នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកបូជាចារ្យទាំងអស់ក្នុងភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានលើកទឹកចិត្តលោកបូជាចារ្យទាំងអស់ឱ្យបន្តពង្រឹងស្មារតី «ការធ្វើដំណើររួមគ្នា» (Synodality) នៅក្នុងព្រះសហគមន៍ តាមរយៈការអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា៖ ជំរុញឱ្យមានការប្រជុំ ពិគ្រោះយោបល់ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងគណៈកម្មការកណ្តាល សង្គហៈ ពិធីបុណ្យ អប់រំជំនឿ និងក្រុមយុវជន។ ជួយគណៈកម្មការពិធីបុណ្យឱ្យយល់ដឹង និងរៀបចំពិធីបុណ្យនានាឱ្យប្រកបដោយរបៀបរៀបរយ និងស័ក្តិសម។ ជួយគណៈកម្មការអប់រំជំនឿដោយយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ព្រមទាំងត្រួតពិនិត្យសៀវភៅ និងកម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ។ យកចិត្តទុកដាក់លើសកម្មភាពកុមារ កុមារជំទង់ និងយុវជន ដោយរៀបចំបោះជំរុំ ឬព្រឹត្តិការណ៍ផ្សេងៗ ព្រមទាំងបង្កើតវិធីសាស្ត្រអប់រំឱ្យកាន់តែស៊ីជម្រៅ ស្របតាមបរិបទជាក់ស្តែងនៃសង្គមបច្ចុប្បន្ន។ បន្ថែមពីនេះ លោកអភិបាលក៏បានអំពាវនាវដល់លោកបូជាចារ្យឱ្យរៀបចំរបាយការណ៍ និងឯកសារតាមព្រះសហគមន៍នីមួយៗ ដែលជាប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ព្រះសហគមន៍។ នៅក្នុងជំនួបនេះ ក៏មានបទបង្ហាញ ដោយបណ្ឌិត ផុន សុផល ស្តីពីសមិទ្ធិផលដ៏អស្ចារ្យ និងវឌ្ឍនភាពនានារបស់វិទ្យាស្ថានសន្តប៉ូល ព្រមទាំងគម្រោងលើកកម្ពស់ពីវិទ្យាស្ថានទៅជា «សាកលវិទ្យាល័យសន្តប៉ូល» ដែលជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់របស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅកម្ពុជា។ ចំពោះការត្រាស់ហៅ លោកអភិបាល អូលីវីយ៉េ ក៏បានបង្ហាញខ្លូន និស្សិតទេវវិទ្យាល័យ ២ រូប ដែលនឹងទទួលការតែងតាំងជាឧបដ្ឋាក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ ក្នុងនោះដែរ និស្សិតទេវវិទ្យា ១ រូប កំពុងបន្តការសិក្សានៅប្រទេសអ៊ីតាលី និង ៥ រូប កំពុងសិក្សាផ្នែកទស្សនវិជ្ជាឆ្នាំទី២ រីឯបេក្ខជនថ្នាក់ត្រៀមមានចំនួន ២ រូប ក្នុងឆ្នាំទី២ និង ២ រូបទៀត ទើបតែចូលថ្មីក្នុងឆ្នាំទី១។





