ជំពូក ៧
1 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើអោយអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។ 2 អ្នកនឹងប្រាប់អរ៉ុន នូវសេចក្ដីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្ដីទាំងនោះទៅប្រាប់ស្ដេចផារ៉ោន ដើម្បីស្ដេចអនុញ្ញាតអោយកូនចៅអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ 3 រីឯយើងវិញ យើងនឹងធ្វើអោយស្ដេចផារ៉ោនមានចិត្តរឹងរូស យើងនឹងបង្ហាញឫទ្ធិបាដិហារិយ៍ និងទីសំគាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។ 4 ស្ដេចផារ៉ោននឹងមិន ស្ដាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រាអែល ជាប្រ ជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ 5 ពេលណាយើងវាយប្រហារស្រុកអេ ស៊ីប ហើយនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់»។ 6 លោកម៉ូសេ និងលោកអរ៉ុន ធ្វើតាមព្រះបញ្ជារបស់ព្រះអម្ចាស់សព្វគ្រប់ទាំងអស់។ 7 នៅពេលលោកទាំងពីរទៅគាល់ព្រះចៅផារ៉ោននោះ លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ លោកអរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
ព្រះចៅផារ៉ោនមិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន
8 ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេ និងលោកអរ៉ុនថា៖ 9 «ប្រសិនបើស្ដេចផារ៉ោន ទាមទារអោយអ្នកសំដែងបាដិហារិយ៍នោះ ត្រូវប្រាប់អរ៉ុនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្ដេចផារ៉ោន” ដំបងនោះនឹងក្លាយទៅជាពស់»។ 10 លោកម៉ូសេ និងលោកអរ៉ុនក៏ទៅគាល់ព្រះចៅផារ៉ោន ហើយធ្វើតាមសេចក្ដី ដែលព្រះអម្ចាស់បានបង្គាប់មកពួកលោក។ លោកអរ៉ុនបោះដំបងនៅមុខព្រះចៅផារ៉ោន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ 11 ប៉ុន្តែ ព្រះចៅផារ៉ោនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ 12 ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយជាពស់ ប៉ុន្តែ ដំបងរបស់លោកអរ៉ុនបានលេបដំបងរបស់ពួកគេអស់។ 13 ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់ គឺស្ដេចមិនព្រមស្ដាប់លោកម៉ូសេ និងលោកអរ៉ុនទេ។
គ្រោះកាចទីមួយ: ទឹកក្លាយជាឈាម
14 បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ស្ដេចផារ៉ោនមានះណាស់ ហើយមិនអនុញ្ញាតអោយប្រជា ជនចេញទៅទេ។ 15 ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្ដេចផារ៉ោន នៅពេលស្ដេចចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។ 16 ចូរប្រាប់ស្ដេចផារ៉ោនថា: ព្រះអម្ចាស់ ជាព្រះនៃជនជាតិហេប្រឺ ចាត់ទូលបង្គំអោយមកទូលព្រះករុណាថា “ចូរបើកអោយប្រជារាស្ត្ររបស់យើងចេញទៅគោរពបំរើយើង នៅវាលរហោស្ថាន!” ប៉ុន្តែ រហូតមកដល់ពេលនេះ ព្រះករុណាមិនព្រមស្ដាប់ទេ។ 17 ហេតុនេះ ព្រះ អម្ចាស់មានព្រះបន្ទូលថា “ម្ដងនេះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”។ “ទូលបង្គំនឹងយកដំបងដែលទូលបង្គំកាន់វាយទឹកទន្លេនីល ហើយទឹកនេះនឹងក្លាយទៅជាឈាម។ 18 ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។ 19 ព្រះអម្ចាស់ មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅនេះ ៖ «ចូរប្រាប់អរ៉ុនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីអោយទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាស ពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
20 លោកម៉ូសេ និងលោកអរ៉ុន ធ្វើតាមបញ្ជារបស់ព្រះ អម្ចាស់ គឺលោកអរ៉ុនលើកដំបងវាយទឹកទន្លេនីល នៅចំពោះព្រះភក្ត្ររបស់ព្រះចៅផារ៉ោន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។ 21 ត្រីទាំងប៉ុន្មាននៅ ក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។ 22 ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ព្រះចៅផារ៉ោននៅតែមានព្រះហឫទ័យរឹងចចេស មិនព្រមស្ដាប់លោកម៉ូសេ និងលោកអរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ 23 ព្រះចៅផារ៉ោនត្រឡប់ចូលទៅក្នុងវាំងវិញ ដោយមិនយកព្រះហឫទ័យទុកដាក់នឹងការទាំងនោះឡើយ។ 24 ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្ដូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។
គ្រោះកាចទីពីរ: កង្កែប
25 ក្រោយពីព្រះអម្ចាស់វាយទឹកទន្លេនីលបានប្រាំពីរថ្ងៃ
26 ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរទៅជួបស្ដេចផារ៉ោន ហើយប្រាប់ដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា “ចូរបើកអោយប្រជារាស្ត្ររបស់យើងចេញទៅគោរពបំរើយើង។ 27 ប្រសិនបើអ្នកបដិសេធ យើងនឹងប្រើកង្កែបអោយមកបំផ្លាញទឹកដីរបស់អ្នក។ 28 កង្កែបនឹងកើតពេញទន្លេនីល វានឹងលោតចូលទៅក្នុងវាំង ក្នុងបន្ទប់ ហើយក្នុងក្រឡាបន្ទំរបស់អ្នកទៀតផង។ កង្កែបទាំងនោះនឹងលោតចូលទៅក្នុងផ្ទះនាម៉ឺនសព្វមុខមន្ត្រី និងផ្ទះប្រជារាស្ត្ររបស់អ្នក ព្រមទាំងចូលទៅក្នុងចង្ក្រាន និងផើងម្សៅ។ 29 វានឹងលោតឡើងលើរូបកាយអ្នក រូបកាយនាម៉ឺនមន្ត្រី និងលើរូបកាយប្រជារាស្ត្ររបស់អ្នកទៀតផង”»។