អត្ថបទព្រះគម្ពីរ ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ៣,១-៦.១៤-២២

ខ្ញុំយ៉ូហាន បានឮព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរ​សរសេរ​ទៅ​កាន់​ទេវទូតរបស់​ព្រះ‌សហគមន៍​នៅ​ក្រុង​សារដែស ដូច​ត​ទៅ​នេះ៖ព្រះ‌អង្គ​ដែល​មាន​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ​ពីរ​របស់​ព្រះ‌ជាម្ចាស់ និង​មាន​ផ្កាយ​ទាំង​ប្រាំ​ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ “យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិតអ្នក​ស្លាប់​ទេ​តើ!។ ចូរ​ភ្ញាក់​ស្មារតី! ចូរ​ពង្រឹង​អ្វីៗ​​ដែល​នៅ​សល់ ហើយ​ហៀប​នឹង​ស្លាប់​នោះ​ឱ្យមាំ‌មួន​ឡើង ដ្បិត​យើង​ឃើញ​ថា អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្តមិន​គ្រប់​លក្ខណៈ​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់​របស់​យើង​ទេ។ ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​ព្រះ‌បន្ទូល ហើយ​ប្រតិបត្តិ​តាម រួច​កែ​ប្រែ​ចិត្ត​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។ ប៉ុន្តែ នៅ​ក្រុង​សារដែស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក ពុំ​បាន​ធ្វើ​ឱ្យ​សម្លៀក‌បំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀក‌បំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។ ហេតុ​នេះ អ្នក​ណា​មាន​ជ័យ‌ជម្នះ អ្នក​នោះ​នឹង​មាន​សម្លៀក‌បំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌បិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ទេវទូត​របស់​ព្រះ‌អង្គ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដីដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌សហគមន៍​ទាំង​នេះឱ្យមែន​ទែន!”»។ «ចូរ​សរសេរ​ទៅ​កាន់​ទេវទូត​របស់​ព្រះ‌សហគមន៍​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ព្រះ‌អាម៉ែន​​ជា​បន្ទាល់​ដ៏​ស្មោះ‌ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ “យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង! ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុក‌ស្តម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេម‌រហាម ក្រ​តោក‌យ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​នោះ​ឡើយ។ យើង​សុំ​ទូន្មាន​អ្នក​ឱ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឱ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ្ដិ៍‌ខ្មាស​របស់​អ្នក កុំ​ឱ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឱ្យ​អ្នក​មើល​ឃើញ​ច្បាស់។ យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន ហើយ​កែ​ប្រែ​ចិត្ត​គំនិត​ឡើង!។ មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឱ្យយើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។ អ្នក​ណា​មាន​ជ័យ‌ជម្នះ យើង​នឹង​ឱ្យអង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជម្នះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​ព្រះ‌បិតា​របស់​យើង​ដែរ។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដីដែល​ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌សហគមន៍​ទាំង​នេះឱ្យមែន​ទែន!”»។

ទំនុកតម្កើងលេខ ១៥(១៤),១-៥ បទព្រហ្មគីតិ

បពិត្រព្រះអម្ចាស់នរណាខ្លះអាចរស់ក្នុង
ព្រះពន្លាព្រះអង្គស្ថិតនៅលើភ្នំវិសុទ្ធ
គឺមានតែមនុស្សដែលគ្មានទោសនិងប្រព្រឹត្ត
អំពើសុចរិតនិយាយពិតជាដរាប
គេមិននិយាយមួលបង្កាច់ផ្ដួលមិនធ្វើបាប
បងប្អូនដែលទន់ទាបមិនបង្អាប់កិត្តិយស
គេមិនរាប់រកអ្នកដែលព្រះជាម្ចាស់មិនស្ម័គ្រស្មោះ
តែគេលើកកិត្តិយសអ្នកគោរពកោតព្រះអង្គ
បើគេសន្យាអ្វីឬទោះបីខូចខាតបង់
ក៏គេមិនបង្អង់គេភោរពពាក្យសម្ដី
បើមាននរណាម្នាក់មករកប្រាក់គេឱ្យខ្ញី
មិនចង់បានតម្រៃច្រើនតិចក្ដីគេមិនយក
អ្នកប្រព្រឹត្តដូច្នេះជាមនុស្សចេះអាចចូលជ្រក
ក្រោមបារមីរៀងមកនឹងបានសុខជានិរន្ដរ៍

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១០៣,៨.១០-១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះហប្ញទ័យអាណិតអាសូរ ព្រះអង្គមិនដាក់ទោសយើងឱ្យសមនឹងអំពើបាបដែលយើងបានព្រឹត្តនោះឡើយ។ ព្រះអង្គក៏បានដកកំហុសរបស់យើងចេញពីយើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,១-១០

ព្រះ‌យេស៊ូ​មក​ដល់​ក្រុង​យេរីខូ ហើយ​យាង​កាត់​ទី‌ក្រុង។ មាន​បុរស​ម្នាក់​ឈ្មោះ​សាខេ ជា​មេ​លើ​អ្នក​ទារ​ពន្ធ គាត់​មាន​ទ្រព្យ‌សម្បត្តិ​យ៉ាង​ច្រើន។ គាត់​ចង់​ឃើញ​ព្រះ‌យេស៊ូ​មាន​ភិន‌ភាគ​យ៉ាង​ណា ប៉ុន្តែ ដោយ​មាន​មនុស្ស​ច្រើន​ពេក ហើយ​ដោយ​គាត់​មាន​មាឌ​តូច​ទៀត​ផង​នោះ គាត់​មើល​ព្រះ‌អង្គ​មិន​ឃើញ​ទេ។ គាត់​រត់​ទៅ​ខាង​មុខឡើង​ដើម​ឈើ​មួយ​ដើមចាំ​មើល​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​ត្រូវ​យាង​កាត់​តាម​នោះ។កាល​ព្រះ‌យេស៊ូ​យាង​មក​ដល់ ព្រះ‌អង្គ​ងើប​ព្រះ‌ភក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖«លោក​សាខេ​អើយ! សូម​អញ្ជើញ​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​លោក»។ លោក​សាខេ​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ព្រះ‌យេស៊ូ​ដោយ​អំណរ។ កាល​មនុស្ស​ទាំង​អស់​ឃើញ​ដូច្នោះ គេ​រអ៊ូ‌រទាំ​ថា៖«មើល៍! លោក​នេះ​ទៅ​ស្នាក់​នៅ​ផ្ទះ​មនុស្ស​បាប!»។ លោក​សាខេ​ក្រោក​ឈរ​ឡើង ទូល​ព្រះ‌អម្ចាស់​ថា៖«បពិត្រ​ព្រះ‌អម្ចាស់! ទូល‌បង្គំ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ​របស់​ទូល‌បង្គំចំនួន​ពាក់​កណ្ដាល​ដល់​មនុស្ស​ក្រីក្រ ហើយ​ប្រសិន​បើ​ទូល‌បង្គំ​ទារ​ពន្ធ​ពី​អ្នក​ណា​ហួស​កម្រិត ទូល‌បង្គំ​នឹង​សង​អ្នក​នោះ​វិញ​មួយ​ជា​បួន»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖«ថ្ងៃ​នេះ ការ​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ​ ដ្បិត​បុរស​នេះ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដែរ។ បុត្រ​មនុស្ស​បាន​មកដើម្បី​ស្វែង​រក និង​សង្គ្រោះ​មនុស្ស​ដែល​វិនាស​បាត់‌បង់»។

Facebook
Twitter
LinkedIn