ជំពូក ២៨
សម្លៀកបំពាក់របស់បូជាចារ្យ
1 ត្រូវហៅអរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនប្រុសរបស់គាត់គឺ ណាដាប់ អប៊ីហ៊ូ អេឡាសារ និងអ៊ីតាម៉ា ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល អោយចូលមកជិតអ្នក ដើម្បីបំពេញមុខងារជាបូជាចារ្យ។ 2 ត្រូវធ្វើសម្លៀកបំពាក់សក្ការៈ សំរាប់អរ៉ុន ជាបងរបស់អ្នក ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់គាត់។ 3 ត្រូវប្រាប់ពួកសិប្បករ ទាំងអស់ថា យើងនឹងផ្ដល់ព្រះប្រាជ្ញាញាណអោយពួកគេ អាចធ្វើសម្លៀកបំពាក់សក្ការៈសំរាប់អរ៉ុន ដើម្បីញែកគាត់អោយបានវិសុទ្ធ និងអោយគាត់បំពេញមុខងារជាបូជាចារ្យបំរើយើង។ 4 សម្លៀកបំពាក់ដែលពួកគេ ត្រូវធ្វើនោះ គឺប្រដាប់ពាក់លើទ្រូងមួយ អាវអេផូដ*មួយ អាវវែងមួយ អាវក្នុងមួយជាអាវប៉ាក់ ឆ្នួតក្បាលមួយ និងខ្សែក្រវាត់មួយ។ ពួកគេត្រូវធ្វើសម្លៀកបំពាក់សក្ការៈសំរាប់អរ៉ុន ជាបងរបស់អ្នក ព្រមទាំងកូនៗរបស់គាត់ ដើម្បីអោយបំពេញមុខងារជាបូជាចារ្យបំរើយើង។
5 ពួកសិប្បករត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ។
6 ពួកគេ ត្រូវប្រើអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ធ្វើអាវអេផូដ ដោយមានប៉ាក់លំអផង។ 7 ត្រូវធ្វើខ្សែព្រយុងពីរ ដេរភ្ជាប់ទៅនឹងចុងទាំងសងខាងរបស់អាវអេផូដ។ 8 រីឯខ្សែក្រវាត់របស់ អាវអេផូដត្រូវធ្វើដោយសរសៃអំបោះ ដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ខ្សែក្រវាត់នេះត្រូវដេរជាប់នឹងអាវអេផូដ។ 9 ចូរយកត្បូងមណីជោតិរសពីរដុំមក ហើយចារឈ្មោះកូនរបស់អ៊ីស្រាអែលនៅលើនោះ។ 10 ត្រូវចារឈ្មោះប្រាំមួយនៅលើត្បូងទីមួយ និងឈ្មោះប្រាំមួយទៀតនៅលើត្បូងទីពីរ តាមលំដាប់អាយុរបស់ពួកគេ។ 11អ្នកត្រូវចារឈ្មោះ កូនរបស់អ៊ីស្រាអែលនៅលើត្បូង តាមរបៀបដូចគេឆ្លាក់ត្រា ហើយត្រូវធ្វើក្រចាប់មាសភ្ជាប់នឹងត្បូងនោះផង។ 12 ចូរដាំត្បូងទាំងពីរ ភ្ជាប់នឹងខ្សែព្រយុងរបស់អាវអេផូដ ទុកជាតំណាងកូនរបស់អ៊ីស្រាអែល។ ដូច្នេះ អរ៉ុននឹងពាក់ឈ្មោះរបស់ពួកគេលើខ្សែព្រយុងទាំងពីរ នៅចំពោះមុខយើង ដែលជាព្រះអម្ចាស់ ដើម្បីអោយយើងនឹកដល់ពួកគេ។ 13 ត្រូវធ្វើក្រចាប់ទាំងនោះពីមាស 14 ធ្វើខ្សែពីមាសសុទ្ធ ដែលវេញចូលគ្នាជារបៀបខ្សែពួរ ហើយភ្ជាប់ខ្សែ និងក្រចាប់ជាប់គ្នា។
ប្រដាប់ពាក់លើទ្រូង
15 ត្រូវធ្វើប្រដាប់ ពាក់លើទ្រូងមួយ សំរាប់វិនិច្ឆ័យ។ ប្រដាប់ពាក់លើទ្រូងនេះត្រូវធ្វើដោយសរសៃអំបោះដូចអាវអេផូដដែរ គឺមានអំបោះមាស អំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ ព្រមទាំងអំបោះធ្មៃ ដោយមានប៉ាក់លំអផង។ 16 ប្រដាប់ពាក់លើទ្រូងនេះមានពីរស្រទាប់ និងមានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយចង្អាម។ 17 ប្រដាប់ពាក់លើទ្រូង ត្រូវលំអដោយត្បូងបួនជួរ គឺជួរទីមួយ ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងប៊ុតលឿងមួយគ្រាប់ និងត្បូងមរកតមួយគ្រាប់។ 18 ជួរទីពីរ ត្រូវដាំត្បូងទទឹមមួយគ្រាប់ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។ 19 ជួរទីបី ត្រូវដាំត្បូងទទឹមមួយគ្រាប់ ត្បូងនិលរ័ត្នមួយគ្រាប់ និងត្បូងជម្ពូរ័ត្នមួយគ្រាប់ 20 ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។ 21 ត្បូងទាំងនេះជា តំណាងកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល គឺមានទាំងអស់ដប់ពីរ។ នៅលើត្បូងនីមួយៗត្រូវចារឈ្មោះកុលសម្ព័ន្ធមួយ តាមរបៀបដែលគេឆ្លាក់ត្រា។ 22ត្រូវយកមាសសុទ្ធមកធ្វើជាខ្សែ ហើយវេញចូលគ្នាជារបៀបខ្សែពួរ សំរាប់ភ្ជាប់ទៅនឹងប្រដាប់ពាក់លើទ្រូង។ 23 ត្រូវធ្វើកងមាសពីរភ្ជាប់ទៅនឹងមុមខាងលើនៃប្រដាប់ពាក់លើទ្រូង។ 24បន្ទាប់មក ត្រូវថ្ពក់ខ្សែមាសទាំងពីរទៅនឹងកងទាំងពីរនៃប្រដាប់ពាក់លើទ្រូង 25 រួចភ្ជាប់ចុងម្ខាង ទៀតទៅនឹងក្រចាប់មាសទាំងពីរ ដែលស្ថិតនៅលើខ្សែព្រយុងរបស់អាវអេផូដ ដើម្បីអោយប្រដាប់ពាក់លើទ្រូងនោះស្ថិតនៅពីមុខ។ 26 ត្រូវធ្វើកងមាសពីរទៀត ភ្ជាប់ទៅនឹងមុមខាងក្រោមទាំងពីរនៃប្រដាប់ពាក់លើទ្រូង គឺមុមដែលប៉ះនឹងអាវអេផូដ។ 27 ត្រូវធ្វើកងមាសពីរ ទៀត ភ្ជាប់ទៅចុងខាងក្រោមនៃខ្សែព្រយុងរបស់អាវអេផូដ ត្រង់កន្លែងដែលខ្សែព្រយុង និងអាវអេផូដ ដេរជាប់គ្នា នៅពីលើខ្សែក្រវាត់របស់អាវអេផូដ។ 28 ចូរយកខ្សែពណ៌ស្វាយ ចងកងរបស់ប្រដាប់ពាក់លើទ្រូង ភ្ជាប់ទៅនឹងកងរបស់អាវអេផូដ ដើម្បីអោយប្រដាប់ពាក់លើទ្រូងនោះ ស្ថិតនៅពីលើខ្សែក្រវាត់ ហើយកុំអោយរបូតចេញពីអាវអេផូដឡើយ។ 29 ពេលអរ៉ុនចូលក្នុង ទីសក្ការៈ គាត់មានឈ្មោះកុលសម្ព័ន្ធនៃកូនចៅអ៊ីស្រាអែលនៅជាប់នឹងប្រដាប់ពាក់ លើទ្រូង សំរាប់វិនិច្ឆ័យ ដើម្បីអោយយើងដែលជាព្រះអម្ចាស់ នឹកដល់ពួកគេអស់កល្បជានិច្ច។ 30 ចូរដាក់អ៊ូរីម និងទូមីម* ទៅក្នុងប្រដាប់ពាក់លើទ្រូងសំរាប់វិនិច្ឆ័យ ដើម្បីអោយវត្ថុទាំងនេះស្ថិតនៅជាប់នឹងទ្រូងអរ៉ុនជានិច្ច នៅពេលគាត់ចូលមករកយើង។ ដូច្នេះ នៅពេលចូលមករកយើង ដែលជាព្រះអម្ចាស់ អរ៉ុនត្រូវពាក់គ្រឿងសំរាប់វិនិច្ឆ័យជនជាតិអ៊ីស្រាអែលជាប់នឹងដើមទ្រូងជានិច្ច។
សម្លៀកបំពាក់សក្ការៈផ្សេងទៀត
31 ចូរធ្វើអាវវែងមួយពណ៌ស្វាយ សំរាប់ពាក់ពីក្រោមអាវអេផូដ។ 32 ផ្នែកខាងលើរបស់អាវ វែងនោះ ត្រូវកាត់ប្រឡោះមួយចំកណ្ដាលសំរាប់ស៊កក្បាល។ ត្រូវដេររឹមជុំវិញប្រឡោះនោះ ដើម្បីកុំអោយរហែក គឺដេរតាមរបៀបដែលគេដេរជាយអាវស្បែក។ 33 នៅតាមជាយអាវខាង ក្រោម ត្រូវប៉ាក់លំអដោយរូបផ្លែទទឹមពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ ហើយត្រូវដាក់កូនកណ្ដឹងមាសទៀតផង។ 34 ត្រូវដាក់រូបផ្លែទទឹមមួយ កូនកណ្ដឹងមួយឆ្លាស់គ្នាជុំវិញជាយអាវ។ 35 អរ៉ុនពាក់អាវនេះនៅពេលបំពេញមុខងារ គឺពេលគាត់មករកព្រះអម្ចាស់ក្នុងទីសក្ការៈ ហើយពេលគាត់ចេញមកវិញ គេនឹងឮស្នូរកូនកណ្ដឹង។ ដូច្នេះ គាត់នឹងមិនត្រូវស្លាប់ឡើយ។
36 ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «បូជាថ្វាយព្រះអម្ចាស់» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។ 37 ចូរភ្ជាប់គ្រឿងអលង្ការទៅនឹងផ្នែកខាងមុខនៃឆ្នួតក្បាល ដោយប្រើខ្សែពណ៌ស្វាយ។ 38 ពេលអរ៉ុនចូលមករកយើងដែលជាព្រះអម្ចាស់ គ្រឿងអលង្ការនេះស្ថិតនៅលើថ្ងាសរបស់គាត់ជានិច្ច។ ធ្វើដូច្នេះ ទោះបីជនជាតិអ៊ីស្រាអែលធ្វើខុស នៅពេលថ្វាយតង្វាយក៏ដោយ ក៏យើងយល់ព្រមទទួលតង្វាយរបស់ពួកគេដែរ។
39 ត្រូវធ្វើអាវក្នុងមួយពីអំបោះធ្មៃ ឆ្នួតក្បាលមួយពីអំបោះធ្មៃ ព្រមទាំងប៉ាក់ខ្សែក្រវាត់មួយផង។
40 ត្រូវ ធ្វើអាវក្នុង ខ្សែក្រវាត់ និងឆ្នួតក្បាល សំរាប់កូនទាំងអស់របស់អរ៉ុន ដើម្បីជាកិត្តិយស និងភាពថ្លៃថ្នូររបស់ពួកគេ។ 41 ត្រូវយកសម្លៀកបំពាក់ ទាំងនេះទៅពាក់អោយអរ៉ុន និងកូនប្រុសរបស់គាត់ រួចចាក់ប្រេងតែងតាំងពួកគេ ដើម្បីញែកពួកគេអោយបំពេញមុខងារជាបូជាចារ្យបំរើយើង។ 42 ចូរធ្វើខោខ្លីពីអំបោះធ្មៃ ដើម្បីអោយពួកគេបិទបាំងកេរខ្មាស ចាប់ពីចង្កេះរហូតដល់ភ្លៅ។ 43 អរ៉ុន និងកូនប្រុសរបស់គាត់ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះ នៅពេលដែលពួកគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ឬនៅពេលចូលទៅកាន់អាសនៈ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។ ដូច្នេះ ពួកគេនឹងគ្មានកំហុស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់ដែលអរ៉ុន និងពូជពង្សត្រូវអនុវត្តតាមរហូតតទៅ។