ចន្ទ – បៃតង – រដូវធម្មតា
សន្តីកាតេរីន នៅអាឡិចសង់ឌ្រី
ជាព្រហ្មចារិនី និងជាមរណសាក្សី
សូមថ្លែងព្រះគម្ពីរវីវរណៈរបស់សន្ដយ៉ូហាន វវ ១៤,១-៣.៤-៥
ខ្ញុំយ៉ូហាន ឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ នៅជាមួយព្រះអង្គ អ្នកទាំងនេះមានព្រះនាមកូនចៀម និងព្រះនាមព្រះបិតារបស់ព្រះអង្គចារនៅលើថ្ងាស។ ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ដ្រី។ អ្នកទាំងនេះច្រៀងចម្រៀងថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកព្រឹទ្ធាចារ្យ។ គ្មាននរណាម្នាក់អាចរៀនចម្រៀងនោះចេះឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ ដែលព្រះជាម្ចាស់បានលោះពីផែនដីមក។ អ្នកទាំងនេះសុទ្ធតែជាមនុស្សដែលពុំបានធ្វើឱ្យខ្លួនសៅហ្មងនឹងស្ត្រីៗឡើយ គឺគេនៅព្រហ្មចារីទាំងអស់គ្នា។ កូនចៀមទៅទីណា គេក៏នាំគ្នាទៅទីនោះតាមព្រះអង្គដែរ។ ព្រះអង្គបានលោះគេចេញពីចំណោមមនុស្សលោកមកទុកជាផលដំបូងថ្វាយព្រះជាម្ចាស់ និងថ្វាយកូនចៀម ហើយអ្នកទាំងនោះក៏មិនដែលពោលពាក្យកុហកដែរ គឺគេឥតមានសៅហ្មងត្រង់ណាសោះឡើយ។
ទំនុកតម្កើងលេខ ២៤(២៣),១-៦ បទពាក្យ៧
១ | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រែមីរដេសដាស | |
សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ | ជាស្នាព្រះហស្ដនៃព្រះអង្គ | ។ | |
២ | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រង | |
ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ | ។ | |
៣ | តើនរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ | |
ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ដ | ។ | |
៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
មិនបណ្ដោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ | |
៥ | ព្រះជាអម្ចាស់ប្រទានពរ | ជោគជ័យបររសព្វទាំងអស់ | |
ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជំវិត | ។ | |
៦ | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភ័ក្ដ្រល្អល្អិតព្រះយ៉ាកុប | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ២៤,៤២.៤៤
អាលេលូយ៉ា! អាលេលូយ៉ា!
ចូរប្រុងស្មារតីឱ្យមែនទែន! ដ្បិតអ្នករាល់គ្នាពុំដឹងថា បុត្រមនុស្សនឹងយាងមកដល់វេលាណាទេ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ២១,១-៤
ព្រះយេស៊ូទតឃើញពួកអ្នកមានយកប្រាក់មកដាក់ក្នុងហិបថ្វាយព្រះជាម្ចាស់។ ព្រះអង្គទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់យកប្រាក់ពីរសេនមកដាក់ក្នុងហិបនោះដែរ។ ព្រះអង្គមានព្រះបន្ទូលថា៖«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ស្ត្រីមេម៉ាយក្រីក្រនេះបានដាក់ប្រាក់ច្រើនជាងគេទាំងអស់ ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ត្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិតមកដាក់ក្នុងហិប ថ្វាយព្រះជាម្ចាស់ដែរ»។