សៅរ៍ – បៃតង – រដូវធម្មតា
សន្តីម៉ាការីតា នៅស្កុតឡែន
ព្រះនាងម៉ាការីតា (ប្រ.១០៤៦-១០៩៣) ជាព្រះញាតិវង្សព្រះបាទអេឌូអ័រ “ជាអ្នកប្រកាសជំនឿ”។ ព្រះនាងរៀបអភិសេកជាមួយព្រះបាទម៉ាលកុម ជាស្តេចប្រទេសអេកុស ហើយប្រសូតបុត្របានប្រាំបីអង្គ។ ព្រះនាងអប់រំបុត្រទាំងនោះយ៉ាងល្អបំផុតតាមជំនឿនៃគ្រីស្តសាសនា។ ព្រះនាងយកព្រះហឫទ័យទុកដាក់នឹងបំបាត់ពិធីផ្សេងៗរបស់សាសនាដ៏ទៃ ដែលគ្រីស្តបរិស័ទនៅសម័យនោះតែងអនុវិត្តរួមនឹងគ្រីស្តសាសនា។ ព្រះនាងមានឈ្មោះល្បីល្បាញអស្ចារ្យក្នុងការជួយឧបត្ថម្ភជនក្រីក្រ។ សន្តីម៉ាការីតាជាឧបាការិនីស្រុកអេកុស។ ឈ្មោះ “ម៉ាការីតា” នេះមានន័យថា “ពេជ្រ ”។
សូមថ្លែងលិខិតទី៣ របស់គ្រីស្ដទូតយ៉ូហាន ៣ យហ ៥-៨
ជម្រាបមកលោកកៃយ៉ូសជាទីស្រឡាញ់! ប្អូនប្រព្រឹត្តស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបម្រុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។ បងប្អូនទាំងនោះបានផ្ដល់សក្ខីភាពនៅមុខព្រះសហគមន៍អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀបដែលគួរឱ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។ ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឱ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។
ទំនុកតម្កើងលេខ ១១២(១១១),១-៦ បទពាក្យ៧
១ | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
២ | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
៣ | ក្នុងផ្ទះជនដែលមានចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
៤ | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
៥ | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
ព្រមទាំងរករស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
៦ | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
ជនគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ថស ២,១៤
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ត្រាស់ហៅបងប្អូណដោយសារដំណឹងល្អសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៨,១-៨
ព្រះយេស៊ូមានព្រះបន្ទូលជាប្រស្នាពន្យល់សាវ័កឱ្យដឹងថា ត្រូវតែអធិស្ឋានជានិច្ច មិនត្រូវរសាយចិត្តឡើយ៖«នៅក្នុងក្រុងមួយ មានចៅក្រមម្នាក់ជាមនុស្សមិនកោតខ្លាចព្រះជាម្ចាស់ ហើយមិនកោតក្រែងនរណាឡើយ។ មានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ គាត់តែងមកអង្វរចៅក្រមថា “សូមលោករកយុត្តិធម៌ឱ្យនាងខ្ញុំផង”។ ប៉ុន្តែ ចៅក្រមមិនព្រមកាត់ក្តីឱ្យភ្លាមៗទេ លោកចេះតែពន្យារពេលយ៉ាងយូរ។ ក្រោយមក លោកនឹកក្នុងចិត្តថា “ទោះបីអញមិនកោតខ្លាចព្រះជាម្ចាស់ មិនកោតក្រែងនរណាក៏ដោយ ក៏អញត្រូវតែកាត់ក្តីឱ្យស្ត្រីមេម៉ាយនេះដែរ ព្រោះគាត់ចេះតែមករំអុកអញគ្រប់ពេលវេលា។ បើអញមិនកាត់ក្តីឱ្យគាត់ទេ មុខជាគាត់មករំខានអញមិនចេះចប់មិនចេះហើយ”»។ ព្រះអម្ចាស់មានព្រះបន្ទូលបន្ថែមទៀតថា៖«ចូរពិចារណាពាក្យរបស់ចៅក្រមដ៏អាក្រក់នេះចុះ។ ចំណង់បើព្រះជាម្ចាស់វិញ ព្រះអង្គរឹតតែរកយុត្តិធម៌ឱ្យអស់អ្នកដែលព្រះអង្គបានជ្រើសរើស ហើយដែលអង្វរព្រះអង្គទាំងយប់ ទាំងថ្ងៃ ព្រះអង្គគ្រាន់តែបង្អង់ប៉ុណ្ណោះ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងរកយុត្តិធម៌ឱ្យគេក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ ពេលបុត្រមនុស្សមកដល់ តើលោកឃើញមនុស្សមានជំនឿនៅលើផែនដីនេះឬទេ?»។
ស – ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
ព្រះនាងម៉ាការីតា (ប្រ.១០៤៦-១០៩៣) ជាព្រះញាតិវង្សព្រះបាទអេឌូអ័រ “ជាអ្នកប្រកាសជំនឿ”។ ព្រះនាងរៀបអភិសេកជាមួយព្រះបាទម៉ាលកុម ជាស្តេចប្រទេសអេកុស ហើយប្រសូតបុត្របានប្រាំបីអង្គ។ ព្រះនាងអប់រំបុត្រទាំងនោះយ៉ាងល្អបំផុតតាមជំនឿនៃគ្រីស្តសាសនា។ ព្រះនាងយកព្រះហឫទ័យទុកដាក់នឹងបំបាត់ពិធីផ្សេងៗរបស់សាសនាដ៏ទៃ ដែលគ្រីស្តបរិស័ទនៅសម័យនោះតែងអនុវិត្តរួមនឹងគ្រីស្តសាសនា។ ព្រះនាងមានឈ្មោះល្បីល្បាញអស្ចារ្យក្នុងការជួយឧបត្ថម្ភជនក្រីក្រ។ សន្តីម៉ាការីតាជាឧបាការិនីស្រុកអេកុស។ ឈ្មោះ “ម៉ាការីតា” នេះមានន័យថា “ពេជ្រ ”។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រោសសន្តីម៉ាការីតា នៅប្រទេសអេកុសឱ្យមានព្រះហឫទ័យសប្បុរសយ៉ាងល្អបំផុតចំពោះជនក្រីក្រ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យមានចិត្តសប្បុរសដូចព្រះនាង ដើម្បីធ្វើជាសញ្ញាសម្គាល់អំពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គក្នុងលោកនេះផង។
សូមថ្លែងព្រះគម្ពីរសុភាសិត សភ ៣១,១០-១៣.១៩-២០.៣០-៣១
ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ ស្វាមីទុកចិត្តលើនាង នាងតែងតែធ្វើឲ្យស្វាមីចម្រុងចម្រើន។នាងតែងតែផ្តល់សុភមង្គលឲ្យស្វាមីអស់មួយជីវិត គឺនាងមិនធ្វើឲ្យស្វាមីជួបអពមង្គលឡើយ។ នាងខិតខំរកអំបោះ និងសូត្រ មកត្បាញរវៃយ៉ាងស្វាហាប់។ នាងកាន់ខ្នាររវៃអំបោះ រួចនាងបោះត្រល់ត្បាញ។ នាងចែកទានដល់ជនក្រីក្រ ហើយជួយជនទុរគត។ រូបឆោមលោមពណ៌រមែងបញ្ឆោតចិត្ត រីឯសម្រស់ល្អស្អាត មិននៅស្ថិតស្ថេររហូតទេ មានតែស្ត្រីគោរពកោតខ្លាចព្រះអម្ចាស់ប៉ុណ្ណោះ ដែលគួរកោតសរសើរ។ នាងត្រូវតែទទួលផលពីកិច្ចការដែលនាងធ្វើ ហើយទទួលការកោតសរសើរពីមនុស្សទាំងអស់ក្នុងទីក្រុង។
ទំនុកតម្កើងលេខ ១៣១ (១៣០),១-៣ បទកាកគតិ
១ | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត | |
អ្នកតូចអ្នកទាប | ។ | ||
ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប | |
មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសមត្ថភាព | |
របស់ខ្ញុំឡើយ | ។ | ||
២ | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ | |
នឹងអ្វីទាំងអស់ | ។ | ||
៣ | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ | |
កប្បកល្បជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៤-៤៦
«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាកំណប់ដែលគេកប់ទុកនៅក្នុងស្រែមួយ។ មានបុរសម្នាក់រកកំណប់នោះឃើញ ហើយកប់ទុកវិញ។ គាត់មានចិត្តត្រេកអរជាខ្លាំង ក៏ចេញទៅលក់ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មាន យកប្រាក់ទិញដីស្រែនោះ។ ម្យ៉ាងទៀត ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអ្នកជំនួញម្នាក់ ដែលស្វែងរកទិញពេជ្រល្អៗ។ កាលបានឃើញពេជ្រមួយគ្រាប់ដ៏មានតម្លៃលើសលប់ហើយ គាត់ក៏ទៅលក់អ្វីៗទាំងប៉ុន្មានដែលគាត់មាន យកប្រាក់មកទិញពេជ្រនោះ»។