ជំពូក ៣៥

វិន័យ​ស្ដី​អំពី​ថ្ងៃ​សប្ប័ទ

1 លោក​ម៉ូសេ​បាន​ប្រមូល​សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា ហើយ​លោក​មាន​ប្រសា​ស​ន៍​ទៅ​ពួក​គេ​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ​តាម: 2 ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​សប្ប័ទ ដែល​ជា​ថ្ងៃ​បុណ្យ​ថ្វាយ​ព្រះអម្ចាស់។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ 3 នៅ​ថ្ងៃ​សប្ប័ទ ទោះ​ជា​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក្ដី ក៏​មិន​ត្រូវ​បង្កាត់​ភ្លើង​ដែរ»។

ការ​សង់​ព្រះពន្លា

តង្វាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល

4 លោក​ម៉ូសេ​មាន​ប្រសាសន៍ ​ទៅ​កាន់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ថា៖ «នេះ​ជា​សេចក្ដី​ដែល​ព្រះអម្ចាស់​បង្គាប់​អោយ​អ្នក​រាល់​គ្នា​ធ្វើ​តាម: 5 ត្រូវ​ញែក​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន មួយ​ចំណែក ថ្វាយ​ព្រះអម្ចាស់។ អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា ត្រូវ​នាំ​យក​តង្វាយ​ដែល​ខ្លួន​ញែក​ទុក​នេះ មក​ថ្វាយ​ព្រះអម្ចាស់ គឺ​មាន មាស ប្រាក់ លង្ហិន 6 សំពត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ 7 ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ឈើ​នាងនួន 8 ប្រេង​សំរាប់​ដុត​ចង្កៀង គ្រឿង​ក្រអូប​សំរាប់​លាយ​ប្រេង ដែល​ប្រើ​ក្នុង​ពិធី​លាប​ប្រេង គ្រឿង​ក្រអូប​សំរាប់​ដុត 9 ត្បូង​មណី​ជោតិរស និង​ត្បូង​ឯ​ទៀតៗ សំរាប់​លំអ​អាវ​អេផូដ* និង​ប្រដាប់​ពាក់​លើ​ទ្រូង។

10 ត្រូវ​អោយ​ពួក​ជាង​ទាំង​ប៉ុន្មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មក​ធ្វើ​កិច្ចការ​ទាំង​អស់​ដែលព្រះអម្ចាស់បង្គាប់​អោយ​ធ្វើ 11 គឺ​សង់​ព្រះពន្លា ដែល​មាន​រោង​ក្រណាត់ ដំបូល ទំពក់ ស៊ុម ឈើ​ទទឹង បង្គោល និង​ជើង​ទ្រ 12 ហិប​នៃ​សម្ពន្ធមេត្រី ព្រម​ទាំង​ឈើ​ស្នែង គំរប​វាំងនន សំរាប់​ខណ្ឌ​ទីសក្ការៈ 13 តុ​សំរាប់​តម្កល់​នំបុ័ង ព្រម​ទាំង​ឈើ​ស្នែង គ្រឿង​បរិក្ខារ​ទាំង​អស់ និង​នំបុ័ង​ដែល​ត្រូវ​តម្កល់​ថ្វាយ​ព្រះជាម្ចាស់ 14 ជើង​ចង្កៀង និង​គ្រឿង​បរិក្ខារ​សំរាប់​ប្រើ​ប្រាស់​ជា​មួយ ព្រម​ទាំង​ចង្កៀង និង​ប្រេង​សំរាប់​ដុត 15 អាសនៈ​សំរាប់​គ្រឿង​ ក្រអូប ព្រម​ទាំង​ឈើ​ស្នែង ប្រេង​សំរាប់​ពិធី​លាប ប្រេង គ្រឿង​ក្រអូប​សំរាប់​ដុត និង​វាំងនន​សំរាប់​ទ្វារ​ចូល​ព្រះ​ពន្លា។ 16 អាសនៈ​សំរាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ប្រទាស​លង្ហិន ឈើ​ស្នែង និង​គ្រឿង​បរិក្ខារ​ទាំង​អស់ ព្រម​ទាំង​អាង​ទឹក និង​កំណល់ 17 រនាំង​ទីលាន ព្រម​ទាំង​បង្គោល ជើង​ទ្រ និង​វាំងនន​របស់​ទ្វារ​ទីលាន 18 ចម្រឹង​ព្រះពន្លា និង​ចម្រឹង​រនាំង​របស់​ទីលាន ព្រម​ទាំង​ខ្សែ​ចង​ពន្លា 19 សម្លៀកបំពាក់​ពិធី​ បុណ្យ​សំរាប់​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ គឺ​សម្លៀកបំពាក់​សក្ការៈ​របស់​បូជា​ចារ្យ​អរ៉ុន និង​សម្លៀកបំពាក់​កូន​ប្រុស​គាត់ ដែល​បំពេញ​មុខងារ​ជា​បូជាចារ្យ»។

20 សហគមន៍​អ៊ីស្រាអែល​ទាំង​មូល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​លោក​ម៉ូសេ​ទៅ។ 21 អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា និង​ចិត្ត​ទូ​លាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​​​ថ្វាយ​ព្រះអម្ចាស់ សំរាប់​សង់​ពន្លា​ជួប​ព្រះអង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀកបំពាក់​សក្កា​រៈ​។ 22 អស់​អ្នក​ដែល​មាន​ចិត្ត ​ទូលាយ ទាំង​ប្រុស ទាំង​ស្រី បាន​នាំ​យក​ទំហូ ក្រវិល ចិញ្ចៀន និង​បន្តោង​ខ្សែ​ក ព្រម​ទាំង​គ្រឿង​អលង្ការ​គ្រប់​យ៉ាង​ធ្វើ​ពី​មាស​មក ហើយ​ពួក​គេ​ថ្វាយ​គ្រឿង​អំពី​មាស​ទាំង​នោះ​ទៅ​ព្រះអម្ចាស់។ 23 អស់​អ្នក​ដែល​មាន​ ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ និង​ក្រណាត់​ធ្វើ​ពី​រោម​ពពែ ស្បែក​ចៀម​ជ្រលក់​ពណ៌​ក្រហម ស្បែក​ផ្សោត ក៏​នាំ​យក​របស់​ទាំង​នោះ​មក​ថ្វាយ​ដែរ។ 24 អស់​អ្នក​ដែល​មាន​ប្រាក់ និង​លង្ហិន បាន​នាំ​យក​តង្វាយ​ដែល​គេ​ញែក​ទុក​នោះ មក​ថ្វាយ​ព្រះអម្ចាស់ អស់​អ្នក​ដែល​មាន​ឈើ​នាងនួន បាន​នាំ​យក​ឈើ​នោះ​មក ដើម្បី​ធ្វើ​វត្ថុ​ផ្សេងៗ​ថ្វាយ​ព្រះអម្ចាស់។ 25 ស្ត្រី​ទាំង​ប៉ុន្មាន​ ដែល​ប៉ិនប្រសប់​ខាង​ត្បាញ ក៏​នាំ​យក​ក្រណាត់​ដែល​ខ្លួន​ត្បាញ​មក​ថ្វាយ​ដែរ គឺ​មាន​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម និង​ពណ៌​ក្រហម​ទុំ ព្រម​ទាំង​ក្រណាត់​ទេសឯក​សុទ្ធ។ 26 ស្ត្រី​ទាំង​ប៉ុន្មាន​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា និង​ប៉ិនប្រសប់ បាន​នាំ​គ្នា​ត្បាញ​ក្រណាត់​រោម​ពពែ​មក​ថ្វាយ​ផង​ដែរ​។ 27 ពួក​មេ​ដឹក​នាំ​ប្រជាជន​បាន​យក​ត្បូង​មណីជោតិរស និង​ត្បូង​ឯ​ទៀតៗ​សំរាប់​លំអ​អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង 28 ព្រម​ទាំង​គ្រឿង​ក្រអូប និង​ប្រេង ដើម្បី​ផលិត​ប្រេង​សំរាប់​ដុត ប្រេង​សំរាប់​ពិធី​លាប​ប្រេង និង​ប្រេង​ក្រអូប។ 29 ជន​ជាតិ​អ៊ីស្រាអែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអម្ចាស់ ដោយ​ស្ម័គ្រចិត្ត ដើម្បី​​​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះអម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​​ម៉ូសេ។

30 លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល​ថា៖ «ព្រះអម្ចាស់​បាន​ជ្រើសរើស​លោក​បេសាល់អែល ជា​កូន​លោកអ៊ូរី និង​ជា​ចៅ​របស់​លោក​ហ៊ួរ ក្នុង​កុលសម្ព័ន្ធ​យូដា 31 ហើយ​ព្រះអង្គ​ប្រទាន​អោយ​គាត់​ពោរពេញ​ដោយ​ព្រះវិញ្ញាណ ដើម្បី​អោយ​លោក​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ 32 គឺ​ចេះ​លើក​គំរោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន 33 ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការងារ​សិប្បកម្ម​គ្រប់​មុខ។ 34 ព្រះអង្គ​ប្រទាន​អោយ​ គាត់ ព្រម​ទាំង​លោក​អូហូលីយ៉ាប ជា​កូន​របស់​លោក​អហ៊ីសាម៉ាក​ពី​កុល​សម្ព័ន្ធ​ដាន់ មាន​ជំនាញ​ខាង​បង្ហាត់​បង្រៀន​ការងារ​សិប្បកម្ម​នេះ​ដល់​អ្នក​ដទៃ​ទៀត។ 35 ព្រះអង្គ​ប្រទាន​អោយ​ ពួក​គេ​ប៉ិនប្រសប់​បំពេញ​មុខ​ការ​គ្រប់​យ៉ាង ដូច​ជា​ជាង​ចម្លាក់ វិចិត្រករ អ្នក​ប៉ាក់ អ្នក​ត្បាញ​ក្រណាត់​ពណ៌​ស្វាយ ពណ៌​ក្រហម ពណ៌​ក្រហម​ទុំ និង​ក្រណាត់​ទេសឯក​សុទ្ធ។ ពួក​គេ​សុទ្ធសឹង​តែ​ជា​អ្នក​ជំនាញ ដែល​ចេះ​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង និង​ចេះ​លើក​គំរោង»។