ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏មានព្រះហប្ញទ័យសប្បុរសយ៉ាងក្រៃលែង! សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំដែលខិតខំជម្រះខ្លួនក្នុងរដូវអប់រំពិសេសនេះ។ ព្រះអង្គបានប្រោសយើងខ្ញុំឱ្យស្ម័គ្រចិត្តបម្រើព្រះអង្គ សូមទ្រង់ព្រះមេត្តាពង្រឹងបំណងនេះ តាមពាក្យអង្វររបស់យើងខ្ញុំផង។
សូមថ្លែងព្រះគម្ពីរព្យាការីដានីអែល ដន ៣,១៤-២០.៩១-៩២.៩៥(តាមគម្ពីរភាសាឡាតាំង)
មានថ្ងៃមួយ ព្រះបាទនេប៊ូកាណេសារត្រាស់ហៅយុវជនសាដ្រាក់ មេសាក់ និងអបេដនេកូ ហើយមានព្រះបន្ទូលទាំងក្រេវក្រោធថា៖ «តើពួកឯងពិតជាមិនព្រមគោរពបម្រើព្រះរបស់យើង ហើយក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលយើងបានកសាងមែនឬ? ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលពួកឯងឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និង តន្ត្រីគ្រប់យ៉ាង ឯងទាំងបីត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានសាងនេះ! ប្រសិនបើពួកឯងមិនក្រាបថ្វាយបង្គំទេ យើងនឹងឱ្យគេបោះពួកឯងទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅភ្លាម គ្មានព្រះណាអាចជួយពួកឯងឱ្យរួចពីកណ្តាប់ដៃរបស់យើងបានឡើយ!»។ លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូទូលព្រះបាទនេប៊ូកានេសារវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។ បពិត្រព្រះរាជា! ព្រះដែលទូលបង្គំយើងខ្ញុំគោរបបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឱ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឱ្យយើងខ្ញុំរួចពីព្រះហស្តរបស់ព្រះករុណាជាមិនខាន។ ទោះបីព្រះអង្គមិនរំដោះយើងខ្ញុំក៏ដោយ ក៏សូមព្រះករុណាជ្រាបឱ្យបានច្បាស់ថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ព្រះករុណាឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះករុណាបានសាងនេះដែរ»។ ពេលនោះ ព្រះបាទនេប៊ូកាណេសារខ្ញាល់នឹងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូយ៉ាងខ្លំាង ព្រះភក្ត្ររបស់ស្តេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឱ្យគេដុតឡភ្លើងឱ្យក្តៅជាងធម្មតាប្រាំពីរដង រួចទ្រង់បញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លា ឱ្យចាប់ចងលោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ នៅក្នុងកណ្តាលភ្លើង យុវជនទាំងបីនាក់នាំគ្នាលើកតម្កើងព្រះអម្ចាស់។ ព្រះបាទនេប៊ូកាណេសារឮគេច្រៀងដូច្នេះ ទ្រង់រន្ធត់ព្រះហប្ញទ័យជាខ្លំាង ហើយប្រញាប់ប្រញាល់ក្រោកឈរឡើងមានរាជឱង្ការទៅកាន់ក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ក្នុងភ្លើង ទាំងជាប់ចំណងមែនឬមិនមែន?»។ ពួកគេទូលព្រះរាជាថា៖ «ពិតមែនហើយ! ព្រះករុណា!»។ ព្រះរាជាមានរាជឱង្ការទៀតថា៖ «ហេតុដូចម្តេចបានជាយើងឃើញមនុស្សបួននាក់ដែលគ្មានជាប់ចំណង កំពុងតែដើរនៅក្នុងភ្លើងដោយឥរលាកសោះដូច្នេះ? រីអ្នកទីបួនមានទ្រង់ទ្រាយដូចទេវទូត»។ ព្រះបាទនេប៊ូកាណេសារមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមេសាក់ និងលោកអបេដនេកូដែលបានចាត់ទេវទូតឱ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេច តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន!»។
ទំនុកតម្កើងដានីអែល ៣,៥២-៥៦ បទកាកគតិ
៥២ | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
សូមកោតសរសើរ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម | |
អស់កល្បតទៅ | ។ | ||
ខ្ញុំសូមតម្កើង | លើកព្រះនាមឡើង | ពុំមានអាស្រូវ | |
សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ | |
សរសើរព្រះអង្គ | ។ | ||
៥៣ | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ | |
កុំនៅទីមទាម | ។ | ||
៥៤ | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីម |
ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូត្រទាំងញញឹម | |
តម្កើងជានិច្ច | ។ | ||
៥៥ | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច | |
កុំប្រែក្រឡាស់ | ។ | ||
៥៦ | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស | |
ព្រះអង្គរហូត | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កូឡ ៥,១.១៣
ប | សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណនៅស្ថិតស្ថេរអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ |
គ | ព្រះអង្គបានត្រាស់ហៅយើងខ្ញុំឱ្យមានសេរីភាពពេញលេញ។ |
ប | សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណនៅស្ថិតស្ថេរអស់កល្បជានិច្ចរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៨,៣១-៤២
ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «ប្រសិនបើអ្នករាល់គ្នាស្ថិតនៅជាប់នឹងពាក្យរបស់ខ្ញុំ អ្នករាល់គ្នាពិតជាសាវ័ករបស់ខ្ញុំមែន។ អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនឹងរំដោះអ្នករាល់គ្នាឱ្យមានសេរីភាព»។ គេនំាគ្នាទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនចៅលោកអប្រាហាំ! យើងខ្ញុំមិនដែលធ្វើទាសាអ្នកណាឡើយ ម្តេចក៏លោកគ្រូថាអ្នករាល់គ្នានឹងមានសេរីភាពដូច្នេះ?»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះជាខ្ញុំបម្រើរបស់អំពើបាប។ ធម្មតាខ្ញុំបម្រើមិនដែលស្ថិតនៅក្នុងផ្ទះរបស់ម្ចាស់ជាប់រហូតទេ មានតែកូនរបស់ម្ចាស់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងផ្ទះជាប់រហូតតទៅ។ ប្រសិនបើព្រះបុត្រារំដោះអ្នករាល់គ្នា អ្នករាល់គ្នាពិតជានឹងមានសេរីភាព។ ខ្ញុំដឹងហើយថា អ្នករាល់គ្នាជាកូនចៅលោកអប្រាហាំ ក៏ប៉ុន្តែ អ្នករាល់គ្នារកសម្លាប់ខ្ញុំ ព្រោះពាក្យរបស់ខ្ញុំមិនស្ថិតនៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ ខ្ញុំនិយាយតែអំពីអ្វីៗដែលខ្ញុំបានឃើញនៅក្បែរព្រះបិតា រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាធ្វើតាមសេចក្តីណាដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។ គេទូលព្រះអង្គថា៖ «ឪពុករបស់យើង គឺលោកអប្រាហាំ»។ ព្រះយេស៊ូមានព្រះបន្ទូលតបវិញថា៖ «បើអ្នករាល់គ្នាពិតជាកូនចៅលោកអប្រាហាំមែន អ្នករាល់គ្នាមុខជានឹងធ្វើកិច្ចការដូចលោកអប្រាហាំធ្លាប់ធ្វើនោះជាមិនខាន តែឥឡូវនេះអ្នករាល់គ្នារកសម្លាប់ខ្ញុំ មកពីខ្ញុំនិយាយសេចក្តីពិតដែលខ្ញុំបានឮពីព្រះជាម្ចាស់មក។ លោកអប្រាហាំមិនបានប្រព្រឹត្តដូច្នេះទេ។ អ្នករាល់គ្នាធ្វើកិច្ចការដែលឪពុកអ្នករាល់គ្នាប្រព្រឹត្ត»។ គេទូលព្រះអង្គថា៖ «យើងខ្ញុំជាកូនពេញច្បាប់ យើងមានឪពុកតែមួយគត់គឺព្រះជាម្ចាស់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ប្រសិនបើព្រះជាម្ចាស់ពិតជាឪពុកអ្នករាល់គ្នាមែន ម៉្លេះសមអ្នករាល់គ្នាស្រឡាញ់ខ្ញុំពុំខាន ដ្បិតខ្ញុំចេញពីព្រះជាម្ចាស់មកទីនេះ។ ខ្ញុំមិនមែនមកដោយចិត្តឯងឡើយ គឺព្រះជាម្ចាស់បានចាត់ខ្ញុំឱ្យមក»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គប្រទានអ្វីៗទាំងអស់ឱ្យយើងខ្ញុំប្រើប្រាស់។ យើងខ្ញុំក៏សូមយកអាហារខ្លះមកថ្វាយព្រះអង្គវិញ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ទាំងអរព្រះគុណផង។ សូមព្រះអង្គទទួលតង្វាយរបស់យើងខ្ញុំដោយអនុគ្រោះ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា មានតែព្រះអង្គទេដែលអាចប្រោសយើងខ្ញុំឱ្យបានជាសះស្បើយ សូមទ្រង់ព្រះមេត្តាដកឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាងចេញពីចិត្តគំនិតយើងខ្ញុំ។ សូមការពារយើងខ្ញុំ និងប្រទានកម្លាំងឱ្យយើងខ្ញុំជានិច្ចផង។