ជំពូក ២៦

ព្រះពន្លា

1 ចូរ​ធ្វើ​ព្រះពន្លា​ពី​ ក្រណាត់​ក្រាស់​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ។ ក្រណាត់​ទាំង​នោះ​ត្រូវ​ប៉ាក់​លំអ​ដោយ​​ខេរូប៊ីម*។ 2 ផ្ទាំង​ក្រណាត់​ទាំង​អស់​ត្រូវ​មាន​ទំហំ​ប៉ុន​ៗ​​​គ្នា គឺ​បណ្ដោយ​ប្រវែង​ម្ភៃ​ប្រាំ​បី​ហត្ថ ទទឹង​បួន​ហត្ថ។ 3 ត្រូវ​ដេរ​ក្រណាត់​ប្រាំ​ផ្ទាំង​ជាប់​គ្នា ហើយ​ក្រណាត់​ប្រាំ​ផ្ទាំង​ទៀត​ក៏​ត្រូវ​ដេរ​ជាប់​គ្នា​ដែរ។ 4 ត្រូវ​យក​អំបោះ​ពណ៌​ស្វាយ​វេញ​ធ្វើ​ខ្សែ​ដែល​មាន​រាង​ដូច​កង ដេរ​ភ្ជាប់​តាម​ជាយ​ម្ខាង​របស់​ផ្ទាំង​ក្រណាត់​ធំៗ​ទាំង​ពីរ។ 5 ត្រូវ​មាន​ខ្សែ​កង​ចំនួន​ ហាសិប​នៅ​តាម​ជាយ​នៃ​ផ្ទាំង​ធំ​នីមួយៗ ហើយ​ខ្សែ​កង ដែល​ស្ថិត​នៅ​លើ​ផ្ទាំង​ធំៗ​ទាំង​ពីរ​នេះ ត្រូវ​​នៅ​ទន្ទឹម​គ្នា។ 6 ចូរ​ធ្វើ​ទំពក់​មាស​ចំនួន ​ហាសិប សំរាប់​ថ្ពក់​ផ្ទាំង​ក្រណាត់​ធំ​ទាំង​ពីរ​ជាប់​គ្នា។ ដូច្នេះ មាន​ក្រណាត់​តែ​មួយ​ផ្ទាំង​ធ្វើ​ជា​ព្រះពន្លា។
7 បន្ទាប់​មក ត្រូវ​ត្បាញ​ក្រណាត់​ក្រាស់​ដប់​មួយ​ផ្ទាំង​អំពី​រោម​ពពែ សំរាប់​គ្រប​ពី​លើ​ព្រះពន្លា។ 8 ផ្ទាំង​ក្រណាត់​ទាំង​ដប់​មួយ​ត្រូវ​មាន​ទំហំ​ប៉ុនៗ​គ្នា គឺ​បណ្ដោយ​សាមសិប​ហត្ថ ទទឹង​បួន​ហត្ថ។ 9 មុន​ដំបូង ត្រូវ​យក​ក្រណាត់​ប្រាំ​ផ្ទាំង​មក​ដេរ​ភ្ជាប់​គ្នា រួច​ទើប​យក​ក្រណាត់​ប្រាំ​មួយ​ផ្ទាំង​ទៀត មក​ដេរ​ភ្ជាប់​គ្នា​ដែរ។ ផ្ទាំង​ទី​ប្រាំ​មួយ​ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​មុខ​ពន្លា។​ 10ចូរ​ធ្វើ​ខ្សែ​កង​ចំនួន​ហាសិប ដេរ​ភ្ជាប់​នៅ​ជាយ​ម្ខាង​នៃ​ផ្ទាំង​ក្រណាត់​ធំៗ​ទី​ពីរ។ 11 ​ត្រូវ​​​​ធ្វើ​ទំពក់​លង្ហិន​ចំនួន​ហាសិប សំរាប់​ថ្ពក់​ទៅ​ក្នុង​ខ្សែ​កង ដើម្បី​អោយ​បាន​ទៅ​ជា​ក្រណាត់​តែ​មួយ​ផ្ទាំង។ 12 ក្រណាត់​ដែល​គ្រប​ពី​លើ ​ព្រះពន្លា​នេះ ត្រូវ​មាន​ទំហំ​វែង​ជាង​ព្រះពន្លា ពាក់​កណ្ដាល​ផ្ទាំង ហើយ​សាច់​ក្រណាត់​ដែល​លើស​នេះ ត្រូវ​បត់​ទម្លាក់​ទៅ​ខាង​ក្រោយ​ព្រះពន្លា។ 13 រីឯ​ក្រណាត់​ដែល​លើស​មួយ​ហត្ថ​ទាំង​សង​ខាង​នៅ​តាម​បណ្ដោយ​ផ្ទាំង​ធំ ត្រូវ​ទម្លាក់​ទៅ​សង​ខាង​ព្រះពន្លា ដើម្បី​បាំង​ព្រះពន្លា​នេះ។ 14 ត្រូវ​យក​ស្បែក​ពពែ​ឈ្មោល ជ្រលក់​ពណ៌​ក្រហម គ្រប​ពី​លើ​ផ្ទាំង​ក្រណាត់​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។

15 ចូរ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ស៊ុម សំរាប់​បញ្ឈរ ទ្រ​ក្រ​ណាត់​​​​ព្រះពន្លា​នោះ 16 ស៊ុម​នីមួយៗ​ត្រូវ​មាន​កំពស់​ដប់​ហត្ថ និង​ទទឹង​មួយ​ហត្ថ​កន្លះ។ 17 នៅ​លើ​ស៊ុម​នីមួយៗ​ត្រូវ​មាន​ពន្លួញ​ពីរ​ស្រប​គ្នា។ 18 ត្រូវ​ធ្វើ​ស៊ុម​ម្ភៃ​សំរាប់​ប៉ែក​ខាង​ត្បូង​ព្រះពន្លា។ 19​ត្រូវ​ធ្វើ​ជើង​ទ្រ​ ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប ដើម្បី​ទ្រ​ស៊ុម​ទាំង​ម្ភៃ​នោះ គឺ​ជើង​ទ្រ​ពីរ​នៅ​ក្រោម​ស៊ុម​មួយ ត្រង់​កន្លែង​ដែល​មាន​ពន្លួញ​ទាំង​ពីរ។ 20 នៅ​ប៉ែក​ខាង​ជើង​ព្រះពន្លា ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ម្ភៃ 21 និង​ជើង​ទ្រ​ស៊ុម​ពី​ប្រាក់​ចំនួន​សែសិប គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​មួយ។ 22 នៅ​ខាង​ក្រោយ​ព្រះពន្លា គឺ​ប៉ែក​ខាង​លិច ត្រូវ​ធ្វើ​ស៊ុម​ចំនួន​ប្រាំ​មួយ។ 23 ត្រូវ​ធ្វើ​ស៊ុម​ពីរ​ទៀត សំរាប់​ជ្រុង​ខាង​ក្រោយ​ព្រះពន្លា។ 24 ស៊ុម​នៅ​ជ្រុង​ទាំង​ពីរ ​នេះ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា គឺ​ផ្នែក​ខាង​ក្រោម​មាន​ទទឹង​ធម្មតា តែ​នៅ​ផ្នែក​ខាង​លើ​ភ្ជាប់​គ្នា​ដោយសារ​កង​មួយ។ 25 ដូច្នេះ នៅ​ប៉ែក​ខាង​ក្រោយ​មាន​ស៊ុម​ចំនួន​ប្រាំ​បី និង​ជើង​ទ្រ​ធ្វើ​ពី​ប្រាក់​ចំនួន​ដប់​ប្រាំ​មួយ គឺ​ជើង​ទ្រ​ពីរ​សំរាប់​ស៊ុម​នីមួយៗ។ 26 ត្រូវ​យក​ឈើ​នាងនួន​មក​ធ្វើ​ជា​ឈើ​ទទឹង​ចំនួន​ប្រាំ សំរាប់​បញ្ឈរ​ស៊ុម​នៅ​ប៉ែក​ទី​មួយ​របស់​ព្រះពន្លា 27 ឈើ​ទទឹង​ប្រាំ សំរាប់​ប៉ែក​ទី​ពីរ​នៃ​ព្រះពន្លា ហើយ​ឈើ​ទទឹង​ប្រាំ​ទៀត​សំរាប់​ប៉ែក​ខាង​លិច​នៃ​ព្រះពន្លា។ 28 ឈើ​ទទឹង​ដែល​នៅ​កណ្ដាល ត្រូវ​តែ​ដាក់​ចំ​ពាក់​កណ្ដាល​ស៊ុម​ទាំង​អស់ ចាប់​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នៃ​ព្រះពន្លា។ 29 ត្រូវ​យក​មាស​ស្រោប​ស៊ុម​ទាំង​អស់ ព្រម​ទាំង​ធ្វើ​កង​មាស​សំរាប់​ស៊ក​ឈើ​ទទឹង ហើយ​ឈើ​ទទឹង​នោះ​ក៏​ត្រូវ​ស្រោប​មាស​ដែរ។
30 ចូរ​ដំឡើង​ព្រះពន្លា​តាម​គំរូ ដែល​យើង​បង្ហាញ​អោយ​អ្នក​ឃើញ​នៅ​លើ​ភ្នំ។

31 ចូរ​ ធ្វើ​វាំងនន​មួយ​ត្បាញ​ដោយ​អំបោះ​ធ្មៃ ដែល​លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​តែ​ប៉ាក់​លំអ​ដោយ​រូប​ខេរូប៊ីម។ 32 ត្រូវ​ថ្ពក់​វាំងនន​នេះ ​ទៅ​នឹង​បង្គោល​បួន ដែល​ធ្វើ​ពី​ឈើ​នាងនួន​ស្រោប​មាស ដែល​បញ្ឈរ​នៅ​លើ​ជើង​ទ្រ​បួន​ធ្វើ​អំពី​ប្រាក់ រីឯ​ទំពក់​ក៏​ត្រូវ​ធ្វើ​ពី​មាស​ដែរ។ 33 ត្រូវ​យក​ទំពក់​ទាំង​ នោះ​មក​ថ្ពក់​វាំងនន រួច​យក​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា ទៅ​ដាក់​នៅ​ខាង​ក្រោយ​វាំងនន។ វាំងនន​នេះ​ខណ្ឌ​ទីសក្ការៈ និង​ទីសក្ការៈ​បំផុត អោយ​នៅ​ដាច់​ពី​គ្នា។ 34 បន្ទាប់​មក ត្រូវ​យក​គំរប​មក​គ្រប​លើ​ហិប​ដែល​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិសញ្ញា នៅ​ក្នុង​ទីសក្ការៈ​បំផុត។ 35 ត្រូវ​ដាក់​តុ​នៅ​ខាង​មុខ​វាំងនន ប៉ែក​ខាង​ជើង ហើយ​ដាក់​ជើង​ចង្កៀង​នៅ​ចំ​ពី​មុខ​តុ គឺ​នៅ​ប៉ែក​ខាង​ត្បូង។
36 រីឯ​ ទ្វារ​ចូល​ព្រះពន្លា ត្រូវ​ត្បាញ​វាំងនន​មួយ​ទៀត​ពី​អំបោះ​ធ្មៃ លាយ​នឹង​អំបោះ​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ។ វាំងនន​នេះ​ត្រូវ​ប៉ាក់​ក្បាច់​លំអ​ដែរ។ 37 ត្រូវ​យក​ឈើ​នាង​នួន​​​មក​ ធ្វើ​សសរ​ប្រាំ​ដើម រួច​ស្រោប​មាស​ទៀត​ផង។ ត្រូវ​ថ្ពក់​វាំងនន​ភ្ជាប់​ទៅ​នឹង​សសរ​ទាំង​នោះ ដោយ​ទំពក់​មាស។ ត្រូវ​យក​លង្ហិន​ធ្វើ​ជើង​ទ្រ​ចំនួន​ប្រាំ សំរាប់​ទ្រ​សសរ​ទាំង​នោះ។