នៅព្រះវិហារសន្តី ម៉ារីញញឺមចំការទៀង នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីរួមជាមួយព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី ក្នុងពិធីស្រង់ទឹកជូនលោកតា លោកយាយចំនួន ១០០ នាក់ ដែលរស់នៅជុំវិញព្រះវិហារសន្តម៉ារីញញឹម ចំការទៀង ស្រុកត្រាំកក់។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុណ និងក្តីស្រឡាញ់ចំពោះចាស់ព្រឹទ្ធាចារ្យ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងឱកាសនោះ លោកអភិបាលបានមានប្រសាសន៍ថា ទោះបីជាបងប្អូនកាតូលិកជាសាសនាដទៃ ក៏លោកតែងតែគោរព និងឲ្យតម្លៃចំពោះប្រពៃណីដ៏ល្អប្រសើរនេះ។ ទន្ទឹមនឹងនេះ លោកអភិបាលក៏បានស្នើដល់លោកតា លោកយាយទាំងអស់ មេត្តាជួយអប់រំ និងក្រើនរំលឹកកូនចៅឲ្យបន្តយកចិត្តទុកដាក់លើវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ជាតិ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមរស់ជាមួយគ្នាដោយភាពសុខដុមរមនា ដែលកើតចេញពីដួងចិត្ត និងការយល់ចិត្តគ្នាទៅវិញទៅមក ដើម្បីរួមគ្នាកសាងសង្គមមួយដ៏ស្រស់បំព្រង។ ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម និងពោរពេញដោយក្តីរីករាយ ដោយមានការរៀបចំពិធីអធិដ្ឋាន ការសូត្រជយន្តោប្រោះព្រំ និងការចែកជូនទ័យទានដល់លោកតា លោកយាយទាំង ១០០ នាក់ផងដែរ។






