កម្មវិធីអបអរខួប២៥ឆ្នាំក្រុមគ្រួសារបងស្រី សមាគមសាសនទូតនៃព្រះបេះដូងព្រះយេស៊ូ នៅប្រទេសកម្ពុជា

នៅថ្ងៃទី១​៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសហគមន៍កាតូលិកប៉ោយប៉ែត ក៏ដូចជាព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង មានអំណរសប្បាយ ប្រារព្ធកម្មវិធីអបអរខួប២៥ឆ្នាំក្រុមគ្រួសារដូនជី​សមាគមសាសនទូត​នៃព្រះបេះដូងព្រះយេស៊ូនៅប្រទេសកម្ពុជា  ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ (អេនរីគេ) អភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង លោកអភិបាល សួន ហង្សលី អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម លោកបូជាចារ្យ បងប្រុស បងស្រី និងបងប្អូនគ្រីស្តបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។

ក្នុងនោះផងដែរ លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ បានប្រសាសន៍ថា៖ «សូមអបអរសាទរក្រុមបងស្រីដែលមានវត្តមាននៅប្រទេសកម្ពុជារយៈពេល២៥ឆ្នាំ វត្តមានរបស់ក្រុមបងស្រីពិសេស ដោយមានរបៀបទន់ភ្លន់ បន្ទាបខ្លួនដើម្បីបម្រើ និងមានការលើកទឹកចិត្តបងប្អូន និងនាំឱ្យព្រះសហគមន៍រីកចម្រើន»។

ដូនជី​ កាមែន កាដូហ្សា ជាប្រធានក្រុមគ្រួសារ​ដូនជី​សមាគមសាសនទូត​នៃព្រះបេះដូងយេស៊ូទូទាំងពិភពលោក បានមានប្រសាសន៍ថា គាត់​ពិតជាសប្បាយចិត្តណាស់ ដោយបានមើលឃើញ​ព្រះសហគមន៍​រីកចម្រើនច្រើន។

ដូនជី​បាន​បន្ត​ថា ពេលយើងមកព្រះសហគមន៍ប៉ោយប៉ែតឆ្នាំ២០០៦ នៅទីនេះមិនទាន់មានគ្រីស្តបរិស័ទប៉ុន្មានទេ ប៉ុន្តែបន្តិចម្តងៗយើងបានរៀបចំបង្រៀនអប់រំជំនឿ និងប្រមូលយុវជន ក្មេងៗ និងគ្រីស្តបរិស័ទ ហើយលោកបូជាចារ្យ និងក្រុមបងស្រីបានចាប់ផ្តើមមានការកសាងសង់អគារសម្រាប់សិស្សមណ្ឌល ព្រះវិហារ និងផ្ទះលោកបូជាចារ្យ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ១៩៩៩ ក្រុមគ្រួសារបងស្រីសមាគមសាសនទូត នៃព្រះបេះដូងព្រះយេស៊ូ បានមានវត្តមាននៅប្រទេសកម្ពុជា និងបានបំពេញបេសសកម្មដំបូងនៅព្រះសហគមន៍ភូមិភាគកំពង់ចាម ក្រុមគ្រួសារបងស្រីក៏សម្រេចចិត្តជ្រើសរើសកន្លែងបំពេញបេសកកម្មនៅក្រុងសួង ខេត្តកំពង់ចាម រហូតដល់បេសកកម្មត្រូវបានបញ្ចាប់ក្នុងឆ្នាំ ២០០៤។

ឆ្នាំ២០០៥ ក្រុមគ្រួសារបងស្រីបានផ្លាស់ប្តូរមកកាន់ភូមិភាគបាត់ដំបង ហើ​យ​ចាប់​ផ្តើម​បេសកកម្ម​ក្នុង​ក្រុង​​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅ​ឆ្នាំ​២០០៦។ នៅ​ទីនោះ​ក្រុម​ដូនជី​ បង្កើត​ឲ្យមានកម្មវិធី​ផ្នែកសុខភាព បង្រៀនអក្ខរកម្មសំរាប់ស្រីៗ កម្មវិធីអាហារូបត្ថម្ភ កម្មវិធីអាហារូបករណ៍សម្រាប់​សិស្សសាលា និងសួរសុខទុក្ខ​មន្ទីរឃុំឃាំងនៅស្វាយស៊ីសុផុន។ ក្នុងនោះ​ដែរ​ក្រុម​ដូនជី ចូលរួម​ក្នុងសកម្មភាព​ព្រះសហគមន៍​ បណ្តុះបណ្តាលគ្រូបង្រៀន​ក្នុងព្រះសហគមន៍​ អប់រំជំនឿជាដើម។

ក្នុង​ឆ្នាំ​២០១៣លោកអភិបាល​អេនរីគេ បាន​ស្នើ​សុំ​ក្រុម​ដូនជី​​ទៅ​បំពេញបេសសកម្មបន្ថែមទៀតនៅខេត្តឧត្តរមានជ័យ។ នៅ​ទីនោះ​ ក្រុម​ដូនជី​គ្រោង​នឹង​សាងសង់រោងមួយ សំរាប់កម្មវិធីផ្សេងៗ សកម្មភាពជាមួយកុមារ និងយុវជន បង្កើត​សាលាមត្តេយ្យ និង​កម្មវិធី​ជួយ​ដល់​​គ្រួសារក្រីក្រ និងគ្រួសារមានបញ្ហា ផ្ទះស្នាក់នៅសម្រាប់ក្រុមគ្រួសារ​របស់​ដូនជី​ ផ្ទះស្នាក់នៅសម្រាប់សិស្សស្រីដែលក្រីក្រកម្រិត​មធ្យមសិក្សា និងកម្មវិធីសុខភាព ។ល៕

ដោយ​សេង មួយ

Facebook
Twitter
LinkedIn