ជំពូក ២៩
ការតែងតាំងបូជាចារ្យ
1 នេះជារបៀបដែលអ្នក ត្រូវធ្វើសំរាប់តែងតាំងអរ៉ុន និងកូនប្រុសរបស់គាត់ អោយបំពេញមុខងារជាបូជាចារ្យបំរើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរ ល្អឥតខ្ចោះ 2 នំបុ័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ 3 ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកថ្វាយជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។ 4 ត្រូវនាំអរ៉ុន និងកូនរបស់គាត់ ទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកអោយពួកគេ។ 5 បន្ទាប់មក ត្រូវយកសម្លៀកបំពាក់មកពាក់អោយអរ៉ុន គឺអាវក្នុង អាវវែង អាវអេផូដ និងប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។ 6 ចូរពាក់ឆ្នួតលើក្បាលគាត់ ហើយបំពាក់គ្រឿងអលង្ការដ៏វិសុទ្ធ ទៅនឹងឆ្នួតក្បាលផង។ 7 បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់អោយបំពេញមុខងារបំរើយើង។ 8 ត្រូវហៅកូនប្រុសរបស់អរ៉ុនមក ហើយពាក់អាវអោយពួកគេ។ 9 ចូរក្រវាត់ខ្សែក្រវាត់ អោយអរ៉ុន និងកូនរបស់គាត់ ព្រមទាំងពាក់ឆ្នួតក្បាលអោយពួកគេផង។ អ្នកត្រូវតែងតាំងអរ៉ុន និងកូនប្រុសរបស់គាត់ជាបូជាចារ្យរហូត តាមច្បាប់ដែលនៅស្ថិតស្ថេរជានិច្ច។
10 ត្រូវនាំគោឈ្មោលមកខាងមុខពន្លាជួបព្រះអម្ចាស់ ហើយអោយអរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ 11 ត្រូវអារ កគោនោះនៅចំពោះព្រះភក្ត្រព្រះអម្ចាស់ ត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។ 12 ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ ទៅលើជើងអាសនៈ។ 13 ត្រូវយកខ្លាញ់ទាំង អស់ ដែលជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។ 14 រីឯសាច់ ស្បែក និងលាមករបស់វា ត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាយញ្ញបូជារំដោះបាប។
15 ត្រូវនាំចៀមឈ្មោលមួយមក ហើយអោយអរ៉ុន និងកូនរបស់គាត់ ដាក់ដៃលើក្បាលវា។ 16 ត្រូវអារ កចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។ 17 ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាអោយស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។ 18 ត្រូវដុតចៀមនោះនៅលើអាសនៈ ជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ គឺជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
19 ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយអោយអរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ 20 ត្រូវអារ កចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អរ៉ុន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។ 21 ត្រូវយកឈាមពីលើ អាសនៈ និងប្រេងសំរាប់តែងតាំង ទៅប្រោះលើអរ៉ុន និងសម្លៀកបំពាក់របស់គាត់ ព្រមទាំងប្រោះលើកូនប្រុសគាត់ និងសម្លៀកបំពាក់របស់ពួកគេដែរ។ ធ្វើដូច្នេះ ទាំងអរ៉ុន ទាំងកូនប្រុសរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេនឹងបានទៅជាវិសុទ្ធ។ 22 ចៀមទីពីរនេះជាចៀម សំរាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់នៅជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ ដែលជាប់ជាមួយភ្លៅស្ដាំខាងក្រោយ 23 រួចយកនំបុ័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយពីល្អីដាក់នំបុ័ងឥតមេ ដែលគេតាំងថ្វាយព្រះអម្ចាស់ 24 ដាក់ទាំងអស់លើដៃរបស់អរ៉ុន និងកូនរបស់គាត់ ហើយប្រាប់ពួកគេអោយលើកតង្វាយនេះឡើង ជាសញ្ញាថ្វាយព្រះអម្ចាស់។ 25 បន្ទាប់មក ចូរយកតង្វាយពីដៃពួកគេទៅដុតនៅលើអាសនៈ រួមជាមួយតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 26 ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសំរាប់ធ្វើពិធីតែងតាំងអរ៉ុននោះ លើកឡើងជាសញ្ញាថ្វាយព្រះអម្ចាស់ ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។
27 ត្រូវ ប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសំរាប់ធ្វើពិធីតែងតាំងអរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។ 28 ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាព សាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អរ៉ុន និងកូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។
29 ក្រោយ ពេលដែលអរ៉ុនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ ត្រូវផ្ទេរទៅអោយកូនៗរបស់គាត់ ដើម្បីអោយគេពាក់ នៅពេលទទួលពិធីលាបប្រេងតែងតាំងជាបូជាចារ្យ។ 30 ក្នុងចំណោមកូនរបស់ អរ៉ុន អ្នកដែលទទួលតំណែងជាបូជាចារ្យបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
៣១ ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសំរាប់ធ្វើពិធីតែងតាំងបូជាចារ្យ មកចំអិននៅក្នុងទីសក្ការៈ។ 32 អរ៉ុន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំបុ័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 33 មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគតង្វាយនេះ ក្នុងពិធីតែងតាំងពួកគេអោយបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។ 34 ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំបុ័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។
35 ត្រូវ ប្រព្រឹត្តចំពោះអរ៉ុន និងកូនប្រុសរបស់គាត់ តាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះត្រូវធ្វើអោយគ្រប់ប្រាំពីរថ្ងៃ។ 36 រៀងរាល់ថ្ងៃ ត្រូវថ្វាយគោបាមួយជាយញ្ញបូជារំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជំរះអាសនៈអោយបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីអោយអាសនៈនោះបានវិសុទ្ធ។ 37 ក្នុងរយៈពេលប្រាំពីរ ថ្ងៃ អ្នកត្រូវធ្វើពិធីជំរះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាវិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាវិសុទ្ធដែរ។
យញ្ញបូជាប្រចាំថ្ងៃ
38 រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ថ្វាយនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ 39 ត្រូវថ្វាយកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។ 40 ត្រូវយកម្សៅដ៏ម៉ដ្ដ ចំនួនមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* ព្រមទាំងស្រាទំពាំងបាយជូរ សំរាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមទីមួយ។ 41 រីឯកូនចៀមមួយទៀត ត្រូវថ្វាយនៅពេលល្ងាច រួមជាមួយតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតតង្វាយទាំងនេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 42 នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវថ្វាយព្រះអម្ចាស់ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ 43 យើងនឹងមកជួបកូនចៅអ៊ីស្រាអែលនៅទីនេះ ហើយកន្លែងនេះនឹងបានវិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។ 44 យើងនឹងញែកពន្លាជួប ព្រះអម្ចាស់ ព្រមទាំងអាសនៈអោយបានវិសុទ្ធ។ យើងក៏ញែកអរ៉ុន ព្រមទាំងកូនប្រុសរបស់គាត់អោយបានវិសុទ្ធដែរ ដើម្បីអោយពួកគេបំពេញមុខងារជាបូជាចារ្យ*បំរើយើង។ 45 យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែល យើងនឹងធ្វើជាព្រះរបស់ពួកគេ។ 46 ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប ដើម្បីអោយយើងបាននៅជាមួយពួកគេ។ យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ។