សុក្រ – បៃតង – រដូវធម្មតា
សន្តីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
តាំងពីសតវត្សទី ៥ គ្រីស្តបរិស័ទក្រុងរ៉ូមតែងតែគោរពនាងសេស៊ីលទុកជាព្រហ្មចារិនី និងជាមរណសាក្សី។ ពួកគេធ្លាប់និយាយថា នាងសេស៊ីលសាងព្រះវិហារមួយនៅក្រុងរ៉ូមនោះ។ គេតំណាលរឿងអស្ចារ្យស្តីអំពីនាងនៅពេលពួកពាលប្រហារជិវិតនាង។ គេរ៉ាយរ៉ាប់រឿងអស្ចារ្យបែបនេះ ដើម្បីលើកតម្កើងកិត្តិយសរបស់អស់អ្នកដែលថ្វាយខ្លួនទៅព្រះអម្ចាស់ក្នុងឋានៈជាព្រហ្មចារិនីនៅសតវត្សទី ១៥ គេលើកសន្តីសេស៊ីលធ្វើជាឧបការិនីរបស់អ្នកភ្លេង ព្រោះក្នុងរឿងព្រេងស្តីអំពីនាងមានចែងថា៖ “នៅពេលមានលាន់ឮស្នូរគ្រឿងតន្ត្រីសម្រាប់រឿងអាពាហ៍ពិពាហ៍របស់នាង នាងសេស៊ីល ចេះតែច្រៀងក្នុងចិត្តថ្វាយព្រះអម្ចាស់”។
សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១០,៨-១១
ពេលខ្ញុំយល់សុបិននិមិត្ត សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖«សូមអញ្ជើញទៅយកក្រាំងតូចបើកស្រាប់ ក្នុងដៃទេវទូតដែលឈរលើសមុទ្រ និងលើដីគោកនោះមក»។ ខ្ញុំក៏ដើរទៅរកទេវទូតនោះ ទាំងសុំឱ្យលោកប្រគល់ក្រាំងតូចមកខ្ញុំ។ លោកពោលមកកាន់ខ្ញុំថា៖«ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឱ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃទេវទូតមកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។ បន្ទាប់មក មានគេប្រាប់ខ្ញុំថា៖«អ្នកត្រូវថ្លែងព្រះបន្ទូលសាជាថ្មីទៀត អំពីប្រជាជន អំពីជាតិសាសន៍ អំពីភាសានានា និងអំពីស្ដេចជាច្រើនផង»។
ទំនុកតម្កើងលេខ ១១៩(១១៨),១៤.២៤.៧២.១០៣.១១១.១៣១ បទពាក្យ៧
១៤ | ទូលបង្គំត្រេកអរអនេក | ដោយបានពឹងផ្អែកដំបូន្មាន | |
ប្រៀបដូចជាខ្ញុំទទួលបាន | សម្បត្តិថ្កើងថ្កានដ៏ស្ដុកស្ដម្ភ | ។ | |
២៤ | ខ្ញុំពេញចិត្តនឹងដំបូន្មាន | ឥតបីស្រាកស្រាន្ដឥតកែគេច | |
ដំបូន្មានទ្រង់ចាំងរំលេច | នាំផ្លូវជីវិតខ្ញុំសុខសាន្ដ | ។ | |
៧២ | ធម្មវិន័យដែលទ្រង់បាន | ប្រកាសឱ្យកាន់មានតម្លៃ | |
ប្រសើរជាងមានពេជ្រចរណៃ | ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ | ។ | |
សូមដូរទៅជាបទកាកគតិ | |||
១០៣ | បញ្ជានេះណា | ប្រៀបបានអាហារ | ឆ្ងាញ់ពិសេសហើយ |
សម្រាប់រូបខ្ញុំ | គ្មានអ្វីស្មើឡើយ | ផ្អែមណាស់ព្រះអើយ | |
លើសទឹកឃ្មុំផង | ។ | ||
១១១ | ពាកក្យដំបូន្មាន | ព្រះបានប្រទាន | ជាកេរផូរផង់ |
ឱ្យទូលបង្គំ | រីករាយកន្លង | មានអំណរផង | |
នៅក្នុងដួងចិត្ត | ។ | ||
សូមដូរទៅជាបទពាក្យ៧ | |||
១៣១ | ខ្ញុំខំយកចិត្តទុកដាក់ស្ដាប់ | ដោយក្ដីត្រងត្រាប់អស់ពីចិត្ត | |
ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យ | ព្រះម្ចាស់ពេកពិតឥតមានណយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១០,២៧
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ! យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤៥-៤៨
នៅគ្រានោះ ព្រះយេស៊ូយាងចូលព្រះវិហារ ហើយដេញអ្នកលក់ដូរចេញពីទីនោះ ដោយមានព្រះបន្ទូលទៅគេថា៖«ក្នុងគម្ពីរមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់អធិស្ឋាន” តែអ្នករាល់គ្នាបែរជាយកធ្វើសំបុកចោរទៅវិញ»។ ព្រះយេស៊ូបានបង្រៀនគេនៅក្នុងព្រះវិហារជារៀងរាល់ថ្ងៃ។ ក្រុមនាយកបូជាចារ្យ ពួកបណ្ឌិតខាងវិន័យ និងពួកមន្ត្រីនាំគ្នារកមធ្យោបាយធ្វើគុតព្រះអង្គ។ ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់ព្រះបន្ទូលព្រះអង្គដោយយកចិត្តទុកដាក់។
ក្រហម – សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
សន្តីសេស៊ីល ជាព្រហ្មចារិនី និងជាមរណសាក្សី
តាំងពីសតវត្សទី ៥ គ្រីស្តបរិស័ទក្រុងរ៉ូមតែងតែគោរពនាងសេស៊ីលទុកជាព្រហ្មចារិនី និងជាមរណសាក្សី។ ពួកគេធ្លាប់និយាយ ថា នាងសេស៊ីលសាងព្រះវិហារមួយនៅក្រុងរ៉ូមនោះ។ គេតំណាលរឿងអស្ចារ្យស្តីអំពីនាងនៅពេលពួកពាលប្រហារជិវិតនាង។ គេរ៉ាយរ៉ាប់រឿងអស្ចារ្យបែបនេះ ដើម្បីលើកតម្កើងកិត្តិ យសរបស់អស់អ្នកដែលថ្វាយខ្លួនទៅព្រះអម្ចាស់ក្នុងឋានៈជាព្រហ្មចារិនីនៅសតវត្សទី ១៥ គេលើកសន្តីសេស៊ីលធ្វើជាឧបកា រិនីរបស់អ្នកភ្លេង ព្រោះក្នុងរឿងព្រេងស្តីអំពីនាងមានចែងថា៖ “នៅពេលមានលាន់ឮស្នូរគ្រឿងតន្ត្រីសម្រាប់រឿងអាពាហ៍ពិពាហ៍របស់នាង នាងសេស៊ីល ចេះតែច្រៀងក្នុងចិត្តថ្វាយព្រះអម្ចាស់” ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសសន្តីសេស៊ីលីយ៉ាឱ្យមានចិត្តក្លាហាន សុខចិត្តបូជាជិវិតថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តក្លាហានសុខចិត្តបម្រើព្រះអង្គដោយមិនញញើតអ្វីឡើយផង។
សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ១៩,១.៥-៩
បន្ទាប់ពីហេតុការណ៍ទាំងនោះមក ខ្ញុំឮហាក់ដូចជាមានសំឡេងយ៉ាងខ្លាំងរបស់មហាជនច្រើនកុះករនៅលើមេឃថា៖«ហាលេលូយ៉ា! សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព។ មានសំឡេងចេញពីបល្ល័ង្កមកថា៖«អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។ ពេលនោះ ខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖«ហាលេលូយ៉ា! ដ្បិតព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គបានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ ភរិយាថ្មោងថ្មីរបស់កូនចៀមក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ។ ព្រះអង្គប្រទានឱ្យនាងស្លៀកពាក់រុងរឿងភ្លឺចិញ្ចែងចិញ្ចាច និងបរិសុទ្ធ។ សម្លៀកបំពាក់ដ៏រុងរឿងនោះ គឺជាអំពើសុចរិតផ្សេងៗដែលប្រជាជនដ៏វិសុទ្ធបានប្រព្រឹត្ត»។ទេវទូតពោលមកកាន់ខ្ញុំថា៖«ចូរកត់ត្រាទុកអ្នកណាដែលព្រះជាម្ចាស់បានត្រាស់ហៅឱ្យមកចូលរួមក្នុងពិធីជប់លៀងមង្គលការកូនចៀម អ្នកនោះពិតជាមានសុភមង្គលហើយ!»។ បន្ទាប់មក ទេវទូតប្រាប់ខ្ញុំថា៖«សេចក្ដីទាំងនេះពិតជាព្រះបន្ទូលរបស់ព្រះជាម្ចាស់មែន»។
ទំនុកតម្កើងលេខ ១៤៨ ,១-២.១១-១៤ បទពាក្យ ៧
១ | ចូរលើកតម្កើងព្រះអម្ចាស់ | ទ្រង់គឺជាព្រះដ៏វិសុទ្ធ | |
អ្នកដែលនៅស្ថានខ្ពស់បំផុត | បញ្ចេញពាក្យពិតថ្កើងព្រះអង្គ | ។ | |
២ | ឱ! ពួកទេវទូតទាំងអស់អើយ | ចូរសរសើរហើយតម្កើងផង | |
ទាំងពួកទេវតាកុំរេរង់ | សរសើរព្រះអង្គព្រះនៃអ្នក | ។ | |
១១ | អស់ស្តេចទាំងឡាយលើផែនដី | ប្រជាប្រុសស្រីគ្រប់ទាំងអស់ | |
ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ | នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ | ។ | |
១២ | យុវជននារីចាស់ជរា | កូនក្មេងនាំគ្នាលើកសិរី | |
ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ | មិនអាចរកអ្វីប្រៀបស្មើបាន | ។ | |
១៣ | ចូរកោតសរសើរនាមព្រះម្ចាស់ | ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន | |
ព្រះនាមព្រះអង្គល្អថ្កើងថ្កាន | ពាសពេញទីស្ថានមេឃនិងដី | ។ | |
១៤ | ព្រះអង្គបានប្រោសអស់ប្រជា | រាស្រ្តទាំងអស់គ្នាមានសេរី | |
កម្លាំងមាំមួនខ្លាំងពេកក្រៃ | មិនឱ្យមានអ្វីមករំខាន | ។ | |
អស់អ្នកដែលជឿងលើព្រះអង្គ | គឺជារាស្រ្តទ្រង់ដ៏ចំណាន | ||
អ៊ីស្រាអែលអើយអ្នកនឹងបាន | ខ្ពស់មុខសុខសាន្តតទៅអើយ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៩,៣-១២
មានពួកខាងគណៈផារីស៊ីចូលមកជិត ហើយទូលសួរក្នុងគោលបំណងល្បងលមើលព្រះអង្គថា៖«តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។ ព្រះអង្គមានព្រះបន្ទូលតបថា៖«អ្នករាល់គ្នាធ្លាប់អានគម្ពីររួចមកហើយថា កាលដើមដំបូង ព្រះអាទិករបានបង្កើតមនុស្សមកជាបុរស ជាស្ត្រី រួចព្រះអង្គមានព្រះបន្ទូលថាៈ “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”។ គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ ដូច្នេះ មនុស្សមិនត្រូវបំបាក់បំបែកគូស្រករដែលព្រះជាម្ចាស់បានផ្សំផ្គុំនោះឡើយ»។ ពួកគេទូលសួរព្រះអង្គថា៖«ចុះហេតុដូចម្ដេចបានជាលោកម៉ូសេបញ្ជាឱ្យស្វាមីធ្វើលិខិតលែងលះភរិយា?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«លោកម៉ូសេអនុញ្ញាតឱ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា បុរសណាលែងភរិយា (លើកលែងតែរួមរស់ជាមួយគ្នាដោយឥតបានរៀបការ) ហើយទៅរៀបការនឹងស្ត្រីម្នាក់ទៀត បុរសនោះឯងជាអ្នកប្រព្រឹត្តអំពើផិតក្បត់»។ សាវ័កនាំគ្នាទូលព្រះអង្គថា៖«បើមានល័ក្ខខ័ណ្ឌរវាងប្ដីប្រពន្ធបែបនេះ គួរកុំរៀបការប្រសើរជាង»។ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖«មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ អ្នកខ្លះមិនអាចរៀបការបានតាំងពីកំណើតមក។ អ្នកខ្លះទៀតមិនអាចរៀបការបានមកពីត្រូវគេក្រៀវ។ រីឯអ្នកខ្លះទៀតមិនរៀបការមកពីយល់ដល់ព្រះរាជ្យនៃស្ថានបរមសុខ។ អ្នកណាមានប្រាជ្ញា ចូរយកពាក្យនេះទៅរិះគិតឱ្យយល់ចុះ!»។