ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គមានធម៌មេត្តាករុណាដ៏លើសលប់ ហើយតែងតែប្រទានព្រះពរយ៉ាងបរិបូណ៌ឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យលះបង់របៀបរស់នៅចាស់ចោល សូមប្រោសយើងខ្ញុំឱ្យរស់នៅតាមរបៀបថ្មី ស្របតាមឋានៈរបស់យើងខ្ញុំជាបុត្រធីតារបស់ព្រះអង្គ។
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ១៣,១-៩.១៥-១៧.១៩-៣០.៣៣-៦២(ឬយ៉ាងខ្លី ៤១-៥២)
បើចង់អានអត្ថបទយ៉ាងខ្លី សូមរំលងវគ្គខាងក្រោមនេះ
នៅស្រុកបាប៊ីឡូនមានបុរសម្នាក់ឈ្មោះយ៉ូអាគីម។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនាងស៊ូសាណាដែលជាកូនរបស់លោកហែលពីយ៉ា។ នាងមានរូបឆោមលោមពណ៌ស្រស់ល្អណាស់ ហើយគោរពកោតខ្លាចព្រះអម្ចាស់ផង។ ឪពុកម្តាយនាងជាមនុស្សសុចរិត គាត់បានអប់រំនាងតាមធម្មវិន័យរបស់លោកម៉ូសេ។ ឯលោកយ៉ូអាគីមវិញ មានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ ព្រមទាំងមានសួនឧទ្យានមួយដ៏ធំនៅជិតផ្ទះផង។ ជនជាតិយូដាជាច្រើនតែងតែមកលេងផ្ទះគាត់ ដ្បិតគាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេ។ នៅឆ្នាំនោះ គេបានជ្រើសរើសព្រឹទ្ធាចារ្យពីរនាក់ក្នុងចំណោមប្រជាជនឱ្យធ្វើជាចៅក្រម។ ព្រឹទ្ធាចារ្យទាំងពីរនេះហើយដែលព្រះអម្ចាស់មានព្រះបន្ទូលថា ព្រឹទ្ធាចារ្យជាចៅក្រមបាននាំអំពើលាមកពីស្រុកបាប៊ីឡូនមក។ ព្រឹទ្ធាចារ្យទាំងពីរនាក់នេះតែងតែមកលេងផ្ទះរបស់លោកយ៉ូអាគីមជាញឹកញយ ហើយអស់អ្នកណាដែលមានទំនាស់ រមែងមករកលោកព្រឹទ្ធាចារ្យទាំងពីរនៅផ្ទះលោកយ៉ូអាគីមដែរ។ នៅពេលថ្ងៃត្រង់ កាលពួកអ្នកស្រុកទាំងប៉ុន្មានត្រឡប់ទៅផ្ទះវិញ នាងស៊ូសាណាក៏តែងចុះទៅដើរកំសាន្តក្នុងសួនឧទ្យានរបស់ស្វាមីនាង។ ព្រឹទ្ធាចារ្យទាំងពីរបានឃើញនាងដើរកំសាន្តនៅទីនោះជារៀងរាល់ថ្ងៃ គាត់មានចិត្តប្រតិព័ទ្ធលើរូបនាង។ គាត់វង្វេងស្មារតី លែងបែរមុខទៅរកព្រះជាម្ចាស់ ហើយឈប់នឹកដល់បញ្ជាដ៏ត្រឹមត្រូវរបស់ព្រះអង្គ។ ព្រឹទ្ធាចារ្យទាំងពីររង់ចាំឱកាសល្អដើម្បីចាប់នាង ស្រាប់តែថ្ងៃមួយនាងស៊ូសាណាចូលក្នុងសួនឧទ្យានដូចសព្វដង ដោយមានស្រីបម្រើតែពីរនាក់ប៉ុណ្ណោះ។ ពេលនោះថ្ងៃក្តៅខ្លាំងពេក នាងចង់ងូតទឹកក្នុងសួនឧទ្យាន។ នៅកន្លែងនោះ គ្មានអ្នកណាផ្សេងក្រៅពីព្រឹទ្ធាចារ្យទាំងពីរនាក់ដែលពួនឃ្លាំមើលនាងឡើយ។ នាងប្រាប់ស្រីបម្រើទាំងពីរថា៖ «ចូរទៅយកប្រេង និងទឹកអប់មកឱ្យខ្ញុំ រួចហើយបិទទ្វារសួនផង ព្រោះខ្ញុំចង់ងូតទឹក»។ កាលស្រីបម្រើទាំងពីរចេញផុតទៅ ព្រឹទ្ធាចារ្យទាំងពីរនាក់ក៏ស្ទុះចេញមកដើរយ៉ាងលឿនតម្រង់ទៅរកនាង ហើយនិយាយថា៖ «ទ្វារបិទជិតអស់ហើយ គ្មាននរណាមើលយើងឃើញទេ។ យើងលួចស្រឡាញ់នាងខ្លាំងណាស់ សូមនាងព្រមតាមយើងទៅ!។ ប្រសិនបើនាងមិនព្រមទេ យើងនឹងចោទប្រកាន់ថា នាងសហាយស្មន់ជាមួយយុវជនម្នាក់! ហេតុនេះហើយ បានជានាងដេញស្រីបម្រើឱ្យចេញទៅ»។ នាងស៊ូសាណាដកដង្ហើមធំ ហើយពោលថា៖ «ឥឡូវនេះនាងខ្ញុំទាល់គំនិតហើយ! ប្រសិនបើនាងខ្ញុំព្រមតាមលោក ខ្ញុំមុខជាស្លាប់ដោយមានទោសផិតក្បត់ស្វាមីពុំខាន។ បើនាងខ្ញុំមិនព្រម នាងខ្ញុំក៏មិនអាចរួចខ្លួនដែរ។ ណ្ហើយ! នាងខ្ញុំសុខចិត្តធ្លាក់ក្នុងអន្ទាក់របស់លោក ដោយមិនបានធ្វើអ្វីខុសទៅចុះ ប្រសើរជាងប្រព្រឹត្តខុសនឹងធម្មវិន័យរបស់ព្រះជាម្ចាស់»។ បន្ទាប់មក នាងស្រែកយ៉ាងខ្លាំង ចំណែកព្រឹទ្ធាចារ្យទាំងពីរក៏នាំគ្នាស្រែកចោទប្រកាន់នាងដែរ ព្រឹទ្ធាចារ្យម្នាក់រត់ទៅបើកទ្វារសួន។ កាលអ្នកបម្រើនៅក្នុងផ្ទះឮសម្រែកដូច្នេះ គេក៏រត់ទៅក្នុងសួន មើលហេតុការណ៍ដែលកើតមានចំពោះនាងស៊ូសាណា។ ព្រឹទ្ធាចារ្យទាំងពីរនាក់តំណាលរឿងប្រឌិតរបស់ខ្លួន ហើយពួកអ្នកបម្រើក៏អៀនខ្មាស ព្រោះគេមិនដែលឮនរណានិយាយអាក្រក់បែបនេះពីនាងឡើយ។ លុះព្រឹកឡើង អ្នកស្រុកមកជួបជុំគ្នានៅផ្ទះលោកយ៉ូអាគីមជាស្វាមីនាង ដើម្បីកាត់ទោសប្រហារជីវិតនាងស្របតាមគម្រោងការដ៏អាស្រូវនេះ។ ព្រឹទ្ធាចារ្យទាំងពីរជម្រាបអង្គប្រជុំថា៖ «ចូរនាំនាងស៊ូសាណាដែលជាកូនរបស់លោកហែលគីយ៉ា និងជាភរិយារបស់លោកយ៉ូអាគីមមក!»។ គេក៏ចាត់មនុស្សឱ្យទៅហៅនាងមក។ នាងស៊ូសាណាមក មានទាំងឪពុកម្តាយកូនៗ ញាតិសណ្តានមកជាមួយផង។ ឪពុកម្តាយកូនៗ និងញាតិសណ្តាន ហើយអស់អ្នកណាដែលឃើញនាងយំទាំងអស់គ្នា។ ព្រឹទ្ធាចារ្យទាំងពីរនាក់ក្រោកឈរឡើងនៅកណ្តាលអង្គប្រជុំ ហើយដាក់ដៃលើក្បាលនាង។ នាងងើបមុខសម្លឹងមើលទៅលើមេឃ ទាំងយំផង ដ្បិតនាងជឿទុកចិត្តលើព្រះអម្ចាស់។ ព្រឹទ្ធាចារ្យទាំងពីរប្រកាសថា៖ «ពេលយើងទាំងពីរនាក់ដើរកម្សាន្តក្នុងសួនឧទ្យាន យើងឃើញនាងចូលមកក្នុងសួនជាមួយស្រីបម្រើពីរនាក់។ នាងបានឱ្យអ្នកបម្រើបិទទ្វារ រួចហើយនាងក៏ឱ្យអ្នកបម្រើចេញទៅវិញ។ ពេលនោះ មានយុវជនម្នាក់ដែលពួននៅក្នុងសួនចូលមកជិតនាង ហើយរួមរ័កជាមួយនាង។ រីឯយើងក៏នៅក្នុងសួនក្បែរកន្លែងនោះដែរ។ កាលយើងបានឃើញអំពើលាមកដូច្នេះ យើងក៏រត់តម្រង់ទៅគេទាំងពីរ។ យើងបានឃើញគេទាំងពីរនាក់រួមរ័កជាមួយគ្នាមែន។ ប៉ុន្តែ យើងមិនអាចចាប់យុវជននោះបានទេ ព្រោះគេមានកម្លាំងខ្លាំងជាងយើង គេក៏បើកទ្វារសួនហើយរត់បាត់ទៅ។ រីឯយើងចាប់បានតែស្រីនេះ ហើយសួរនាងថា “តើប្រុសនោះជាអ្នកណា?” ប៉ុន្តែនាងមិនព្រមប្រាប់យើងសោះ។ យើងទាំងពីរនាក់នេះជាសាក្សីស្រាប់»។ អង្គប្រជុំក៏ជឿពាក្យរបស់ព្រឹទ្ធាចារ្យទាំងពីរ ព្រោះគាត់ជាព្រឹទ្ធាចារ្យរបស់ប្រជាជនផង និងជាចៅក្រមផង។ អង្គប្រជុំក៏សម្រេចកាត់ទោសប្រហារជីវិតនាងស៊ូសាណា។
ប្រសិនបើអានអត្ថបទយ៉ាងខ្លី សូមចាប់ផ្តើមដូចតទៅ៖
ប្រជាជនកាត់ទោសនាងស៊ូសាណាប្រហារជីវិត នៅពេលនោះ នាងស៊ូសាណាបន្លឺសំឡេងយ៉ាងខ្លំាងៗថា៖ «បពិត្រព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច! ព្រះអង្គជ្រាបអ្វីដែលលាក់កំបាំង និងជ្រាបគ្រប់ហេតុការណ៍មុនពេលកើតឡើងទៀតផង។ ព្រះអង្គជ្រាបថា ព្រឹទ្ធាចារ្យទាំងពីរនេះបានធ្វើជាសាក្សីក្លែងក្លាយដាក់ទោសនាងខ្ញុំ។ ឥឡូវនេះ ទោះបីនាងខ្ញុំពុំបានប្រព្រឹត្តដូចពាក្យចោទប្រកាន់តាមគំនិតអាក្រក់របស់ពួកគេក្តី ក៏នាងខ្ញុំត្រូវស្លាប់ដែរ»។ ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ពាក្យរបស់នាង។ ពេលគេនាំនាងទៅសម្លាប់ ព្រះជាម្ចាស់បានធ្វើឱ្យកុមារម្នាក់ ឈ្មោះដានីអែលភ្ញាក់ស្មារតី មានប្រាជ្ញាវាងវៃយ៉ាងអស្ចារ្យ។ កុមារដានីអែលបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ខ្ញុំមិនរួមគំនិតក្នុងការសម្លាប់ស្ត្រីនេះទេ!»។ បណ្តាជនទាំងប៉ុន្មានក៏បែរមុខមករកកុមារនោះ ហើយសួរថា៖ «តើប្អូនចង់និយាយអំពីអ្វី?»។ កុមារដានីអែលឈរនៅកណ្តាលអង្គប្រជុំ ហើយបន្លឺសំឡេងខ្លាំងៗថា៖ «ជនជាតិអ៊ីស្រាអែលអើយ! តើអ្នកលេលាហើយឬ បានជាអ្នកដាក់ទោសស្ត្រីអ៊ីស្រាអែលម្នាក់ដោយមិនស៊ើបសួររកសេចក្តីពិតជាមុនដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅកន្លែងកាត់ក្តីវិញចុះ! ព្រឹទ្ធាចារ្យទាំងពីរនាក់នេះ បានធ្វើជាសាក្សីក្លែងក្លាយដាក់ទោសអ្នកស្រីស៊ូសាណាហើយ»។ ប្រជាជនទាំងមូលប្រញាប់ប្រញាល់ត្រឡប់ទៅវិញ ហើយក្រុមព្រឹទ្ធាចារ្យដទៃទៀតសួរកុមារដានីអែលថា៖ «សូមចៅមកអង្គុយកណ្តាលពួកយើង ហើយពន្យល់ឱ្យពួកយើងដឹងផង ដ្បិតព្រះជាម្ចាស់បានប្រោសប្រទានឱ្យចៅមានគំនិតដូចយើងដែរ»។ កុមារដានីអែលប្រាប់អស់លោកថា៖ «ចូរបំបែកគាត់ទាំងពីរនាក់នេះចេញពីគ្នា! ខ្ញុំនឹងសួរគាត់ម្តងម្នាក់ៗ»។ គេក៏បំបែកព្រឹទ្ធាចារ្យទាំងពីរ រួចកុមារដានីអែលហៅតាម្នាក់មក ហើយសួរថា៖ «តាចាស់ទៅហើយ ប៉ុន្តែតាបានប្រព្រឹត្តអំពើអាក្រក់តាំងពីមុនមក ពេលនេះ ទោសនៃអំពើបាបរបស់តាត្រូវធ្លាក់លើតាហើយ ទោះបីព្រះអម្ចាស់មានព្រះបន្ទូលថា “មិនត្រូវសម្លាប់អ្នកគ្មានកំហុស និងជនសុចរិតក្តី” ក៏តាតែងតែកាត់ទោសដោយអយុត្តិធម៌ គឺតាដាក់ទោសមនុស្សគ្មានកំហុស ហើយដោះលែងអ្នកមានទោសឱ្យរួចខ្លួនវិញដែរ។ ឥឡូវនេះ បើតាបានឃើញអ្នកស្រីស៊ូសាណាមែន សូមតាប្រាប់ខ្ញុំមកមើលថា តើតាបានឃើញអ្នកទាំងពីររួមរ័កជាមួយគ្នានៅក្រោមដើមឈើណា?» តានោះឆ្លើយថា៖ «នៅក្រោមដើមអំពិល»។ កុមារដានីអែលនិយាយថា៖ «នេះជាពាក្យកុហករបស់តា តាត្រូវទទួលទោសដល់ជីវិត គឺព្រះជាម្ចាស់បានបញ្ជាទេវទូតរបស់ព្រះអង្គឱ្យមកប្រហារជីវិតតា»។ កុមារដានីអែលបណ្តេញតានោះចេញទៅ ហើយបញ្ជាឱ្យគេហៅតាម្នាក់ទៀតមក រួចសួរថា៖ «នែ៎! កំពូជកាណានអើយ! តាមិនមែនពូជយូដាទេ! សម្រស់របស់អ្នកស្រីស៊ូសាណា បានធ្វើឱ្យតាវង្វេងស្មារតី ហើយកិលេសតណ្ហាជំរុញចិត្តតាឱ្យឈ្លក់វង្វេងអស់។ តាទាំងពីរនាក់តែងប្រព្រឹត្តដូច្នេះចំពោះស្ត្រីជាជនជាតិអ៊ីស្រាអែលទាំងប៉ុន្មាន ហើយរួមរ័កជាមួយនាង ព្រោះនាងទាំងនោះខ្លាចតា សុខចិត្តយល់ព្រមនឹងតា។ ប៉ុន្តែ ថ្ងៃនេះមានស្ត្រីយូដាម្នាក់ ពុំយល់ស្របតាមអំពើបាបចាកពីសីលធម៌របស់តាទេ។ ឥឡូវនេះ សូមតាប្រាប់ខ្ញុំមើល៍! តើតាបានឃើញអ្នកទាំងពីររួមរ័កជាមួយគ្នានៅក្រោមដើមឈើណា?»។ តានោះឆ្លើយថា៖ «នៅក្រោមដើមស្វាយ»។ កុមារដានីអែលនិយាយថា៖ «នេះជាពាក្យកុហកបណ្តាលឱ្យតាទទួលទោសដល់ជីវិត!។ ទេវទូតរបស់ព្រះជាម្ចាស់កាន់ដាវរង់ចាំប្រហារជីវិតតាទាំងពីរហើយ»។ ពេលនោះ អង្គប្រជុំទាំងមូលបន្លឺសំឡេងយ៉ាងខ្លាំង ដោយសរសើរតម្កើងព្រះជាម្ចាស់ដែលតែងសង្គ្រោះអស់អ្នកជឿសង្ឃឹមលើព្រះអង្គ។ បន្ទាប់មកអង្គប្រជុំក៏បែរទៅប្រឆាំងនឹងព្រឹទ្ធាចារ្យទាំងពីរ ព្រោះកុមារដានីអែលចាប់ពាក្យសម្តីផ្ទាល់របស់គេមកធ្វើជាភស្តុតាងបញ្ជាក់ថា ព្រឹទ្ធាចារ្យទាំងពីរជាសាក្សីក្លែងក្លាយមែន។ អង្គប្រជុំបានសម្រេចដាក់ទោសព្រឹទ្ធាចារ្យទាំងពីរដែលមានបំណងប្រាថ្នាយ៉ាងអាក្រក់ចំពោះអ្នកដទៃ។ នៅថ្ងៃនោះ គេប្រហារជីវិតព្រឹទ្ធាចារ្យទាំងពីរនាក់ ដើម្បីធ្វើតាមធម្មវិន័យរបស់លោកម៉ូសេ រីឯអ្នកដែលគ្មានកំហុសក៏បានរួចជីវិត។
ទំនុកតម្កើងលេខ ២៣ (២២),១-៦ បទពាក្យ ៧
១ | ឱ! ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
ឱ្យដើរតាមផ្លូវដែលសក្តិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ | |
២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ | |
៣ | ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីតភ្លឺចែងចាំង | |
ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ | |
៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ | |
៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ | |
៦ | ព្រះអង្គប្រទានសុភមង្គល | ហឫទ័យខ្វាយខ្វល់ដោយអាសូរ | |
មកទូលបង្គំជាហែហូរ | ឥតមានឈប់ឈរមួយជីវិត | ។ | |
ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្តឥតមានគិត | ||
ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អគ ៣៣,១១
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ |
គ | ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងមិនចង់ឱ្យមនុស្សបាបស្លាប់ទេ! យើងចង់ឱ្យគេលែងប្រព្រឹត្តអំពើអាក្រក់ និងឱ្យគេមានជីវិត»។ |
ប | បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គផ្តល់ព្រះវិញ្ញាណ និងជីវិត។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,១-១១
ព្រះយេស៊ូយាងទៅភ្នំដើមអូលីវ។ លុះព្រលឹមឡើង ព្រះអង្គវិលត្រឡប់ទៅព្រះវិហារជាថ្មីម្តងទៀត ប្រជាជនទាំងមូលនាំគ្នាមកគាល់ព្រះអង្គ ព្រះអង្គក៏គង់បង្រៀនពួកគេ។ ពេលនោះ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីនាំស្ត្រីម្នាក់ដែលគេទាន់កំពុងតែរួមសហាយស្មន់។ គេយកនាងនោះមកដាក់កណ្តាលចំណោមប្រជុំជន ហើយទូលព្រះយេស៊ូថា៖ «លោកគ្រូ! យើងចាប់ស្ត្រីនេះបានក្នុងពេលកំពុងរួមសាហាយស្មន់។ ក្នុងធម្មវិន័យលោកម៉ូសេបានបង្គាប់ឱ្យយើងយកដុំថ្មគប់ស្ត្រីប្រភេទនេះសម្លាប់ចោល។ ចុះលោកគ្រូវិញ តើលោកគ្រូគិតយ៉ាងណា?»។ ពួកគេទូលដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែ ព្រះយេស៊ូឱនព្រះកាយចុះ ហើយយកព្រះអង្គុលីគូសវាសលើដី។ ដោយពួកគេចេះតែសួរព្រះអង្គខ្លាំងពេក ព្រះអង្គងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា សុំឱ្យអ្នកដែលគ្មានបាបសោះ យកដុំថ្មគប់នាងមុនគេទៅ!»។ បន្ទាប់មក ព្រះអង្គឈ្ងោកព្រះភក្ត្រចុះ ហើយគូសវាសលើដីសាជាថ្មី។ ពួកគេឮព្រះបន្ទូលរបស់ព្រះអង្គដូច្នេះ គេក៏នាំគ្នាដកខ្លួនថយម្នាក់ម្តងៗ ចាប់ផ្តើមពីអ្នកមានវ័យចាស់ជាងគេទៅ នៅសល់តែព្រះយេស៊ូ និងស្ត្រីនោះប៉ុណ្ណោះ។ ពេលនោះ ព្រះយេស៊ូងើបព្រះភក្ត្រឡើង ហើយមានព្រះបន្ទូលទៅនាងថា៖ «នាងអើយ! ពួកគេទៅណាអស់ហើយ គ្មាននរណាដាក់ទោសនាងទេឬ?»។ នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្តអំពើបាបទៀតឡើយ»។
ឬសូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,១២-២០
ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «ខ្ញុំជាពន្លឺបំភ្លឺមនុស្សលោក អ្នកណាមកតាមខ្ញុំ អ្នកនោះនឹងមិនដើរក្នុងភាពងងឹតឡើយ គឺគេមានពន្លឺដែលនាំគេទៅកាន់ជីវិត»។ ពួកខាងគណៈផារីស៊ីទូលព្រះអង្គថា៖ «លោកធ្វើជាសាក្សីឱ្យខ្លួនលោកផ្ទាល់ សក្ខីភាពរបស់លោកមិនពិតទេ»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ទោះបីខ្ញុំធ្វើជាសាក្សីឱ្យខ្លួនខ្ញុំផ្ទាល់ក៏ដោយ ក៏សក្ខីភាពរបស់ខ្ញុំនៅតែពិតដែរ ដ្បិតខ្ញុំដឹងថាខ្ញុំមកពីណា ហើយទៅណាផង។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាពុំដឹងថាខ្ញុំមកពីណា ហើយទៅណាឡើយ។ អ្នករាល់គ្នាវិនិច្ឆ័យតាមរបៀបលោកីយ៍។ រីឯខ្ញុំវិញ ខ្ញុំមិនវិនិច្ឆ័យនរណាទេ ប្រសិនបើខ្ញុំវិនិច្ឆ័យ ការវិនិច្ឆ័យរបស់ខ្ញុំក៏ស្របតាមសេចក្តីពិតដែរ ព្រោះខ្ញុំមិនវិនិច្ឆ័យតែម្នាក់ខ្ញុំឡើយ គឺមានព្រះបិតាដែលបានចាត់ខ្ញុំឱ្យមកវិនិច្ឆ័យជាមួយខ្ញុំ។ ក្នុងធម្មវិន័យរបស់អ្នករាល់គ្នា មានចែងទុកមកថា បើមានពីរនាក់ធ្វើជាសាក្សី ទើបសក្ខីភាពយកជាការបាន។ ខ្ញុំនេះហើយជាសាក្សីសម្រាប់ខ្លួនខ្ញុំផ្ទាល់ ហើយព្រះបិតាដែលបានចាត់ខ្ញុំឱ្យមក ក៏ធ្វើជាសាក្សីឱ្យខ្ញុំដែរ»។ ពួកគេទូលសួរព្រះអង្គថា៖ «តើព្រះបិតារបស់លោកនៅឯណា?»។ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «អ្នករាល់គ្នាមិនស្គាល់ខ្ញុំ ហើយក៏មិនស្គាល់ព្រះបិតាខ្ញុំដែរ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាមុខជាស្គាល់ព្រះបិតាខ្ញុំមិនខាន»។ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ កាលព្រះអង្គបង្រៀនបណ្តាជនក្នុងព្រះវិហារ ត្រង់កន្លែងដាក់ហិបប្រាក់តង្វាយ ប៉ុន្តែ គ្មាននរណាចាប់ព្រះអង្គទេ ព្រោះពេលកំណត់របស់ព្រះអង្គមិនទាន់មកដល់នៅឡើយ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមថ្វាយអភិបូជានេះ ដើម្បីកោតសរសើរ និងអរព្រះគុណព្រះអង្គ។ ក្នុងរដូវអប់រំពិសេស យើងខ្ញុំក៏តមខាងរូបកាយ សូមទ្រង់ព្រះមេត្តាប្រោសជម្រះចិត្តគំនិតយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំអាចថ្វាយខ្លួនទៅព្រះអង្គដោយចិត្តស្មោះ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះយេស៊ូធ្វើជាអាហារផ្តល់កម្លាំងឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាជម្រះចិត្តគំនិតយើងខ្ញុំឱ្យរួចពីកិលេសតណ្ហាគ្រប់យ៉ាង។ សូមប្រោសយើងខ្ញុំឱ្យមានចិត្តរីករាយ ដើរតាមព្រះយេស៊ូគ្រីស្តផង គឺព្រះគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យជាមួយព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។