ជំពូក ៩

គ្រោះ​កាច​ទី​ប្រាំ: ជំងឺ​អាសន្នរោគ

1 បន្ទាប់​មក ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ហើយ​ប្រាប់​ដូច​ត​ទៅ: ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ​មាន​ព្រះបន្ទូល​ថា “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បំរើ​យើង”។ 2 ប្រសិន​បើ​ព្រះករុណា​បដិសេធ​បើក​អោយ​ពួក​គេ​ទៅ ប្រសិន​បើ​ព្រះករុណា​នៅ​តែ​ឃាត់​ពួក​គេ ៣ នោះ​ព្រះអម្ចាស់​ នឹង​ប្រើ​បារមី​របស់​ព្រះអង្គ ប្រហារ​ហ្វូង​សត្វ​របស់​ព្រះករុណា នៅ​តាម​ស្រុក​ស្រែ គឺ​ហ្វូង​សេះ ហ្វូង​លា ហ្វូង​អូដ្ឋ ហ្វូង​គោ និង​ហ្វូង​ចៀម អោយ​កើត​ជំងឺ​អាសន្នរោគ​យ៉ាង​ធ្ងន់ធ្ងរ។4 ប៉ុន្តែ ព្រះអម្ចាស់​មិន​ប្រហារ​ហ្វូង​សត្វ​របស់​ជន​ជាតិ​អ៊ីស្រាអែល អោយ​វិនាស ដូច​ហ្វូង​សត្វ​របស់​ជន​ជាតិ​អេស៊ីប​ទេ»។ 5 ព្រះអម្ចាស់​កំណត់​ពេល​វេលា ដោយ​មាន​ព្រះបន្ទូល​ថា ស្អែក​ព្រះអង្គ​នឹង​ធ្វើ​ការ​នេះ​នៅ​ស្រុក​អេស៊ីប។
6 នៅ​ថ្ងៃ​បន្ទាប់ ព្រះអម្ចាស់​បាន​ប្រហារ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​ នៅ​ស្រុក​អេស៊ីប​អោយ​វិនាស ប៉ុន្តែ គ្មាន​សត្វ​ណា​មួយ​របស់​ជន​ជាតិ​អ៊ីស្រាអែល ត្រូវ​វិនាស​ឡើយ។ 7 ព្រះចៅ​ផារ៉ោន​បាន​ចាត់​ គេ​អោយ​ទៅ​ស៊ើបសួរ ហើយ​ស្ដេច​ជ្រាប​ថា​គ្មាន​សត្វ​ណា​មួយ​ក្នុង​ហ្វូង​សត្វ​របស់​ជន​ជាតិ​ អ៊ីស្រាអែល ត្រូវ​វិនាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះចៅ​ផារ៉ោន​នៅ​តែ​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​អនុញ្ញាត​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ​ទេ។

គ្រោះ​កាច​ទី​ប្រាំ​មួយ: ជំងឺ​បូស

8 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖ «ចូរ​យក​ដៃ​ក្ដាប់​ផេះ​ពី​ចង្ក្រាន ហើយ​អោយ​ម៉ូសេ​បាច​ឡើង​ទៅ​លើ នៅ​ចំពោះ​មុខ​ស្ដេច​ផារ៉ោន 9 ផេះ​នោះ​នឹង​ធ្លាក់​មក​ជា ​ធូលី​នៅ​ពាសពេញ​ស្រុក​អេស៊ីប។ ពេល​នោះ ទាំង​មនុស្ស ទាំង​សត្វ នៅ​ស្រុក​អេស៊ីប​នឹង​កើត​បូស ក្លាយ​ជា​ដំបៅ​ងា​ទៀត​ផង»។ 10 លោក​ម៉ូសេ និង​លោក​អរ៉ុន​ក៏​យក​ផេះ​ពី​ចង្ក្រាន ហើយ​នាំ​គ្នា​ទៅ​គាល់​ព្រះចៅ​ផារ៉ោន។ លោក​ម៉ូសេ​បាច​ផេះ​ទៅ​លើ បណ្ដាល​អោយ​មនុស្ស និង​សត្វ​កើត​បូស មាន​ដំបៅ​ងា​ពេញ​ខ្លួន។ 11 ពួក​គ្រូ​ធ្មប់​ពុំ​អាច​មក​ជួប​លោក​ម៉ូសេ​បាន​ទេ ព្រោះ​ពួក​គេ​កើត​បូស​ពេញ​ខ្លួន ដូច​ជន​ជាតិ​អេស៊ីប​ទាំង​អស់​ដែរ។ 12 ប៉ុន្តែ ព្រះអម្ចាស់​ធ្វើ​អោយ​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​ព្រម​ស្ដាប់​លោក​ម៉ូសេ និង​លោក​អរ៉ុន ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទុក​ស្រាប់។

គ្រោះ​កាច​ទី​ប្រាំពីរ: ព្រឹល

13 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ព្រឹក​ស្អែក ចូរ​ក្រោក​ពី​ព្រលឹម​ទៅ​ជួប​ស្ដេច​ផារ៉ោន ប្រាប់​ថា: ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​ហេប្រឺ មាន​ព្រះបន្ទូល​ដូច​ត​ទៅ “ចូរ​បើក​អោយ​ប្រជារាស្ត្រ​របស់​យើង ចេញ​ទៅ​គោរព​បំរើ​យើង។ 14​ លើក​នេះ យើង​ប្រើ​គ្រោះ​កាច​គ្រប់​បែប​យ៉ាង ប្រហារ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជារាស្ត្រ​របស់​អ្នក ដើម្បី​អោយ​អ្នក​ទទួល​ស្គាល់​ថា គ្មាន​នរណា​ម្នាក់​នៅ​លើ​ផែនដី​អាច​ប្រៀប​ផ្ទឹម​នឹង​យើង​ឡើយ។ 15 ប្រសិន​បើ​យើង​មិន​ អាណិត​អ្នក​ទេ ម៉្លេះ​សម​យើង​ប្រើ​ជំងឺ​អាសន្នរោគ​ប្រហារ​អ្នក និង​ប្រជារាស្ត្រ​របស់​អ្នក អោយ​វិនាស​សូន្យ​ពី​ផែនដី​បាត់​ទៅ​ហើយ។ 16 យើង​ទុក​ជីវិត​អ្នក ដើម្បី​អោយ​អ្នក​ឃើញ​ឫទ្ធិ​បារមី​របស់​យើង ហើយ​អោយ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ល្បី​សុសសាយ​ពាសពេញ​ផែនដី។ 17 អ្នក​បាន​ជំទាស់​នឹង​ប្រជារាស្ត្រ​របស់​យើង ដោយ​មិន​បើក​អោយ​គេ​ចេញ​ទៅ​ទេ។ 18 ដូច្នេះ ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ធ្វើ​អោយ​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គឺ​តាំង​ពី​ស្រុក​អេស៊ីប​កកើត​រហូត​មក​ទល់​សព្វ​ថ្ងៃ គេ​មិន​ដែល​ជួប​ប្រទះ​បែប​នេះ​ទេ។ 19 ឥឡូវ​នេះ ចូរ​ប្រាប់​គេ​អោយ​ប្រមូល​ហ្វូង​សត្វ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​អ្នក​មាន​នៅ​តាម​វាល យក​ទៅ​ទុក។ ប្រសិន​បើ​មនុស្ស ឬ​សត្វ​ដែល​នៅ​តាម​វាល​គ្មាន​ជំរក​ទេ ពេល​ព្រឹល​ធ្លាក់ ពួក​គេ​មុខ​ជា​វិនាស​មិន​ខាន”»។
20 នាម៉ឺន​មន្ត្រី​មួយ​ចំនួន ដែល​កោត​ខ្លាច​ព្រះបន្ទូល​របស់​ព្រះ​អម្ចាស់ ក៏​នាំ​អ្នក​បំរើ និង​ហ្វូង​សត្វ​របស់​ខ្លួន​ចូល​ក្នុង​ជំរក។ 21 រីឯ​អស់​អ្នក​ ដែល​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ព្រះបន្ទូល​របស់​ព្រះអ​ម្ចាស់​​ទេ ក៏​ទុក​អ្នក​បំរើ និង​ហ្វូង​សត្វ​របស់​ខ្លួន​នៅ​តាម​វាល។
22 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​លើក​ដៃ​ទៅ​លើ​មេឃ នោះ​នឹង​មាន​ព្រឹល​ធ្លាក់​លើ​មនុស្ស លើ​សត្វ និង​លើ​តិណ​ជាតិ​ទាំង​អស់​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល»។ 23 លោក​ម៉ូសេ​លើក​ដំបង​តម្រង់​ទៅ​លើ​មេឃ ព្រះអម្ចាស់​ធ្វើ​អោយ​មាន​ផ្គរលាន់ និង​ព្រឹល ហើយ​មាន​រន្ទះ​បាញ់​មក​លើ​ផែន​ដី។ ព្រះអម្ចាស់​ក៏​បង្អុរ​ព្រឹល​អោយ​ធ្លាក់​មក​លើ​ស្រុក​អេស៊ីប។ 24​ ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង លាយឡំ​នឹង​រន្ទះ​យ៉ាង​សាហាវ ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គឺ​តាំង​ពី​ប្រជាជាតិ​អេស៊ីប​កកើត​មក​មិន​ដែល​មាន​ដូច្នេះ​ទេ។ 25 នៅ​ពាសពេញ​ស្រុក​អេស៊ីប​ទាំង​មូល មាន​ព្រឹល​ធ្លាក់​មក​លើ​មនុស្ស និង​សត្វ​នៅ​តាម​វាល បំផ្លាញ​តិណ​ជាតិ និង​បំបាក់​ដើម​ឈើ​ទៀត​ផង។ 26 មាន​តែ​ស្រុក​កូសែន​ជា​កន្លែង​ដែល​ជន​ជាតិ​អ៊ីស្រាអែល​រស់​នៅ​ប៉ុណ្ណោះ ទើប​គ្មាន​ធ្លាក់​ព្រឹល។ 27 ព្រះចៅ​ផារ៉ោន​ក៏​កោះ​ហៅ​លោក​ម៉ូសេ និង​លោក​អរ៉ុន ហើយ​មាន​រាជឱង្ការ​ថា៖ «លើក​នេះ យើង​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន មាន​តែ​ព្រះអម្ចាស់​ទេ​ដែល​សុចរិត រីឯ​យើង និង​ប្រជារាស្ត្រ​របស់​យើង​ជា​មនុស្ស​អាក្រក់។ 28 ចូរ​អង្វរ​ព្រះអម្ចាស់ សូម​កុំ​អោយ​មាន​ផ្គរ និង​ព្រឹល​ត​ទៅ​ទៀត។ យើង​អនុញ្ញាត​អោយ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ហើយ គ្មាន​នរណា​ឃាត់​ឃាំង​​អ្នក​រាល់​គ្នា​ទៀត​ទេ»។
29 លោក​ម៉ូសេ​តប​វិញ​ថា៖ «ពេល​ទូលបង្គំ​ចាក​ចេញ​ពី​ទីក្រុង ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ ទូលអង្វរ​ព្រះអម្ចាស់ នោះ​ផ្គរលាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ព្រះករុណា​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់​ព្រះអម្ចាស់។ 30 ប៉ុន្តែ ទូលបង្គំ​ដឹង​ថា​ព្រះករុណា ព្រម​ទាំង​នាម៉ឺន​មន្ត្រី មិន​ទាន់​កោត​ខ្លាច​ព្រះអម្ចាស់​នៅ​ឡើយ»។ 31 ពេល​នោះ ដើម​ធ្មៃ​កំពុង​ចេញ​ផ្កា និង​ស្រូវ​ស្រាល​កំពុង​ដាក់​គ្រាប់ 32 រីឯ​ស្រូវ​សាលី និង​ស្រូវ​ធ្ងន់​មិន​ត្រូវ​ខូច​ខាត​ឡើយ ព្រោះ​មិន​ទាន់​ចេញ​កួរ។ 33 បន្ទាប់​មក លោក​ម៉ូសេ​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន រួច​ចេញ​ទៅ​ក្រៅ​ទីក្រុង។ លោក​លើក​ដៃ​ប្រណម្យ ទូលអង្វរ​ព្រះអម្ចាស់ ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។
34 ពេល​ព្រះចៅ​ផារ៉ោន​ឃើញ​ភ្លៀង និង​ព្រឹល​ឈប់​ធ្លាក់ ហើយ​ផ្គរ​ស្ងប់​ស្ងាត់​ទៅ​វិញ​ដូច្នេះ ស្ដេច​ក៏​ប្រព្រឹត្ត​អំពើ​បាប​ជា​ថ្មី​ទៀត គឺ​ទាំង​ស្ដេច ទាំង​នាម៉ឺន​មន្ត្រី​នៅ​តែ​មានះ​ដដែល។ 35​ព្រះចៅ​ផារ៉ោន​មាន​ព្រះហឫទ័យ​មានះ មិន​អនុញ្ញាត​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ទៅ ដូច​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​តាម​រយៈ​លោក​ម៉ូសេ។