លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ

នៅក្នុងពិធីប្រសិទ្ធពរ​លើបន្ទប់​អធិដ្ឋាន​​​សន្ត​ម៉ាថាយ​ជា​គ្រីស្ត​ទូត (Saint Mathew the apostle)និង​សាលា​មេត្តេយ្យនៅព្រះសហគមន៍​​កោះ​កុង​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍ថា តួនាទី​របស់​គ្រីស្ត​បរិស័ទ​​គឺ កែ​ប្រែ​ចិត្ត​គំនិត​ផ្ទាល់​ខ្លួនដើម្បី​ប្រកាស​ដំណឹងល្អ។

លោក​អភិបាល​មាន​ប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់​អធិដ្ឋាន​ ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃ​សន្ត​ម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។»

សន្តម៉ាថាយ​ដែល​បាន​កែ​ប្រែ​ចិត្ត​គំនិត​ទៅជាមនុស្ស​ថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយ​ទៅតាមសមត្ថភាពរបស់យើង។» លោក​អភិបាល​បញ្ជាក់។

លោក​ម៉ាថាយជា​គ្រីស្ត​ទូត​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២ ដែល​បាន​ដើរតាម​ព្រះយេស៊ូ​ទៅ​ប្រកាសដំណឹងល្អ ហើយ​បន្ទាប់​មក​លោក​បាន​កត់​ត្រា​នូវ​កិច្ចការ​ជាច្រើន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។ លោកអភិបាល​អូលីវីយ៉េ​បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​អាន​ព្រះគម្ពីរ​ដំណឹងល្អដែល​និពន្ធ​ឡើង​ដោយ​លោក​ម៉ាថាយ ដើម្បី​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។

កិច្ចការ​នេះ​អាច​ធ្វើ​ទៅបាន លុះ​ត្រាតែ​យើង​ម្នាក់ៗ​កែ​ប្រែ​ចិត្ត​គំនិត​ «ដើម្បីក្លាយទៅជាមនុស្សថ្មី ដោយដឹងថាជីវិតរបស់យើងត្រូវតែទៅមុខនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះបីជាយើងធ្វើអ្វីក៏ដោយនៅក្នុងជីវិត គឺយើងពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយសារតែយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។» លោកអភិបាល​បញ្ជាក់។

លោក​អភិបាល​បន្ថែម​ថា ការ​អនុវត្ត​ព្រះបន្ទូល​គឺ​ជា​សក្ខីកម្ម​សំខាន់​មួយ គឺ​«យើងត្រូវតែបើកភ្នែក បើកត្រចៀក បើកដួងចិត្តរបស់យើង ដើម្បីមើលឃើញ​ទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់បងប្អូនឯទៀតៗ។»

ក្នុងនោះ​ដែរ​ លោកអភិបាល​បាន​​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​ខិតខំ​ទទួល​ស្វាគមន៍អ្នក​ខ្វះខាត​​យ៉ាង​រាក់​ទាក់ និង​កក់​ក្តៅជា​គ្រួសារ​មួយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​កម្លាំង​ «ទោះបីកម្សត់ ទោះបីឯកោ តែគេដឹងថា នៅកន្លែងរបស់យើង គេបានរកឃើញគ្រួសារមួយ​ដែល​គេស្រឡាញ់ ដែលចេះស្វាគមន៍យ៉ាងរាក់ទាក់។»

លោក​បន្ថែមថា ការ​ទទួលស្វាគមន៍កុមារ​យ៉ាងទូលំទូលាយនៅក្នុងតំបន់នេះ​តាម​រយៈ​សាលា​មត្តេយ្យ​ ដើម្បីសាងសង់មូលដ្ឋានគ្រឹះនៃជីវិតអស់កាលជានិច្ច ដើម្បីក្លាយជាពលរដ្ឋដ៏ល្អ ដើម្បីឲ្យក្លាយជាមនុស្សដែលចេះគោរពក្នុងសង្គមយ៉ាងសមរម្យ គឺជារបៀបមួយ ដែលព្រះសហគមន៍របស់យើងនៅកោះកុង អាចប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។

លោក​អភិបាល​បន្ថែមថា « យើងដឹងថាអនាគតគឺជាមរតកមួយយ៉ាងពិសេស។ ហើយព្រះសហគមន៍បានជួយសាងសង់អស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីឲ្យសង្គម​របស់យើងទទួលសេចក្ដីសុខ និងសុខដុមរមនា។»

បន្ទប់​អធិដ្ឋាន​សន្ត​ម៉ាថាយ​ជា​គ្រីស្ត​ទូតនិង​សាលា​មត្តេយ្យ នៃព្រះសហគមន៍​កោះ​កុង​ស្ថិតនៅ​ក្នុង​ភូមិ​១ សង្កាត់​ស្មាច់​មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះ​កុង​​​ ជា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ដែល​មាន​ចំងាយ​២៧១គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ ស្ថិតនៅ​ភាគ​និរតីនៃប្រទេស ត្រូវ​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​កាលពីថ្ងៃទី​១៧ ខែ​ធ្នូ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ជិត​២០០នាក់។

ព្រះសហគមន៍​កោះ​កុង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ មាន​គ្រីស្ត​បរិស័ទ​ ​ប្រមាណ​២០គ្រួសារ​រស់នៅ​ក្នុង​តំបន់​នោះ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​លេង ហុង អាយុ​៤១ឆ្នាំ ជាគ្រីស្ត​បរិស័ទ​ដែល​ធំ​ដឹងក្តី​​នៅ​ទីនោះ។ លោក​បាន​ឲ្យ​ដឹងថា តំបន់​នេះ ជា​កន្លែង​មួយ​ដែល​ពីមុន​ គ្រីស្ត​បរិស័ទ​មក​ជួញដូរ គេ​ប្រមូល​ផ្តុំ​នៅ​ទីនេះមាន​ដូចជា​ លក់​ដូរ និងនេសាទជាដើម ប៉ុន្តែ​ដោយ​របត់​សង្គមថ្មីមិនសូវ​មាន​ការងារ​ គេ​នាំ​គ្នា​បំផ្លាស់​ទីទៅ​តំបន់​ផ្សេងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រីស្ត​បរិស័ទ​នៅ​ទីនេះ មានតិច​តួច​។

«ភាគ​ច្រើន​គ្រីស្ត​បរិស័ទ​នៅ​កោះ​កុង​សុទ្ធ​តែ​ជា​អ្នក​ចំណូល​ថ្មី​ បង្កើត​ជា​របត់​ថ្មីមួយ។» លោក​ហុង​បន្ថែមថា សព្វ​ថ្ងៃនេះ ព្រះសហគមន៍​កំពុង​តែ​រក​វិធី​ជួយ​ដល់​អ្នក​ក្រីក្រ និង​សួរ​សុខ​ទុក្ខ​បងប្អូន​គ្រីស្ត​បរិស័ទ​។ នេះ​ជា​មូលហេតុ​ដែល​ព្រះសហគមន៍​បង្កើត​សាលា​មត្តេយ្យ ដើម្បី​ប្រមូល​កូន​ចៅ​គ្រីស្ត​បរិស័ទ​ឲ្យ​មក​ទទួល​ការ​អប់រំ ដើម្បី​បញ្ចៀសការបំផ្លាស់​ទី​របស់​ឪពុកម្តាយ។

លោក​បូជាចារ្យ​អ៊ុន សុន ជា​អតីត​អ្នកទទួល​ខុស​ត្រូវតំបន់​កំពង់សោម​និង​កោះ​កុង​មាន​ប្រសាសន៍​ថា លោក​សូម​​អរព្រះគុណព្រះជាម្ចាស់​ ​ដែល​បាន​ផ្តល់​កម្លាំង​កាយ​កម្លាំង​ចិត្តដល់គ្រីស្ត​បរិស័ទ​ កសាង​ធន​ធាន​មនុស្ស ​ដោយ​ទទួលបាន​ទាំង​​ជំនឿ​និង​ចំណេះ​ និងអាច​​ទទួល​ពិធី​លើក​តម្កើង​ព្រះជាម្ចាស់​។

លោក​បូជាចារ្យ​បន្ថែមថា នៅទីនេះ សកម្មភាព​របស់​ព្រះសហគមន៍ គឺ​ការអប់រំ និ​ងជួយ​ដល់​អ្នក​ក្រីក្រ និងអ្នកជំងឺ។ លោក​ថា «ទាំងអស់នេះគឺសុទ្ធតែជាកិច្ចការ ជាសក្ខីភាពរបស់ព្រះសហគមន៍ ដែលត្រូវធ្វើកិច្ចការរបស់ព្រះជាម្ចាស់។»

​លោក​អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុងដែល​បាន​ចូលរួម​កម្មវិធី​នេះ មាន​ប្រសាសន៍ថា រដ្ឋាភិបាល​មិន​ហាម​ឃាត់​ការ​គោរព​បូជាសាសនា​ណាមួយទេ។ «អនុវត្ត​ចុះ តែ​កុំ​ភ្លេច​ចូលរួម​សហការ​ជាមួយ​សង្គម មានអាជ្ញាធរ មាន​អង្គការ មាន​បងប្អូន​ប្រជាពលរដ្ឋទូទៅ​ដែល​គាត់​ត្រូវការ​សេចក្តីសន្តោស​ សេចក្តី​អនុគ្រោះពីយើង។»

លោក​អ៊ូច​ ទូច​​មាន​ប្រសាសន៍​បន្ថែមថា នៅ​ខេត្ត​កោះ​កុង​នេះ មានប្រជាជន​រស់នៅ​ប្រមាណ១៤ម៉ឺននាក់ ដែល​ក្នុងនោះ​​ពុទ្ធ​បរិស័ទ​ចំនួន​៩០​%​ ឥស្លាមបរិស័ទ​៧,៨% និង​គ្រីស្ត​បរិស័ទ​ចំនួន​៩១០នាក់​(0,65%) ដែល​ក្នុងនោះ​មាន​កាតូលិក​និង​ប្រូតេស្តង់៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn