ពាក្យលំនាំ
ដំណើរឆ្ពោះទៅកាន់សេរីភាព
(និក្ខមនំ)
ក្នុងក័ណ្ឌ«ដំណើរឆ្ពោះទៅកាន់សេរីភាព»មានរៀបរាប់អំពីព្រះជាម្ចាស់រំដោះប្រជាជនអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ព្រះអង្គបង្ហាញអោយពួកគេស្គាល់ព្រះអង្គដោយរំដោះពួកគេពីទាសភាពនៅស្រុកអេស៊ីប :«យើងព្រះអម្ចាស់ជាព្រះរបស់អ្នក!យើងបាននាំអ្នកចេញពីស្រុកអេស៊ីបជាស្រុកដែលអ្នកធ្វើជាទាសករ» (សរ. ២០.២)។វិន័យទាំងដប់ប្រការក៏ជាគ្រឹះនៃសេរីភាពថ្មីនេះដែរគឺព្រះជាម្ចាស់ដែលមានព្រះហឫទ័យមេត្តាករុណារំដោះជនជាតិយូដាទ្រង់សព្វព្រះហឫទ័យអោយពួកគេបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះអង្គ ដោយប្រព្រឹត្តតាមវិន័យទាំងនេះ។
ក្នុងក័ណ្ឌគម្ពីរ«ដំណើរឆ្ពោះទៅកាន់សេរីភាព» មានរៀបរាប់អំពីព្រឹត្តិការណ៍ដូចតទៅ៖
- ប្រជាជនអ៊ីស្រាអែលដែលភៀសខ្លួនទៅនៅស្រុកអេស៊ីបបានកើនចំនួនឡើងប៉ុន្តែពួកគេក្លាយទៅជាទាសកររបស់ម្ចាស់ស្រុក។ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេនិងចាត់លោកអោយទៅរំដោះប្រជាជនអ៊ីស្រាអែលចេញពីស្រុកអេស៊ីប (១.១-១៥.២១)។
- ព្រះជាម្ចាស់នាំអ៊ីស្រាអែលឆ្លងកាត់វាលរហោស្ថាន រហូតដល់ភ្នំស៉ីណៃ(១៥.២២-១៨.២៧)។
- ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល(១៩.១-២៤.១៨)គឺព្រះអង្គទទួលពួកគេធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គហើយពួកគេក៏ប្តេជ្ញាចិត្តគោរពបំរើព្រះអង្គទុកជាព្រះរបស់ពួកគេដោយប្រតិបត្តិតាមវិន័យរបស់ព្រះអង្គ។
- ព្រះជាម្ចាស់ប្រទានបទបញ្ជាសំរាប់សង់ព្រះពន្លា (២៥-៣១)។
- ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយគោរពថ្វាយបង្គំរូបកូនគោព្រះអង្គដាក់ទោសពួកគេ(៣២-៣៤)។
- ជនជាតិអ៊ីស្រាអែលសង់ទីសក្ការៈ (៣៥-៤០)។
ព្រឹត្តិការណ៍ទាំងនេះកើតមាន នៅសតវត្សទី ១៣មុនគ.ស.គឺក្នុងសម័យលោកម៉ូសេ។តាំងពីជំនាន់នោះរហូតដល់សតវត្សទី ១០អ្នកស្រុកតែងតំណាលពីព្រឹត្តិការណ៍ទាំងនេះប្រាប់កូនចៅតៗគ្នា។ក្រោយមកជនជាតិអ៊ីស្រាអែលបានកត់ត្រាព្រឹត្តិការណ៍ទាំងនោះ ជាលាយលក្ខណ៍អក្សរ បន្តបន្ទាប់គ្នាដោយមានបំណងចង់អប់រំជំនឿដល់ប្រជាជនដែលរស់នៅក្នុងជំនាន់របស់ពួកគេរៀងៗខ្លួន។
សេចក្តីដែលមានចែងក្នុងក័ណ្ឌ«ដំណើរឆ្ពោះទៅកាន់សេរីភាព»នេះជួយអប់រំមនុស្សយើងអោយស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗនិងអោយស្គាល់គំរោងការរបស់ព្រះអង្គដែរគឺព្រះជាម្ចាស់បានជ្រើសរើសប្រជាជនមួយហើយណែនាំគេដើម្បីរៀបចំផ្លូវថ្វាយព្រះយេស៊ូ ដែលយាងមកចងសម្ពន្ធមេត្រីថ្មី និងសង្គ្រោះមនុស្សលោកទាំងអស់។