ជំពូក ១៣

វិន័យ​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​បុណ្យ​ចម្លង

1 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2 «ត្រូវ​ញែក​កូន​ច្បង​ទាំង​អស់ ទោះ​បី​មនុស្ស ឬ​សត្វ​ក្ដី ទុក​ជា​សក្ការៈ​សំរាប់​យើង។ កូន​ដំបូង​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ជា​កម្មសិទ្ធិ​របស់​យើង»។
3 លោក​ម៉ូសេ ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន​ថា៖ «ចូរ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ថ្ងៃ​នេះ គឺ​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​ជាប់​ជា​ទាសករ។ ព្រះអម្ចាស់​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​ របស់​ព្រះអង្គ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​មក។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ទេ។
4 ថ្ងៃ​នេះ នៅ​ក្នុង​ខែ​ចេត្រ អ្នក​រាល់​គ្នា​ចេញ​ដំណើរ។ 5 ពេល​ព្រះអម្ចាស់​ នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ដែល​ព្រះអង្គ​សន្យា​ជា​មួយ​ពួក​បុព្វបុរស​ថា នឹង​ប្រទាន​អោយ​អ្នក​រាល់​គ្នា នោះ​ត្រូវ​នាំ​គ្នា​គោរព​បំរើ​ព្រះអម្ចាស់ ដោយ​ធ្វើ​ពិធី​បុណ្យ​ចម្លង​ក្នុង​ខែ​នេះ។ 6 ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំពីរ ចូរ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះអម្ចាស់។ 7 ក្នុង​អំឡុង​ពេល​ប្រាំពីរ ​ថ្ងៃ​នោះ ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​មេ មិន​ត្រូវ​អោយ​មាន​នំបុ័ង​មាន​មេ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ក៏​មិន​ត្រូវ​មាន​មេ​នំបុ័ង​នៅ​លើ​ទឹក​ដី​របស់​អ្នក​ដែរ។ 8 នៅ​ថ្ងៃ​បុណ្យ​នោះ អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ថា: “ពួក​យើង​ធ្វើ​បុណ្យ​នេះ ដ្បិត​ព្រះអម្ចាស់​បាន​ជួយ​ពួក​យើង​អោយ​ចាក​ចេញ​​​​​​ពី​ស្រុក​អេស៊ីប”។ 9 ពិធី​បុណ្យ​នេះ​ជា​ សេចក្ដី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដើម្បី​អោយ​អ្នក​រាល់​គ្នា​ចង​ចាំ ហើយ​ប្រកាសវិន័យ​របស់​ព្រះ​អម្ចាស់ ដ្បិត​ព្រះអង្គ​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ 10 ដូច្នេះ រៀង​រាល់​ឆ្នាំ ពេល​ដល់​ថ្ងៃ​កំណត់ អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​តាម​ច្បាប់​នេះ។

11 ពេល​ព្រះអម្ចាស់​ នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ជន​ជាតិ​កាណាន ជា​ទឹក​ដី​ដែល​ព្រះអង្គ​ប្រគល់​អោយ​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក​រាល់​គ្នា និង​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​នោះ 12 អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​កូន​ប្រុស​ច្បង និង​កូន​ឈ្មោល​ដំបូង​របស់​ហ្វូង​សត្វ​ទៅ​ព្រះអម្ចាស់ ដ្បិត​កូន​ច្បង​ទាំង​អស់​ជា​កម្មសិទ្ធិ​របស់​ព្រះអម្ចាស់។ 13 ចំណែក​ឯ​កូន​ដំបូង​របស់ ​សត្វ​លា នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​មក​ថ្វាយ​ជំនួស​វិញ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​លោះ​វា​ទេ ត្រូវ​វាយ​បំបាក់​ក​កូន​លា​នោះ។ អ្នក​រាល់​គ្នា​ក៏​ត្រូវ​លោះ​កូន​ប្រុស​ច្បង​របស់​អ្នក​រាល់​គ្នា​ដែរ។ 14 នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: ព្រះអម្ចាស់​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។ 15 ពេល​នោះ ស្ដេច​ផារ៉ោន​មិន​ព្រម​អនុញ្ញាត ​អោយ​ពួក​យើង​ចេញ​មក​ទេ។ ដូច្នេះ ព្រះអម្ចាស់​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់​នៅ​ ស្រុក​អេស៊ីប គឺ​ទាំង​កូន​ច្បង​របស់​មនុស្ស ទាំង​កូន​ដំបូង​របស់​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​យើង​យក​កូន​ឈ្មោល​ដំបូង​ទាំង​អស់​របស់​សត្វ​បូជា​ ថ្វាយ​ព្រះអម្ចាស់ តែ​ពួក​យើង​លោះ​កូន​ប្រុស​ច្បង​របស់​ពួក​យើង​វិញ។ 16 យញ្ញបូជា​នេះ​ជា​សេចក្ដី​រំលឹក​មួយ ប្រៀប​ដូច​សញ្ញា​ដែល​មាន​ចារ​ទុក​នៅ​លើ​ដៃ និង​នៅ​លើ​ថ្ងាស ដ្បិត​ព្រះអម្ចាស់​បាន​ប្រើ​ឫទ្ធិបារមី​ដ៏​ខ្លាំង​ពូកែ នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប»។

ព្រះជាម្ចាស់​ដឹក​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ

17 ពេល​ព្រះចៅ​ផារ៉ោន​បើក​ អោយ​ប្រជាជន​អ៊ីស្រាអែល​ចាក​ចេញ​ទៅ​នោះ ព្រះជាម្ចាស់​ពុំ​បាន​នាំ​ពួក​គេ​តាម​ផ្លូវ​ទៅ​ស្រុក​ភីលីស្ទីន​ទេ ទោះ​បី​ផ្លូវ​នោះ​ជា​ផ្លូវ​ជិត​ក៏​ដោយ ដ្បិត​ព្រះអង្គ​នឹក​គិត​ថា ប្រសិន​បើ​ប្រជាជន​ជួប​ប្រទះ​នឹង​សង្គ្រាម ពួក​គេ​អាច​ដូរ​គំនិត ហើយ​ចង់​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ 18 ហេតុ​នេះ ព្រះអង្គ​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​វាង ឆ្លង​កាត់​វាល​រហោស្ថាន​ឆ្ពោះ​ទៅ​សមុទ្រ​កក់។ ជន​ជាតិ​អ៊ីស្រាអែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ទាំង​នាំ​របស់​របរ​គ្រប់​យ៉ាង​ទៅ​ជា​មួយ​ផង។
19 លោក​ ម៉ូសេ​បាន​យក​ធាតុ​របស់​លោក​យ៉ូសែប​ទៅ​ជា​មួយ​លោក​ដែរ ដ្បិត​លោក​យ៉ូសែប​បាន​ប្រាប់​កូន​ចៅ​អ៊ីស្រាអែល​ថា «ព្រះជាម្ចាស់​ប្រាកដ​ជា​មក​ជួយ​អ្នក​រាល់​គ្នា​មិន​ខាន ដូច្នេះ សុំ​ស្បថ​នឹង​ខ្ញុំ​ថា ពេល​ណា​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ទី​នេះ​ទៅ សុំ​យក​ធាតុ​របស់​ខ្ញុំ​ចេញ​ទៅ​ជា​មួយ​ផង»។
20 ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ដំណើរ​ពី​ក្រុង​ស៊ូកូត ទៅ​បោះ​ជំរំ​ត្រង់​អេតាំ ដែល​ស្ថិត​នៅ​ជាយ​វាល​រហោស្ថាន។ 21 នៅ​ពេល​ថ្ងៃ ព្រះអម្ចាស់​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ពពក* នៅ​ពេល​យប់ ព្រះអង្គ​នាំ​មុខ​ពួក​គេ​ដោយ​ដុំ​ភ្លើង ដែល​បំភ្លឺ​ផ្លូវ​ពួក​គេ។ ដូច្នេះ ពួក​គេ​អាច​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ ទាំង​យប់។ 22 នៅ​ពេល​ថ្ងៃ ដុំ​ពពក​មិន​ដែល​ឃ្លាត​ពី​មុខ​ប្រជាជន​ឡើយ ហើយ​នៅ​ពេល​យប់ ដុំ​ភ្លើង​ស្ថិត​នៅ​មុខ​ពួក​គេ​ជានិច្ច។