សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤២,១-៧
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «លោកនេះហើយជាអ្នកបម្រើដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើងខ្ញុំ។ យើងដាក់វិញ្ញាណរបស់យើងឱ្យសណ្ឋិតនៅលើលោក។ លោកនឹងបង្ហាញឱ្យប្រជាជាតិទាំងឡាយស្គាល់ការវិនិច្ឆ័យរបស់យើង។ លោកមិនស្រែក ឬគំហកកំហែងដាក់នរណាឡើយ ហើយក៏មិនបន្លឺសម្លេងនៅតាមផ្លូវដែរ។ លោកនឹងមិនកាច់ផ្តាច់ដើមត្រែងណាដែលទក់ហើយនោះទេ លោកក៏មិនផ្លុំពន្លត់ភ្លើងដែលហៀបនឹងរលត់នោះដែរ។ ប្រាកដមែនហើយ! លោកនឹងបង្ហាញការវិនិច្ឆ័យរបស់យើង។ លោកនឹងមិនខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឱ្យការវិនិច្ឆ័យរបស់យើងបានសម្រេចនៅលើផែនដី។ មនុស្សនៅទីដាច់ស្រយាលនៃផែនដីក៏រង់ចាំទទួលការប្រៀនប្រដៅពីលោកដែរ»។ ព្រះជាអម្ចាស់ដែលបានបង្កើត និងលាតត្រដាងផ្ទៃមេឃ ព្រះអង្គបានសន្ធឹងផែនដី និងធ្វើឱ្យមានអ្វីៗទាំងអស់ដុះឡើង។ ព្រះអង្គបានប្រទានដង្ហើមចេញចូលឱ្យសត្វលោកទាំងអស់រស់នៅផែនដី ហើយប្រទានជីវិតឱ្យអស់អ្នកដែលដើរទៅមកនៅលើផែនដីនេះ។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងនេះហើយជាព្រះអម្ចាស់! យើងបានហៅអ្នកស្របតាមសេចក្តីសុចរិតរបស់យើង។ យើងកាន់ដៃអ្នក យើងទុកអ្នកដោយឡែកពីគេ ហើយតែងតាំងអ្នកធ្វើជាសម្ព័ន្ធមេត្រីជាមួយប្រជាជនឱ្យអ្នកធ្វើពន្លឺសម្រាប់បំភ្លឺប្រជាជាតិនានា អ្នកនឹងប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ នាំពួកឈ្លើយសឹកសង្គ្រាមចេញពីទីឃុំឃាំង ព្រមទាំងរំដោះប្រជាជនដែលរស់នៅក្នុងភាពងងឹតឱ្យបានចេញរួចផង។
ទំនុកតម្កើងរបស់ព្យាការីយេរេមី ២៧(២៦),១-៣.១៣-១៤ បទពាក្យ ៧
១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
២ | ពេលពួកជនពាលជាបច្ចា | រូតរះម្នីម្នាចូលមកជិត | |
ពួកគេចង់មកផ្តាច់ជីវិត | តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល | ។ | |
៣ | ទោះមានទ័ពច្រើនមករោមរិត | ឡោមព័ទ្ធខ្ញុំជិតក៏មិនច្រួល | |
ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួល | ចិត្តមិនប្រែប្រួលសង្ឃឹមព្រះ | ។ | |
១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
គ | សូមក្រាបថ្វាយបង្គំព្រះមហាក្សត្ររបស់យើងខ្ញុំ។ មានតែព្រះអង្គទេដែលអាណិតអាសូរយើងខ្ញុំដែលវង្វេងឆ្ងាយពីព្រះអង្គ។ |
ប | បពិត្រព្រះអម្ចាស់យេស៊ូ! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,១-១១
ប្រាំមួយថ្ងៃមុនបុណ្យចម្លង ព្រះយេស៊ូយាងមកភូមិបេថានី ជាភូមិរបស់លោកឡាសារដែលព្រះអង្គបានប្រោសឱ្យរស់ឡើងវិញ។ នៅទីនោះ គេរៀបចំជប់លៀងថ្វាយព្រះយេស៊ូ។ នាងម៉ាថាបម្រើភ្ញៀវ រីឯលោកឡាសារអង្គុយរួមតុជាមួយព្រះយេស៊ូ និងអ្នកឯទៀត។ នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេពិ្វរូសុទ្ធដ៏មានតម្លៃលើសលប់មកចាក់លាបព្រះបាទាព្រះយេស៊ូ រួចយកសក់នាងជូត ក្លិនប្រេងក្រអូបសាយពេញផ្ទះ។ ពេលនោះសាវ័កម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុតដែលនឹងនាំគេមកចាប់ព្រះអង្គពោលឡើងថា៖ «ម្តេចក៏មិនយកប្រេងក្រអូបដែលមានតម្លៃបីរយដួងទៅលក់យកប្រាក់ចែកឱ្យជនក្រីក្រវិញ?»។ គាត់និយាយដូច្នេះ មិនមែនមកពីគាត់យកចិត្តទុកដាក់នឹងអ្នកក្រទេ គឺមកពីគាត់ជាចោរ គាត់កាន់ថង់ប្រាក់ ហើយតែងលួចយកប្រាក់ដែលគេដាក់ក្នុងថង់នោះ។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឱ្យនាងធ្វើតាមបំណងចិត្តនាងទៅ! នាងចាក់ប្រេងក្រអូបនេះសម្រាប់ថ្ងៃបញ្ចុះសពខ្ញុំ។ អ្នកក្រីក្រនៅជាមួយអ្នករាល់គ្នារហូត រីឯខ្ញុំវិញ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ»។ ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា ព្រះអង្គគង់នៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញព្រះយេស៊ូប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលព្រះអង្គបានប្រោសឱ្យរស់ឡើងវិញនោះថែមទៀតផង។ ពួកនាយកបូជាចារ្យបានសម្រេចចិត្តសម្លាប់លោកឡាសារដែរ ព្រោះតែគាត់នេះហើយ បានជាមានជនជាតិយូដាជាច្រើនបែកចេញពីពួកគេ ហើយមកជឿលើព្រះយេស៊ូ។