អត្ថបទព្រះគម្ពីរ ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤

តាំងពីបុរាណកាលមក គ្រីស្តបរិស័ទតែងតែធ្វើបូជនីយចរទៅគោរពផ្លូវរបស់សន្តសិលានៅភ្នំវ៉ាទីកង់ ហើយក៏ទៅគោរពផ្នូរសន្តប៉ូលដែលនៅតាមផ្លូវទៅក្រុងអូស៊ីយ៉ា។ ប្រហែលនៅ គ.ស ៣៣០ ព្រះចៅអធិរាជរ៉ូមាំងព្រះនាមកុងស្តង់ទីនបញ្ជាឱ្យកសាងព្រះវិហារមួយនៅលើភ្នំវ៉ាទីកង់ ត្រង់ទីស្មសានមួយកន្លែង គ្រីស្តបរិស័ទសន្មតថា គេកប់សពសន្តសិលា។ ទាំងពីសតវត្សទី ១៤មក សម្តេចប៉ាបនានានាំគ្នាធ្វើពិធីបុណ្យឧិឡារិកទាំងប៉ុន្មានប្រចាំឆ្នាំ ក្នុងព្រះវិហារសន្តសិលានោះ។ គ្រីស្តបរិស័ទសាងព្រះវិហារនេះឡើងវិញនៅសតវត្សទី ១៦។ ព្រះវិហារនេះធំជាងគេក្នុងសកលលោកទាំងមូល។ សម្តេចប៉ាបធ្វើពិធីឆ្លងនៅឆ្នាំ ១៦២៦។ អស់លោកអភិបាលព្រះសហគមន៍បានជួបជុំគ្នា ជាមហា​សន្និបាតពីរលើក (វ៉ាទីកង់ទី១ និងទី២) ក្នុងព្រះវិហារនោះ។ គ្រីស្តបរិស័ទកសាងព្រះវិហារ សន្តប៉ូល ក្រៅកំពែងទីក្រុងរ៉ូម ត្រង់កន្លែងគ្រីស្តបរិស័ទពីដើមសន្មតថា គេកប់សពរបស់សន្តប៉ូល។ ព្រះចៅអធិរាជ វ៉ាលិនទីញាំង ទី២ ធ្វើបុណ្យឆ្លងព្រះវិហារនេះ នៅគ.ស ៣៨៦។ គេសាងព្រះវិហារនេះឡើងវិញ នៅគ.ស ១៨២៣ ក្រោយពីត្រូវអគ្គីភ័យបំផ្លាញអស់។

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១,១-៥;២,១-៥

នេះ​ជា​ហេតុ‌ការណ៍​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ដ​បាន​សម្ដែង​ឱ្យឃើញ គឺ​ព្រះ‌ជាម្ចាស់​ប្រទាន​ឱ្យ​ព្រះ‌អង្គ​បង្ហាញ​ព្រឹត្តិ‌ការណ៍ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះឱ្យ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ដឹង។ ព្រះ‌យេស៊ូ​បាន​ចាត់​ទេវទូតរបស់​ព្រះ‌អង្គឱ្យ​មក​ប្រាប់​លោក​យ៉ូហាន ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មានដែល​លោក​បាន​ឃើញ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សក្ខី‌ភាព​របស់​ព្រះ‌យេស៊ូ​គ្រីស្ដ។ អ្នក​ណា​អាន​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គលហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​លោក​ថ្លែង​ក្នុង​នាម​ព្រះ‌ជាម្ចាស់ ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មានដែល​មាន​ចែង​ទុក​មក​នេះ ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។ ខ្ញុំយ៉ូហាន សូម​ជម្រាប​មក​ព្រះ‌សហគមន៍ទាំង​ប្រាំ​ពីរនៅ​ស្រុក​អាស៊ី។ សូម​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​កំពុង​តែ​យាង​មក មេត្តា​ប្រណីសន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។ សូម​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ​ពីរដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់ និង​ព្រះ‌យេស៊ូ​គ្រីស្ដ ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន​ដែរ! ព្រះ‌យេស៊ូ​ជា​បន្ទាល់​ដ៏​ស្មោះ‌​ត្រង់ ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​ព្រះ‌អង្គ​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែន‌ដី។ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឱ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។ «ចូរ​សរសេរ​ទៅ​កាន់​ទេវទូតរបស់​ព្រះ‌សហ​គមន៍ នៅ​ក្រុង​អេភេសូដូច​ត​ទៅ៖ព្រះ‌អង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំ​ពីរ​នៅ​ព្រះ‌ហស្ដ​ស្ដាំ ហើយ​ដែល​យាង​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ​ពីរ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថាៈ “យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ប្រព្រឹត្ត ហើយ​ក៏​ស្គាល់​ការ​នឿយ‌ហត់ និង​ការ​ព្យាយាម​របស់​អ្នក​ដែរ។ យើង​ដឹង​ហើយ​ថា អ្នក​មិន​អាច​ទ្រាំ‌ទ្រ​នឹង​មនុស្ស​អាក្រក់​បាន​ឡើយ អ្នក​បាន​ល្បង‌ល​មើល​ពួក​ដែល​តាំង​ខ្លួន​ជា​គ្រីស្ដទូត ហើយ​ឃើញ​ថា ​ពួក​នោះ​មិន​មែន​ជា​គ្រីស្ដទូត​ទេ គឺ​ជា​អ្នក​កុហក។ អ្នក​មាន​ចិត្ត​ព្យាយាម អ្នក​បាន​រង‌ទុក្ខ​លំបាក ព្រោះ​តែ​នាម​យើង​ឥត​បាក់​ទឹក​ចិត្ត​សោះ​ឡើយ។ ប៉ុន្តែ យើង​ប្រកាន់​អ្នក​ត្រង់​កន្លែង​មួយ គឺ​អ្នក​លែង​មាន​ចិត្ត​ស្រឡាញ់ដូច​អ្នក​មាន កាល​ពី​ដើម​ដំបូង។ ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ប្រព្រឹត្ត​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ត កាល​ពី​ដើម​នោះ​ឡើង​វិញ។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្ត តាមមនុស្សទុច្ចរិត មិនស្គាល់ទូន្មាន
ហើយមិនចូលចិត្ត ដើរតាមស្នាមដាន អ្នកនោះនឹងមាន
មង្គលពេកក្រៃ
តែតាមការពិត ពួកគេចូលចិត្ត នឹងធម្មវិន័យ
របស់ព្រះជាម្ចាស់ ទាំងយប់ទាំងថ្ងៃ សញ្ជឹងរំពៃ
ឥតមានភ្លេចភ្លឹង
អ្នកនោះប្រៀបបាន ដើមឈើល្អថ្កាន ដុះក្បែរផ្លូវទឹក
មិនស្លោកស្រពោន ឱ្យផលផ្លែស្លឹក ចម្រើនសន្ធឹក
តាមកាលរដូវ
រីមនុស្សអាក្រក់ មានចិត្តគម្រក់ កេរ្ដិ៍ឈ្មោះអាស្រូវ
ពួកគេប្រៀបបាន អង្គាមដែលត្រូវ ខ្យល់ផាត់ប៉ើងទៅ
បាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់ វិន័ច្ឆ័យទោស ជនពោលទាំងឡាយ
ព្រមទាំងមនុស្សបាប មិនស្ថិតស្ថេរឡើយ ត្រូវតែឃ្លាតឆ្ងាយ
ពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ ស្គាល់ប្រាកដណាស់ មាគ៌ាប្រណីត
នៃមនុស្សល្អ ស្មោះសរសុចរិត មាគ៌ាឧក្រិដ្ឋ
នាំខ្លួនអន្ដរាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ៨,១២

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូគ្រីស្ដ! ព្រះអង្គពិតជាពន្លឺបំភ្លឺពិភពលោកមែន! អ្នកណាទៅតាមព្រះអង្គ អ្នកនោះមានពន្លឺដែលនាំគេទៅកាន់ជីវិត។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨, ៣៥-៤៣

កាល​ព្រះ‌យេស៊ូ​យាង​មក​ជិត​ដល់​ក្រុង​យេរីខូ មាន​មនុស្ស​ខ្វាក់​ម្នាក់អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ ពេល​គាត់​ឮ​ស្នូរ​បណ្ដា‌ជន​ដើរ​តាម​នោះ គាត់​សួរ​គេ​ថា​មាន​រឿង​អ្វី គេ​ប្រាប់​គាត់​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​យាង​មក​តាម​ផ្លូវ​នោះ។ មនុស្ស​ខ្វាក់​ក៏​ស្រែក​ឡើង​ថា៖«ឱ​ព្រះ‌យេស៊ូជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង!»។ ពួក​អ្នក​ដែល​ដើរ​ខាង​មុខ​បាន​ឃាត់​គាត់​ឱ្យនៅ​ស្ងៀម ប៉ុន្តែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖«ឱ​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង!»។ ព្រះ‌យេស៊ូ​ក៏​ឈប់ ហើយ​បញ្ជា​គេ​ឱ្យនាំ​គាត់​ចូល​មក​ជិត​ព្រះ‌អង្គ។ លុះ​មនុស្ស​ខ្វាក់​ដើរ​ចូល​មក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖«តើ​អ្នក​ចង់​ឱ្យខ្ញុំ​ធ្វើ​អ្វី?»។ គាត់​ទូល​ព្រះ‌អង្គ​ថា៖«បពិត្រ​ព្រះ‌អម្ចាស់! សូម​ព្រះ‌អង្គ​ប្រោស​ឱ្យ​ភ្នែក​ទូល‌បង្គំបាន​ភ្លឺ​ឡើង​វិញ​ផង»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖«ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ ចូរ​ឱ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង​វិញ​ចុះ»។ រំពេច​នោះ គាត់​មើល​ឃើញ​វិញ​ភ្លាម ហើយ​គាត់​ក៏​តាម​ព្រះ‌យេស៊ូ​ទាំង​លើក​តម្កើងសិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។ ប្រជាជន​ទាំង​មូល​បាន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​ទាំង​អស់​គ្នា។

Facebook
Twitter
LinkedIn