ជំពូក ៤
ព្រះអម្ចាស់បង្ហាញឫទ្ធានុភាពអោយលោកម៉ូសេឃើញ
1 លោកម៉ូសេឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿ ហើយមិនស្ដាប់សំដីទូលបង្គំទេ។ ពួកគេនឹងពោលមកទូលបង្គំថា “ព្រះអម្ចាស់មិនបានបង្ហាញអោយអ្នកឃើញព្រះអង្គឡើយ”»។ 2 ព្រះអម្ចាស់សួរលោកថា៖ «តើអ្នកកាន់អ្វី?» លោកឆ្លើយថា៖ «ទូលបង្គំកាន់ដំបង»។ 3 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ លោកម៉ូសេបោះដំបងទៅដី ដំបងនោះក៏ក្លាយជាពស់។ លោកម៉ូសេរត់ចេញពីពស់។ 4 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។ 5 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គអោយអ្នកឃើញមែន»។ 6 ព្រះអម្ចាស់ មានព្រះបន្ទូលទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកទៅ»។ លោកម៉ូសេក៏ដាក់ដៃលើទ្រូង រួចពេលដកដៃមកវិញ លោកឃើញដៃលោកកើតឃ្លង់ ឡើងសដូចកប្បាស។ 7 ព្រះអម្ចាស់ បញ្ជាទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកម្ដងទៀត»។ លោកម៉ូសេដាក់ដៃលើទ្រូង ហើយពេលលោកដកដៃមកវិញ លោកឃើញដៃលោកជាដូចធម្មតា។ 8 ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ប្រសិនបើពួកគេមិនជឿអ្នក ហើយមិនយកចិត្តទុកដាក់នឹងទីសំគាល់ទីមួយទេ គេមុខជាជឿលើទីសំគាល់ក្រោយនេះ។ 9 ប្រសិនបើពួកគេនៅតែ មិនជឿលើទីសំគាល់ទាំងពីរនេះ ហើយមិនស្ដាប់សំដីរបស់អ្នកទេ ចូរយកទឹកទន្លេនីលទៅចាក់លើដីស្ងួត ទឹកដែលអ្នកយកពីទន្លេនីលមកនោះ នឹងក្លាយទៅជាឈាមនៅលើដីស្ងួត»។
ព្រះជាម្ចាស់តាំងលោកអរ៉ុនអោយធ្វើជាជំនួយការរបស់លោកម៉ូសេ
10 លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់ តាំងតែពីដើមរៀងមក រហូតដល់ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ ទូលបង្គំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតទូលបង្គំមិនប្រសប់និយាយ»។ 11 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើអោយមនុស្សមានមាត់? តើនរណាធ្វើអោយមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី? 12 ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយ យើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្ដីដែលត្រូវនិយាយ»។
13 លោកម៉ូសេទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមព្រះអង្គចាត់នរណាម្នាក់ទៀតអោយទៅចុះ!»។ 14 ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេ យ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ ឈ្មោះអរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។ 15 អ្នកនឹងប្រាប់គាត់ អោយនិយាយជំនួសនូវសេចក្ដី ដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។ 16 គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសំរាប់គាត់។ 17 ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសំគាល់ដ៏អស្ចារ្យផ្សេងៗ»។
លោកម៉ូសេវិលត្រឡប់ទៅស្រុកអេស៊ីបវិញ
18 លោកម៉ូសេក៏ចេញទៅ ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជំរាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីអោយដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «ចូរកូនទៅដោយសុខសាន្តចុះ!»។
19 នៅស្រុកម៉ាឌីយ៉ាន ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ 20 លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។
21 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចអោយអ្នកសំដែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសំដែងឫទ្ធិបាដិហារិយ៍ទាំងនោះអោយស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើអោយស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមអោយជនជាតិអ៊ីស្រាអែលចេញមកទេ។ 22 ត្រូវប្រាប់ស្ដេចផារ៉ោនថា: “ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង 23 ចូរអនុញ្ញាតអោយកូនរបស់យើងចេញទៅគោរពបំរើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
24 ពេលធ្វើដំណើរ លោកម៉ូសេឈប់សំរាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។ 25 នាងសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់លោកម៉ូសេ ទាំងពោលថា៖ «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!»។ 26 ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។
27 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកអរ៉ុនថា៖ «ចូរចេញទៅជួបម៉ូសេនៅវាលរហោស្ថាន»។ លោកអរ៉ុនក៏ចេញទៅជួបលោកម៉ូសេ នៅភ្នំរបស់ព្រះជាម្ចាស់ ហើយឱបលោក។ 28 លោកម៉ូសេរៀបរាប់ប្រាប់លោកអរ៉ុនអំពីព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ចាត់លោកអោយមកប្រកាស។ លោកក៏រៀបរាប់អំពីទីសំគាល់ទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់អោយលោកធ្វើទៀតផង។ 29 បន្ទាប់មក លោកម៉ូសេ និងលោកអរ៉ុន នាំគ្នាទៅប្រមូលចាស់ទុំទាំងអស់របស់អ៊ីស្រាអែល។ 30 លោកអរ៉ុនរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេ ព្រមទាំងធ្វើទីសំគាល់អោយប្រជាជនឃើញផង។ 31 ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។