សូមថ្លែងព្រះគម្ពីរជំរឿនប្រជាជន ជរ ២១,៤-៩
ពេលជនជាតិអ៊ីស្រាអែលធ្វើដំណើរកាត់វាលរហោស្ថាន ពួកគេបាក់ទឹកចិត្ត ហើយនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងលោកម៉ូសេថា៖ «ហេតុអ្វីបានជាព្រះអង្គ និងលោកនាំពួកយើងចេញមកពីស្រុកអេស៊ីប ដើម្បីឱ្យពួកយើងស្លាប់ក្នុងវាលរហោស្ថានដូច្នេះ? នៅទីនេះគ្មានអាហារ គ្មានទឹកទាល់តែសោះ។ ពួកយើងក៏ធុញទ្រាន់នឹងនំម៉ាណាដ៏គម្រក់នេះដែរ!»។ ពេលនោះ ព្រះអម្ចាស់ក៏ធ្វើឱ្យមានពស់ភ្លើងមកចឹកពួកគេ បណ្តាលឱ្យប្រជាជនអ៊ីស្រាអែលជាច្រើនបាត់បង់ជីវិត។ ប្រជាជននាំគ្នាទៅជួបលោកម៉ូសេជម្រាប ថា៖ «យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដោយពោលពាក្យប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងរូបលោកផ្ទាល់។ សូមលោកមេត្តាទូលអង្វរព្រះអម្ចាស់ សូមព្រះអង្គបណ្តេញពស់ទាំងនេះចេញឱ្យឆ្ងាយពីយើងខ្ញុំផង»។ លោកម៉ូសេក៏ទូលអង្វរព្រះអង្គឱ្យប្រជាជន។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរធ្វើរូបពស់ភ្លើងព្យួរលើបង្គោលមួយ។ អ្នកណាត្រូវពស់ចឹក ហើយសម្លឹងមើលទៅរូបពស់ អ្នកនោះនឹងរួចជីវិត»។ លោកម៉ូសេយកលង្ហិនធ្វើរូបពស់មួយ ហើយព្យួរលើបង្គោល។ ពេលមាននរណាម្នាក់ត្រូវពស់ចឹក ហើយសម្លឹងមើលទៅពស់លង្ហិននោះ គេបានរួចជីវិត។
ទំនុកតម្កើងលេខ ១០២ (១០១),២-៣.១៦.១៩-២១ បទព្រហ្មគីតិ
២ | ឱ! ព្រះអម្ចាស់អើយ | សូមផ្ទៀងហើយព្រះសណ្តាប់ | |
សម្រែកខ្ញុំរ៉ាយរ៉ាប់ | សូមទ្រង់ស្តាប់យើងខ្ញុំផង | ។ | |
៣ | ពេលខ្ញុំមានអាសន្ន | កុំលាក់ពួនភក្ត្រព្រះអង្គ | |
ខ្ញុំស្រែកហៅរកទ្រង់ | សូមឆ្លើយផងកុំស្ងៀមស្ងាត់ | ។ | |
១៦ | សូមឱ្យជនគ្រប់សាសន៍ | កោតខ្លាចព្រះកុំមានភ្លេច | |
សូមឱ្យអស់ទាំងស្តេច | ចាំជានិច្ចកោតខ្លាចទ្រង់ | ។ | |
១៩ | សូមកត់ក្តីនេះចុះ | ទុកឱ្យមនុស្សជំនាន់ក្រោយ | |
ប្រជារាស្ត្រកើតហើយ | កុំកន្តើយថ្កើងព្រះអង្គ | ។ | |
២០ | ព្រះអម្ចាស់ទតពី | សក្ការៈទីដ៏ត្រចង់ | |
ស្ថានសួគ៌សុខឥតហ្មង | មិនរំលងសព្វផែនដី | ។ | |
២១ | ដើម្បីស្តាប់សម្រែក | ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ | |
អ្នកដែលត្រូវក្សិណក្ស័យ | គេកាត់ក្តីមិនសុចរិត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១២,៣២
ប | បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!។ |
គ | បពិត្រព្រះយេស៊ូជាបុត្រនៃមនុស្ស! ពេលគេលើកព្រះអង្គឡើងព្រះអង្គនឹងទាញមនុស្សទាំងអស់ទៅឯព្រះអង្គ។ |
ប | បពិត្រព្រះយេស៊ូជាអម្ចាស់! យើងខ្ញុំសូមសរសើរលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,២១-៣០
ព្រះយេស៊ូមានព្រះបន្ទូលទៅជនជាតិយូដាថា៖ «ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងតាមរកខ្ញុំ អ្នករាល់គ្នានឹងត្រូវស្លាប់ទាំងមានបាបជាប់ក្នុងខ្លួន។ ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានឡើយ»។ ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបានដូច្នេះ?»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាមានកំណើតនៅស្ថាននេះ រីឯខ្ញុំវិញ ខ្ញុំមានកំណើតមកពីស្ថានលើ។ អ្នករាល់គ្នាមានកំណើតពីលោកីយ៍នេះ រីឯខ្ញុំវិញ ខ្ញុំពុំមែនមានកំណើតពីលោកីយ៍នេះឡើយ។ ហេតុនេះហើយ បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នានឹងត្រូវស្លាប់ទាំងមានបាបជាប់ក្នុងខ្លួន។ បើអ្នករាល់គ្នាមិនព្រមទទួលស្គាល់ថា “ខ្ញុំស្ថិតនៅ” ទេ អ្នករាល់គ្នានឹងត្រូវស្លាប់ទាំងមានបាបជាប់ក្នុងខ្លួនជាមិនខាន»។ គេទូលសួរព្រះអង្គថា៖ «តើលោកជានរណា?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងបង្អស់។ ខ្ញុំមានសេចក្តីជាច្រើនដែលត្រូវនិយាយអំពីអ្នករាល់គ្នា ព្រមទាំងវិនិច្ឆ័យទោសអ្នករាល់គ្នាផង។ ប៉ុន្តែ ព្រះអង្គដែលចាត់ខ្ញុំឱ្យមក ទ្រង់សម្តែងសេចក្តីពិត ហើយអ្វីៗដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏យកមកថ្លែងប្រាប់មនុស្សលោកដែរ»។ អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ថា “ខ្ញុំស្ថិតនៅ” ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្តីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។ ព្រះអង្គដែលចាត់ខ្ញុំឱ្យមក ទ្រង់គង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឱ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណាដែលគាប់ព្រះហប្ញទ័យព្រះអង្គជានិច្ច»។ ពេលព្រះយេស៊ូមានព្រះបន្ទូលដូច្នេះ មានមនុស្សជាច្រើនជឿលើព្រះអង្គ។