ជំពូក ១៥

បទ​ចំរៀង​របស់​លោក​ម៉ូសេ និង​កូន​ចៅ​អ៊ីស្រាអែល

1 លោក​ម៉ូសេ និង​ជន​ជាតិ​អ៊ីស្រាអែល នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះអម្ចាស់​ដូច​ត​ទៅ៖
ទូលបង្គំ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់
ព្រះអង្គ​មាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់
ព្រះអង្គ​បាន​ធ្វើ​អោយ​សេះ
និង​ទាហាន​ដែល​ជិះ​លើ​វា
លិច​លង់​ទៅ​ក្នុង​សមុទ្រ!
2 ព្រះអម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ
ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ
ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ
ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ
ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។
ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។
3 ព្រះអម្ចាស់​ជា​វីរបុរស​ដ៏​អង់អាច
ព្រះអង្គ​មាន​ព្រះនាម​ថា ព្រះអម្ចាស់។
4 ព្រះអង្គ​បាន​ធ្វើ​អោយ​រទេះ​ចំបាំង
និង​កងទ័ព​របស់​ស្ដេច​ផារ៉ោន
វិនាស​នៅ​ក្នុង​សមុទ្រ។
នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន​ជាតិ​អេស៊ីប
បាន​លង់​ក្នុង​សមុទ្រ​កក់។
5 ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ
ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។
6 ព្រះអម្ចាស់​អើយ! ព្រះអង្គ​មាន​ព្រះបារមី
ដ៏​ថ្កុំថ្កើង​អស្ចារ្យ!
ព្រះអង្គ​កំទេច​ខ្មាំង​សត្រូវ
ដោយ​ព្រះបារមី​របស់​ព្រះអង្គ។
7 ព្រះអង្គ​ប្រកប​ដោយ​ព្រះចេស្ដា រុងរឿងក្រៃលែង
ព្រះអង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ។
ពេល​ព្រះពិរោធ​របស់​ព្រះអង្គ​ឆាបឆេះ​ឡើង
នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។
8 ពេល​ខ្យល់​របស់​ព្រះអង្គ​បក់​បោក​មក
ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា
រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់
ទឹក​ដែល​នៅ​ទី​ជំរៅ ក៏​មក​កកកុញ
នៅ​បាត​សមុទ្រ​ដែរ។
9 ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ
ខ្ញុំ​នឹង​តាម​គេ​ទាន់
ខ្ញុំ​នឹង​ទទួល​ចំណែក​ជយភ័ណ្ឌ
យ៉ាង​បរិបូណ៌​ហូរហៀរ
ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។
10 ព្រះអង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​អោយ​ទឹក​សមុទ្រ
គ្រប​ទៅ​លើ​ពួក​គេ
ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។
11 ព្រះអម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹង
ព្រះអង្គ​បាន?
តើ​នរណា​មាន​ភាព​ថ្កុំថ្កើង​ដ៏វិសុទ្ធ​ដូច​ព្រះអង្គ។
ព្រះអង្គ​ជា​ព្រះ​គួរ​អោយ​កោត​ស្ញប់ស្ញែង
គួរ​សរសើរ​តម្កើង
ព្រះអង្គ​សំដែង​ឫទ្ធិបាដិហារិយ៍​ដ៏​អស្ចារ្យ។
12 ពេល​ព្រះអង្គ​លើក​ព្រះហស្ដ​ស្ដាំ​ឡើង
ដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។
13 ព្រះអង្គ​បាន​លោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ!
ហើយ​ដឹក​នាំ​ពួក​គេ
ព្រះអង្គ​ប្រើ​ព្រះចេស្ដា​របស់​ព្រះអង្គ នាំ​ពួក​គេ
ឆ្ពោះ​ទៅ​កាន់​ព្រះដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។
14 ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រ
អ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់ស្លុត
15 មេទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់
ទាហាន​ដ៏​អង់អាច​នៅ​ស្រុក​ម៉ូអាប់​ភិតភ័យ
អ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។
16 ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។
ព្រះអម្ចាស់​អើយ
ពេល​ឃើញ​ព្រះអង្គ​សំដែង​ព្រះបារមី​ដ៏​ខ្លាំងក្លា
ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ
រហូត​ទាល់​តែ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឆ្លង​ផុត
គឺ​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។
17 ព្រះអម្ចាស់​អើយ
ព្រះអង្គ​នាំ​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទៅ​ដាក់​លើ
ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ
ជា​កន្លែង​ដែល​ព្រះអង្គ​បាន​រៀបចំ​សំរាប់​គង់​នៅ។
ព្រះអម្ចាស់​អើយ ព្រះអង្គ​បាន​សង់​ទីសក្ការៈ
របស់​ព្រះអង្គ​ឡើង
ដោយ​ព្រះហស្ដ​ព្រះអង្គ​ផ្ទាល់។
18ព្រះអម្ចាស់​នឹង​គ្រង​រាជ្យ​អស់កល្ប​ជានិច្ច
រហូត​ត​រៀង​ទៅ។
19 ពេល​ដែល​សេះ​របស់​ស្ដេច​ផារ៉ោន
ទេះ​ចំបាំង និង​កងទ័ព​សេះ
ចូល​ទៅ​ក្នុង​សមុទ្រ
ព្រះអម្ចាស់​បាន​ធ្វើ​អោយ​ទឹក​សមុទ្រ​ហូរ​មក​វិញ
គ្រប​ពី​លើ​ពួក​គេ
តែ​ជន​ជាតិ​អ៊ីស្រាអែល​ដើរ​តាម​បាត​សមុទ្រ។
20 ពេល​នោះ ព្យាការិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។
21 លោក​ស្រី​ម៉ារាម​បន្លឺ​សំឡេង​ច្រៀង​ថា៖
«ចូរ​ច្រៀង​ថ្វាយ​ព្រះអម្ចាស់
ព្រះអង្គ​មាន​ជ័យជំនះ​ដ៏​ត្រចះត្រចង់
ព្រះអង្គ​បាន​ធ្វើ​អោយ​សេះ
និង​ទាហាន​ដែល​ជិះ​លើ​វា
លិច​លង់​ទៅ​ក្នុង​សមុទ្រ!»។
ប្រជាជន​អ៊ីស្រាអែល​ធ្វើ​ដំណើរ​ក្នុង​វាល​រហោស្ថានប្រភព​ទឹក​ម៉ារ៉ា
22 លោក​ម៉ូសេ​នាំ​ជន​ជាតិ​ អ៊ីស្រាអែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោស្ថាន​ស៊ួរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។
23 លុះ​មក​ ដល់​ប្រភព​ទឹក​ម៉ារ៉ា ពួក​គេ​ពុំ​អាច​បរិភោគ​ទឹក​នោះ​បាន​ទេ ពីព្រោះ​ទឹក​នៅ​ម៉ារ៉ា​មាន​រសជាតិ​ល្វីង។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ម៉ារ៉ា”។ 24 ប្រជាជន​នាំ​គ្នា​រអ៊ូរទាំ​ដាក់​លោក​ម៉ូសេ​ថា៖ «តើ​ពួក​យើង​បាន​អ្វី​ផឹក?»។ 25 ​លោក​​​​ម៉ូសេ​ស្រែក​អង្វរ​ព្រះអម្ចាស់ ព្រះអង្គ​ក៏​បង្ហាញ​ឈើ​មួយ​ប្រភេទ​ដល់​លោក។ លោក​ម៉ូសេ​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​​​​គេ​ក៏​អាច​បរិភោគ​ទឹក​បាន។ នៅ​ទី​នោះ ព្រះអម្ចាស់​ប្រទាន​ច្បាប់ និង​វិន័យ​ដល់​ប្រជាជន​អ៊ីស្រាអែល ហើយ​ព្រះអង្គ​ក៏​បាន​ល្បងល​មើល​ពួក​គេ​ដែរ។ 26 ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ប្រ​សិន​​​​បើ​អ្នក​រាល់​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​បង្គាប់​យើង ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​ប្រព្រឹត្ត​តាម​អ្វីៗ​ដែល​យើង​យល់​ថា​ត្រឹម​ត្រូវ ប្រសិន​បើ​អ្នក​រាល់​គ្នា​ត្រងត្រាប់​ស្ដាប់​បទ​បញ្ជា និង​កាន់​តាម​ច្បាប់​ទាំង​ប៉ុន្មាន​របស់​យើង នោះ​យើង​នឹង​មិន​ធ្វើ​អោយ​អ្នក​រាល់​គ្នា​កើត​ជំងឺ​អ្វី​មួយ ដូច​យើង​បាន​ធ្វើ​ចំពោះ​ជន​ជាតិ​អេស៊ី​ប​​​​​​​ឡើយ ដ្បិត​យើង​ជា​ព្រះអម្ចាស់​ដែល​ប្រោស​អោយ​អ្នក​រាល់​គ្នា​ជា»។
27 ជន​ជាតិ ​អ៊ីស្រាអែល​បាន​មក​ដល់​អេលីម។ នៅ​ទី​នោះ មាន​ប្រភព​ទឹក​ចំនួន​ដប់ពីរ ព្រម​ទាំង​មាន​លម៉ើ​ចំនួន​ចិតសិប​ដើម​ទៀត​ផង។ ពួក​គេ​ក៏​បោះ​ជំរំ​នៅ​ក្បែរ​មាត់​ទឹក។