ជំពូក ១៦
នំម៉ាណា និងសត្វក្រួច
1 សហគមន៍អ៊ីស្រាអែលទាំង មូលចេញដំណើរពីអេលីម ទៅដល់វាលរហោស្ថានស៊ីន ដែលនៅចន្លោះអេលីម និងភ្នំស៊ីណៃ។ ពួកគេទៅដល់ទីនោះ នៅថ្ងៃទីដប់ប្រាំ ក្នុងខែទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ 2 នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអរ៉ុន។ 3 ជនជាតិអ៊ីស្រាអែលពោល ទៅកាន់លោកទាំងពីរថា៖ «កាលនៅស្រុកអេស៊ីប ពួកយើងធ្លាប់អង្គុយជុំវិញឆ្នាំងដែលមានសាច់ និងមានអាហារដ៏បរិបូណ៌! ប្រសិនបើព្រះអម្ចាស់ ប្រហារពួកយើងនៅទីនោះ ប្រសើរជាងអោយលោកទាំងពីរនាំពួកយើងទាំងអស់គ្នាមកស្លាប់ដោយអត់ ឃ្លាន ក្នុងវាលរហោស្ថាននេះ!»។
4 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងផ្ដល់អាហារពីលើមេឃមកអោយអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សំរាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះ យើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីអោយដឹងថា គេគោរពវិន័យរបស់យើងឬទេ? 5 នៅថ្ងៃទីប្រាំមួយ ពេលគេរៀបចំម្ហូបអាហារដែលគេរើសមកនោះ គេនឹងឃើញមានអាហារលើសថ្ងៃធម្មតា មួយជាពីរ»។
6 លោកម៉ូសេ និងលោកអរ៉ុន ប្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ថា៖ «ល្ងាចនេះ អ្នករាល់គ្នានឹងទទួលស្គាល់ថា គឺព្រះអម្ចាស់ទេតើ ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ 7 ព្រឹកស្អែក អ្នករាល់គ្នានឹងឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យ ដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរនាក់នេះជាអ្វី បានជាអ្នករាល់គ្នារអ៊ូរទាំដាក់យើងដូច្នេះ?»។ 8 លោកម៉ូសេមានប្រសាសន៍ទៀតថា៖ «ល្ងាចនេះ ព្រះអម្ចាស់នឹងប្រទានសាច់អោយអ្នករាល់គ្នា បរិភោគ ហើយព្រឹកស្អែក ព្រះអង្គនឹងប្រទាននំបុ័ងអោយអ្នករាល់គ្នាយ៉ាងបរិបូណ៌ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យ ដែលអ្នករាល់គ្នារអ៊ូរទាំដាក់ព្រះអង្គ។ តើយើងទាំងពីរជាអ្វី? អ្នករាល់គ្នាមិនមែនរអ៊ូរទាំដាក់យើងទេ តែរអ៊ូរទាំដាក់ព្រះអម្ចាស់វិញ»។
9 លោកម៉ូសេប្រាប់លោកអរ៉ុនថា៖ «សូមបង្គាប់សហគមន៍អ៊ីស្រាអែលទាំងមូល អោយចូលមកគាល់ព្រះអម្ចាស់ ដ្បិតព្រះអង្គទ្រង់ព្រះសណ្ដាប់ឮពាក្យរអ៊ូរទាំរបស់ពួកគេហើយ»។ 10 នៅពេលលោកអរ៉ុន កំពុងតែមានប្រសាសន៍ទៅកាន់សហគមន៍អ៊ីស្រាអែលទាំងមូល ពួកគេនាំគ្នាបែរមើលទៅវាលរហោស្ថាន ឃើញសិរីរុងរឿងរបស់ព្រះអម្ចាស់លេចមកនៅក្នុងពពក។ 11 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 12 «យើងបានឮពាក្យ រអ៊ូរទាំរបស់ជនជាតិអ៊ីស្រាអែលហើយ ចូរប្រាប់ពួកគេដូចតទៅ: នៅពេលព្រលប់ អ្នករាល់គ្នានឹងបរិភោគសាច់ ហើយនៅពេលព្រឹកអ្នករាល់គ្នានឹងមាននំបុ័ងបរិភោគយ៉ាងបរិបូណ៌។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។
13 ពេលល្ងាច មានសត្វក្រួចហើរមកពាសពេញជំរំ ហើយព្រលឹមឡើង មានសន្សើមធ្លាក់ជុំវិញជំរំផង។ 14 នៅពេលសន្សើមស្ងួត មានគ្រាប់ល្អិតៗដូចព្រឹល នៅពាសពេញវាលរហោស្ថាន។ 15 ឃើញដូច្នេះ ជនជាតិអ៊ីស្រាអែលសួរគ្នាទៅវិញទៅមកថា «នេះជាអ្វី?» ដ្បិតពួកគេមិនដឹងថាជាអ្វីទេ។ លោកម៉ូសេប្រាប់ពួកគេថា៖ «នេះជាអាហារដែលព្រះអម្ចាស់ប្រទានអោយអ្នករាល់គ្នាបរិភោគ។ 16 ព្រះអម្ចាស់ បានបង្គាប់ថា: ចូរនាំគ្នារើសអាហារនេះ ល្មមដែលអ្នករាល់គ្នាអាចបរិភោគឆ្អែត។ ត្រូវរើសតាមចំនួនមនុស្សដែលស្ថិតនៅក្នុងគ្រួសាររបស់ខ្លួន គឺមួយកូនល្អីសំរាប់ម្នាក់»។ 17 ជនជាតិអ៊ីស្រាអែលក៏ធ្វើតាម ពួកគេរើសអាហារ អ្នកខ្លះរើសបានច្រើន ហើយអ្នកខ្លះទៀតបានតិច។ 18 បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អស់អ្នកដែលរើសបានច្រើន ក៏មិនបានលើសគេ ហើយអស់អ្នកដែលរើសបានតិច ក៏មិនខ្វះដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។
19 លោកម៉ូសេប្រាប់ពួកគេថា៖ «មិនត្រូវអោយនរណាម្នាក់ទុកអាហារនេះ រហូតដល់ព្រឹកស្អែកឡើយ»។ 20 ប៉ុន្តែ មានអ្នកខ្លះមិនព្រមស្ដាប់តាមលោកម៉ូសេទេ គឺគេទុកអាហាររហូតដល់ព្រឹកស្អែក។ ដង្កូវក៏មកចោះអាហារទាំងនោះ ដែលបណ្ដាលអោយទៅជាស្អុយរលួយ។ លោកម៉ូសេខឹងនឹងពួកគេ។ 21 ចាប់ពីពេលនោះមក រៀងរាល់ព្រឹក ពួកគេរើសអាហារល្មមដែលខ្លួនអាចបរិភោគឆ្អែត។ ពេលថ្ងៃរះពេញកំដៅ អាហារដែលនៅសល់ក៏រលាយបាត់អស់។ 22 នៅថ្ងៃទីប្រាំមួយ ពួកគេរើសអាហារពីរដងច្រើនជាង គឺពីរកូនល្អីក្នុងម្នាក់ៗ។ មេដឹកនាំទាំងអស់របស់សហគមន៍មករាយការណ៍ជំរាបលោកម៉ូសេ។ 23 លោកប្រាប់ពួកគេវិញថា៖ «ព្រះអម្ចាស់បានបញ្ជាមកដូច្នេះមែន។ ស្អែកជាថ្ងៃសប្ប័ទ* ជាថ្ងៃដ៏វិសុទ្ធដែលត្រូវញែកថ្វាយព្រះអម្ចាស់ ចូរចំអិនអ្វីដែលអ្នករាល់គ្នាត្រូវចំអិន ចូរស្ងោរអ្វីដែលអ្នករាល់គ្នាត្រូវស្ងោរ ហើយទុកអាហារដែលលើសរហូតព្រឹកស្អែក»។ 24 ដូច្នេះ ពួកគេទុកអាហាររហូតដល់ព្រឹកស្អែក តាមបង្គាប់របស់លោកម៉ូសេ។ អាហារទាំងនោះពុំមានស្អុយរលួយ ឬមានដង្កូវចោះឡើយ។ 25 លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ ចូរបរិភោគអាហារទាំងនេះចុះ ដ្បិតថ្ងៃនេះជាថ្ងៃសប្ប័ទ សំរាប់គោរពព្រះអម្ចាស់។ ថ្ងៃនេះ អ្នករាល់គ្នានឹងពុំឃើញមានអ្វីនៅខាងក្រៅទេ។ 26 អ្នករាល់គ្នាអាចរើស អាហារនេះក្នុងរយៈពេលប្រាំមួយថ្ងៃ ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ ដែលជាថ្ងៃសប្ប័ទ នឹងគ្មានអ្វីរើសទេ»។ 27 ទោះជាយ៉ាងនេះក្ដី នៅថ្ងៃទីប្រាំពីរ ក៏មានប្រជាជនខ្លះចេញពីជំរំ ដើម្បីទៅរើសអាហារ តែពួកគេរកពុំបានសោះ។ 28 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «តើអ្នករាល់គ្នានៅតែពុំព្រមស្ដាប់បទបញ្ជា និងវិន័យរបស់យើងដល់កាលណាទៀត? 29 ត្រូវចងចាំថា យើងជាព្រះអម្ចាស់ បានប្រគល់ថ្ងៃសប្ប័ទអោយអ្នករាល់គ្នា ហេតុនេះហើយបានជានៅថ្ងៃទីប្រាំមួយ យើងអោយអ្នករាល់គ្នាមានអាហារមួយជាពីរ។ នៅថ្ងៃទីប្រាំពីរ ម្នាក់ៗនៅក្នុងជំរំរបស់ខ្លួន គឺមិនត្រូវចេញទៅក្រៅឡើយ»។ 30 ហេតុនេះ ប្រជាជននាំគ្នាឈប់សំរាក នៅថ្ងៃទីប្រាំពីរ។
31 កូនចៅ អ៊ីស្រាអែលហៅអាហារនោះថា “នំម៉ាណា”។ នំម៉ាណាមានរាងដូចជាគ្រាប់ល្ង មានពណ៌ស ព្រមទាំងមានរសជាតិដូចនំធ្វើពីទឹកឃ្មុំ។ 32 លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ បង្គាប់ដូចតទៅ: ចូរដាក់នំម៉ាណាក្នុងភាជន៍មួយអោយពេញ ហើយរក្សាទុក សំរាប់អោយកូនចៅអ៊ីស្រាអែលនៅជំនាន់ក្រោយ ឃើញអាហារដែលយើងអោយអ្នករាល់គ្នាបរិភោគ ក្នុងវាលរហោស្ថាន នៅពេលយើងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប»។ 33 លោកម៉ូសេប្រាប់លោកអរ៉ុនថា៖ «ចូរយកថូមួយមក ហើយដាក់នំម៉ាណាអោយពេញ រួចយកថូទៅតម្កល់នៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ដើម្បីរក្សាទុកសំរាប់កូនចៅជំនាន់ក្រោយ»។ 34 លោកអរ៉ុនក៏តម្កល់ថូនៅមុខហិបនៃសម្ពន្ធមេត្រី ដើម្បីរក្សាទុក ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់លោកម៉ូសេ។
35 ជនជាតិ អ៊ីស្រាអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។
36 រីឯរង្វាល់ សំរាប់វាល់នំម៉ាណានោះ គឺអូម៊ែរ* ស្មើមួយភាគដប់នៃអេផា*។