ជំពូក ១៧
ជនជាតិអ៊ីស្រាអែលខ្វះទឹក
1 សហគមន៍អ៊ីស្រាអែលទាំងមូលចាកចេញពីវាលរហោស្ថានស៊ីន តាមបង្គាប់ព្រះអម្ចាស់។ ពួកគេនាំគ្នាបោះជំរំនៅរេភីឌីម ប៉ុន្តែ នៅទីនោះ គ្មានទឹកសំរាប់ប្រជាជនបរិភោគទេ។ 2 ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកអោយពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»។ 3 នៅទីនោះ ដោយប្រជាជនស្រេកទឹកខ្លាំងពេក ពួកគេនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ ទាំងពោលថា៖ «ហេតុអ្វីបានជាលោកនាំពួកយើងចេញពីស្រុកអេស៊ីប អោយពួកយើង ព្រមទាំងកូនចៅ និងហ្វូងសត្វរបស់ពួកយើងស្លាប់ដោយអត់ទឹកដូច្នេះ?»។ 4 លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវធ្វើដូចម្ដេចចំពោះប្រជាជននេះ? បន្តិចទៀត ពួកគេនឹងយកដុំថ្មគប់សម្លាប់ទូលបង្គំជាពុំខាន»។ 5 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេវិញថា៖ «ចូរដើរទៅខាងមុខប្រជាជន ដោយនាំពួកព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលទៅជាមួយ ហើយកាន់ដំបង ដែលអ្នកវាយទឹកទន្លេនីល ទៅជាមួយផង។ 6 នៅទីនោះ យើងនឹងឈរពីមុខអ្នក លើផ្ទាំងថ្មមួយនៅភ្នំហូរ៉ែប។ ចូរវាយផ្ទាំងថ្ម នោះ ទឹកនឹងហូរចេញមក សំរាប់ប្រជាជនបរិភោគ»។
លោកម៉ូសេក៏ធ្វើតាម នៅចំពោះមុខព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល។ 7 លោកដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រាអែលរករឿងឈ្លោះនឹងលោកម៉ូសេ ព្រមទាំងល្បងលព្រះអម្ចាស់ ដោយពោលថា «តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ជនជាតិអាម៉ាឡេកប្រយុទ្ធជាមួយជនជាតិអ៊ីស្រាអែល
8 ជនជាតិអាម៉ាឡេកនាំគ្នាមកវាយជនជាតិអ៊ីស្រាអែលនៅរេភីឌីម។ 9 លោកម៉ូសេពោលទៅកាន់ លោកយ៉ូស៊ូអាថា៖ «ចូរជ្រើសរើសមនុស្សមួយចំនួន ហើយចេញទៅច្បាំងជាមួយជនជាតិអាម៉ាឡេកចុះ។ ស្អែក ខ្ញុំនឹងឡើងទៅឈរលើកំពូលភ្នំ ទាំងកាន់ដំបងរបស់ព្រះជាម្ចាស់»។ 10 លោកយ៉ូស៊ូអាក៏ចេញទៅ ប្រយុទ្ធជាមួយជនជាតិអាម៉ាឡេក តាមបង្គាប់របស់លោកម៉ូសេ។ ចំណែកលោកម៉ូសេ លោកអរ៉ុន និងលោកហួរ ក៏នាំគ្នាឡើងទៅលើកំពូលភ្នំ។ 11 កាលណាលោកម៉ូសេលើកដៃឡើងលើ ជនជាតិអ៊ីស្រាអែលមានប្រៀបជាង ប៉ុន្តែ កាលណាលោកទម្លាក់ដៃចុះ ជនជាតិអាម៉ាឡេកមានប្រៀបជាង។ 12 ដោយដៃរបស់លោកម៉ូសេ ចុកស្រពន់ ពួកគេក៏យកថ្មមកជូនលោកអង្គុយ។ លោកអរ៉ុន និងលោកហួរ ទ្រដៃលោកម្ខាងម្នាក់ ជាហេតុធ្វើអោយលោកម៉ូសេអាចលើកដៃបាន រហូតដល់ថ្ងៃលិច។ 13 ដូច្នេះ លោកយ៉ូស៊ូអាមានជ័យជំនះលើកងទ័ពអាម៉ាឡេក ហើយប្រហារពួកគេដោយមុខដាវ។
14 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរកត់ត្រាព្រឹត្តិការណ៍នេះក្នុងក្រាំងមួយ ដើម្បីចងចាំទុក។ ចូរប្រាប់យ៉ូស៊ូអាថា យើងនឹងលុបបំបាត់ជនជាតិអាម៉ាឡេកអោយអស់ពីផែនដី ឥតអោយនរណានឹកចាំពីពួកគេទៀតឡើយ»។
15 ពេលនោះ លោកម៉ូសេសង់អាសនៈមួយ រួចដាក់ឈ្មោះថា «ព្រះអម្ចាស់ជាទង់ជ័យរបស់ខ្ញុំ»។ 16 លោកប្រកាសថា៖ «ដោយជនជាតិអាម៉ាឡេកហ៊ានលើកដៃប្រឆាំងនឹងបល្ល័ង្ករបស់ព្រះអម្ចាស់ នោះព្រះអង្គនឹងប្រយុទ្ធជាមួយពួកគេ អស់កល្បជាអង្វែងតរៀងទៅ»។