ជំពូក ៣៧
ហិបនៃសម្ពន្ធមេត្រី
1 លោកបេសាល់អែលធ្វើហិបមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថកន្លះ។ 2 លោកយកមាសសុទ្ធស្រោបហិបនោះ ទាំងខាងក្នុង ទាំងខាងក្រៅ ហើយគែមដែលព័ទ្ធជុំវិញក៏ធ្វើពីមាសដែរ។ 3 លោកធ្វើកងមាសបួន ដាក់ភ្ជាប់ទៅនឹងមុមទាំងបួន គឺម្ខាងពីរៗ។ 4 គាត់យកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង។ 5 គាត់ស៊កឈើស្នែងទៅក្នុងកងដែលនៅសងខាងហិប ដើម្បីសែងហិបនោះ។ 6 គាត់ធ្វើគំរបហិបពីមាសសុទ្ធ ដែលមានបណ្ដោយពីរហត្ថកន្លះ និងទទឹងមួយហត្ថកន្លះ។ 7 លោកយកមាសមកឆ្លាក់ធ្វើរូបខេរូប៊ីមពីរ ដាក់នៅចុងគំរបហិបទាំងសងខាង 8 លោកដាក់ភ្ជាប់រូបខេរូប៊ីមទាំងពីរនោះទៅនឹងគំរបហិប គឺខេរូប៊ីមនីមួយៗត្រូវភ្ជាប់ទៅនឹងចុងម្ខាង។ 9 រូបខេរូប៊ីមទាំងពីរប្រឈមមុខគ្នា ដោយឈ្ងោកមុខទៅរកគំរបហិប ព្រមទាំងត្រដាងស្លាបការពារគំរបហិបនេះទៀតផង។
តុដាក់នំបុ័ងថ្វាយព្រះជាម្ចាស់
10 លោកធ្វើតុមួយពីឈើនាងនួន ដែលមានបណ្ដោយពីរហត្ថ ទទឹងមួយហត្ថ និងកំពស់មួយហត្ថកន្លះ។ 11 លោកយកមាសសុទ្ធមកស្រោបតុនោះ ព្រមទាំងធ្វើគែមមាសព័ទ្ធជុំវិញទៀតផង។ 12 នៅតាមជ្រុងទាំងបួន លោកធ្វើក្របដែលមានកំពស់មួយទះ មានក្បាច់មាសព័ទ្ធជុំវិញផង។ 13 លោកបានសិតធ្វើកងមាសបួនដាក់ភ្ជាប់ទៅនឹងមុមទាំងបួន ត្រង់កន្លែងដែលមានជើងតុ។ 14 កងមាសទាំងបួនស្ថិតនៅជិតក្រប ដើម្បីស៊កឈើស្នែងសែងតុ។ 15 លោកយកឈើនាងនួនមកធ្វើជាឈើស្នែង ហើយស្រោបមាសផង ដើម្បីសែងតុនោះ។ 16 លោកយកមាសសុទ្ធមក ធ្វើគ្រឿងបរិក្ខារដាក់នៅលើតុនោះ គឺមានថាស ថូ ពែង និងចានគោម សំរាប់ប្រើក្នុងពិធីច្រួចស្រា និងប្រេង។
ជើងចង្កៀង
17 លោកយកមាសសុទ្ធតែ មួយដុំមកដំធ្វើជើងចង្កៀង ហើយជើងចង្កៀងមាសនេះមានឆ្លាក់ក្បាច់រចនា ទាំងផ្នែកខាងក្រោម ទាំងតួ ទាំងមែក និងផ្នែកដាក់ប្រេង។ 18 មានមែកប្រាំមួយបែកចេញពីតួដែលនៅកណ្ដាល គឺម្ខាងមានមែកបី ហើយម្ខាងទៀតក៏មានមែកបីដែរ។ 19 ក្នុងចំណោមមែកទាំង ប្រាំមួយនោះ មែកនីមួយៗមានក្បាច់បីគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ ជាបន្តបន្ទាប់គ្នា។ 20 រីឯតួដែលនៅកណ្ដាលមានក្បាច់បួនគន្លាក់ រាងដូចទងផ្កា ត្របកផ្កា និងស្រទាប់ផ្កាក្រពុំ។ 21 មានស្រទាប់ផ្កាក្រពុំបី នៅខាងក្រោមមែកទាំងបីគូ ដែលបែកចេញពីតួកណ្ដាល។ 22 ស្រទាប់ផ្កាក្រពុំ និងមែក មានឆ្លាក់ជាក្បាច់រចនាពីមាសសុទ្ធតែមួយដុំ។ 23 លោកបានយកមាសសុទ្ធធ្វើចង្កៀងប្រាំពីរ ព្រមទាំងធ្វើកន្លែងស៊កប្រឆេះចង្កៀង និងប្រដាប់សំរាប់គោះកំទេចប្រឆេះ។ 24 លោកប្រើមាសសុទ្ធ សាមសិបបួនគីឡូក្រាម ដើម្បីធ្វើជើងចង្កៀង និងគ្រឿងបរិក្ខារទាំងប៉ុន្មាន សំរាប់ប្រើប្រាស់ជាមួយជើងចង្កៀងនោះ។
អាសនៈសំរាប់ដុតគ្រឿងក្រអូប
25 លោកធ្វើអាសនៈសំរាប់ ដុតគ្រឿងក្រអូបពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងមួយហត្ថ និងកំពស់ពីរហត្ថ។ ស្នែងរបស់អាសនៈស្ថិតនៅជាប់នឹងមុមទាំងបួន។ 26 លោកស្រោបអាសនៈទាំង មូលដោយមាសសុទ្ធ គឺទាំងផ្នែកខាងលើ ទាំងជញ្ជាំងដែលនៅព័ទ្ធជុំវិញ ទាំងស្នែង។ រីឯគែមដែលនៅជុំវិញក៏ធ្វើពីមាសដែរ។ 27 លោកធ្វើកងមាសម្ខាងពីរៗ ភ្ជាប់ពីក្រោមគែមអាសនៈ ដើម្បីស៊កឈើស្នែងសែងអាសនៈ។ 28 លោកធ្វើឈើស្នែងពីរអំពីឈើនាងនួន ហើយស្រោបមាសផង។
29 លោកក៏បានធ្វើប្រេង ដើម្បីប្រើសំរាប់ធ្វើពិធីលាបប្រេងសក្ការៈ និងប្រេងក្រអូប ជាប្រេងបរិសុទ្ធ ដែលផ្សំឡើងតាមវិធីចំរាញ់ប្រេងរបស់អ្នកធ្វើទឹកអប់។