អត្ថបទ ព្រះគម្ពីរ ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣

សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៣,២៥.៣៤-៤៣

ព្រះបាទនេប៊ូកាណេសារបញ្ជាឱ្យទម្លាក់លោកអសារីយ៉ានៅក្នុងភ្លើង។ លោកអសារីយ៉ាទូលអង្វរព្រះជាម្ចាស់នៅកណ្តាលភ្លើងថា៖ «បពិត្រព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសយើងខ្ញុំ! សូមព្រះអង្គកុំបោះបង់ចោលយើងខ្ញុំ សូមទ្រង់កុំផ្តាច់សម្ព័ន្ធមេត្រីរបស់ព្រះអង្គឡើយ។ សូមព្រះអង្គនឹកដល់សេចក្តីស្រឡាញ់របស់លោកអប្រាហាំដែលជាមិត្តសម្លាញ់របស់ព្រះអង្គ លោកអ៊ីសាកដែលជាអ្នកបម្រើរបស់ព្រះអង្គ និងលោកអ៊ីស្រាអែលជាអ្នកដ៏វិសុទ្ធរបស់ព្រះអង្គ! ហើយអាណិតអាសូរយើងខ្ញុំផង! កាលពីដើមព្រះអង្គបានសន្យានឹងលោកទាំងបីនោះថា នឹងប្រទានឱ្យលោកមានកូនចៅដ៏ច្រើនឥតគណនាដូចចំនួនផ្កាយនៅលើមេឃ ឬដូចចំនួនគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ។ បពិត្រព្រះអម្ចាស់! ថ្ងៃនេះ យើងខ្ញុំត្រឡប់ទៅជាប្រជាជនមួយដ៏តូចជាងគេបំផុតក្នុងចំណោមប្រជាជនទាំងឡាយ យើងខ្ញុំក៏ត្រូវអាម៉ាស់មុខនៅលើផែនដីទាំងមូលព្រោះ​តែអំពើបាបរបស់យើងខ្ញុំ។ នៅពេលនេះ យើងខ្ញុំគ្មានស្តេច គ្មានព្យាការី គ្មានអ្នកដឹកនាំ រីឯយញ្ញដុតទាំងមូល សក្ការបូជា តង្វាយផ្សេងៗ និងគ្រឿងក្រអូបថ្វាយព្រះអង្គក៏គ្មានដែរ។ យើងខ្ញុំគ្មានកន្លែងយកផលផ្លែដំបូងមកថ្វាយព្រះអង្គ ដើម្បីឱ្យបានគាប់ព្រះហប្ញទ័យព្រះអង្គឡើយ។ សូមព្រះអង្គទទួលចិត្តសោកសង្រេង និងចិត្តសុភាពរាបសារបស់យើងខ្ញុំទុកជាតង្វាយ ហាក់ដូចជាយើងខ្ញុំយកពពែ ឬគោ ឬកូនចៀមដ៏ធាត់រាប់ពាន់ក្បាលមកដុតទាំងមូលថ្វាយព្រះអង្គផង។ សូមឱ្យសក្ការបូជាដែលយើងខ្ញុំថ្វាយនៅថ្ងៃនេះ បានគាប់ព្រះហប្ញទ័យព្រះអង្គ។ សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំ ដ្បិតអ្នកដែលជឿសង្ឃឹមលើព្រះអង្គមិនត្រូវខកចិត្តឡើយ។ ឥឡូវនេះ យើងខ្ញុំយកចិត្តទុកដាក់ដើរតាមគន្លងធម៌របស់ព្រះអង្គ គោរពកោតខ្លាចព្រះអង្គ និងស្វែងរកព្រះភក្ត្រព្រះអង្គផង។ សូមព្រះអង្គកុំចោលយើងខ្ញុំឱ្យអាម៉ាស់មុខតទៅទៀត! សូមទ្រង់ព្រះមេត្តាអាណិតអាសូរយើងខ្ញុំតាមព្រះហប្ញទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គផង។ សូមព្រះអង្គប្រព្រឹត្តការអស្ចារ្យឱ្យបានដូចពីដើម ដើម្បីរំដោះយើងខ្ញុំ។ បពិត្រព្រះអម្ចាស់! សូមទ្រង់សម្តែងព្រះបារមីរបស់ព្រះអង្គ ដើម្បីឱ្យមនុស្សលោកទាំងអស់លើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ»។

ទំនុកតម្កើងលេខ ២៥ (២៤),៤-១០.១៤ បទពាក្យ ៧

​៤ឱ! ព្រះអម្ចាស់ទូលបង្គំសូមជួយណែនាំនិងបង្រៀន
ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កានវិសុទ្ធហួសស្មាននៃព្រះអង្គ
សូមជួយអប់រំខ្ញុំឱ្យរស់តាមក្តីពិតស្មោះព្រះអង្គផង
ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មងសង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃចន្ទ
ឱព្រះអម្ចាស់សូមកុំភ្លេចចាំជាប់ជានិច្ចពេញព្រះទ័យ
ដែលធ្លាប់អាណិតពន់ពេកក្រៃករុណាប្រណីខ្ញុំជានិច្ច
សូមបំភ្លេចបាបនិងកំហុសដែលខ្ញុំមានទោះច្រើនឬតិច
នៅពីក្មេងខ្ចីសូមបំភ្លេចទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា
ព្រះអម្ចាស់មានព្រះហប្ញទ័យសប្បុរសពេកក្រៃករុណា
សូមជួយបង្ហាញពីមាគ៌ាមនុស្សបាបរាល់គ្នាបានស្គាល់ផង
ព្រះអង្គនាំមនុស្សដែលមានចិត្តសុភាពសុចរិតតាមគន្លង
មាគ៌ាត្រឹមត្រូវល្អផូរផង់មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ
១០មាគ៌ារបស់ព្រះអម្ចាស់សម្តែងយ៉ាងច្បាស់ករុណាធម៌
ដល់អ្នកគោរពទោះក្រីក្រខ្ពង់ខ្ពស់បវរតាមសម្ពន្ធ
១៤ព្រះតែងសម្តែងភក្តីភាពអ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ
អ្នកដែលកោតខ្លាចទ្រង់សប្បុរសឱ្យគេទាំងអស់ស្គាល់មេត្រី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ២,១២-១៣

បពិត្រព្រះអម្ចាស់! ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ”សូមវិលមករកយើងវិញដោយស្មោះអស់ពីចិត្តមក! យើងមានហប្ញទ័យសប្បុរសមេត្តាករុណា!”។
បពិត្រព្រះអម្ចាស់! ជាព្រះមហាក្សត្រប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច យើងខ្ញុំសូមលើកតម្កើងព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៨,២១-៣៥

ពេលនោះលោកសិលាចូលមកជិតព្រះយេស៊ូ ហើយទូលសួរថា៖ «បពិត្រព្រះអម្ចាស់ បើបងប្អូនចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឱ្យគេប៉ុន្មាន​ដង? រហូតដល់ប្រាំពីរដងឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឱ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឱ្យគេចិតសិបដងគុណនឹងប្រាំពីរ។ ហេតុនេះ ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបាននឹងស្តេចមួយអង្គដែងចង់គិតបញ្ជីជាមួយអ្នកបម្រើ។ ពេលព្រះរាជាចាប់ផ្តើមគិត​បញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ ដោយអ្នកនោះ​គ្មានប្រាក់សង ស្តេចក៏ចេញបញ្ជាឱ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរ​ដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ អ្នកបម្រើនោះលុតជង្គង់ ក្រាបទៀបព្រះ​បាទាស្តេចទូលអង្វរថា៖ «សូមទ្រង់មេត្តាអត់ឱនពន្យារពេលឱ្យទូលបង្គំផង ទូលបង្គំ​នឹងសងព្រះអង្គវិញគ្រប់ចំនួន»។ ព្រះរាជាមានព្រះហប្ញទ័យអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ព្រះអង្គក៏ឱ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។ ពេលអ្នកបម្រើនោះចេញទៅ គាត់បាន​ជួបនឹងគូកនម្នាក់ដែលជំពាក់ប្រាក់គាត់មួយរយ​ដួង គាត់ចាប់អ្នកនោះច្របាច់កទាំងពោលថា៖ «សងប្រាក់អញទាំងអស់មក!»។ គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា៖ «សុំអត់ឱនពន្យាពេលឱ្យគ្នាផង គ្នានឹងសង​ឯងវិញគ្រប់ចំនួន។ ប៉ុន្តែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់​អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ អ្នកបម្រើ​ឯទៀតឃើញដូច្នោះ ទាស់ចិត្តជាខ្លាំង ហើយនាំគ្នាយករឿងនេះទៅទូលស្តេច។ ស្តេច​ក៏ហៅអ្នកបម្រើនោះមកសួរថា៖ «នែ៎! អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង យើងបានអាណិតមេត្តាឯង។ ហេតុ​ដូចម្តេចបានជាឯងពុំព្រមអាណិតមេត្តាដល់គូកនរបស់ឯងផងដូច្នេះ?»។ ស្តេចទ្រង់​ខ្ញាល់ក្រៃលែង ក៏បញ្ជាឱ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុល​គ្រប់ចំនួន។ ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឱ្យបងប្អូនដោយស្មោះអស់ពីចិត្តទេ ព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខក៏នឹងដាក់ទោសដល់អ្នករាល់គ្នាដូច្នោះដែរ»។

Facebook
Twitter
LinkedIn