អូហូលី​​​យ៉ាប​ជា​ជាង​ចម្លាក់ ជា​វិចិត្រករ ព្រម​ទាំង​ប៉ាក់​លំអ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ធ្វើ​ពី​អំបោះ​ធ្មៃ។

24 មាស​ដែល ​ជា​តង្វាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល សំរាប់​ប្រើ​ក្នុង​ការ​សង់​ទីសក្ការៈ មាន​ទម្ងន់​ទាំង​អស់ ១ ០០២ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។ 25 រីឯ​ប្រាក់​ទទួល​ពី​អស់អ្នក​ដែល​គេ​បាន​ជំរឿន​ក្នុង​ចំណោម​សហគមន៍ មាន​ទាំង​អស់ ៣ ៤៤៧ គីឡូ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។ 26 ប្រាក់​នេះ​បាន​ទទួល​ពី ​ប្រជាជន​ចំនួន ៦០៣ ៥៥០​នាក់ ដែល​គេ​បាន​ជំរឿន គឺ​អស់​អ្នក​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។ ម្នាក់ៗ​ថ្វាយ​សាច់​ប្រាក់​ជាង​ប្រាំ​ក្រាម គិត​តាម​ទម្ងន់​ដែល​ប្រើប្រាស់​ក្នុង​ទីសក្ការៈ។ 27 គេ​ប្រើ​សាច់​ប្រាក់ ៣ ៤២៧ គីឡូ​ក្រាម សំរាប់​ធ្វើ​ជើង​ទ្រ​បង្គោល​ព្រះពន្លា និង​ជើង​ទ្រ​បង្គោល​វាំងនន​ខាង​ក្នុង។ ជើង​ទ្រ​ទាំង​អស់​មាន​មួយ​រយ គឺ​ជើង​ទ្រ​នីមួយៗ​ទម្ងន់​ជាង ៣៤ គីឡូ​ក្រាម។ 28 រីឯ​សាច់​ប្រាក់ ២០ គីឡូ​ក្រាម​ទៀត គេ​យក​ទៅ​ធ្វើ​ទំពក់ និង​មេរូត​របស់​បង្គោល ព្រម​ទាំង​ស្រោប​ក្បាល​បង្គោល។ 29 លង្ហិន​ដែល​ប្រជាជន​យក​មក​ថ្វាយ​មាន​ទម្ងន់ ២ ៤២៦ គីឡូ​ក្រាម។ 30 គេ​យក​លង្ហិន​នេះ​ទៅ​ ប្រើ​សំរាប់​ធ្វើ​ជើង​ទ្រ​បង្គោល រនាំង​របស់​ច្រក​ចូល​ពន្លា​ជួប​ព្រះ​អម្ចាស់ ព្រម​ទាំង​ធ្វើ​អាសនៈ​លង្ហិន ប្រទាស​លង្ហិន និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ 31 រីឯ​ជើង​ទ្រ​រនាំង​ដែល​ នៅ​ជុំវិញ​ទីលាន ជើង​ទ្រ​របស់​ទ្វារ​ចូល​ទីលាន ចម្រឹង​ដែល​គេ​បោះ​ជុំវិញ​ព្រះពន្លា និង​ចម្រឹង​រនាំង​ទីលាន ក៏​ធ្វើ​ពី​លង្ហិន​នេះ​ដែរ។