ជំពូក ១
ព្រះជាម្ចាស់រំដោះជនជាតិអ៊ីស្រាអែលពីស្រុកអេស៊ីប
ជនជាតិអ៊ីស្រាអែលជាទាសករនៅស្រុកអេស៊ីប
1 នេះជាបញ្ជីរាយនាមកូន ចៅអ៊ីស្រាអែល ដែលបានមកនៅស្រុកអេស៊ីបជាមួយលោកយ៉ាកុប ព្រមទាំងគ្រួសាររបស់គេរៀងៗខ្លួនគឺមាន: 2 រូបេន ស៊ីម៉ូន លេវី យូដា 3 អ៊ីសាកា សាប៊ូឡូន បេនយ៉ាមីន 4 ដាន់ ណែបថាលី កាដ និងអេស៊ែរ។ 5 ពូជពង្សរបស់លោកយ៉ាកុបមានចំនួនទាំងអស់ ចិតសិបនាក់។ រីឯលោកយ៉ូសែបរស់នៅក្នុងស្រុកអេស៊ីបស្រាប់ហើយ។ 6 ក្រោយមក លោកយ៉ូសែប និងបងប្អូនរបស់លោក ព្រមទាំងកូនចៅរបស់លោកយ៉ាកុបមួយជំនាន់នោះបានស្លាប់អស់ទៅ។ 7 ជនជាតិអ៊ីស្រាអែល បង្កើតកូនចៅបន្តពូជពង្សកើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
8 មានស្ដេចថ្មីមួយអង្គឡើងគ្រងរាជ្យនៅស្រុកអេស៊ីប។ ស្ដេចនោះមិនបានស្គាល់លោកយ៉ូសែបទេ។ 9 ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនអេស៊ីបថា៖ «ឥឡូវនេះ ជនជាតិអ៊ីស្រាអែលមានគ្នាច្រើន និងមានកម្លាំងជាងពួកយើង។ 10 ដូច្នេះ យើងត្រូវមានវិធានការទប់ស្កាត់ពួកគេ កុំអោយកើនចំនួនច្រើនឡើងទៀត។ បើមិនដូច្នោះទេ ពេលណាកើតសង្គ្រាម ពួកគេមុខជាចូលដៃជាមួយខ្មាំងសត្រូវ ដើម្បីវាយយើង ហើយនាំគ្នារត់ចេញពីស្រុក»។ 11 ជនជាតិអេស៊ីបបាន តែងតាំងមេត្រួតត្រាលើជនជាតិអ៊ីស្រាអែល ដើម្បីបង្ខំពួកគេអោយធ្វើការជាទម្ងន់។ ជនជាតិអ៊ីស្រាអែលសង់ក្រុងពីតុម និងក្រុងរ៉ាមសែស សំរាប់ដាក់ភោគទ្រព្យរបស់ព្រះចៅផារ៉ោន។ 12 ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រាអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រាអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្ដាលអោយជនជាតិអេស៊ីបភ័យខ្លាច។ 13 ពេលនោះ ជនជាតិអេស៊ីបចាត់ទុកជនជាតិអ៊ីស្រាអែលជាទាសករ ហើយបង្ខិតបង្ខំអោយធ្វើការយ៉ាងធ្ងន់ធ្ងរ។ 14 គេធ្វើអោយជនជាតិ អ៊ីស្រាអែលវេទនាខ្លោចផ្សា គឺប្រើអោយជាន់ដីឥដ្ឋ ធ្វើដុំឥដ្ឋ និងធ្វើការគ្រប់មុខនៅតាមស្រែចំការ ពោលគឺប្រើអោយធ្វើការងារដ៏ធ្ងន់ធ្ងរគ្រប់យ៉ាង។
ព្រះចៅផារ៉ោនធ្វើទុក្ខទោសជនជាតិអ៊ីស្រាអែល
15 ស្ដេចស្រុកអេស៊ីបបញ្ជាទៅឆ្មបពីរនាក់ ម្នាក់ឈ្មោះនាងស៊ីប្រា ម្នាក់ឈ្មោះនាងពូអា ដែលជួយស្ត្រីហេប្រឺថា៖ 16 «កាលណាអ្នកបង្កើត កូនអោយស្ត្រីហេប្រឺ ចូរពិនិត្យមើលកូនដែលកើតមកនោះ ប្រសិនបើជាកូនប្រុស ត្រូវសម្លាប់ចោល ប្រសិនបើជាកូនស្រី ចូរទុកអោយវារស់ចុះ»។ 17 ប៉ុន្តែ ឆ្មបទាំងពីរនាក់នោះគោរពកោតខ្លាចព្រះជាម្ចាស់ គាត់មិនបានធ្វើតាមបញ្ជារបស់ស្ដេចស្រុកអេស៊ីបទេ គឺគាត់ទុកអោយកូនប្រុសៗនៅរស់ដែរ។ 18 ស្ដេចស្រុកអេស៊ីបក៏ កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកអោយកូនប្រុសៗនៅរស់?»។ 19 ឆ្មបទាំងពីរទូល ព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសំរាលកូនរួចស្រេចទៅហើយ»។ 20 ព្រះជាម្ចាស់ប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រាអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ 21 ដោយឆ្មបទាំងពីរកោតខ្លាចព្រះជាម្ចាស់ ព្រះអង្គប្រោសប្រទានអោយគ្រួសាររបស់គាត់បានចំរុងចំរើន។
22 បន្ទាប់ មក ព្រះចៅផារ៉ោនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតអោយតែកូនស្រីៗប៉ុណ្ណោះ!»។