ពាក្យលំនាំ
កិច្ចការរបស់គ្រីស្ដទូត
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺ «ដំណឹងល្អរៀបរៀងដោយលោកលូកា» និង«កិច្ចការរបស់គ្រីស្ដទូត»។ ក្នុងគម្ពីរដំណឹងល្អ លោកលូការៀបរាប់អំពីកិច្ចការដែលព្រះយេស៊ូបានធ្វើ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង កាលពីព្រះអង្គមានព្រះជន្មរស់នៅលើផែនដីនេះនៅឡើយ។ រីឯក្នុងគម្ពីរកិច្ចការវិញ លោករៀបរាប់អំពីព្រះយេស៊ូបន្ដសកម្មភាព តាមរយៈសាវ័ករបស់ព្រះអង្គ។ ទោះបីពួកសាវ័កលែងឃើញព្រះយេស៊ូផ្ទាល់នឹងភ្នែកក៏ដោយ ក៏ព្រះអង្គនៅតែគង់ជាមួយពួកគេជានិច្ច គឺព្រះអង្គប្រទានព្រះវិញ្ញាណដ៏វិសុទ្ធឲ្យស្ថិតនៅជាមួយអ្នកជឿ ដើម្បីណែនាំជីវិតរបស់គេ។
មុនដំបូង លោកលូកាពន្យល់បញ្ជាក់អំពីកំណើតក្រុមគ្រីស្ដបរិស័ទ ដែលហៅថាព្រះសហគមន៍នៅក្រុងយេរូសាឡឹម។ បន្ទាប់មក លោករៀបរាប់អំពីសកម្មភាពរបស់ក្រុមសាវ័ក ក្នុងការផ្សព្វផ្សាយដំណឹងល្អពាសពេញស្រុកប៉ាឡេស្ទីន និងប្រទេសនានាដែលស្ថិតនៅជុំវិញសមុទ្រមេឌីទែរ៉ាណេ រហូតទៅដល់ក្រុងរ៉ូមជារាជធានីរបស់ចក្រភពរ៉ូម៉ាំង។
នៅក្រុងយេរូសាឡឹម នៅស្រុកយូដា និងនៅស្រុកសាម៉ារី អ្នកជឿលើព្រះយេស៊ូសុទ្ធសឹងតែជាជនជាតិអ៊ីស្រាអែល។ ក្រោយមក មានជនជាតិដទៃជាច្រើននាំគ្នាជឿលើព្រះអង្គដែរ ហើយគេក៏រួមគ្នាជាព្រះសហគមន៍ឡើង ជាពិសេស នៅក្រុងអន់ទីយ៉ូក ក្រុងភីលីព និងក្រុងកូរិនថូស។ ល។
ក្នុងគម្ពីរ «កិច្ចការរបស់គ្រីស្ដទូត» នេះ លោកលូកាបានចែងទុកអំពីពាក្យពេចន៍ និងសុន្ទរកថារបស់ក្រុមគ្រីស្ដទូត ដែលយកចិត្តទុកដាក់ប្រកាសផ្សាយដំណឹងល្អដល់ជនជាតិយូដា និងជនជាតិដទៃ។ ទោះបីអស់លោកទាំងនោះពន្យល់តាមរបៀបប្លែកៗពីគ្នាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយបំភ្លឺ ដើម្បីណែនាំមនុស្សគ្រប់អរិយធម៌ គ្រប់ភាសា ឲ្យជឿសង្ឃឹមលើព្រះយេស៊ូតែមួយព្រះអង្គ។ តាមគម្ពីរកិច្ចការនេះ យើងអាចស្គាល់ដើមកំណើតក្រុមគ្រីស្ដបរិស័ទដែលនឹករលឹកព្រះបន្ទូលរបស់ព្រះយេស៊ូ និងកិច្ចការដែលព្រះអង្គបានធ្វើ។ គឺក្រុមគ្រីស្ដបរិស័ទទាំងនោះហើយដែលបានចងក្រងគម្ពីរដំណឹងល្អ និងគម្ពីរសម្ពន្ធមេត្រីថ្មីទាំងមូល។
គម្រោងរបស់គម្ពីរកិច្ចការ
- ការរៀបចំបេសកកម្មរបស់ក្រុមគ្រីស្ដបរិស័ទ (១.១-២៦):
- ព្រះរាជបញ្ជាចុងក្រោយ និងព្រះបន្ទូលសន្យារបស់ព្រះយេស៊ូ (១.១-១៤)។
- ការជ្រើសរើសគ្រីស្ដទូតមួយរូបជំនួសលោកយូដាស (១.១៥-២៦)។
- គ្រីស្ដបរិស័ទប្រកាសដំណឹងល្អនៅក្រុងយេរូសាឡឹម (២.១‑៨.៣)។
- គ្រីស្ដបរិស័ទប្រកាសដំណឹងល្អនៅស្រុកយូដា និងស្រុកសាម៉ារី (៨.៤‑១២.២៥)។
- បេសកកម្មរបស់លោកប៉ូល (១៣.១‑២៨.៣១):
- ដំណើរប្រកាសដំណឹងល្អលើកទីមួយ (១៣.១‑១៤.២៨)។
- មហាសន្និបាតនៅក្រុងយេរូសាឡឹម (១៥.១-៣៥)។
- ដំណើរប្រកាសដំណឹងល្អលើកទីពីរ (១៥.៣៦‑១៨.២២)។
- ដំណើរប្រកាសដំណឹងល្អលើកទីបី (១៨.២៣‑២១.១៦)។
- លោកប៉ូលជាប់ឃុំឃាំងនៅក្រុងយេរូសាឡឹម ក្រុងសេសារេ និងក្រុងរ៉ូម (១៣.១‑១៤.២៨)។