អត្ថបទព្រះគម្ពីរ ថ្ងៃសៅរ៍​ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤

សៅរ៍ – បៃតង – រដូវធម្មតា

លោកក្លេម៉ង់ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ប្រហែលនៅ គ.ស.៩៥ តពីលោកលីណូដែលបន្តមុខតំណែងពីគ្រីស្តទូតសិលាមក។ លោកសរសេរលិខិតមួយច្បាប់ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស។ លិខិតនេះបង្ហាញបញ្ជាក់បន្ទុក និងអំណាចរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូមតាំងពីសម័យដើម ក្នុងការបង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់ព្រះសហគមន៍ឱ្យរួបរួមគ្នាជាធ្លុងតែមួយ ដោយសេចក្តីស្រឡាញ់និងដោយមានជំនឿតែមួយដដែល។

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១១,៤-១២

ខ្ញុំយ៉ូហាន ឮសំឡេងដែលប្រាប់ខ្ញុំថា៖« សាក្សីទាំងពីរនាក់ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី។ ប្រសិន​បើ​មាន​នរណា​ម្នាក់ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់មក​ឆេះ​បំផ្លាញ​មារ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។ អ្នក​ទាំង​ពីរ​មាន​អំណាច​ធ្វើឱ្យ​មេឃ​រាំង គ្មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​គាត់​ថ្លែង​ព្រះ‌បន្ទូល ហើយ​ក៏​មាន​អំណាច​ធ្វើ​ឱ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម ព្រម​ទាំង​ធ្វើ​ឱ្យ​គ្រោះ​កាច​គ្រប់​យ៉ាង​អាច​កើត​មាន​នៅ​លើ​ផែន‌ដី​ពេល​ណា​ក៏​បាន តាម​តែ​គាត់​ចង់។ ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខី‌ភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរក​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។ សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ត‌រូបថា “សូដុម” ឬ “អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​ព្រះ‌អម្ចាស់​របស់​អ្នក​ទាំង​ពីរ។ មនុស្ស‌ម្នា​ពី​ចំណោម​ប្រជាជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឱ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។ មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែន‌ដី​នឹង​មាន​ចិត្ត​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ព្យាការី​ទាំង​ពីរ​រូប​បាន​ធ្វើ​ឱ្យមនុស្ស‌ម្នា ដែល​រស់​នៅ​លើ​ផែន‌ដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។ បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិត​មួយ​ចេញ​ពី​ព្រះ‌ជាម្ចាស់មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង ធ្វើ​ឱ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។ អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃបន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ​ក្នុង​ពពក រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។

ទំនុកតម្កើងលេខ ១៤៤(១៤៣),១-២.៩-១០ បទព្រហ្មគិត

សូមលើកតម្កើងព្រះ ជាអម្ចាស់ដ៏ឧត្តម
ជាថ្មដានៃខ្ញុំ ធំរឹងមាំមួនបំផុត
ព្រះអង្គបានបង្ហាត់ ខ្ញុំចេះស្ទាត់ការប្រយុទ្ធ
ធ្វើសឹកឥតភ័យស្លុត ចេញតយុទ្ធខ្មាំងជិតជុំ
ទ្រង់សម្ដែងហប្ញទ័យ ករុណាក្រៃចំពោះខ្ញុំ
ជាកំពែងរឹងមាំ ការពារខ្ញុំយ៉ាងអង់អាច
ព្រះអង្គជាជម្រក ខ្ញុំមកជ្រកឥតភ័យខ្លាច
ទ្រង់ប្រគល់អំណាច ឱ្យខ្ញុំអាចមានថ្វីដៃ
បពិត្រព្រះម្ចាស់អើយ ខ្ញុំច្រៀងថ្វាយនូវបទថ្មី
និងប្រគុំតន្ដ្រី ពិរោះក្រៃថ្វាយព្រះម្ចាស់
១០ ព្រះអង្គបានប្រទាន ឱ្យស្ដេចមានជ័យជម្នះ
ព្រះអង្គបានសង្គ្រោះ ដាវីដរស់មានសេរី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ធម ១-១០

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្ដជាព្រះសង្គ្រោះរបស់យើងបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អរបស់ព្រះអង្គ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២០,២៧-៤០

មាន​អ្នក​ខាង​គណៈ‌សាឌូ‌ស៊ីខ្លះចូល​មក​គាល់​ព្រះ‌អង្គ។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖«លោក​គ្រូ! លោក​ម៉ូសេបាន​ចែង​ច្បាប់​ទុក​ឱ្យ​យើង​ថា បើ​បុរស​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឱ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឱ្យ​បង​ប្រុស​របស់​ខ្លួន។ ឧបមា​ថា មាន​បង‌ប្អូន​ប្រុសៗ​ប្រាំ​ពីរ​នាក់ បុរស​បង​បង្អស់​បាន​រៀប‌ការ​ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ។ ប្អូន​បន្ទាប់ រួច​ប្អូន​ទី​បីក៏​រៀប‌ការ​នឹង​បង​ថ្លៃ​មេ‌ម៉ាយ​នោះ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ បន្ទាប់​មក បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់​បាន​រៀប‌ការ​នឹង​ស្ត្រី​នោះ ហើយ​គ្រប់​គ្នា​បាន​ស្លាប់​ទៅតែ​គ្មាន​កូន​ទេ។ នៅ​ទី​បំផុត ស្ត្រី​ក៏​ស្លាប់​ទៅ​ដែរ។ លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​នោះ​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់សុទ្ធ​តែ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់​គ្នា​ដូច្នេះ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖«មនុស្ស​ក្នុង​លោក​នេះ​តែង​យក​គ្នា​ជា​ប្ដី​ប្រពន្ធ ប៉ុន្តែ អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ប្រោស​ឱ្យរស់​ឡើង​វិញនៅ​លោក​ខាង​មុខ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ។ អ្នក​ទាំង​នោះ​លែង​ស្លាប់​ទៀត​ហើយ គឺ​គេ​បាន​ដូច​ទេវទូត។ គេ​ជា​បុត្រ​ធីតា​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​គេ​មាន​ជីវិត​រស់​ឡើង​វិញ។ លោក​ម៉ូសេ​បាន​ចែង​ទុក​យ៉ាង​ច្បាស់​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ នៅ​ត្រង់​អត្ថ‌បទ​ស្ដី​អំពី​គុម្ព​បន្លា គឺ​លោក​ហៅ​ព្រះ‌អម្ចាស់​ថា ជា​ព្រះ​របស់​លោក​អប្រាហាំ ជា​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប។ ព្រះ‌ជាម្ចាស់​មិន‌មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​ដែល​មាន​ជីវិត។ ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ ពួក​បណ្ឌិត​ខាង​វិន័យ​ខ្លះ​ទូល​ព្រះ‌អង្គ​ថា៖«លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រឹម‌ត្រូវ​ល្អ​ណាស់»។ បន្ទាប់​មក គេ​លែង​ហ៊ាន​ចោទ​សួរ​សំណួរ​ព្រះ‌អង្គអំពី​រឿង​អ្វី​ទៀត​ឡើយ។

– ស – ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ ហើយដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គប្រោសសន្តមរណៈសាក្សីឱ្យមានសេចក្តីក្លាហានយ៉ាងអស្ចារ្យ សុខចិត្តបូជាជិវិតព្រោះតែព្រះអង្គ។ សន្តក្លេម៉ង់ពិតជាបូជាចារ្យផង និងជាយញ្ញបូជាផង លោកបញ្ជាក់អត្ថន័យពិធីបុណ្យដែលលោកធ្លាប់ថ្វាយ និងសេចក្តីដែលលោកតែងប្រកាសដែរ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានជំនឿមោះមុត និងឱ្យមានចិត្តក្លាហានកាន់តាមជំនឿនេះផង។

លោកក្លេម៉ង់ជាអភិបាលព្រះសហគមន៍ក្រុងរ៉ូម ប្រហែលនៅ គ.ស.៩៥ តពីលោកលីណូដែលបន្តមុខតំណែងពីគ្រីស្តទូតសិលាមក។ លោកសរសេរលិខិតមួយច្បាប់ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស។ លិខិតនេះបង្ហាញបញ្ជាក់បន្ទុក និងអំណាចរបស់អភិបាលព្រះសហគមន៍ក្រុងរ៉ូមតាំងពីសម័យដើម ក្នុងការបង្រួបបង្រួមគ្រីស្តបរិស័ទគ្រប់ព្រះសហគមន៍ឱ្យរួបរួមគ្នាជាធ្លុងតែមួយ ដោយសេចក្តីស្រឡាញ់និងដោយមានជំនឿតែមួយដដែល។

សូមថ្លែងលិខិតទី ០១ របស់សន្ដសិលា ១សល ៥,១-៤ ឬ ១ករ ១,១០-១៣.១៧-១៨

ព្រឹទ្ធា‌ចារ្យដែល​នៅ​ក្នុង​ចំណោម​បង‌ប្អូនក្នុង​នាម​ខ្ញុំ​ជា​ព្រឹទ្ធា‌ចារ្យ​ដូច​គ្នា ហើយ​ជា​បន្ទាល់​អំពី​ទុក្ខ​លំបាក​របស់​ព្រះ‌គ្រីស្ត និង​ជា​អ្នក​រួម​ទទួល​សិរី‌រុង​រឿងដែល​នឹង​ត្រូវ​លេច​មក ខ្ញុំ​សូម​ដាស់‌តឿន​ថាៈ សូម​មើល​ថែ‌រក្សា​ហ្វូង​ចៀម​​ដែល​ព្រះ‌ជាម្ចាស់​ផ្ញើ​ទុក​នឹង​បង‌ប្អូន ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ស្រប​តាម​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ គឺ​មិន​មែន​ដោយ​ទើស‌ទ័ល ឬ​ដោយ​ចង់​បាន​កម្រៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែ‌រក្សា​ដោយ​សុទ្ធ​ចិត្ត។ កុំ​ប្រើ​អំណាច​ជិះ‌ជាន់​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​ឱ្យ​បង‌ប្អូន​ថែ‌រក្សា​នោះ​ឡើយ គឺ​ត្រូវ​ធ្វើ​ជា​គំរូ​ដល់​ហ្វូង​ចៀម​វិញ។ ពេល​គង្វាល​ដ៏​ឧត្ដម​យាង​មក​ដល់ បង‌ប្អូន​នឹង​ទទួល​មកុដ​ដ៏​រុង‌រឿង​ដែល​មិន​ចេះ​អាប់​រស្មី។

ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧

ឱ! ព្រះអម្ចាស់ជាគង្វាល មើលឥតរយាលណែនាំខ្ញុំ
ឱ្យដើរតាមផ្លូវដែលសក្តិសម ភោគផលជិតជុំឥតខ្វះឡើយ
ព្រះអង្គឱ្យខ្ញុំសម្រាកនៅ លើវាលមានស្មៅបានធូរស្បើយ
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ ប្រទានឱ្យកាយមានកម្លាំង
ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត ល្អល្អះប្រណីតភ្លឺចែងចាំង
ព្រះកិត្តិនាមល្បីក្លាខ្លាំង គ្មានអ្វីរារាំងព្រះអង្គឡើយ
ទោះបីរូបខ្ញុំដើរកាត់ភ្នំ ជ្រលងតូចធំស្លាប់ក៏ដោយ
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ ទ្រង់គង់ជាមួយតាមការពារ
ព្រះអង្គរៀបចំឱ្យបរិភោគ អាហារគរគោកមុខបច្ចា
រួចទ្រង់ចាក់ប្រេងលើសិរសា បំពេញពែងស្រាខ្ញុំហៀរហូរ
ព្រះអង្គប្រទានសុភមង្គល ហឫទ័យខ្វាយខ្វល់ដោយអាសូរ
មកទូលបង្គំជាហែហូរ ឥតមានឈប់ឈរមួយជីវិត
ដរាបណាជីវិតនៅមាន ខ្ញុំសែនសុខសាន្តឥតមានគិត
ក្នុងព្រះដំណាក់ល្អប្រណីត ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៣,១២-១៧

កាល​ព្រះ‌យេស៊ូ​លាង​ជើង​ឱ្យគេ​រួច​ហើយ ព្រះ‌អង្គ​ស្លៀក‌ពាក់​ឡើង​វិញ យាង​មក​តុ ទាំង​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖«តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ច‌ការដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ? អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះ‌គ្រូ និង​ព្រះ‌អម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។ បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រូបាន​លាង​ជើង​ឱ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឱ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។ ខ្ញុំ​សុំ​ប្រាប់ឱ្យអ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឱ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួនឱ្យ​ទៅ​នោះ​ដែរ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ ហើយ​ប្រតិ‌បត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។

Facebook
Twitter
LinkedIn