ជំពូក ៤

ព្រះអម្ចាស់​បង្ហាញ​ឫទ្ធានុភាព​អោយ​លោក​ម៉ូសេ​ឃើញ

1 លោក​ម៉ូសេ​ឆ្លើយ​ថា៖ «ប្រហែល​ជា​ជន​ជាតិ​អ៊ីស្រា​អែល​​មិន​ជឿ ហើយ​មិន​ស្ដាប់​សំដី​ទូលបង្គំ​ទេ។ ពួក​គេ​នឹង​ពោល​មក​ទូលបង្គំ​ថា “ព្រះអម្ចាស់​មិន​បាន​បង្ហាញ​អោយ​អ្នក​ឃើញ​ព្រះអង្គ​ឡើយ”»។ 2 ព្រះអម្ចាស់​សួរ​លោក​ថា៖ «តើ​អ្នក​កាន់​អ្វី?» លោក​ឆ្លើយ​ថា៖ «ទូលបង្គំ​កាន់​ដំបង»។ 3 ព្រះ​អម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បោះ​វា​ទៅ​ដី​ទៅ!»។ លោក​ម៉ូសេ​បោះ​ដំបង​ទៅ​ដី ដំបង​នោះ​ក៏​ក្លាយ​ជា​ពស់។ លោក​ម៉ូសេ​រត់​ចេញ​ពី​ពស់។ 4 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «លូក​ដៃ​ចាប់​កន្ទុយ​វា​ទៅ!»។ លោក​លូក​ដៃ​ចាប់​វា ពស់​នោះ​ក៏​ប្រែ​ទៅ​ជា​ដំបង​នៅ​ក្នុង​ដៃ​របស់​លោក។ 5 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ធ្វើ​ដូច្នេះ កូន​ចៅ​អ៊ីស្រាអែល​នឹង​ជឿ​ថា ព្រះអម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​គេ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប បាន​បង្ហាញ​ព្រះអង្គ​អោយ​អ្នក​ឃើញ​មែន»។ 6 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ទៅ»។ លោក​ម៉ូសេ​ក៏​ដាក់​ដៃ​លើ​ទ្រូង រួច​ពេល​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​កើត​ឃ្លង់ ឡើង​ស​ដូច​កប្បាស។ 7 ព្រះអម្ចាស់​ បញ្ជា​ទៀត​ថា៖ «ចូរ​ដាក់​ដៃ​លើ​ទ្រូង​អ្នក​ម្ដង​ទៀត»។ លោក​ម៉ូសេ​ដាក់​ដៃ​លើ​ទ្រូង ហើយ​ពេល​លោក​ដក​ដៃ​មក​វិញ លោក​ឃើញ​ដៃ​លោក​ជា​ដូច​ធម្មតា។ 8 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​ជឿ​អ្នក ហើយ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ទី​សំគាល់​ទី​មួយ​ទេ គេ​មុខ​ជា​ជឿ​លើ​ទី​សំគាល់​ក្រោយ​នេះ។ 9 ប្រសិន​បើ​ពួក​គេ​នៅ​តែ​ មិន​ជឿ​លើ​ទី​សំគាល់​ទាំង​ពីរ​នេះ ហើយ​មិន​ស្ដាប់​សំដី​របស់​អ្នក​ទេ ចូរ​យក​ទឹក​ទន្លេ​នីល​ទៅ​ចាក់​លើ​ដី​ស្ងួត ទឹក​ដែល​អ្នក​យក​ពី​ទន្លេ​នីល​មក​នោះ នឹង​ក្លាយ​ទៅ​ជា​ឈាម​នៅ​លើ​ដី​ស្ងួត»។

ព្រះជាម្ចាស់​តាំង​លោក​អរ៉ុន​អោយ​ធ្វើ​ជា​ជំនួយ​ការ​របស់​លោក​ម៉ូសេ

10 លោក​ម៉ូសេ​ទូល​ព្រះអម្ចាស់​ថា៖ «បពិត្រ​ព្រះអម្ចាស់​ តាំង​តែ​ពី​ដើម​រៀង​មក រហូត​ដល់​ពេល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ទូលបង្គំ ទូលបង្គំ​មិន​មែន​ជា​មនុស្ស​ពូកែ​វោហារ​ទេ ដ្បិត​ទូលបង្គំ​មិន​ប្រសប់​និយាយ»។ 11 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​អោយ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​អោយ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី? 12 ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ចុះ ពេល​អ្នក​និយាយ យើង​នឹង​នៅ​ជា​មួយ​អ្នក យើង​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​ត្រូវ​និយាយ»។
13 លោក​ម៉ូសេ​ទូល​ព្រះអង្គ​ថា៖ «ព្រះអម្ចាស់​អើយ សូម​ព្រះអង្គ​ចាត់​នរណា​ម្នាក់​ទៀត​អោយ​ទៅ​ចុះ!»។ 14 ពេល​នោះ ព្រះ​​​​​​​​​អម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​លោក​ម៉ូសេ​ យ៉ាង​ខ្លាំង ហើយ​​​​​មាន​ព្រះបន្ទូល​ថា៖ «អ្នក​មាន​បង​ប្រុស​ម្នាក់ ឈ្មោះ​អរ៉ុន ជា​កូន​ចៅ​លេវី។ យើង​ដឹង​ថា គាត់​ជា​មនុស្ស​ពូកែ​វោហារ ហើយ​កំពុង​តែ​មក​រក​ជួប​អ្នក​ទៀត​ផង។ កាល​ណា​គាត់​ឃើញ​អ្នក នោះ​គាត់​មុខ​ជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ 15 អ្នក​នឹង​ប្រាប់​គាត់​ អោយ​​និយាយ​ជំនួស​នូវ​សេចក្ដី ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។ 16 គាត់​នឹង​និយាយ​ទៅ​កាន់​ប្រជាជន​ជំនួស​អ្នក គាត់​ជា​អ្នក​នាំ​ពាក្យ​របស់​អ្នក ហើយ​អ្នក​ប្រៀប​ដូច​ជា​ព្រះ​សំរាប់​គាត់។ 17 ចូរ​កាន់​ដំបង​នេះ​ទៅ​ជា​មួយ ដោយសារ​ដំបង​នេះ អ្នក​អាច​ធ្វើ​ទី​សំគាល់​ដ៏​អស្ចារ្យ​ផ្សេងៗ»។

លោក​ម៉ូសេ​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ

18 លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជំរាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បង​ប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​អោយ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខសាន្ត​ចុះ!»។
19 នៅ​ស្រុក​ម៉ាឌីយ៉ាន ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «ចូរ​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ​ចុះ ព្រោះ​ពួក​ដែល​ប៉ុនប៉ង​សម្លាប់​អ្នក​បាន​ស្លាប់​អស់​ហើយ»។ 20 លោក​ម៉ូសេ​នាំ​ប្រពន្ធ កូន ជិះ​លា​ត្រឡប់​ទៅ​ស្រុក​អេស៊ីប​វិញ។ លោក​បាន​កាន់​ដំបង​របស់​ព្រះជាម្ចាស់​ទៅ​ជា​មួយ​ដែរ។
21 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ផ្ដល់​អំណាច​អោយ​អ្នក​សំដែង​ឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេល​ទៅ​ដល់​ស្រុក​អេស៊ីប ចូរ​សំដែង​ឫទ្ធិបាដិហារិយ៍​ទាំង​នោះ​អោយ​ស្ដេច​ផារ៉ោន​ឃើញ។ រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ស្ដេច​ផារ៉ោន​មាន​ចិត្ត​រឹង​ចចេស មិន​ព្រម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​មក​ទេ។ 22 ត្រូវ​ប្រាប់​ស្ដេច​ផារ៉ោន​ថា: “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ប្រជាជន​អ៊ីស្រាអែល​ជា​កូន​ច្បង​របស់​យើង 23 ចូរ​អនុញ្ញាត​អោយ​កូន​របស់​យើង​ចេញ​ទៅ​គោរព​បំរើ​យើង។ ប្រសិន​បើ​អ្នក​មិន​ព្រម​ទេ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក”»។
24 ពេល​ធ្វើ​ដំណើរ លោក​ម៉ូសេ​ឈប់​សំរាក​នៅ​កន្លែង​មួយ យប់​នោះ ព្រះអម្ចាស់​ក៏​ចូល​មក​ជិត ដើម្បី​រក​សម្លាប់​លោក។ 25 នាង​សេផូរ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ដោយសារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។ 26 ពេល​នោះ ព្រះអម្ចាស់​ចាក​ចេញ​ពី​លោក​ម៉ូសេ។ នាង​សេផូរ៉ា​ពោល​ថា «ដោយ​​​សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​កាត់​ស្បែក។
27 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​កាន់​លោក​អរ៉ុន​ថា៖ «ចូរ​ចេញ​ទៅ​ជួប​ម៉ូសេ​នៅ​វាល​រហោស្ថាន»។ លោក​អរ៉ុន​ក៏​ចេញ​ទៅ​ជួប​លោក​ម៉ូសេ នៅ​ភ្នំ​របស់​ព្រះជាម្ចាស់ ហើយ​ឱប​លោក។ 28 លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​លោក​អរ៉ុន​អំពី​ព្រះបន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​ចាត់​លោក​អោយ​មក​ប្រកាស។ លោក​ក៏​រៀប​រាប់​អំពី​ទី​សំគាល់​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្គាប់​អោយ​លោក​ធ្វើ​ទៀត​ផង។ 29 បន្ទាប់​មក លោក​ម៉ូសេ និង​លោក​អរ៉ុន នាំ​គ្នា​ទៅ​ប្រមូល​ចាស់​ទុំ​ទាំង​អស់​របស់​អ៊ីស្រាអែល។ 30 លោក​អរ៉ុន​រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​ប្រាប់​លោក​ម៉ូសេ ព្រម​ទាំង​ធ្វើ​ទី​សំគាល់​អោយ​ប្រជាជន​ឃើញ​ផង។ 31 ប្រជាជន​នាំ​គ្នា​ជឿ ហើយ​យល់​ថា ព្រះអម្ចាស់​បាន​ឃើញ​ទុក្ខ​វេទនា​របស់​ជន​ជាតិ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​មក​សង្គ្រោះ​ពួក​គេ។ ពួក​គេ​ក៏​អោន​កាយ ក្រាប​ថ្វាយបង្គំ​ព្រះអង្គ។