អត្ថបទព្រះគម្ពីរ ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

ព្រហ – បៃតង – រដូវធម្មតា

នៅថ្ងៃនេះ ព្រះសហគមន៍នាំគ្នាលើកតម្កើងព្រះនាងម៉ារីដែលថ្វាយទាំងចិត្តគំនិតទាំងខ្លួនទៅព្រះជាម្ចាស់ គឺព្រះនាងពិតជា “អ្នកបម្រើដ៏ទន់ទាបរបស់ព្រះអម្ចាស់”។ គ្រីស្តបរិស័ទពីដើម តែងតំណាលថា ឪពុកម្តាយព្រះនាងម៉ារី បានយកព្រះនាងមកថ្វាយព្រះជាម្ចាស់ក្នុងព្រះវិហារយេរូសាឡឹម។ ទោះបីរឿងនេះគ្មានកត់ត្រាទុកក្នុងគម្ពីរក៏ដោយ ក៏យើងជឿថា ព្រះនាងម៉ារីពិតជាថ្វាយចិត្តគំនិតស្ម័គ្រចិត្តបម្រើព្រះជាម្ចាស់ជានិច្ច។ ពេលព្រះអង្គសុំឱ្យព្រះនាងធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ ព្រះនាងយល់ព្រមភ្លាម។ ព្រះនាងត្រឡប់ទៅជាព្រះដំណាក់សម្រាប់ព្រះបុត្រាគង់នៅ។ ព្រះនាងម៉ារីពិតជាគំរូរបស់គ្រីស្តបរិស័ទ ជាពិសេសរបស់បព្វជិត ព្រោះព្រះនាងបានថ្វាយខ្លួនទាំងស្រុងចំពោះព្រះជាម្ចាស់។

សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ៥,១-១០

ខ្ញុំ​យ៉ូហាន ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ​ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។ បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ទេវទូត​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​យ៉ាង​ខ្លាំង​ថា៖«តើ​នរណា​មាន​ឋានៈ​សម​នឹង​បក​ត្រា​ចេញ ហើយ​បើក​ក្រាំង​នេះ​បាន?»។ ប៉ុន្តែ ទោះ​បី​នៅ​ស្ថាន​សួគ៌​ក្តី នៅ​លើ​ផែន‌ដី ឬ​នៅ​ក្រោម​ដី​ក្តី គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​ឡើយ។ ពេល​នោះ ខ្ញុំ​ស្រែក​យំ​យ៉ាង​ខ្លាំង ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ឋានៈ​សម​នឹង​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​ទេ។ ស្រាប់​តែ​មាន​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖«កុំ​យំ​អី! មើល​ហ្ន៎ សឹង្ហ​ដែល​កើត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ស្ដេច​ដាវីឌ ព្រះ‌អង្គ​មាន​ជ័យ‌ជម្នះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំ​ពីរ ហើយ​បើក​ក្រាំង​បាន»។ បន្ទាប់​មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​ព្រឹទ្ធា‌ចារ្យ។ កូន​ចៀម​នោះ​មើល​ទៅដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​យញ្ញ‌បូជា​រួច​ហើយ មាន​ស្នែង​ប្រាំ​ពីរ និង​ភ្នែក​ប្រាំ​ពីរ ជា​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ​ពីរ​របស់​ព្រះ‌ជាម្ចាស់ដែល​ព្រះ‌អង្គ​ចាត់​ឱ្យ​យាង​ទៅ​ពាស‌ពេញ​លើ​ផែន‌ដី។ កូន​ចៀម​នោះបាន​យាង​មក​ទទួល​យក​ក្រាំង​ពី​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះ‌អង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក។ កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាសពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋានរបស់​ប្រជាជន​ដ៏‌វិសុទ្ធ។ គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថាៈ “ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​ព្រះ‌អង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​លោះ​មនុស្សពី​គ្រប់​ពូជ​គ្រប់​ភាសាគ្រប់​ប្រជាជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះ‌ជាម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យបម្រើ​ព្រះ‌ជាម្ចាស់​របស់​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែន‌ដី”។

ទំនុកតម្កើងលេខ ១៤៩,១-៦.៩ បទកាកគតិ

ចូរច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ ប្រសើរកន្លង
ចូរច្រៀងតម្កើង ព្រះនាមព្រះអង្គ ក្នុងចំណោមផង
អ្នកដែលជឿព្រះ
ចូរឱ្យជនជាតិ ស្រាអែលខ្មីឃ្មាត រីករាយទាំងអស់
ដោយសារព្រះអង្គ បានបង្កើតមនុស្ស ទាំងស្រីទាំងប្រុស
ពាសពេញផែនដី
សូមប្រជាជន ក្នុងក្រុងស៊ីយ៉ូន អបអរប្រពៃ
នឹងព្រះមហាក្សត្រ គ្រងលើផែនដៅ ជាស្ដេចល្បាញល្បី
របស់ផងខ្លួន
សូមនាំគ្នារាំ ថ្វាយព្រះឧត្តម កុំវេះគេចពួន
តម្កើងព្រះនាម ឱ្យបានសមសួន វាយក្រាប់ផ្ទួនៗ
ទាំងដេញពិណថ្វាយ
ដ្បិតព្រះអម្ចាស់ សព្វព្រះទ័យណាស់ នឹងរាស្រ្ដទាំងឡាយ
ទ្រង់តែងសង្គ្រោះ ដឹកនាំត្រួសត្រាយ ហើយតែងខ្វល់ខ្វាយ
ជួយអ្នកទន់ទាប
សូមឱ្យអស់អ្នក សង្ឃឹមជឿជាក់ លើព្រះដរាប
នាំគ្នាសប្បាយ ប្រសើរលើសលប់ តម្កើងសាយសព្វ
សិរីព្រះម្ចាស់
ទោះជាពេលយប់ ក៏គេមិនឈប់ គេនៅប្រកាស
ទាំងលើកតម្កើង សិរីព្រះម្ចាស់ ឱ្យបានខ្ពង់ខ្ពស់
ទាំងអំណរផង
សូមទាំងអស់គ្នា សរសើរគ្រប់គ្រា កុំបីរំលង
មាត់ពោលពាក្យល្អ ដៃកាន់ដាវផង ទុក្ខសោកមួរហ្មង
វិនាសខ្ចាត់ខ្ចាយ
ឯការដាក់ទោស ជាតិសាសន៍ទាំងនោះ ត្រឹមត្រូវឥតប្រែ
តាមការសម្រេច ព្រះមិនខុសទេ ពួកវាត្រូវតែ
ទទួលទោសនោះ
កិច្ចការទាំងអស់ សក្ដិសមឥតខ្ចោះ គឺជាកិត្តិយស
ដ៏សែនរុងរឿង ដល់អ្នកទាំងអស់ ដែលជឿលើព្រះ
មិនសាបសូន្យឡើយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៩៥,៨

អាលេលូយ៉ា! អាលេលូយ៉ា!
នៅថ្ងៃនេះ កុំមានចិត្តរឹងរូសឡើយ! ចូរនាំគ្នាប្រុងត្រចៀកស្ដាប់ព្រះសួរសៀងរបស់ព្រះអម្ចាស់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១៩,៤១-៤៤

កាល​ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម ព្រះ‌អង្គ​ទត​ឃើញ​ទី‌ក្រុង ហើយ​ព្រះ‌អង្គ​ព្រះ‌កន្សែង​នឹក​អាណិត​ក្រុង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖«យេរូ‌សាឡឹម​អើយ! គួរ​ឱ្យ​ស្ដាយ​ពេក នៅ​ថ្ងៃ​នេះ អ្នក​ពុំ​បាន​យល់​ហេតុ‌ការណ៍​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​មក​អ្នក​សោះ ដោយ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ អ្នក​ពុំ​អាច​មើល​ឃើញ​បាន​ទេ។ នៅ​ពេល​ខាង​មុខ ខ្មាំង​សត្រូវ​នឹង​មក​បោះ​ទ័ព​ឡោម‌ព័ទ្ធ​ជុំ‌វិញ​អ្នក ហើយ​វាយ​ប្រហារ​អ្នក​ពី​គ្រប់​ទិស គេ​នឹង​កម្ទេច​អ្នក​ចោល ព្រម​ទាំង​សម្លាប់​អ្នក​ក្រុង​ឱ្យ​វិនាស​បង់​ផង។ គេ​មិន​ទុកឱ្យ​ដុំ​ថ្មនៅ​ត្រួត​ពី​លើ​គ្នាក្នុង​ក្រុង​ទៀត​ឡើយ ដ្បិត​អ្នក​ពុំ​បាន​ទទួល​ស្គាល់​ពេល​កំណត់​ដែល​ព្រះ‌ជាម្ចាស់​បាន​យាង​មក​សង្គ្រោះ​អ្នក​ទេ»។

ស – បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះយើងខ្ញុំនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដែលជ្រើសរើសព្រះនាងម៉ារីឱ្យធ្វើជាព្រះមាតារបស់ព្រះបុត្រាព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យរួមរស់ជាមួយព្រះអង្គជានិច្ចក្នុងលោកនេះ ដើម្បីឱ្យយើងខ្ញុំរួមរស់ជាមួយព្រះអង្គនៅថ្ងៃណាមួយនាស្ថានបរមសុខផង។

សូមថ្លែងព្រះគម្ពីរសុភាសិត សភ ៨,២២-៣១

ព្រះ‌អម្ចាស់​បាន​បង្កើត​ខ្ញុំ​តាំង​ពី​ដើម​ដំបូង​បង្អស់ គឺ​មុន​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ទៅ​ទៀត។ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តែង‌តាំង​ខ្ញុំ តាំង​ពី​អស់‌កល្ប​រៀង​មក គឺ​នៅ​គ្រា​ដំបូង​បង្អស់ មុន​កំណើត​ពិភព‌លោក​ទៅ​ទៀត។ កាល​ខ្ញុំ​កើត​មក មិន​ទាន់​មាន​ជម្រៅ​ទឹក ហើយ​ក៏​មិន​ទាន់​មាន​ប្រភព​ទឹក​ដែរ។ ព្រះ‌អង្គ​បង្កើត​ខ្ញុំ​មកមុន​ព្រះ‌អង្គ​ធ្វើ​ឱ្យ​ភ្នំ​ធំ​ភ្នំ​តូច​លេច​ឡើង។ ពេល​នោះ ព្រះ‌អង្គ​មិន​ទាន់​បង្កើត​ផែន‌ដី និង​លំហ​អាកាស​ទេ ហើយ​ក៏​មិន​ទាន់​បង្កើត​ធាតុ​ដើម​ផ្សេងៗ​ដែរ។ កាល​ព្រះ‌អម្ចាស់​លាត​សន្ធឹង​ផ្ទៃ​មេឃ និង​គូរ‌វាស​ជើង​មេឃ​ពី​លើ​មហា​សមុទ្រ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ។ កាល​ព្រះ‌អង្គ​ដាក់​ពពក​នៅ​លើ​អាកាស ហើយ​កាល​ប្រភព​ទឹក​ផុស​ចេញ​យ៉ាង​ខ្លាំងពី​ទី​ជម្រៅ កាល​ព្រះ‌អង្គ​កំណត់​ព្រំ‌ដែន​សមុទ្រ ដើម្បី​ខណ្ឌ​ទឹក​កុំ​ឱ្យហៀរ​ចេញ កាល​ព្រះ‌អង្គ​ចាក់​គ្រឹះ​ផែន‌ដី នៅ​គ្រា​នោះ ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គ ហើយ​ខ្ញុំ​ធ្វើ​ឱ្យ​ព្រះ‌អង្គ​មាន​អំណរជា​រៀង‌រាល់​ថ្ងៃ។ ខ្ញុំ​កំសាន្ត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គគ្រប់​ពេល​វេលា។ ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ព្រះ‌អង្គ​បាន​បង្កើត ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។

សូមថ្លែងព្រះគម្ពីរព្យាការីសាការី សក ២,១-៧

អ្នកស្រុកស៊ីយ៉ូនអើយ! ចូរហ៊ោកញ្ជ្រៀវសប្បាយឡើង! ចូរត្រេកអររីករាយឡើង! ដ្បិតយើងមករស់នៅកណ្តាលចំណោមអ្នករាល់គ្នាហើយ។ នៅថ្ងៃនោះ មានជាតិសាសន៍ជាច្រើនគោរពបម្រើព្រះជាម្ចាស់ដោយចិត្តស្មោះ ពួកគេនឹងទៅជាប្រជាជនរបស់យើងផ្ទាល់ ហើយយើងនឹងរស់នៅកណ្តាលចំណោមអ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ព្រះអម្ចាស់ ដ៏មានតេជានុភាពសព្វប្រការ ពិតជាបានចាត់ខ្ញុំឱ្យមករកអ្នករាល់គ្នាមែន។ ព្រះអម្ចាស់កាន់កាប់ស្រុកយូដាទុកជាកម្មសិទ្ធផ្ទាល់របស់ព្រះអង្គក្នុងដីដ៏វិសុទ្ធ ទ្រង់ក៏ជ្រើសរើសក្រុងយេរូសាឡឹមសាជាថ្មីម្តងទៀត។ សត្វលោកទាំងឡាយអើយ! ចូរនៅស្ងៀមចំពោះព្រះភ័ក្រ្តព្រះអម្ចាស់ ដ្បិតព្រះអង្គតើនឡើង និងយាងចេញពីព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គហើយ។

ទំនុកតម្កើងលេខ ៤៥ (៤៤), ១១-១២.១៥ បទព្រហ្មគីតិ

១១ ព្រះម្ចាស់ក្សត្រីយ៍អើយ កុំកន្តើយសណ្តាប់ខ្ញុំ
កុំនឹកនាពួនយំ ដល់រាជវង្សព្រះនាងអី
១២ សូមឱ្យមហាក្សត្រ បានគាប់ចិត្តអង្គក្សត្រីយ៍
បង្គំគាល់ក្រាបថ្វាយ កុំនឿយណាយទ្រង់ជាម្ចាស់
១៥ គេដង្ហែព្រះនាង ចូលក្នុងវាំងមនុស្សដេរដាស
ភីលៀងមានច្រើនណាស់ ហែទៅគាល់ព្រះរាជា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន  ១៣១,១៣

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់បានជ្រើសរើសព្រះនាងព្រហ្មចារិនីម៉ារី ជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ។ ព្រះនាងជាព្រះដំណាក់ដែលគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២,១៥-១៩

ពួក​ទេវទូត​ត្រឡប់​ទៅ​ស្ថាន​បរម‌សុខ​វិញ​អស់​ទៅ ពួក​គេ​បបួល​គ្នា​ថា៖«ទៅ! យើង​នាំ​គ្នា​ទៅ​បេថ្លេ‌ហិម មើល​ហេតុ‌ការណ៍​ដែល​កើត​មាន ដូច​ព្រះ‌អម្ចាស់​បាន​សម្ដែង​ឱ្យ​យើង​ដឹង​នោះ​មើល៍»។ ពួក​គេ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ ឃើញ​នាង​ម៉ារី លោក​យ៉ូសែប ព្រម​ទាំង​ព្រះ‌ឱរស​ផ្ទំ​ក្នុង​ស្នូក​សត្វ។ ពេល​ពួក​គង្វាល​ឃើញ​ព្រះ‌ឱរស​ហើយ គេ​ក៏​រៀប‌រាប់​អំពី​សេចក្ដី​ដែល​ទេវទូត​បាន​ប្រាប់​អំពី​ព្រះ‌ឱរស​នេះ។អស់​អ្នក​ដែល​បាន​ឮ​ពួក​គង្វាល​និយាយនឹក​ឆ្ងល់​យ៉ាង​ខ្លាំង។ រីឯ​នាង​ម៉ារី​វិញ នាង​ចង​ចាំ​ហេតុ‌ការណ៍​ទាំង​នេះ​ទុក​ក្នុង​ចិត្ត ព្រម​ទាំង​ត្រិះ‌រិះ​ពិចារណា​ថែម​ទៀត​ផង។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ពេលបុត្រារបស់ព្រះអង្គប្រសូតមកជាមនុស្ស ទ្រង់បានរក្សាភាពព្រហ្មចារីនៃព្រះមាតា និងលើកឱ្យបានវិសុទ្ធទៀតផង។ សូមឱ្យព្រះបុត្រារបស់ព្រះអង្គដែលថ្វាយសក្ការបូជាតែមួយដែលគាប់ព្រះហឫទ័យព្រះអង្គ យកតង្វាយរបស់យើងខ្ញុំ រួមជាមួយសក្ការបូជានេះផង។

ពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងខ្ញុំចូលរួមក្នុងសក្ការបូជារបស់ព្រះបុត្រាព្រះអង្គ នៅថ្ងៃគោរពព្រះនាងម៉ារី ជាព្រះមាតានៃព្រះបុត្រាថ្វាយខ្លួនទៅព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យថ្វាយខ្លួនទាំងស្រុងដូចព្រះនាង។ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យចងចាំ រិះគិតពិចារណាអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ព្រះបុត្រាដែលសង្គ្រោះមនុស្សលោកផង។

Facebook
Twitter
LinkedIn