ជំពូក ២៦
ព្រះពន្លា
1 ចូរធ្វើព្រះពន្លាពី ក្រណាត់ក្រាស់ដប់ផ្ទាំង ដែលត្បាញដោយអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងក្រហមទុំ។ ក្រណាត់ទាំងនោះត្រូវប៉ាក់លំអដោយខេរូប៊ីម*។ 2 ផ្ទាំងក្រណាត់ទាំងអស់ត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយប្រវែងម្ភៃប្រាំបីហត្ថ ទទឹងបួនហត្ថ។ 3 ត្រូវដេរក្រណាត់ប្រាំផ្ទាំងជាប់គ្នា ហើយក្រណាត់ប្រាំផ្ទាំងទៀតក៏ត្រូវដេរជាប់គ្នាដែរ។ 4 ត្រូវយកអំបោះពណ៌ស្វាយវេញធ្វើខ្សែដែលមានរាងដូចកង ដេរភ្ជាប់តាមជាយម្ខាងរបស់ផ្ទាំងក្រណាត់ធំៗទាំងពីរ។ 5 ត្រូវមានខ្សែកងចំនួន ហាសិបនៅតាមជាយនៃផ្ទាំងធំនីមួយៗ ហើយខ្សែកង ដែលស្ថិតនៅលើផ្ទាំងធំៗទាំងពីរនេះ ត្រូវនៅទន្ទឹមគ្នា។ 6 ចូរធ្វើទំពក់មាសចំនួន ហាសិប សំរាប់ថ្ពក់ផ្ទាំងក្រណាត់ធំទាំងពីរជាប់គ្នា។ ដូច្នេះ មានក្រណាត់តែមួយផ្ទាំងធ្វើជាព្រះពន្លា។
7 បន្ទាប់មក ត្រូវត្បាញក្រណាត់ក្រាស់ដប់មួយផ្ទាំងអំពីរោមពពែ សំរាប់គ្របពីលើព្រះពន្លា។ 8 ផ្ទាំងក្រណាត់ទាំងដប់មួយត្រូវមានទំហំប៉ុនៗគ្នា គឺបណ្ដោយសាមសិបហត្ថ ទទឹងបួនហត្ថ។ 9 មុនដំបូង ត្រូវយកក្រណាត់ប្រាំផ្ទាំងមកដេរភ្ជាប់គ្នា រួចទើបយកក្រណាត់ប្រាំមួយផ្ទាំងទៀត មកដេរភ្ជាប់គ្នាដែរ។ ផ្ទាំងទីប្រាំមួយត្រូវបត់ទម្លាក់ទៅខាងមុខពន្លា។ 10ចូរធ្វើខ្សែកងចំនួនហាសិប ដេរភ្ជាប់នៅជាយម្ខាងនៃផ្ទាំងក្រណាត់ធំៗទីពីរ។ 11 ត្រូវធ្វើទំពក់លង្ហិនចំនួនហាសិប សំរាប់ថ្ពក់ទៅក្នុងខ្សែកង ដើម្បីអោយបានទៅជាក្រណាត់តែមួយផ្ទាំង។ 12 ក្រណាត់ដែលគ្របពីលើ ព្រះពន្លានេះ ត្រូវមានទំហំវែងជាងព្រះពន្លា ពាក់កណ្ដាលផ្ទាំង ហើយសាច់ក្រណាត់ដែលលើសនេះ ត្រូវបត់ទម្លាក់ទៅខាងក្រោយព្រះពន្លា។ 13 រីឯក្រណាត់ដែលលើសមួយហត្ថទាំងសងខាងនៅតាមបណ្ដោយផ្ទាំងធំ ត្រូវទម្លាក់ទៅសងខាងព្រះពន្លា ដើម្បីបាំងព្រះពន្លានេះ។ 14 ត្រូវយកស្បែកពពែឈ្មោល ជ្រលក់ពណ៌ក្រហម គ្របពីលើផ្ទាំងក្រណាត់នោះ ហើយយកស្បែកផ្សោតមកគ្របពីលើថែមទៀត។
15 ចូរយកឈើនាងនួនមកធ្វើជាស៊ុម សំរាប់បញ្ឈរ ទ្រក្រណាត់ព្រះពន្លានោះ 16 ស៊ុមនីមួយៗត្រូវមានកំពស់ដប់ហត្ថ និងទទឹងមួយហត្ថកន្លះ។ 17 នៅលើស៊ុមនីមួយៗត្រូវមានពន្លួញពីរស្របគ្នា។ 18 ត្រូវធ្វើស៊ុមម្ភៃសំរាប់ប៉ែកខាងត្បូងព្រះពន្លា។ 19ត្រូវធ្វើជើងទ្រ ស៊ុមពីប្រាក់ចំនួនសែសិប ដើម្បីទ្រស៊ុមទាំងម្ភៃនោះ គឺជើងទ្រពីរនៅក្រោមស៊ុមមួយ ត្រង់កន្លែងដែលមានពន្លួញទាំងពីរ។ 20 នៅប៉ែកខាងជើងព្រះពន្លា ត្រូវធ្វើស៊ុមចំនួនម្ភៃ 21 និងជើងទ្រស៊ុមពីប្រាក់ចំនួនសែសិប គឺជើងទ្រពីរសំរាប់ស៊ុមមួយ។ 22 នៅខាងក្រោយព្រះពន្លា គឺប៉ែកខាងលិច ត្រូវធ្វើស៊ុមចំនួនប្រាំមួយ។ 23 ត្រូវធ្វើស៊ុមពីរទៀត សំរាប់ជ្រុងខាងក្រោយព្រះពន្លា។ 24 ស៊ុមនៅជ្រុងទាំងពីរ នេះមានទ្រង់ទ្រាយដូចគ្នា គឺផ្នែកខាងក្រោមមានទទឹងធម្មតា តែនៅផ្នែកខាងលើភ្ជាប់គ្នាដោយសារកងមួយ។ 25 ដូច្នេះ នៅប៉ែកខាងក្រោយមានស៊ុមចំនួនប្រាំបី និងជើងទ្រធ្វើពីប្រាក់ចំនួនដប់ប្រាំមួយ គឺជើងទ្រពីរសំរាប់ស៊ុមនីមួយៗ។ 26 ត្រូវយកឈើនាងនួនមកធ្វើជាឈើទទឹងចំនួនប្រាំ សំរាប់បញ្ឈរស៊ុមនៅប៉ែកទីមួយរបស់ព្រះពន្លា 27 ឈើទទឹងប្រាំ សំរាប់ប៉ែកទីពីរនៃព្រះពន្លា ហើយឈើទទឹងប្រាំទៀតសំរាប់ប៉ែកខាងលិចនៃព្រះពន្លា។ 28 ឈើទទឹងដែលនៅកណ្ដាល ត្រូវតែដាក់ចំពាក់កណ្ដាលស៊ុមទាំងអស់ ចាប់ពីចុងម្ខាងទៅចុងម្ខាងទៀតនៃព្រះពន្លា។ 29 ត្រូវយកមាសស្រោបស៊ុមទាំងអស់ ព្រមទាំងធ្វើកងមាសសំរាប់ស៊កឈើទទឹង ហើយឈើទទឹងនោះក៏ត្រូវស្រោបមាសដែរ។
30 ចូរដំឡើងព្រះពន្លាតាមគំរូ ដែលយើងបង្ហាញអោយអ្នកឃើញនៅលើភ្នំ។
31 ចូរ ធ្វើវាំងននមួយត្បាញដោយអំបោះធ្មៃ ដែលលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវតែប៉ាក់លំអដោយរូបខេរូប៊ីម។ 32 ត្រូវថ្ពក់វាំងនននេះ ទៅនឹងបង្គោលបួន ដែលធ្វើពីឈើនាងនួនស្រោបមាស ដែលបញ្ឈរនៅលើជើងទ្របួនធ្វើអំពីប្រាក់ រីឯទំពក់ក៏ត្រូវធ្វើពីមាសដែរ។ 33 ត្រូវយកទំពក់ទាំង នោះមកថ្ពក់វាំងនន រួចយកហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា ទៅដាក់នៅខាងក្រោយវាំងនន។ វាំងនននេះខណ្ឌទីសក្ការៈ និងទីសក្ការៈបំផុត អោយនៅដាច់ពីគ្នា។ 34 បន្ទាប់មក ត្រូវយកគំរបមកគ្របលើហិបដែលដាក់បន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងទីសក្ការៈបំផុត។ 35 ត្រូវដាក់តុនៅខាងមុខវាំងនន ប៉ែកខាងជើង ហើយដាក់ជើងចង្កៀងនៅចំពីមុខតុ គឺនៅប៉ែកខាងត្បូង។
36 រីឯ ទ្វារចូលព្រះពន្លា ត្រូវត្បាញវាំងននមួយទៀតពីអំបោះធ្មៃ លាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ។ វាំងនននេះត្រូវប៉ាក់ក្បាច់លំអដែរ។ 37 ត្រូវយកឈើនាងនួនមក ធ្វើសសរប្រាំដើម រួចស្រោបមាសទៀតផង។ ត្រូវថ្ពក់វាំងននភ្ជាប់ទៅនឹងសសរទាំងនោះ ដោយទំពក់មាស។ ត្រូវយកលង្ហិនធ្វើជើងទ្រចំនួនប្រាំ សំរាប់ទ្រសសរទាំងនោះ។