អត្ថបទព្រះគម្ពីរ ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤

បពិត្រព្រះបិតាដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គបានបង្កើតអ្វីៗសព្វសារពើទាំងអស់! ព្រះអង្គសព្វព្រះហឫទ័យឱ្យមនុស្សបានសុភមង្គលដ៏ពិតប្រាកដ ដោយបម្រើព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំយកចិត្តទុកដាក់ធ្វើតាមព្រះហឫទ័យព្រះអង្គ ដោយអំណរ និងចិត្តស្មោះត្រង់ជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ១២,១-៣

ខ្ញុំដានីអែលឮព្រះបន្ទូលរបស់ព្រះអម្ចាស់ថា៖ «នៅគ្រាចុងក្រោយ អគ្គទេវទូតមីកាអែល ដែលជាមេដ៏សំខាន់របស់ពពួកទេវទូត ហើយជាទេវទូតថែរក្សាប្រជាជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ មនុស្សនឹងកើតទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិ រហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងរួចខ្លួន។ មានមនុស្សជាច្រើនដែលដេកនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់កល្បជានិច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់កល្បជានិច្ចផង។ រីឯអស់អ្នកមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែនាំមនុស្សម្នាជាច្រើនឱ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់កល្បជាអង្វែងតរៀងទៅ”។

ទំនុកតម្កើងលេខ ១៦ (១៥), ៥.៨-១១ បទពាក្យ ៧

បពិត្រព្រះអម្ចាស់ឧត្តម ព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយ ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា
ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ ខ្ញុំមិនបែកបែរញាប់ញ័រឡើយ
ហេតុនេះបានជាខ្ញុំរីករាយ ត្រេកអរសប្បាយបានល្ហែល្ហើយ
ខ្ញុំបានសម្រាកកាយធូរស្បើយ ដោយសុខសាន្តហើយផុតកង្វល់
១០ ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ ទុក្ខធំស្លាប់សោតសល់
ព្រះអង្គក៏មិនបណ្តោយដល់ សពបម្រើផ្ទាល់ស្អុយរលួយ
១១ ព្រះអង្គបង្ហាញផ្លូវជីវិត ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយ ទូលបង្គំគ្មានព្រួយអរសប្បាយ
ដោយព្រះអង្គគង់នៅខាងស្តាំ ជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយ អស់កល្បវែងឆ្ងាយតរៀងទៅ

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,១១-១៤.១៨

ក្នុងជំនាន់សម្ពន្ធមេត្រីចាស់ បូជាចារ្យគ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបកម្មបានជាដាច់ខាត។ រីឯព្រះគ្រីស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបកម្មរួចហើយ ព្រះអង្គគង់នៅខាងស្តាំព្រះជាម្ចាស់រហូតតទៅ។ ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវឱ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ ដោយសារតង្វាយតែមួយគត់ ព្រះគ្រីស្តធ្វើឱ្យអស់អ្នកដែលទ្រង់បានប្រោសឱ្យវិសុទ្ធហើយនោះ បានគ្រប់លក្ខណៈរហូតតទៅ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឱ្យរួចពីបាបទៀតឡើយ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ២១,៣៦

អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឡើង! ចូរអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា ដូច្នេះ អ្នករាល់គ្នាសមនឹងឈរនៅចំពោះព្រះភក្ត្រនៃបុត្រមនុស្ស។អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៣,២៤-៣២

ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កអំពីពេលដែលព្រះអង្គនឹងយាងមកវិញ។ ព្រះអង្គមានព្រះបន្ទូលថា៖ «នៅគ្រានោះ កើតទុក្ខវេទនាយ៉ាងខ្លាំង។ ក្រោយពីទុក្ខវេទនានេះកន្លងផុតទៅ ព្រះអាទិត្យនឹងបាត់រស្មី ព្រះចន្ទលែងមានពន្លឺទៀតហើយ រីឯផ្កាយទាំង​ឡាយនឹងធ្លាក់ចុះពីលើមេឃ អំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។ ពេលនោះ គេនឹងឃើញបុត្រមនុស្សយាងមកក្នុងពពក ប្រកបដោយឫទ្ធានុភាពដ៏ខ្លាំងក្លា និងដោយសិរីរុងរឿង។ លោកនឹងចាត់ពួកទេវទូតរបស់លោកឱ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាង ទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស»។ ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្តីអំពីដើមស្វាយទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។ ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិការណ៍ទាំងនោះកើតឡើង ត្រូវដឹងថា បុត្រមនុស្សក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។ ផ្ទៃមេឃនិងផែនដីនឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។ រីឯថ្ងៃកំណត់ និងពេលវេលាគ្មាននរណាដឹងឡើយ ទោះបីទេវទូតនៅស្ថានបរមសុខ ឬព្រះបុត្រាក៏ពុំជ្រាបដែរ មានតែព្រះបិតាប៉ុណ្ណោះដែលជ្រាប»។

ឱព្រះអម្ចាស់ជាព្រះបិតាអើយ! សូមទ្រង់ព្រះមេត្តាទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ សូមប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តប្រព្រឹត្តការទាំងអស់ តាមព្រះហឫទ័យព្រះអង្គផង។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យទន្ទឹងរង់ចាំព្រះគ្រីស្តយាងមកវិញ។ ព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលបានប្រទានព្រះកាយ និងព្រះលោហិតព្រះគ្រីស្តឱ្យយើងខ្ញុំ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់របស់យើងខ្ញុំផង។

Facebook
Twitter
LinkedIn